នារីគ្រប់រូបតែងតែមានការធ្លាក់ស។ សនេះកើតមាននៅលើស្ដ្រីគ្រប់ការ គឺមានធ្លាក់តិចតួច នៅមុនពេលមករដូវ។ សក៏អាចមាននៅលើកុមារីតូចៗដែរ ព្រោះកុមារីទាំងនោះចូលចិត្ដអង្គុយលេងដីច្រើន សនោះកើតឡើងដោយសារពងព្រូន។ ការធ្លាក់ស ជារឿងមួយដែលស្ដ្រីគ្រប់រូបត្រូវយកចិត្ដទុកដាក់បំផុត។ ស្ដ្រីត្រូវយល់ដឹងអំពីធ្លាក់ស។
សរបស់ស្ដ្រីជាអ្វី?
លោកស្រីវេជ្ជបណ្ឌិត ងាវ ស៊ីត្រេន អ្នកឯកទេសសម្ភព និងរោគស្ដ្រីបានឱ្យនិយមន័យនៃការធ្លាក់សថា គឺជាការហូរចេញនូវ អ្វីដែលមិនមែនជាឈាមទ្វារមាសរបស់ស្ដ្រីទេ។ តាមការស្រាវជ្រាវ សមានច្រើនប្រភេទ ហើយមានលក្ខណៈខុសៗគ្នា។ សមាន លក្ខណៈធម្មតា គឺជាសដែលកើតមាននៅមុនពេលមករដូវ ធ្លាក់ជាលក្ខណៈតិចតួច ហើយមិនមែនធ្លាក់ជារៀងរាល់ថ្ងៃទេ ជួនកាលវា ធ្លាក់នៅពាក់កណ្ដាលនៃវដ្ដរដូវ ដែលគេហៅថាថ្ងៃដែលស្ដ្រីមានកូន សអាចធ្លាក់មកជាពណ៌សថ្លាអន្លាយ ដូចជាផ្នែកសនៃស៊ុតមាន់ទា។
សដែលមកជាលក្ខណៈធម្មតាមកតិចតួច បញ្ចេញមកតាមទ្វារមាសស្ដ្រីនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការពារប្រ ឆាំងមេរោគណា ដែលចូលទៅតាមទ្វារមាសរបស់ស្ដ្រី។ ចំពោះនារីដែលមានសខុសពីនេះ គឺចាត់ទុកថាជាសមិនធម្មតា ហើយមានន័យ ថា វាជាសមានជម្ងឺហើយ ឬជាជម្ងឺធ្លាក់ស។
សមិនធម្មតាមានលក្ខណៈបែបណា?
ចំពោះសដែលមានលក្ខណៈមិនធម្មតា គឺជាសដែលធ្លាក់មកមានពណ៌បៃតងភ្លាវ មានធុំក្លិនស្អុយ។ សប្រភេទនេះបង្កឡើង ដោយសារពងព្រូន។ វាកើតឡើងដោយសារយើងប្រើប្រាស់ទឹកមិនស្អាត។ ឧទាហរណ៍ ស្ដ្រីដែលនៅតាមជនបទ គាត់ច្រើនតែចុះទៅ ក្នុងទឹកត្រញំង ដើម្បីអូសកំពឹស និងបេះត្រគួន គាត់ងាយនឹងឆ្លងពងព្រូន និងមេរោគចូលតាមទ្វារមាសរបស់គាត់ ដែលបណ្ដាលឱ្យ គាត់កើតមានការធ្លាក់សមិនធម្មតា។
ជួនកាលជម្ងឺធ្លាក់សនេះ ស្ដ្រីអាចឆ្លងមកពីស្វាមីរបស់គាត់តាមរយៈការរួមភេទ ដោយសារស្វាមីរបស់គាត់មិនបានធ្វើការ សម្អាតប្រដាប់ភេទគាត់ឱ្យបានស្អាតល្អពេលរួមភេទ។ ចំណែកឯសដែលមានពណ៌សស្គុស មានលក្ខណៈក្រាស់ខ្មឹក ឬមានលក្ខណៈដុំៗ ហើយរមាស់ បណ្ដាលមកពីមេរោគផ្សិត។ សនេះច្រើនតែកើតឡើងដោយការឆ្លងមកពីស្វាមី ឬមកពីការប្រើប្រាស់ថ្នាំផ្សះ(ថ្នាំអង់ទីប៊ី យ៉ូទិច)ច្រើនពេក។ ការធ្លាក់សជាប្រចាំ ឬសមិនធម្មតានេះ ជួនកាលក៏កើតមាននៅលើស្ដ្រីនៅលីវដែរ គឺបណ្ដាលមកពីគាត់ប្រើប្រាស់ ថ្នាំផ្សះច្រើនពេក ដូចស្ដ្រីមានស្វាមីដែរ នាំឱ្យមានមេរោគផ្សិត ជាហេតុធ្វើឱ្យគាត់មានរមាស់ទ្វារមាស ឬរលាកទ្វារមាស។
ផលវិបាកនៃការធ្លាក់សមិនធម្មតា
ប្រសិនបើស្ដ្រីមានការធ្លាក់សរមាស់ មានពណ៌បៃតង ធុំក្លិន និងធ្លាក់សមានលាយឈាម មិនបានធ្វើការព្យាបាលឱ្យបាន ត្រឹមត្រូវទេ វាធ្វើឱ្យជម្ងឺវិវឌ្ឍន៍ទៅមុខរហូតដល់កើតជាជម្ងឺមហារីកមាត់ស្បូន។ អនាម័យជារឿងមួយសំខាន់ណាស់ក្នុងការកាត់បន្ថយ ជម្ងឺមហារីកមាត់ស្បូន ឬរោគស្ដ្រីមួយចំនួនបានដែរ។ ព្រោះថាបច្ចុប្បន្ននេះ ស្ដ្រីខ្មែរប្រឈមមុខនឹងការកើតជម្ងឺមហារីកមាត់ស្បូនមាន ចំនួនច្រើន។
ត្រូវធ្វើអនាម័យពេលធ្លាក់សស្ដ្រី
ក្នុងការធ្វើអនាម័យ នារីត្រូវចេះសម្អាតខ្លួន ត្រូវប្រើប្រាស់ថ្នាំលាងសម្អាតទ្វារមាស ជាពិសេសថ្នាំឡាក់តាស៊ីត នៅរៀងរាល់ ពេលងូតទឹកក្នុង១ថ្ងៃឱ្យបាន១ ទៅ២ដង។ ជាពិសេសជាងនេះទៅទៀត នៅរៀងរាល់ពេលបន្ទោរបង់ ដូចជាបត់ជើងតូច បត់ជើងធំជា ដើម ត្រូវលាងសម្អាតទ្វារមាស ឱ្យបានស្អាតជារៀងរាល់ពេល។ នៅពេលមករដូវ ស្ដ្រីត្រូវប្រើប្រាស់សំឡីអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមេរោគចូលតាមឈាមទៅក្នុងទ្វារមាស។
ការព្យាបាលជម្ងឺធ្លាក់ស
ប្រសិនបើស្ដ្រីធ្លាក់សដោយការប្រើប្រាស់ថ្នាំផ្សះច្រើននោះ ការព្យាបាលមានលក្ខណៈងាយស្រួល គ្រូពេទ្យព្យាបាលឆាប់ជា ។ រាល់ពេលធ្លាក់ស នារីត្រូវមកជួបជាមួយគ្រូពេទ្យ។ ប្រសិនបើសដែលគ្រូពេទ្យមើលឃើញថាសមិនធម្មតា គ្រូពេទ្យអាចកាត់សាច់ យកទៅបណ្ដុះទៀត ព្រោះខ្លាចកើតមានជម្ងឺមហារីកមាត់ស្បូន។ ការពិនិត្យសនឹងធ្វើឡើងនូវរាល់៦ខែម្ដង ប្រសិនបើស្ថិតក្នុងការ សង្ស័យ។ ប្រសិនបើមិនមានការសង្ស័យទេ នារីគ្រប់រូបត្រូវទៅពិនិត្យរកកោសិកាមហារីកឱ្យបានមូយឆ្នាំម្ដង។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីត្រូវចំណាំទុកថា សដែលជាលក្ខណៈធម្មតាមិនមែនធ្លាក់រហូតទេ គឺក្នុង១ខែវាធ្លាក់មកតិចៗមួយដង ឬ២ដងតែប៉ុណ្ណោះ ។ សមិនធម្មតាមានលក្ខណៈពណ៌បៃតងភ្លាវ សស្គុស រមាស់ សលាយឈាមតិចៗ ឬអាចធ្លាក់ច្រើនជាលក្ខណៈទឹក។ បើឃើញសមាន លក្ខណៈមិនធម្មតា ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
នារីមានស្វាមី ទោះជាធ្លាក់សក៏ដោយ មិនធ្លាក់សក៏ដោយ ត្រូវតែទៅពិនិត្យរកកោសិកាមហារីកឱ្យបាន១ឆ្នាំម្ដងៗ។ នារី ត្រូវធ្វើអនាម័យទៅលើទ្វារមាស ជាជាងអនាម័យមុខមាត់។ ព្រោះវាបើមិនបានសម្អាតឱ្យបានស្អាតទេ មេរោគងាយនឹងឆ្លងចូលទៅ ក្នុងទ្វារមាសណាស់។ កុំប្រើប្រាស់សាប៊ូសម្អាតទ្វារមាសញឹកញាប់ពេក ព្រោះវាអាចនាំឱ្យមានមេរោគផ្សិតនៅទ្វារមាស ធ្វើឱ្យរលាក ទ្វារមាស។ ស្ដ្រីភាគច្រើន មានការខ្មាសអៀនក្នុងការទៅពិនិត្យរោគស្ដ្រី ប៉ុន្ដែបងប្អូនស្ដ្រីត្រូវគិតថា សុខភាពជារឿងសំខាន់ជាង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply