បើនិយាយពីជម្ងឺដំបៅក្រពះពោះវៀន ប្រជាពលរដ្ឋខ្មែរយើងមិនតិចនាក់ទេសុទ្ធតែធ្លាប់ស្ដាប់ឮ។ អ្នកខ្លះដឹងច្បាស់ អ្នកខ្លះទៀតមិនដឹងថាជម្ងឺនេះជាអ្វីច្បាស់លាស់នៅឡើយទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការស្រាវជ្រាវរកឃើញមេរោគបាក់តេរីអេលីកូបាក់ទែរពីឡូរីដែលគេឱ្យរហ័សនាមថាបាក់តេរីក្រពះនេះមក ចំណេះដឹងទាក់ទងនឹងជម្ងឺដំបៅក្រពះពោះវៀន មានការលូត លាស់គួរឱ្យកត់សម្គាល់។ ជម្ងឺនេះកើតលើប្រជាពលរដ្ឋទូទៅ តាមការប៉ាន់ស្មានមានប្រមាណជា១០% បានកើត និងធ្លាប់កើតជម្ងឺដំបៅ ក្រពះពោះវៀននេះ ក្នុងមួយឆាកជីវិតរបស់ខ្លួន។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំលោកអ្នកអានអំពីជម្ងឺដំបៅ ក្រពះពោះវៀន ដើម្បីជាការយល់ដឹង និងថែទាំសុខភាព។
ជម្ងឺដំបៅក្រពះពោះវៀន ជាអ្វី?
ជាជម្ងឺម្យ៉ាង ដែលកើតមានដំបៅស៊ីរូងលើជញ្ជាំងក្រពះអាហារ(ជម្ងឺដំបៅក្រពះ) ឬលើជញ្ជាំងពោះវៀនតូច ដែលស្ថិតនៅ កៀកក្រពះ(ជម្ងឺដំបៅពោះវៀន)។ ជម្ងឺដំបៅក្រពះពោះវៀនជាជម្ងឺធុនស្រាល ដែលងាយស្រួលក្នុងការព្យាបាលទេ។ ប៉ុន្ដែផលវិបាក របស់ជម្ងឺនេះ អាចមានស្ថានភាពធ្ងន់ធ្ងរ ដូចជាដំបៅស៊ីរូងមានហូរឈាម ក្រពះរួមស្វិត ធ្លាយក្រពះធ្លាយពោះវៀនជាដើម។ ផលវិបាក ទាំងនេះកើតឡើងជួនដោយគ្មានរោគសញ្ញាស្ដែងចេញជាមុនឡើយ។
ការរាលដាលជម្ងឺដំបៅក្រពះពោះវៀន
ជម្ងឺដំបៅក្រពះ និងជម្ងឺដំបៅពោះវៀនឌុយអូដេណូម ជាជម្ងឺរ៉ាំរ៉ៃ និងងាយលាប់។ ដំបៅពោះវៀនមានអត្រាកើត ឬអត្រាប្រេវ៉ាងឡង់ខ្ពស់ជាជម្ងឺដំបៅក្រពះចំនួនដល់ទៅ៣ដង។ បុរសងាយកើតជម្ងឺដំបៅក្រពះពោះវៀននេះជាងស្ដ្រីដល់ទៅ៥ដងឯណោះ។ ជម្ងឺដំបៅនេះច្រើនតែកើតលើមនុស្សវ័យពី៣០ ទៅ៤៥ឆ្នាំ។
មូលហេតុបង្កជម្ងឺដំបៅក្រពះពោះវៀន
ជម្ងឺដំបៅក្រពះពោះវៀនបង្កឡើងដោយមេរោគអេលីកូបាក់ទែរពីឡូរី ដោយឱសថមួយចំនួន និងដោយកត្ដាផ្សេងៗ ទៀត។
– មេរោគអេលីកូបាក់ទែរពីឡូរី ៖ មានប្រមាណជា៩០% បង្កជម្ងឺដំបៅពោះវៀនដោយអេលីកូបាក់ទែរ ចំពោះជម្ងឺដំបៅក្រពះមានប្រមាណជា៧០%។ អេលីកូបាក់ទែរពីឡូរី ជាប្រភេទបាក់តេរីម្យ៉ាងដែលរស់នៅក្នុងទឹករំអិលក្រពះ។ ការវិភាគរកជម្ងឺដែលបង្កដោយមេរោគអេលីកូបាក់ទែរ អាចធ្វើបានតាមរយៈការច្រឹបសាច់យកទៅវិភាគ និងតាមរយៈការពិនិត្យឈាម។
- ថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងការរលាក ៖ ការលេបអាស្ពីរីន និងថ្នាំប្រឆាំងការរលាក(មិនមែនស្ដេរ៉ូអ៊ីដ) ទាំងនេះក៏ជាដើម ហេតុចម្បងរបស់ជម្ងឺដំបៅស៊ីរូងនេះដែរ។ កម្សោយជញ្ជាំងក្រពះ អាចជាច្រកមួយនៃការជ្រៀតចូលអាស៊ីដដែលផលិតដោយថ្នាំទាំងនេះ។
- កត្ដាសួរពូជ៖កាយសម្បទាពីកំណើត ឬពីគ្រួសារ ក៏ជាករណីបង្កដំបៅដែរ ប៉ុន្ដែរបៀបឆ្លងតគ្នាដ៏ស៊ាំញាំមិនទាន់ស្រាវ ជ្រាវរកឃើញច្បាស់លាស់នៅឡើយទេ។ អ្នកដែលមានឈាមក្រុមសូន្យ ឬក្រុមអូ(០) ងាយរងការកើតជម្ងឺដំបៅនេះឡើងដល់ទៅ ៣០%ឯណោះ។
– កត្ដាផ្លូវចិត្ដផ្លូវកាយ៖ កត្ដានេះក៏ដើរតួនាទីសំខាន់ផងដែរ។ អាការស្ដ្រេស្ស ឬជម្ងឺតានតឹងចិត្ដ ក៏ជាដើមចមបង្កើនការ កើតជម្ងឺនេះ ឬបង្កើនការលាប់ជម្ងឺនេះផងដែរ ជាពិសេសពេលមានស្ថានភាពស្មុគស្មាញក្នុងជីវិត ដូចជាបញ្ហាលុយកាក់ បញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួន បញ្ហាវិជ្ជាជីវៈ ពេលមានសង្គ្រាមរាំងជល់ជាដើម។
– សុរា បារី ឬថ្នាំជក់ ថ្នាំគ័រទីកូអ៊ីដ(ដែលខ្មែរនិយមហៅថា ថ្នាំសរសៃ) នោះក៏អាចជាដើមហេតុដែរ។
– ជម្ងឺកើតដំណាលគ្នាមួយចំនួន ដូចជាជម្ងឺក្រិនថ្លើមជាដើម។
ដំណើរសរីរៈសាស្ដ្ររបស់ជម្ងឺដំបៅក្រពះពោះវៀន
ដំបៅក្រពះពោះវៀន បង្កឡើងដោយការបាត់បង់លំនឹងរវាងកត្ដាបំពារបំពាន (អាស៊ីដរសក្រពះ និងជាតិប៉ិបស៊ីន) និង កត្ដាការពាររបស់ភ្នាសមុយកឺ (ទឹករំអិលក្រពះ ជាតិប៊ីកាបូណាត ចរន្ដឈាម)។ ជាក់ស្ដែងជាងនេះ ការបាត់បង់លំនឹងរវាងរសក្រពះ ដែលមានជាតិអាស៊ីដក្លរីឌ្រិច និងគុណភាពជញ្ជាំងភ្នាសមុយកឺ អាចបង្កជាដំបៅរលួយ ឬដំបៅស៊ីរូងបាន។ ពួកអ៊ីយ៉ុងអាស៊ីដ)ផលិតឡើងដោយកោសិកាក្រពះ ហើយរត់ចូលទៅក្នុងប្រហោងក្រពះ ដោយយន្ដការជីវ-គីមីសាស្ដ្រដ៏ស៊ាំញាំម្យ៉ាង។
កត្ដាមួយចំនួនដែលបង្កើនការបញ្ចេញរសក្រពះ មានដូចខាងក្រោមនេះ ៖
– ជាតិហ្គាសស្ទ្រីន ដែលផលិតដោយកោសិកាក្រពះ ពេលប៉ះពាល់ជាមួយចំណីអាហារ
– ប្រព័ន្ធប្រសាទសួតក្រពះ(ប្រសាទគូទី១០) ភ្ញោចកោសិកាក្រពះបញ្ចេញអ៊ីយ៉ុងអាស៊ីដ និងជាតិហ្គាសស្ទ្រីន។ ការរំញោច ប្រសាទគូទី១០នេះ កើតមានឡើងពេលឃ្លានបាយ ការឃើញ និងការធុំក្លិនចំណីអាហារឆ្ងាញ់ៗ។
– ជាតិអ៊ីស្ដាមីនបង្កើនការបញ្ចេញជាតិអាស៊ីដរសក្រពះ ដោយភ្ជាប់ខ្លួនទៅនឹងចុងប្រសាទទទួលនៅលើកោសិកាក្រពះ។
– ការចូលទៅដល់នៃចំណីអាហារ ដែលបរិភោគចូលទៅដល់ក្រពះ
– កង្វះជាតិស្ករនៅក្នុងឈាម
– អាស៊ីដទឹកប្រមាត់
– ថ្នាំជក់(បារី ឬថ្នាំចុក)
– រំញោចប្រសាទគូទី១០ ពេលមានអាការស្ដ្រេស្ស ឬការតានតឹងចិត្ដជាដើម
– ការពុកផុយនៃភ្នាសមុយកឺក្រពះ ជាពិសេសបង្កដោយថ្នាំពេទ្យមួយចំនួន
– បុគ្គលដែលមានបញ្ហាផ្លូវចិត្ដ ដូចពិបាកចិត្ដ គិតច្រើនជាដើម
– កត្ដាអនាម័យចំណីអាហារ ក្រៅពីថ្នាំជក់ អាចជាតិអាល់កុល ឬជាតិសុរា។ ជាតិសុរា និងរបបអាហារមួយចំនួនក៏ជាកត្ដា បង្កដំបៅក្រពះពោះវៀនដែរ តែគ្រាន៉តែជួនកាលជាបែបប្រយោល
– និងកត្ដាសេនេទិក (ហ្សែនពីកំណើត)។
ផ្ទុយពីកត្ដាខាងនេះ ជាតិប្រូស្ដាគ្លង់ឌីនដើរតួនាទីសម្របសម្រួលលំនឹងរវាងកត្ដាបង្ក និងកត្ដាការពារ។ ជាតិនេះទប់ស្កាត់ការ ចេញរសក្រពះអាស៊ីដ ដែលបង្កដោយកត្ដាបង្កភ្ញោចការចេញរសនេះ ដូចជាអ៊ីស្ដាមីន ហ្គាសស្ទ្រីន ជាតិអាសេទីលកូលីន ចំណីអាហារជាដើម។ លើសពីនេះទៅទៀត វាមានតួនាទីការពារថែទាំភ្នាសមុយកឺក្រពះពោះវៀន ប្រឆាំងនឹងភ្នាក់ងារចង្រៃផ្សេងៗ។
រោគសញ្ញាជម្ងឺដំបៅក្រពះពោះវៀន
ដំបៅក្រពះពោះវៀន គឺជាជម្ងឺរ៉ាំរ៉ៃ និងងាយរើឡើងវិញ។ បើជាករណីជាក់លាក់ ដំបៅក្រពះពោះវៀនបង្កជាការឈឺចាប់ ដែលមានសណ្ឋានជារមូលពោះ ឈឺក្រហាយ ឈឺរមួលនៅត្រង់ចុងដង្ហើម និងនៅក្រោមឆ្អឹងជំនីខាងស្ដាំ។ អាការឈឺទាំងនេះ សាយភាយជារង្វង់ជុំវិញខ្លួន ឬចាក់រាលទៅខ្នង។ ការឈឺពាក់ព័ន្ធជាចង្វាក់ទៅនឹងពេលទទួលទានអាហារ ជាទូទៅកើតមានរយៈពេល១ទៅ៤ម៉ោងក្រោយពេលទទួលទានអាហាររួច ហើយស្ថិតនៅរហូតដល់ពេលទទួលទានអាហារបន្ទាប់ទៀត។ ប៉ុន្ដែការឈឺអាចត្រូវ សម្រន់ដោយការទទួលទានអាហារ។ វាមានសភាពជាខ្សែចង្វាក់៣ពេល គឺបរិភោគ-បាត់ឈឺ-ឈឺ-បរិភោគ។ ការឈឺរមូលនេះអាច វិវត្ដប្រមាណជា១៥ថ្ងៃ ហើយមានការកើតឡើងមួយ ឬច្រើនដងក្នុង១ឆ្នាំ។
មានរោគសញ្ញាផ្សេងទៀតផងដែរអាចកើតមានឡើងដូចជាចង្អោរ ឬក្អួត វិបត្ដិការរំលាយអាហារ(ការរំលាយអាហារ ដោយពិបាក)ជាដើម។
ជាអកុសល រោគសញ្ញាទាំងនេះមិនប្រាកដជាកើតមានរហូតនោះទេ ជួនកាលគ្រូពេទ្យសម្រេចព្យាបាល ដោយគ្រាន់តែមាន រោគសញ្ញារំខានធម្មតាតែប៉ុណ្ណោះ។ជួនកាលក្រពះដំបៅពោះវៀនមិនមានរោគសញ្ញាឡើយ ដោយគ្រាន់តែមានគុណវិបត្ដិមួយចំនួនតែ ប៉ុណ្ណោះ ដូចជា
– ហូរឈាមតាមផ្លូវរំលាយអាហារ ៖ មានឈាមនៅក្នុងកំអួត ឬមានលាមកពណ៌ខ្មៅ
– ការធ្លាយក្រពះពោះវៀន ៖ មានការឈឺចាប់យ៉ាងខ្លាំង និងពោះរឹង
– ត្បៀត ឬរួមក្រពះនៅផ្នែកជាប់ពោះវៀនតូច ៖ មានអាការចង្អោ និងក្អួត
– ស្លេកស្លាំងគ្មានហេតុផលជាដើម។
ដំបៅមួយចំនួនមិនមានរោគសញ្ញាទេ ជាពិសេសពេលកើតមានលើមនុស្សវ័យចំណាស់ អ្នកមានកើតជម្ងឺទឹកនោមផ្អែម អ្នកកំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងរលាក ឬអ្នកកំពុងទទួលការព្យាបាលជម្ងឺដំបៅស៊ីរូងនេះតែម្ដង។ ដូច្នេះមានតែគ្រូពេទ្យ និងការឆ្លុះក្រពះពោះវៀនទេ ទើបអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។
ប្រការត្រូវធ្វើពេលមានជម្ងឺដំបៅក្រពះពោះវៀន
– សូមពិសាថ្នាំប្រឆាំងអាស៊ីដ ៖ ថ្នាំប្រឆាំងអាស៊ីដដែលអាចដាក់លក់ជាសេរី នៅតាមឱសថស្ថាន សុទ្ធតែអាចមានប្រសិទ្ធ ភាពកាត់បន្ថយការឈឺរមួល ឬចុកចាប់ ដែលបណ្ដាលមកពីដំបៅក្រពះពោះវៀន។ ផ្ទុយទៅវិញ ថ្នាំងទាំងនោះមិនអាចព្យាបាលជម្ងឺដំបៅក្រពះពោះវៀនឱ្យបានជាសះស្បើយ១០០%បានឡើយ ទោះបីក្នុងករណីណាក៏ដោយគ្រាន់តែសម្រន់តែប៉ុណ្ណោះ។ប្រសិនបើ លោកអ្នកមានអាការឈឺចាប់តាមផ្លូវរំលាយអាហារ សំខាន់លោកអ្នកត្រូវមានរោគវិនិច្ឆ័យច្បាស់លាស់ជាក់លាក់ និងការព្យាបាល ត្រឹមត្រូវណាមួយ។
– សូមកាត់បន្ថយការប្រើប្រាស់ថ្នាំប្រឆាំងរលាក ៖ សូមប្រើប្រាស់ផលិតផលឱសថប្រឆាំងនឹងការរលាកមួយចំនួន ដូចជាអាស្ពីរីនអ៊ីប៊ុយប្រូហ្វែនជាដើម ក្នុងកម្រិតត្រឹមត្រូវ ឬតិចតួចបានហើយ។ បើលោកអ្នកចង់ប្រើប្រាស់ថ្នាំប្រឆាំងរលាក សូមសាកសួរយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន ដើម្បីទទួលបានឱសថប្រឆាំងរលាកផ្សេងទៀត ប្រភេទដូចគ្នា និងមានប្រសិទ្ធភាពដូចគ្នា ហើយ បង្កផលប៉ះពាល់តិចតួចជាងដល់ប្រព័ន្ធរំលាយអាហារ។
– សូមទទួលទានផលិតផលជាតិទឹកដោះ៖ ទឹកដោះគោ និងផលិតផលទឹកដោះ ជួយកាត់បន្ថយការឈឺចាប់ដែលបង្ក ឡើងដោយជម្ងឺដំបៅក្រពះពោះវៀន ប្រសិនបើខ្លួនលោកអ្នកមិនមានប្រតិកម្មជាមួយនឹងជាតិឡាក់តូស។ ប្រសិនបើលោកអ្នកមានបញ្ហាដំបៅក្រពះពោះវៀន សូមពិសាប្រភេទផលិតផលទឹកដោះទាំងនេះ ពេលដែលមានការឈឺចាប់។ ចំណីអាហារផ្សេងទៀត ក៏មានឥទ្ធិពលដូចគ្នាផងដែរ។ សូមខំប្រឹងកត់ចំណាំចំណីអាហារណា ដែលជួយដល់លោកអ្នក។
– សូមផ្អាកការជក់បារី ៖ ការជក់បារីអាចធ្វើឱ្យរើការឈឺចាប់ ដែលបង្កដោយដំបៅក្រពះពោះវៀន និងពន្យាការជាសះ ស្បើយភ្នាសជញ្ជាំងប្រព័ន្ធរំលាយអាហារ។
– សូមចៀសវាងទទួលទានចំណីអាហារបង្កផលប៉ះពាល់៖ទឹកតែ កាហ្វេ និងជាតិសុរា បន្ថែមទម្ងន់ទៅលើដំបៅផ្លូវរំលាយអាហារឱ្យរិតតែធ្ងន់ធ្ងរ។ប្រភេទចំណីអាហារផ្សេងទៀត ក៏អាចធ្វើឱ្យបញ្ហាដំបៅក្រពះពោះវៀនរិតតែធ្ងន់ធ្ងរដែរ។ សូមប្រឹងប្រែងរក ឱ្យឃើញចំណីអាហារណាដែលបង្កើនការឈឺចាប់ និងសូមកំណត់ការទទួលទានវា។
ពេលណាត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
– ប្រសិនបើលោកអ្នកមានការឈឺនៅក្នុងពោះចាក់ដោតខ្លាំង និងមានរយៈពេលអូសបន្លាយយូរ មិនព្រមបាត់សោះ ហើយ ទោះបីជាបានលេបថ្នាំប្រឆាំងអាស៊ីដ និងចំណីអាហារមួយចំនួន ក៏មិនព្រមបាត់អន់ដែរ។
– ប្រសិនបើលោកអ្នកមានក្អួតធ្លាក់ឈាម ឬបត់ជើងធំមានលាមកពណ៌ខ្មៅ។
– ប្រសិនបើលោកអ្នកមានអារម្មណ៍ឈឺចុកខ្លាំងនៅក្នុងពោះ ហើយពោះរបស់លោកអ្នកឡើងរឹង។
ការពិនិត្យជម្ងឺ និងវិភាគវេជ្ជសាស្ដ្រ
ជាដំបូង គ្រូពេទ្យចាប់ផ្ដើមពិនិត្យគ្លីនិក(ពិនិត្យរោគសញ្ញា) និងសាកសួរអ្នកជម្ងឺ ប្រយោជន៍ត្រួតពិនិត្យផ្ទៀងផ្ទាត់ថាតើ មានមូលហេតុផ្សេងទៀតបង្ករោគសញ្ញាទាំងនេះដែរឬទេ។ បន្ទាប់មក ការពិនិត្យជម្ងឺពីររបៀបអាចធ្វើឡើង ដើម្បីវិភាគថាមានជម្ងឺ ដំបៅក្រពះពោះវៀនដែរឬទេ។
– ឆ្លុះក្រពះពោះវៀន ៖ ការឆ្លុះក្រពះពោះវៀន គឺជាការស៊កបញ្ចូលទៅតាមមាត់ នូវកូនបំពង់ទុយយោតូចមួយ ដែលមាន ភ្ជាប់កូនកាម៉េរាថតនៅនឹងក្បាលទុយយោ ដើម្បីមើលរូបភាពជញ្ជាំង ឬភ្នាសក្រពះ ព្រមទាំងអាចច្រឹបសាច់ក្រពះយកទៅវិភាគរកមេរោគបង្កហេតុ។
– ថតផ្លូវរំលាយអាហារ ៖ មានការពិនិត្យវិភាគជម្ងឺផ្សេងទៀត ដោយការថតផ្លូវរំលាយអាហារ (មានបំពង់អាហារ ក្រពះ ពោះវៀន)។ អ្នកជម្ងឺអាចទទួលទានជាតិបារីយ៉ូម ឬអាចផឹកទឹកបារីយ៉ូម នៅមុនពេលធ្វើការថតដោយកាំរស្មីអ៊ិច(វិទ្យុសាស្ដ្រ)។ តាំងពីមានការរកឃើញវិធីឆ្លុះក្រពះមកការថតនេះហាក់ដូចជាបាត់បង់តួនាទី ហើយក៏មិនសូវនិយមប្រើដែរ។
នៅក្នុងករណីមួយចំនួន ការពិនិត្យឆ្លុះអេកូត្រូវបានធ្វើឡើង ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់រោគវិនិច្ឆ័យ ច្រានចោលនូវជម្ងឺស្រ ដៀងគ្នាផ្សេងទៀត ដូចជាក្រួសទឹកប្រម៉ាត់ ជម្ងឺលំពែងជាដើម។
ការពិនិត្យជម្ងឺទាំងនេះជាការចាំបាច់ ក្នុងករណីអ្នកជម្ងឺមានអាយុច្រើនជាង៤៥ឆ្នាំ ដោយសារថាក្រោយអាយុនេះ អ្នកជម្ងឺ មុខជាអាចមានជម្ងឺមហារីកក្រពះ។ ករណីអ្នកជម្ងឺអាយុតិចជាង៤៥ឆ្នាំ គ្រូពេទ្យអាចចាប់ផ្ដើមដោយធ្វើតេស្ដស្រាវជ្រាវរកវត្ដមានមេរោគអេលីកូបាក់ទែរពីឡូរីមុនគេហើយប្រសិនបើមិនមានបំណង់ធ្វើការឆ្លុះក្រពះទេ។ ករណីនេះ គ្រូពេទ្យអាចធ្វើតេស្ដឈាម ឬតេស្ដ “ក្លិនមាត់” ដែលមានគោលដៅវាស់អត្រាអ៊ីដ្រូសែននៅក្នុងខ្យល់ដែលដកដង្ហើមចេញ ដែលតេស្ដអាចបង្ហាញវត្ដមានបាក់តេរីនេះ។
ជួនកាលគ្រូពេទ្យអាចធ្វើការស៊កទុយយោបូមទឹករសក្រពះ ដើម្បីវិភាគកម្រិតជាតិអាស៊ីដលើស និងអាចឃើញជម្ងឺផ្សេង ទៀត ដូចជាជម្ងឺហ្សូលីនហ្សឺអេលីសុនជាដើម។
ការព្យាបាលជម្ងឺដំបៅក្រពះពោះវៀន
មានរបៀបព្យាបាល២យ៉ាង ដើម្បីព្យាបាលជម្ងឺដំបៅក្រពះពោះវៀនឱ្យបានជាសះស្បើយ គឺជាការព្យាបាលដំបៅបង្កដោយ បាក់តេរីអេពីកូបាក់ទែរពីឡូរី និងដំបៅដោយមូលហេតុផ្សេងទៀត។
១- ជម្ងឺដំបៅក្រពះពោះវៀនដោយអេលីកូបាក់ទែរពីឡូរី
ក្នុងករណីដំបៅបង្កឡើងដោយមេរោគអេលីកូបាក់ទែរពីឡូរី គ្រូពេទ្យអាចចាប់ផ្ដើមព្យាបាលដោយថ្នាំ៣មុខ(ថ្នាំប្រឆាំងអ៊ី យ៉ុងអាស៊ីដមួយមុខ និងថ្នាំប្រឆាំងមេរោគបាក់តេរី២មុខ) ក្នុងរយៈពេល១សបា្ដហ៍។ ជាទូទៅការព្យាបាលដោយលេបថ្នាំទាំងនេះអាច មានប្រសិទ្ធភាព៩៥%ឯណោះ ពោលគឺបាក់តេរីអេលីកូបាក់ទែរត្រូវបានកម្ចាត់ចេញពីក្នុងក្រពះពោះវៀន។
លទ្ធផលនៃការព្យាបាលអាចត្រួតពិនិត្យនៅ១ខែក្រោយ ដោយការឆ្លុះ និងច្រឹបយកសាច់ទៅវិភាគ។ ក្រោយពីជាសះ ស្បើយហើយ ករណីនេះមិនរើឡើងវិញទេ។ ពេលទទួលទានថ្នាំព្យាបាលទាំងនេះ លោកអ្នកត្រូវគោរពឱ្យបាននូវប្រការត្រូវធ្វើទាំងឡាយ ដែលទាក់ទងនឹងអនាម័យជីវិតរស់នៅ និងអាហារូបត្ថម្ភ។
2- ជម្ងឺដំបៅក្រពះពោះវៀនដោយមូលហេតុផ្សេងទៀត
ក្នុងករណីមិនមែនជាបាក់តេរីអេលីកូបាក់ទែរ ក៏ការព្យាបាលដោយថ្នាំលេបប្រឆាំងអ៊ីយ៉ុងអាស៊ីដនៅតែប្រើដដែល តែការ ព្យាបាលត្រូវប្រើពេលវេលាយូរជាង គឺរហូតដល់ទៅ៤សបា្ដហ៍ឯណោះ។
ចាប់តាំងពីមានការស្រាវជ្រាវរកឃើញការព្យាបាលដោយឱសថថ្មីៗមក ការព្យាបាលដោយវះកាត់ក្រពះហាក់ដូចជាមិន សូវមានអនុវត្ដឡើយ លើកលែងតែក្នុងករណីមានផលប៉ះពាល់ ឬវិបត្ដិបង្កដោយដំបៅ ដូចជាការធ្លាយក្រពះជាដើម។ ប៉ុន្ដែចំពោះស្ថាន ភាពធ្ងន់ធ្ងរមួយចំនួន ការព្យាបាលដោយវះកាត់នៅតែជាតែមួយគត់ និងមានប្រសិទ្ធភាពខ្ពស់។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply