ខ្ញុំកើត​ឃ្លង់ល្ពៅ

ពាក្យថា​ឃ្លង់ល្ពៅ​នេះជា​ពាក្យសាមញ្ញ ដែល​ប្រជាពល​រដ្ឋខ្មែរ​និយមប្រើ​ប្រាស់ទៅ​លើជម្ងឺ​សើស្បែក​ម្យ៉ាង ដែល​ជាភា សាបារាំង​ហៅថា វីទីលីហ្គូ។ តាមពិត​ពាក្យថា​ឃ្លង់ល្ពៅ​នេះមិន​ត្រឹមត្រូ​វទេ ព្រោះ​​​ជម្ងឺ​​​​វីទីលីហ្គូ​នេះមិន​មែនជា​ជម្ងឺឆ្លងទេ តែវាជាជម្ងឺតពូជ។ ប្រសិនបើ​ឪពុកម្ដាយ​កើតមាន​ជម្ងឺនេះ កូនចៅ​ជំនាន់ក្រោយ​នឹងអាច​កើតមាន​ជម្ងឺនេះ។ ប្រជា​ពលរដ្ឋ​ខ្មែរមួយ​ចំនួន ច្រើនតែយល់​ច្រឡំ​​​រើស​អើងជាមួយ​អ្នកដែល​កើតជម្ងឺឃ្លង់​ល្ពៅនេះ មិនហ៊ាន​ចូលទៅជិត ឬនៅ​ក្បែរឡើយ​ដោយខ្លាច​ឆ្លង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺ​ឃ្លង់ល្ពៅ ជាអ្វី?

ជម្ងឺនេះ​ងាយស្រួល​មើលទេ នៅពេល​អ្នកណា​ម្នាក់កើត​មានជម្ងឺ​ឃ្លង់ល្ពៅ ស្បែក​ឡើងស​ដោយកន្លែង ហើយ​គ្មានពណ៌។ នៅ ពេលត្រូវ​ពន្លឺថ្ងៃ អ្នក​ជម្ងឺច្រើន​តែក្រហាយ ឬ​ក៏រមាស់​នៅលើស្បែក​ដែលគ្មាន​ពណ៌នោះ។ នៅ​កន្លែងខ្លះ​ស្បែកឡើង​ក្រហម ប្រសិនបើ ត្រូវ​កម្ដៅថ្ងៃ​វារបក តែវា​គ្មាន​ក្រមរទេ។ ប្រសិន​បើវាកើតនៅ​លើស្បែក​ត្រង់កន្លែង​ណាដែល​មានរោម ឬសក់ ដូចជា​នៅលើ​ស្បែកក្បាល​ជាដើម វាធ្វើ​ឱ្យសក់ ឬ​រោមដែល​នៅត្រង់​កន្លែង​នោះមាន​ពណ៌ស ឬគ្មាន​ពណ៌​ដែរ។ ឧទាហរណ៍ ដូចជា​នៅតាម​រោម​ចិញ្ចើម រោម ក្លៀក​ជាដើម នៅ​ត្រង់​កន្លែងនោះ​សដែរ ព្រោះវា​ធ្វើឱ្យ​គ្មាន​ពណ៌។ ជម្ងឺ​នេះជាជម្ងឺ​ដែល​យើងមិន​អាចទាយ​ទុកជា​មុន​បានទេ ថាវា​រាល ដាល​តទៅទៀត ឬវា​នឹងបាត់​នៅពេល​ណានោះ​ទេ។

មូល​ហេតុ​កើត​ជម្ងឺ​ឃ្លង់ល្ពៅ

គេមិន​ដឹងថា​ជម្ងឺនេះ កើត​ឡើង​ដោយ​មូលហេតុ​អ្វីពិត​ប្រាកដទេ។ ប៉ុន្ដែ​គេគ្រាន់​តែសង្កេត​ឃើញថាជម្ងឺ​នេះច្រើនកើត​ឡើង លើអ្នក​ជម្ងឺមួយ​ចំនួន ដូច​ជាអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម អ្នក​ជម្ងឺពកក អ្នក​កើត​ជម្ងឺក្រពះ​រ៉ាំរ៉ៃ​ជាដើម និង​អ្នកដែល​មានជម្ងឺ​នៅក្នុង​ក្រពេញ លើត​ម្រងនោម ដូច​ជាជម្ងឺអាប់​ឌីស៊ុន​ជាដើម។ អ្នក​ជម្ងឺទាំង​នេះងាយ​ប្រឈម​មុខ​នឹងជម្ងឺ​ឃ្លង់ល្ពៅ។ ជម្ងឺ​នេះវាមិន​ទាក់ទង​ទៅនឹងការ ធ្វើអនាម័យ​នៃការ​រស់នៅទេ។

វិធាន​ការ​បង្ការ​ជម្ងឺ​ឃ្លង់ល្ពៅ

រហូត​មកដល់​ពេលនេះ គ្មាន​ឬ​មិនទាន់​មានវិធាន​ការណា​មួយកា​រពារកុំ​ឱ្យកើត​ជម្ងឺនេះ​បានទេ។ គេ​សង្កេត​ឃើញថា​៥០% នៃអ្នក​ជម្ងឺនេះ​អាច​ជាដោយ​ឯកឯង​។ នៅ​ប្រទេស​កម្ពុជា មានអ្នក​ជម្ងឺ​កើត​ជម្ងឺ​ឃ្លង់ល្ពៅ​ប្រហែល​ជា១ ទៅ២%​ក្នុងចំណោម​អ្នកជម្ងឺ​ទូទៅ។ ជម្ងឺនេះ​កើតនៅ​លើមនុស្ស​គ្រប់វ័យ ប៉ុន្ដែ​គេច្រើន​តែសង្កេត​ឃើញថា ភាគ​ច្រើនកើត​នៅវ័យក្រោម​អាយុ២០ឆ្នាំ។

ផលវិបាក​របស់​ជម្ងឺ​ឃ្លង់ល្ពៅ

ជម្ងឺនេះ​មិនបង្ក​ផលវិបាក​ឱ្យអ្នក​ជម្ងឺឈឺ​ចាប់ធ្ងន់ធ្ងរ ឬ​ស្លាប់​នោះទេ។ ប៉ុន្ដែ​វារំខាន​យ៉ាងខ្លាំង​លើផ្នែក​សតិអារម្មណ៍​របស់អ្នក ជម្ងឺ​ព្រមទាំង​ទៅលើ​សោភ័ណ​ភាព និង​សម្រស់។ នៅ​ពេលកើត​ជម្ងឺនេះ អ្នកជម្ងឺ​អាចគិត​ច្រើន មាន​អ្នកខ្លះ​ទៀតអាច​គិតច្រើន​រហូតដល់​ចង់សម្លាប់​ខ្លួន​ក៏មាន។ ប្រសិន​បើគាត់​មាន​ជម្ងឺ​ស្ដ្រេស្ស​ទៀត​ផងនោះ វា​ជាកត្ដា​មួយ​ជម្រុញ​ឱ្យអ្នក​ជម្ងឺប្រឈម​មុខនឹង​ការរីក​រាលដាល​កាន់តែច្រើន​ថែមទៀត។ ជម្ងឺនេះ​អាចវិវឌ្ឍន៍​ទៅជា​ជម្ងឺ​មហារីក​ស្បែក ប្រសិន​បើបណ្ដែត​បណ្ដោយ​ឱ្យមានការ​រលាកស្បែក​យូរ អង្វែង។

ការ​ព្យាបាល​ជម្ងឺ​ឃ្លង់ល្ពៅ

ដោយ​សារជម្ងឺ​ឃ្លង់ល្ពៅ​ជាជម្ងឺ​ដែល​មិនអាច​ទាយទុក​មុននិង​ជាជម្ងឺ​ដែល​យើង​មិនដឹង​ប្រភព​វា​ច្បាស់លាស់។ ដូច្នេះការ ព្យាបាល​ទទួល​បានលទ្ធផល​តិចតួច​ណាស់ ទោះបី​ជាការព្យា​បាល​នៅប្រទេស​ជឿន​លឿនក្ដី។ ការ​ព្យាបាល​ដោយប្រើ​ថ្នាំដែល​យើងប្រើ នៅប្រទេស​ខ្មែរសព្វថ្ងៃ ទទួល​បានផល ឬ​ប្រសិទ្ធភាព​ប្រហែល​ពី២៥ ទៅ៣០%​តែប៉ុណ្ណោះ។ អ្នក​ជម្ងឺក៏​អាចមាន​សំណាង​ជាសះស្បើយ វិញបានដែរ តែសំណាង​នោះគ្មាន​អ្នកណា​ម្នាក់អាច​ស្មាន​ដឹងទេ ទាល់​តែជម្ងឺ​នោះ​ឈប់វិវឌ្ឍន៍​ទៅទៀត។ សព្វថ្ងៃ​យើងអាច​ប្រើប្រាស់ របៀប​ព្យាបាល​មួយចំនួន ភាគ​ច្រើនព្យាបាល​ប្រើជាក្រែម​លាបម្យ៉ាង ដើម្បី​ឱ្យស្បែក​មានការ​ផលិតពណ៌​ឡើងវិញ។ ម្យ៉ាងទៀត គេ ប្រើក្រែម​ផលិតជាតិ​ពណ៌ រួម​ជាមួយ​នឹងការបាញ់​កាំរស្មីព្រះ​អាទិត្យ ដើម្បី​ភ្ញោចកោ​សិកា ដែល​មិនផលិត​ជាតិពណ៌​ឱ្យមាន​ជាតិពណ៌ ឡើងវិញ។

នៅ​ប្រទេសកម្ពុជា ពុំទាន់​មានម៉ាស៊ីន​ព្យាបាល​ដោយ​កាំរស្មីទេ។ នៅ​ប្រទេស​ជឿន​លឿន​នានា មាន​ប្រើប្រាស់​វិធីព្យាបាល បែបនេះ​ហើយ តែប្រសិទ្ធភាព​នៃការ​ព្យាបាល​មិនមាន​ភាពជាក់​លាក់ដូច​គ្នានៅ​ឡើយដែរ​ទេ។

ដំបូន្មាន​អ្នកជំនាញ

ប្រសិន​បើមាន​កើត​ជម្ងឺឃ្លង់​ល្ពៅ អ្នកជម្ងឺ​ត្រូវចេះ​របៀប​រស់នៅ និងបន្ដ​រស់នៅ​ជាធម្មតា ព្រោះ​ថាកើត​វាហើយ មិនត្រូវ​ពិបាកចិត្ដ​ខ្លាំងនោះ​ទេ។ យើងអាច​ជ្រើសរើស​យកវិធី​ម្យ៉ាង ដោយ​ប្រើម្សៅ​លាបនៅ​ត្រង់កន្លែង​ដែលកើត​ឃ្លង់នោះ ដើម្បី​បិទបាំង​វាបានខ្លះ។ មិនត្រូវ​ដើរហាល​ថ្ងៃទេ ព្រោះវា​អាចរលាក​ស្បែក នាំឱ្យ​ស្បែកអាច​វិវឌ្ឍន៍ទៅ​ជាជម្ងឺ​មហារីក​ស្បែក។ ត្រូវ​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ ព្រោះ​ថាការ​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ​ជាវិធី​ព្យាបាល​មួយដែរ។ អ្នក​ជម្ងឺត្រូវ​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ​ប្រយោជន៍​កុំឱ្យត្រង់ កន្លែង​កើត​ឃ្លង់ល្ពៅ​នោះ​រលាក​នៅពេល​ត្រូវកម្ដៅ​ថ្ងៃ។ អ្នកដែល​កើតជម្ងឺ​នេះ មិន​ត្រូវអស់​សង្ឃឹមទេ ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ ព្រោះ​ជម្ងឺនេះ អាច​ជាសះ​ស្បើយ​ដោយ​ខ្លួនវា រួម​ផ្សំ​នឹងការ​ព្យាបាល​របស់​គ្រូពេទ្យ។ ទោះបី​ជាមិន​បានជា​សះស្បើយ​ទាំងស្រុង ក៏គាត់​ដឹងថា​ត្រូវរស់ នៅដូច​ម្ដេចដែរ​តាមរយៈ​ការផ្ដល់​ប្រឹក្សា និង​ដំបូន្មាន​ពី​គ្រូពេទ្យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *