ចំណោមប្រជាពលរដ្ឋខ្មែរជិត១៤លាននាក់ មានប្រមាណជា៦០%ជាយុវវ័យ(អាយុក្រោម៣០ឆ្នាំ)។ យុវវ័យមួយចំនួនតូចបានបង្ករបាតុភាពអុកឡុកនៅក្នុងសង្គម ដូចជាវាយសម្លាប់គ្នា បង្ហោះម៉ូតូ បំផ្លាញទ្រព្យសម្បត្ដិសាធារណៈ បង្កើតក្រុមបងធំបងតូចជាដើម។ ក្រុមស្ទាវទាំងនេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមទីក្រុងក៏ដូចជាជនបទ ជួនវិវឌ្ឍន៍ពីក្មេងស្ទាវរហូតដល់ចាស់ ស្ទាវទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោក ម៉ាក សារ៉ាត មន្ដ្រីសម្របសម្រួលនៃអង្គការប្រឹក្សាយុវជន កម្ពុជាដើម្បីពិភាក្សាលើប្រធានបទក្មេងស្ទាវនេះ។
ក្មេងស្ទាវ ជានរណា?
តាមធម្មតាក្មេងស្ទាវ គឺសំដៅទៅដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១៦ ឬ១៨ឆ្នាំឡើងទៅ ឬវ័យកំពុងពេញកម្លាំង។ តែ ចំពោះស្ទាវនៅក្នុងន័យដែលប្រជាពលរដ្ឋខ្មែរយើងមានប្រតិកម្មនៅពេលនេះ គឺសំដៅទៅលើក្រុមក្មេងដែលច្រើនតែបង្កឱ្យមានការ ច្របូកច្របល់ ដើររករឿងគេឯង ធ្វើអ្វីមិនទំនង ឬប្លែកៗពីគេ បង្កអសន្ដិសុខនៅក្នុងសង្គម និងអំពើអសកម្មផ្សេងៗទៀត។ ពួកគេអាច ជាកូនរបស់លោកអ្នក មិត្ដភក្ដិរបស់លោកអ្នក ឬសាច់ញាតិរបស់លោកអ្នក ដោយមិនមានការរើសអើងថាសុទ្ធតែជាអ្នកមាន អ្នកក្រ ឬជាអ្នកមានកាយសម្បទាល្អ ឬពិការភាព ទើបអាចជាក្មេងស្ទាវឡើយ។
មូលហេតុដែលក្មេងស្ទាវដើរអុកឡុកសង្គម
យុវជនទាំងនោះភាគច្រើន គឺជាមនុស្សដែលមានបញ្ហា។ ហើយបញ្ហារបស់ពួកគេភាគច្រើនត្រូវបានសង្គមមើលរំលង និង មិនមានការយកចិត្ដទុកដាក់ដោះស្រាយ។ មានកត្ដាជាច្រើនដែលនាំឱ្យពួកគេដើរអុកឡុកសង្គម ដូចជាធ្វើដើម្បីទាមទារការចាប់អារម្មណ៍ ធ្វើត្រាប់តាមភាពយន្ដ ឬវប្បធម៌បរទេស ដែលពួកគេគិតថាវាឡូយជាដើម។ ម្យ៉ាងទៀតគឺការចង់បញ្ជាក់ពីអំណាច ព្រោះយុវជន ដែលជាបងធំតែងតែ ចង់បង្ហាញថាពួកគេគឺជាអ្នកខ្លាំង សូម្បីតែមើលមុខក៏មិនបាន ហើយអាចដើរវាយគេវាយឯងបាន។ ការប្រើ ប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹងដែលជាហេតុនាំឱ្យពួកគេមិនអាចឃុំគ្រងខ្លួនឯងបាន និងមានគំនិតចង់តែប្រើអំពើហឹង្សា។ ភាពគ្មានការ ងារធ្វើត្រឹមត្រូវ ក៏ងាយនឹងបង្កឱ្យពួកគេចូលរួមនៅក្នុងក្រុមបងតូចបងធំដែរ ព្រោះថាបើពួកគេមានការងារធ្វើ ពួកគេគ្មានពេលវេលា ដើម្បីអុកឡុកអ្នកដទៃទេ។
នៅក្នុងចំណោមក្មេងស្ទាវទាំងនេះ សីលធម៌ធ្លាក់ចុះច្រើន រីឯគុណភាពនៃការសិក្សា និងការអប់រំនៅមានកម្រិតទាប។ ការ ច្រណែនគ្នា ចង់មានចង់បានឆាប់រហ័ស ឬតាមផ្លូវកាត់ ការអួតអាង មានបញ្ហានៅក្នុងគ្រួសារ ឬមានការលើកទឹកចិត្ដពីគ្រួសារដើម្បី ក្លាយជាបងធំជាដើម ក៏ត្រូវបានគេរកឃើញថាមានចំណែកនៅក្នុងការបង្កមូលហេតុនេះដែរ។ ពួកគេរៀនពីសង្គមជុំវិញខ្លួន។
មើលយ៉ាងម៉េចទើបដឹងថាក្មេងស្ទាវទាំងនោះមានបញ្ហា?
យើងមិនអាចធ្វើការសន្និដ្ឋានបានទេថាក្មេងមានបញ្ហា ដោយគ្រាន់តែមើលត្រឹមតែអាកប្បកិរិយា ឬការតុបតែងខ្លួនតែខាង ក្រៅរបស់ពួកគេនោះទេ។ ទោះបីជាអ្នកខ្លះមានការតុបតែងខ្លួនខុសប្លែកពីគេយ៉ាងណាក៏ដោយ ទង្វើទាំងនេះវាគ្រាន់តែជាការបង្ហាញ នូវនិន្នាការរបស់ពួកគេទៅលើអ្វីដែលពួកគេពេញចិត្ដ ដោយមិនបានរករឿងរំខាននរណាម្នាក់ទេ។ យើងអាចសម្គាល់បានខ្លះដែរអំពី ឥរិយាបថរបស់ក្មេងដែលមានបញ្ហា ប្រសិនបើមានអាការខុសពីប្រក្រតី ដូចជាការប្រើប្រាស់ពាក្យពេចន៍ ឬសកម្មភាពហឹង្សាណាមួយ ឬការតាំង ខ្លួនជាបងធំរបស់ពួកគេ។ ករណីពួកគេមានការប្រើប្រាស់ថ្នាំញៀន វានាំឱ្យពួកគេមានអារម្មណ៍មិននឹងនរ ញ័រដៃញ័រជើងជា ដើម។
ក្មេងស្ទាវបង្កផលវិបាកអ្វីខ្លះដល់គ្រួសារ និងសង្គម?
នៅពេលដែលពួកគេដើរបង្កបញ្ហាខូចខាតដល់សាធារណៈជន មុខមាត់ កិត្ដិយស និងកេរ្ដិ៍ឈ្មោះរបស់គ្រួសារនឹងត្រូវអាប់ ឱន។ លើសពីនេះទៅទៀត វាអាចបង្កជាការបំផ្លាញទ្រព្យសម្បត្ដិ មាសប្រាក់ លួចប្លន់ និងធ្វើឱ្យគ្រួសារអស់សង្ឃឹមជាដើម។ ចំពោះ ប្រទេសជាតិ វារិតតែធ្ងន់ធ្ងរទៅទៀត។ ព្រោះថាពួកគេនឹងធ្វើឱ្យខូចសន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសាធារណៈ ព្រមទាំងធ្វើឱ្យ មនុស្សបាត់បង់ជំនឿទុកចិត្ដគ្នាទៅវិញទៅមក និងបង្កឱ្យមានករណីចារកម្ម ឫចោរកម្មផ្សេងៗ ដែលគម្រាមគំហែងដល់ការទស្សនា កំសាន្ដនានា។
វិធីសាស្ដ្រអប់រំក្មេងស្ទាវ
ទង្វើភាគច្រើនរបស់ពួកគេ គឺទាមទារការចាប់អារម្មណ៍ពីសង្គម និងគ្រួសារ ហើយត្រូវការការលើកទឹកចិត្ដ និងការមិនរើស អើងពួកគេ ជាពិសេសឱកាសការងារ និងឱកាសធ្វើជាមនុស្សល្អ។ គ្មាននរណាម្នាក់អាចរស់នៅតែម្នាក់ឯងបានឡើយ ដូច្នេះពួកគេក៏ ត្រូវការពិភពលោកដ៏ស្រស់ស្អាតមួយសម្រាប់ឱ្យពួកគេរស់នៅដែរ។ គ្រួសារ និងសង្គមសុទ្ធតែមានទួនាទីក្នុងការអប់រំកែប្រែពួកគេ។ ព្រោះបើសង្គម និងគ្រួសារមានបញ្ហា ពួកគេក៏ងាយមានបញ្ហាដែរ។ អ្វីដែលយើងគួរធ្វើគឺត្រូវរកមូលហេតុដំបូងដែលពួកគេផ្លាស់ប្ដូរ ថាតើពួកគេធ្វើនេះដើម្បីអ្វី ឬដោយសារអ្វី។ វាអាចងាយស្រួលនៅក្នុងការកែប្រែឥរិយាបថរបស់ពួកគេត្រឡប់មកជាមនុស្សល្អវិញ។ សូមផ្ដល់ឱកាសឱ្យពួកគេឱ្យបានច្រើន ព្រោះត្រូវការពេលវេលាយូរដើម្បីកែប្រែពួកគេ។ សូមព្យាយាមអប់រំពួកគេតាមបែបទន់ភ្លន់ និងព្យាយាមពន្យល់អប់រំពួកគេឱ្យបានញឹកញាប់ពីផលវិបាកនៃសកម្មភាពមិនល្អ។ សូមចាត់ទុកពួកគេថានៅមានតម្លៃជាមនុស្សផង និងកុំរើសអើងពួកគេ។ សូមថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ដពួកគេឱ្យបានល្អ ប្រើវិធីសាស្ដ្រនៅក្នុងការបន្ធូរអារម្មណ៍ឱ្យបានត្រឹម ត្រូវ អាចរកវិធីលេងកីឡា ហាត់ប្រាណ ឬរកការងារផ្សេងៗឱ្យពួកគេធ្វើ ដើម្បីចៀសវាងការប្រព្រឹត្ដិអំពើមិនល្អ។
ដំបូន្មានអ្នកជំនាញ
យុវវ័យគួរមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន មិនត្រូវបង្កការខូតខាតដល់អ្នកដទៃទេ។ ករណីកិច្ចដែលល្អបំផុត សម្រាប់យុវជន គឺការសិក្សាស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីជាទុននៅក្នុងការកសាងអនាគត។ អាណាព្យាបាលគួរមានការ លើកទឹកចិត្ដកូន និងចំណាយពេលវេលាណែនាំកូនឱ្យបានច្រើន អំពីផលវិបាកនៃអំពើអសកម្មទាំងនោះ។ ពួកគេមិនបានទទួលផលអ្វី ចំណេញពីសកម្មភាពទាំងនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply