នៅពេលទារកទើបកើតមានកាយសម្បទានៅខ្ចីណាស់ ដែលងាយនឹងឆ្លងរោគផ្សេងៗ យើងត្រូវមានការថែទាំជាពិសេស។ ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏មាតាបិតាទាំងអស់ត្រូវតែយកចិត្ដទុកដាក់ចំពោះសុខភាពរបស់ទារកដែរ។ កូន គឺជា ចំណែកនៃសុភមង្គលរបស់ឪពុកម្ដាយ ប្រសិនបើកូនសម្រាលមកមានសុខភាពល្អ ហើយមានការថែទាំមិនបានល្អទេនោះ សុខភាព របស់កូនទៅជាផុយស្រួយ ហើយឪពុកម្ដាយក៏មិនមានសុភមង្គលលបានដែរ។
ទស្សនាវដ្ដី សុខភាពយើង សូមណែនាំមាតាបិតាស្វែងយល់នូវប្រការមួយចំនួន សម្រាប់ថែទាំទារក ដែលជាបុត្រធីតារបស់ ខ្លួនប្រកបដោយសុខុមាលភាពល្អ។
ការថែទាំទារកទើបកើត
ទារកនៅពេលកើតត្រូវការថែរក្សាកម្ដៅឱ្យបានថេរ។ នៅពេលកើតមកភ្លាម គ្រូពេទ្យ ឬឆ្មបជូតទារកឱ្យស្ងួត ហើយយក កន្សែងក្រាសល្អស្អាតគ្មានមេរោគ រុំឱ្យជិតទុកប្រឡោះមុខ និងទ្រូង ដើម្បីតាមដានពិនិត្យមើល និងរក្សាកម្ដៅកុំ់ឱ្យបាត់បង់នៅពេល ត្រូវខ្យល់ត្រជាក់់។ ចំណុចជាពិសេសទៅទៀតនោះ គឺគ្រូពេទ្យស្ទាបបាតជើងរាល់១៥នាទីម្ដង។ បើស្ទាបទៅឃើញបាតជើងត្រជាក់ គ្រូពេទ្យនឹងដាក់ទារកនោះទៅក្នុងម៉ាស៊ីនកម្ដៅ។
បើសិនជាទារកនោះមិនត្រជាក់ទេ យើងថែទាំទារកជាធម្មតា។ ជាទូទៅម្ដាយថែទាំដោយយកកន្សែងធំក្រាស សារុង ភួយ ក្រាសរុំ ព្រមទាំងប្រើស្រោមដៃស្រោមជើង និងពាក់មួកឱ្យទារក។ ទារកដែលកើតភ្លាម មិនត្រូវងូតទឹកឱ្យភ្លាមទេ ដើម្បីចៀសវាង ការបាត់បង់កម្ដៅដែលអាចឱ្យទារកមានគ្រោះថ្នាក់ខ្លាំងរហូតស្លាប់បាន។
នៅពេលទារកកាត់ទងផ្ចិតហើយ ត្រូវយកទារកទៅដាក់លើទ្រូងម្ដាយ ដើម្បីឱ្យម្ដាយមានភាពជិតស្និទ្ធជាមួយកូនដែលកើត ភ្លាម ម្ដាយអាចផ្ដល់កម្ដៅឱ្យកូនតាមរយៈសាច់ប៉ះនឹងសាច់។ នៅពេលកូនកើតបាន១ម៉ោង ត្រូវឱ្យកូនបៅភ្លាម ព្រោះទឹកដោះដំបូង មានសារៈសំខាន់ណាស់ វាអាចផ្ដល់សារធាតុការពារដល់កូន ងាយរំលាយ និងសម្របសម្រួលទៅនឹងសុខភាពទារក។
សម្រាប់កូនដំបូង ត្រូវឱ្យស្ដ្រីជាម្ដាយដែលទើបសម្រាលបុត្រសម្រាកនៅមន្ទីរពេទ្យឱ្យបាន៥ថ្ងៃ ដើម្បីតាមដាន និងថែទាំ សុខភាព។ សម្រាប់ម្ដាយដែលសម្រាលកូនទី២ ម្ដាយក៏ត្រូវសម្រាកពេទ្យយ៉ាងហោចណាស់ឱ្យបាន៣ថ្ងៃដែរ។
ការថែទាំទារកនៅផ្ទះ
– ការថែទាំទងផ្ចិត ៖ ជាធម្មតា ការថែរក្សាទងផ្ចិតមិនជាបញ្ហាអ្វីទេ។ ក្នុងរយៈពេល៥ថ្ងៃ ទៅ១សប្ដាហ៍ ទងផ្ចិតអាចជ្រុះ ហើយ។ ចំពោះម្ដាយដែលសម្រាលកូនទី២ បន្ទាប់ពីម្ដាយសម្រាលបាន៣ថ្ងៃ គាត់ត្រូវចេញទៅផ្ទះទាំងទងផ្ចិតទារកមិនទាន់ជ្រុះ។ មាតាបិតាអាចសម្អាតទងផ្ចិតកូនដោយប្រើអាល់កុលជូតរយៈពេល៥ថ្ងៃ ទៅមួយសប្ដាហ៍ ផ្ចិតនោះនឹងជ្រុះដាច់ដោយខ្លួនវា។
– ប្រការគួរចៀសវាងមួយចំនួនចំពោះការថែទាំទងផ្ចិតរបស់ទារក។ ជាអាទិនៅតាមជនបទ ប្រជាពលរដ្ឋច្រើនតែយក សម្បកឆ្កែញាំង ឬម្រែងភ្លើង ដែលជាប់នឹងពីងពាង មករោយពីលើទងផ្ចិត។ ចំណុចនេះម្ដាយមិនគួរធ្វើវាទេ ព្រោះអាចធ្វើឱ្យកូនមាន កើតជម្ងឺតេតាណូសបាន។ ឯកាថែទំា គឺគ្រាន់តែជូតសម្អាតផ្ចិតដោយអាល់កុលប៉ុណ្ណោះ ជាការគ្រប់គ្រាន់ហើយ។ ការដែលព្យាបាល ដោយខ្លួនឯងដោយយកថ្នាំផ្សះរោយពីលើ ក៏មិនត្រូវធ្វើដែរ។ ក្នុងករណីដែលមានដំបៅនៅផ្ចិត ម្ដាយត្រូវយកកូនទៅជួបជាមួយ គ្រូពេទ្យ។
– ការថែទាំបង្ហើយ ៖ មានឪពុកម្ដាយមួយចំនួនបានបុកពន្លៃ ឬប្រេងក្រឡាមកលាប ឬបិទលើក្បាលកូន ដើម្បីឱ្យបង្ហើយ ឆាប់បិទជិត។ ជាធម្មតា បង្ហើយនឹងបិទជិតដោយខ្លួនវា គ្រាន់តែរយៈពេលខ្លី ឬវែង នោះវាអាស្រ័យទៅលើឆ្អឹងក្បាលរបស់ទារក ដែល បង្ហើយធំ ឬតូច។ មានកូនខ្លះមានបង្ហើយតូចសឹងតែអត់មានទេ។ ការដែលយកពន្លៃ ឬប្រេងក្រឡាមកបិតលើបង្ហើយទារកនោះ មិន ជាការទាស់ខុសទេ ប៉ុន្ដែវានាំឱ្យខាតបង់ថវិកា និងពេលវេលា។ ជាធម្មជាតិ បង្ហើយត្រូវតែបិទជិតដោយខ្លួនវា នៅពេលឆ្អឹងដុះជិត។ ការលាបប្រេងក្រឡា ឬពន្លៃ ច្រើនតែកើតក្រម៉នៅលើក្បាលរបស់ទារកដែលប្រជាពលរដ្ឋខ្មែរតែងហៅថា អាចម៍ក្របី។ ម្ដាយត្រូវ ប្រយ័ត្នកុំឱ្យមានការប៉ះទង្គិចទៅលើកន្លែងដែលទន់(បង្ហើយ)នោះឱ្យសោះ ព្រោះឆ្អឹងពុំទាន់ដុះជិតនៅឡើយទេ។
– ការងូតទឹកឱ្យទារក ៖ ត្រូវប្រើប្រាស់សាប៊ូដែលជាផលិតផលសម្រាប់ទារក សមស្របជាមួយទារក ជាពិសេសសាប៊ូដែល មិនមានភាពក្រហាយដល់ទារក។ ទារកងាយនឹងបាត់បង់កម្ដៅណាស់ ដូច្នេះត្រូវងូតទឹកក្ដៅឧណ្ហៗ ចៀសវាងកូនបាត់បង់កម្ដៅ។ ប្រសិនបើកូននោះធំមានសុខភាពល្អ មិនជាបញ្ហាអ្វីទេ។ តែបើកូននោះមានសុខភាពខ្សោយ នាំឱ្យទារកស្វាយដៃស្វាយជើង។ ការងូត ទឹកក្ដៅនេះ គឺបន្ដងូតពី៤ ទៅ៦ខែ ទៅតាមសុខភាពរបស់ទារក។ ប្រសិនបើកូននោះកើតមិនគ្រប់ខែ ឬស្ទើរគីឡូ គឺបន្ដងូតទឹកក្ដៅនេះ រហូតដល់៦ខែ វាធ្វើឱ្យស្បែកទារកទន់។
– ការកាត់ក្រចកដៃ ៖ ម្ដាយខ្លះមិនចង់កាត់ក្រចកដៃរបស់កូនទេ ព្រោះខ្លាចរីកម្រាមដៃកូន។ តែសម្រាប់វេជ្ជសាស្ដ្រ ក្រ ចកដៃវែងមិនល្អទេ គឺគ្មានអនាម័យ។ កាលណាក្រចកវែង ទារកអាចខ្វាចសាច់វា ដែលនាំឱ្យកើតមានដំបៅ។
– បញ្ហាជំនឿ ៖ មានជំនឿខ្លះថានៅពេលកូនស្រីកើតមក ត្រូវច្របាច់គ្រាប់ដោះឱ្យបែកដើម្បីបញ្ចេញទឹកដោះចោល។ ប្រសិនបើគាត់ច្របាច់ល្មមមិនជាអ្វីទេ តែបើគាត់ច្របាច់ដៃធ្ងន់ នាំឱ្យបែកក្រពេញ ធ្វើឱ្យក្លាយទៅជាដំបៅមានខ្ទុះនៅដោះមិនងាយជា ទេ។ ប្រសិនបើយើងកុំច្របាច់វា វាមិនប៉ះពាល់អ្វីទេ។ អ្នកខ្លះគិតថាកូនស្រីត្រូវតែច្របាច់ដោះនោះចោល ខ្លាចធំឡើងនៅពេលមានកូន ធ្វើឱ្យសុដន់នោះខ្វាក់មាន់។ ជំនឿនេះមិនមែនជាការពិតទេ។ ប្រសិនបើសុដន់គាត់ខ្វាក់មាន់ មានវិធីងាយក្នុងការដោះស្រាយ។ ប្រសិន បើស្ដ្រីមានផ្ទៃពោះ ដឹងថាដោះគាត់មានខ្វាក់មាន់ ពេលគាត់ងូតទឹកហើយ គាត់ត្រូវឧស្សាហ៍ទាញច្បូតចុងដោះ ដើម្បីទម្លាប់ផ្សាំដោះ នោះ។ ដោះនឹងទៅជាលក្ខណៈធម្មតាវិញ។
– កាអនាម័យកន្ទបទារក ឬសម្លៀកបំពាក់ទារក ៖ កន្ទបក្មេងត្រូវបោកឱ្យបានស្អាត ប្រសិនបើបានអ៊ុតវា រិតតែប្រសើរ ថែមទៀត ព្រោះវាអាចសម្លាប់មេរោគបាន។ យើងគួរប្រើកន្ទបពណ៌ស ព្រោះវាងាយស្រួលមើលថាតើមានប្រឡាក់នៅកន្លែងណា ឬ មានស្រមោចឬទេ។ ប៉ុន្ដែមានគ្រួសារខ្លះមានជីវភាពខ្សត់ខ្សោយ គាត់ក៏អាចយកក្រណាត់សារុងចាស់ៗមកធ្វើកន្ទបបានដែរ ដោយ គាត់ត្រូវបោកគក់ឱ្យស្អាត អ៊ុតឱ្យស្អាត ជាកាស្រេច។ នៅជនបទ បើគ្មានភ្លើងអគ្គិសនីអ៊ុត គាត់អាចបោកជាមួយសាប៊ូឱ្យស្អាត ហើយ ហាលថ្ងៃឱ្យស្ងួត ក៏សម្លាប់មេរោគបានដែរ។
ដំបូន្មានអ្នកជំនាញ
សូមមាតាបិតាយកកូនទៅចាក់ថ្នាំបង្ការជម្ងឺឱ្យបានគ្រប់៧មុខរបស់កម្មវិធីជាតិ ដើម្បីកូនមានសុខភាពល្អ និងត្រូវបំបៅកូន ដោយទឹកដោះសុទ្ធរយៈពេល៦ខែ។ ហើយអាចបន្ដឱ្យកូនបៅរហូតដល់អាយុពីរឆ្នាំ ដោយឱ្យអាហារបំប៉នបន្ថែមដល់ទារក ដែលមាន អាយុចាប់ពី៦ខែឡើងទៅ ដើម្បីសុខភាព និងបញ្ញារបស់កូនលោកអ្នក។ នៅពេលមានបញ្ហា ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ សូម្បីតែ នៅពេលម្ដាយឈឺក៏ដោយ ត្រូវខំបន្ដបំបៅកូនដោយទឹកដោះ។ បើចង់យល់ដឹងលម្អិតអំពីទឹកដោះម្ដាយ សូមអានអត្ថបទ “សារៈសំខាន់ នៃទឹកដោះម្ដាយ” ដែលបានចេញផ្សាយនៅទស្សនាវដ្ដី សុខភាពយើង លេខទី២ ខែមីនា ឆ្នាំ២០០៦ កន្លងទៅ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply