ដើម្បីរួមចំណែកក្នុងការស្វែងយល់អំពីជម្ងឺឈាមក្រកកអេម៉ូភីលី (Hemophilie) លោកវេជ្ជបណ្ឌិត ជាន សុផល អ្នកឯក ទេសខាងលោហិតសាស្ដ្រ នៅមន្ទីរពេទ្យកុមារជាតិផ្ដល់បទសម្ភាសន៍ដល់ទស្សនាវដ្ដី សុខភាពយើង ដែលមានខ្លឹមសារដូចតទៅៈ
ជម្ងឺឈាមក្រកកអេម៉ូភីលី ជាអ្វី?
អេម៉ូភីលី ជាជម្ងឺឈាមក្រកកម្យ៉ាងដែលអាចបណ្ដាលឱ្យហូរឈាម។ អ្នកជម្ងឺមិនមានការហូរឈាមលឿនជាងធម្មតាទេ ប៉ុន្ដែការហូរឈាមនេះមានរយៈពេលយូរជាងធម្មតា ដោយសារតែឈាមមិនមានសារធាតុ ឬកត្ដាបង្កឈាមគ្រប់គ្រាន់។ កត្ដាឈាម ក្រកក គឺជាប្រូតេអ៊ីនម្យ៉ាងនៅក្នុងឈាមដែលអាចត្រួតពិនិត្យទៅលើការហូរឈាម។
មូលហេតុកើតជម្ងឺអេម៉ូភីលី
ជម្ងឺឈាមក្រកកអេម៉ូភីលីជាជម្ងឺតពូជ។ មានន័យថាវាអាចឆ្លងពីឪពុកម្ដាយទៅកូនតាមរយៈហ្សែន ហើយហ្សែននេះបញ្ចូន ព័ត៌មានកំណត់ការលូតលាស់កោសិកាទារករហូតដល់ពេញវ័យ។ នៅពេលខ្លះជម្ងឺឈាមក្រកកអេម៉ូភីលី អាចកើតឡើងដោយពុំមាន ការជាប់ទាក់ទិនទៅនឹងតំណរពូជទេ។ ករណីនេះគេហៅថាជម្ងឺឈាមក្រកកអេម៉ូភីលីកើតឡើងដោយឯកឯង លក្ខណៈបែបនេះមាន រហូតដល់៣០%ដោយការផ្លាស់ប្ដូរហ្សែនផ្ទាល់របស់សាម៉ីខ្លួន។
លក្ខណៈតំណរពូជនៃជម្ងឺឈាមក្រកកអេម៉ូភីលីនេះមានទៅលើឪពុកម្ដាយ។ ករណីដែលឪពុកមានជម្ងឺឈាមក្រកកអេម៉ូភីលី ប៉ុន្ដែម្ដាយគ្មានជម្ងឺនេះ នោះកូនប្រុសទាំងអស់នឹងគ្មានម្ងឺនេះទេ។ ចំណែកឯកូនស្រីគ្រាន់តែមានផ្ទុកហ្សែនអេម៉ូភីលី ប៉ុន្ដែមិន បណ្ដាលឱ្យមានជម្ងឺទេ។ ប្រសិនបើម្ដាយជាអ្នកផ្ទុកហ្សែនអេម៉ូភីលីនោះវិញ កូនប្រុសរបស់គាត់អាចមានជម្ងឺអេម៉ូភីលី៥០% និងកូន ស្រី៥០%អាចជាអ្នកផ្ទុកហ្សែនអេម៉ូភីលីបន្ដ។ ដោយឡែកសម្រាប់ស្ដ្រីដែលមានហ្សែនអេម៉ូភីលី មិនបណ្ដាលឱ្យមានជម្ងឺអេម៉ូភីលីទេ បើមានជាករណីបំផុតដោយគ្រាន់តែផ្ទុកប៉ុណ្ណោះ មិនស្ដែងនូវរោគសញ្ញាអ្វីទាំងអស់។
រោគសញ្ញាជម្ងឺអេម៉ូភីលី
ជម្ងឺអេម៉ូភីលីចែកចេញជាពីរប្រភេទ គឺជម្ងឺអេម៉ូភីលីប្រភេទទី១ ឬប្រភេទអា និងជម្ងឺអេម៉ូភីលីប្រភេទទី២ ឬប្រភេទបេ។ ជម្ងឺអេម៉ូភីលីទាំងពីរប្រភេទនេះខុសគ្នាត្រង់ថាជម្ងឺអេម៉ូភីលីប្រភេទអាកើតមានទៅលើអ្នកជម្ងឺដែលមិនមានសារធាតុ ឬកត្ដាឈាមកកទី៨គ្រប់គ្រាន់។ ចំណែកជម្ងឺអេម៉ូភីលីប្រភេទបេ អ្នកជម្ងឺប្រភេទនេះមិនមានសារធាតុ ឬកត្ដាឈាមកកទី៩គ្រប់គ្រាន់។ ប៉ុន្ដែជម្ងឺទាំង ពីរប្រភេទនេះសុទ្ធតែធ្វើឱ្យការហូរឈាមមានរយៈពេលយូរជាងធម្មតា ហើយវាមានរោគសញ្ញាដូចគ្នាទាំងអស់។
– មានសញ្ញាជាំធំៗកន្លែង
– មានការហូរឈាមក្នុងសាច់ដុំ និងសន្លាក់ ជាពិសេសនៅលើក្បាលជង្គង់ កែងដៃ និងកជើង
– ការហូរឈាមភ្លាមៗ ដោយឯកឯងនៅក្នុងសព៌ាង្គកាយដោយគ្មានមូលហេតុច្បាស់លាស់ ដូចជាឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញជាដើម។
– មានការហូរឈាមច្រើនជាងធម្មតាបន្ទាប់ពីមុតវត្ថុអ្វីមួយ ពេលដកធ្មេញ ឬពេលវះកាត់ ហើយមានការហូរ ឈាមយូរជាងធម្មតា បន្ទ្ទាប់ពីមានគ្រោះថ្នាក់ និងប៉ះទង្គិច ជាពិសេសក្នុងពេលមានរបួសស្នាមនៅក្បាល។
ក្រៅពីនេះនៅមានរោគសញ្ញាច្រើនយ៉ាងទៀត មានដូចជាការហូរឈាមក្នុងសន្លាក់ ឬសាច់ដុំ ដូចជាមានការឈឺចាប់ ឬមាន អារម្មណ៍មិនប្រក្រតីត្រង់សន្លាក់ ឬសាច់ដុំនោះ។ សាច់ដុំ និងសន្លាក់ហើមប៉ោង និងរឹងគាំងសន្លាក់ ពិបាកក្នុងការធ្វើចលនាសន្លាក់ ឬ សាច់ដុំ។
អ្នកជម្ងឺ្ងឈាមក្រកកអេម៉ូភីលីអាចធ្វើទុក្ខដោយហូរឈាមខាងក្នុង ឬខាងក្រៅសាព៌ាង្គកាយ។ បើសិនជាមានការហូរឈាម កើតឡើងជាញឹកញាប់នៅក្នុងសន្លាក់ដដែលៗ សន្លាក់អាចខូចខាត និងឈឺចាប់ជាខ្លាំង។ ការហូរឈាមញឹកញាប់ជាមូលហេតុ បណ្ដាលឱ្យប៉ះពាល់ដល់បញ្ហាសុខភាពដទៃទៀត ដូចជាជម្ងឺរលាកសន្លាក់ជាដើម ទាំងនេះអាចបណ្ដាលមានការពិបាកក្នុងការដើរ ឬ ការធ្វើចលនាធម្មតា។
កម្រិតជម្ងឺអេម៉ូភីលី
ជម្ងឺឈាមក្រកកអេម៉ូភីលី មាន៣កម្រិត ពីស្រាលទៅធ្ងន់ ទៅតាមកម្រិតបរិមាណធម្មតានៃកត្ដាឈាមកកទី៨ ឬទី៩ ដើម្បីបំពេញមុខនាទីនៃសកម្មភាពរបស់ខ្លួន ដែលជាធម្មតាក្នុងឈាមត្រូវមានកម្រិតពី៥០% ទៅលើ១៥០%។
– ជម្ងឺឈាមក្រកកអេម៉ូភីលីស្រាល ៖ មានពី៥% ទៅ៣០%នៃកម្រិតបរិមាណធម្មតារបស់កត្ដាឈាមកក។ អ្នកជម្ងឺ ក្នុងកម្រិតស្រាលនេះអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតាបន្ទាប់ពីការវះកាត់ ឬរបួសធ្ងន់ធ្ងរ ហើយបើមិនមានរបួស គឺ កម្រក្នុងការហូរឈាមណាស់។
– ជម្ងឺឈាមក្រកកអេម៉ូភីលីកម្រិតមធ្យម ៖ មាន១%ទៅ៥%នៃកម្រិតបរិមាណធម្មតារបស់កត្ដាឈាមកក។ អ្នកជម្ងឺអាច មានការហូរឈាមម្ដងម្កាលដោយគ្មានហេតុផលច្បាស់ ឬមានការហូរឈាមមួយខែម្ដង ឬគ្មានការហូរឈាមសោះ។ អ្នកជម្ងឺបន្ទាប់ពី ការវះកាត់របួសធ្ងន់ធ្ងរ ឬតាមការដកធ្មេញអាចប្រឈមមុខនឹងការហូរឈាមយូរជាងធម្មតា។
– ជម្ងឺឈាមក្រកកអេម៉ូភីលីកម្រិតធ្ងន់ ៖ មានតិចជាង១%នៃកម្រិតបរិមាណធម្មតារបស់កត្ដាឈាមកក។ អ្នកជម្ងឺហូរឈាមជារឿយៗនៅក្នុងសាច់ដុំ ឬតាមសន្លាក់ ជាពិសេសនៅត្រង់ជង្គង់ សន្លាក់កែងដៃ និងសន្លាក់កជើង អាចមានការហូរឈាមម្ដង ឬពីរ ដងក្នុងមួយសប្ដាហ៍។
ការព្យាបាលជម្ងឺអេម៉ូភីលី
បច្ចុប្បន្ននេះការព្យាបាលជម្ងឺឈាមក្រកកអេម៉ូភីលី គឺមានប្រសិទ្ធភាពបំផុតដោយការចាក់បញ្ចូលបង្គ្រប់មកវិញនូវការ បាត់បង់របស់ឈាម។ ការព្យាបាលភ្លាមៗនឹងជួយកាត់បន្ថយការឈឺចាប់ និងការខូចខាតសន្លាក់សាច់ដុំ និងសរីរាង្គផ្សេងៗ។ ប្រសិនបើ ការហូរឈាមត្រូវបានព្យាបាលទាន់ពេលវេលានោះ ការហូរឈាមត្រូវបានបញ្ឈប់ ហើយការប្រើប្រាស់សារធាតុ ឬកត្ដាឈាមកកក៏ អស់តិចតួចដែរ។ ថ្នាំសម្រាប់បង្គ្រប់កត្ដាឈាមកកនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយ គ្រាន់តែមានតម្លៃថ្លៃបន្ដិចប៉ុណ្ណោះ។ ប៉ុន្ដែបញ្ហាតម្លៃនេះអាស្រ័យទៅលើកម្រិតនៃជម្ងឺផងដែរ។ មិនទាន់មានវិធីព្យាបាលជម្ងឺឈាមក្រកកអេម៉ូភីលីនេះឱ្យជារហូតទេ ប៉ុន្ដែការព្យាបាលដោយបង្គ្រប់កត្ដាឈាមកកនេះនឹងអាចធ្វើឱ្យអ្នកជម្ងឺអេម៉ូភីលីរស់នៅប្រកបដោយសុខភាពធម្មតា។ បើគ្មានការព្យា បាលទេ អ្នកជម្ងឺអេម៉ូភីលីកម្រិតធ្ងន់អាចជួបការលំបាកក្នុងការទៅសាលារៀន ឬទៅប្រកបការងារ។ ពួកគេត្រូវប្រឈមមុខនឹងការ បាត់បង់កាយសម្បទា ហើយនឹងមានការលំបាកនៅក្នុងការធ្វើដំណើរ ឬធ្វើចលនាធម្មតា ឬអាចស្លាប់ក្នុងវ័យក្មេងក៏មាន។
ប្រការគួរប្រតិបត្ដិសម្រាប់អ្នកជម្ងឺអេម៉ូភីលី
ការរស់នៅឱ្យបានសមស្រប ចៀសវាងការលេងកីឡា ឬការហាត់ប្រាណដែលធ្វើឱ្យប៉ះពាល់ដល់ភាពមាំមួននៃសាច់ដុំដែល ជាហេតុឱ្យមានការហូរឈាម។ ចៀសវាងចាក់ម្ជុលទៅក្នុងសាច់ដុំ ព្រោះថាការចាក់ថ្នាំតាមសាច់ដុំអាចជាមូលហេតុបណ្ដាលឱ្យមាន ការហូរឈាម និងធ្វើឱ្យមានការឈឺចាប់ខ្លាំង។ រាល់ការប្រើប្រាស់ឱសថផ្សេងៗ គួរតែប្រើវិធីលេប ឬចាក់បញ្ចូលតាមសរសៃឈាមជា ការប្រសើរជាងការចាក់តាមសាច់ដុំ។ ថ្នាំអាស្ពីរីនហាមប្រើដាច់ខាតចំពោះអ្នកជម្ងឺអេម៉ូភីលី ព្រោះថ្នាំនេះអាចបណ្ដាលឱ្យមានការហូរ ឈាមកាន់តែខ្លាំង។ ជានិច្ចជាកាល គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់ថ្នាំ។ ការចាក់ថ្នាំក្នុងសាច់ដុំគល់ធ្មេញ ការវះកាត់ ដក ឬដាក់ធ្មេញ សុទ្ធតែអាចបង្កឱ្យមានឈាមហូរធ្ងន់ធ្ងរបាន។ ដូច្នេះដើម្បីការពារផលអាក្រក់ផ្សេងៗ លោកអ្នកត្រូវអនុវត្ដតាមដំបូន្មានរបស់ទន្ដបណ្ឌិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply