នៅប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃដែរ តែងតែកើតមានករណីកូនភ្លោះ ជួនកាលជាកូនភ្លោះពីរ ជួនកាលបី ឬច្រើន។ ប៉ុន្ដែកូនភ្លោះច្រើន នៅពេលសម្រាល កម្រនឹងឃើញមានជីវិតរស់នៅណាស់់។ គេឃើញមានផងដែរ ករណីកូនភ្លោះខ្លះ ជាស្រីទាំងពីរ ឬប្រុសទាំងពីរ។ ករណីកូនភ្លោះខ្លះមានខ្លួនមួយ ក្បាលព្រែកពីរ ជើងបួនក៏មាន។ ស្ដ្រីជាម្ដាយនៅពេលដែលមានកូនភ្លោះអាចចាត់ ទុកថាជាស្ដ្រីមានគ្រោះថ្នាក់មិនធម្មតាផងដែរ។
នៅក្នុងទំព័រសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបញ្ហាកូនភ្លោះមកបកស្រាយជូនលោកអ្នកឱ្យបានជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យមហាបរិញ្ញា គុំ កាណាល់ ដែលជាប្រធានមជ្ឈមណ្ឌលជាតិគាំ ពារមាតា និងទារក។
មូលហេតុនាំឱ្យមានកូនភ្លោះ?
តាមក្បួនវេជ្ជសាស្ដ្រ កូនភ្លោះត្រូវចែកចេញជាពីរ គឺកូនភ្លោះសុទ្ធ និងកូនភ្លោះមិនសុទ្ធ។
១. កូនភ្លោះសុទ្ធ ៖ តាមធម្មជាតិ មេជីវិតឈ្មោលមួយ និងមេជីវិតញីមួយធ្វើឱ្យកកើតបានជាមេជីវិតដំបូង។ នៅពេលខ្លះមេជីវិតដំបូងបំលែងខ្លួនលឿនពេក ធ្វើឱ្យបំបែកខ្លួនវាជាពីរ នាំឱ្យបានជាកូនពីរ។ ពេលនោះ វានឹងក្លាយជាកូនភ្លោះសុទ្ធ។ ដូច្នេះកូនភ្លោះ សុទ្ធ គឺកើតឡើងដោយសារមេជីវិតញីមួយជួបជាមួយមេជីវិតឈ្មោលមួយ ហើយបំប្លែងខ្លួនបានជាពីរ។
កូនភ្លោះសុទ្ធមានលក្ខណៈដូចតទៅ។ ប្រសិនបើកូននោះ គឺជាកូនស្រី នាំឱ្យកូនភ្លោះនោះស្រីទាំងពីរនាក់។ ហើយបើជា កូនប្រុស គឺប្រុសទាំងពីរនាក់។ កូនទាំងពីរនាក់នេះមានមុខមាត់ដូចគ្នា មានអត្ដចរិតពីកំណើតដូចគ្នា និងមានហ្សែនដូចគ្នា។
កូនភ្លោះសុទ្ធនៅពេលវិវឌ្ឍន៍នៅក្នុងពោះ មានស្ថានភាពបែប “កូនមួយត្រូវបានរស់ដោយកូនម្នាក់ទៀត ហើយកូនមួយ ទៀតនោះត្រូវរស់ដោយសារគេចិញ្ចឹម”។ ដូចនេះ កូនមួយត្រូវតូចជាងកូនមួយទៀត។ ពីព្រោះកូនដែលជាអ្នកចិញ្ចឹមកូនមួយទៀត នោះពិបាកណាស់ ជួនកាលអាចស្វិតងាប់នៅក្នុងពោះក៏មាន ហើយកូនដែលត្រូវគេចិញ្ចឹមរីកធំធាត់ឡើង។
២. កូនភ្លោះមិនសុទ្ធ ៖ ករណីនេះកើតឡើងដោយសារការជួបគ្នារវាងមេជីវិតពីរ ឬមេជីវិតច្រើនផ្សេងគ្នា។ មានន័យថាមេ ជីវិតញីពីរជួបមេជីវិតឈ្មោលពីរ នាំឱ្យកូនកើតជាកូនភ្លោះ អាចមានភេទដូចគ្នា ឬខុសគ្នា។ ករណីនេះច្រើនតែកើតឡើងដោយសារ ភាពមិនធម្មតារបស់មេជីវិតញី ដែលចេញមកច្រើនក្នុងមួយខែៗ ដែលជាធម្មតាចេញតែមួយប៉ុណ្ណោះក្នុងមួយខែ។
កូនភ្លោះមិនសុទ្ធមានលក្ខណៈដូចតទៅ។ នៅពេលវិវឌ្ឍន៍នៅក្នុងផ្ទៃ ជីវិតរបស់កូនទាំងពីរនេះដាច់ចេញដោយឡែកៗ ពីគ្នា។ ប្រសិនបើមានមេជីវិតញីបីបួនប្រាំ ឬអាចច្រើនជាងនេះជួបគ្នា នាំឱ្យមានកូនភ្លោះបី បួន ប្រាំ ឬច្រើន។ កូនភ្លោះមិនសុទ្ធមានអត្ដចរិត និងមុខមាត់ខុសប្លែកពីគ្នា។
ម្យ៉ាងទៀត ស្ដ្រីខ្លះមានកូនភ្លោះច្រើន ជួនជាកូនភ្លោះសុទ្ធផង និងជួនកាលលាយមិនសុទ្ធផង។ គួរបញ្ជាក់ផងដែរថាតាម ការសិក្សាបានបង្ហាញថាកូនភ្លោះជាកត្ដាតំណពូជ។
ផលវិបាកនៃការមានកូនភ្លោះ
ដំណាក់កាលដំបូង ៖ ស្ដ្រីដែលមានកូនភ្លោះ នៅពេលមានផ្ទៃពោះ អាចចាត់ទុកថាជាស្ដ្រីកំពុងប្រឈមនឹងគ្រោះថ្នាក់មិនធម្មតាឡើយ។ នៅពេលកំណកំណើតដំបូង ម្ដាយចាញ់ខ្លាំងណាស់ ក្អួតចង្អោរខ្លាំង មិនដូចស្ដ្រីដែលមានគភ៌ធម្មតានោះឡើយ ព្រោះត្រូវ ចិញ្ចឹមទារកពីរ។
ដំណាក់កាលបន្ទាប់ ៖ ស្ដ្រីជាមាតាពិបាកទ្រាំនឹងការមានគភ៌ ពីព្រោះទំហំស្បូនធំខុសធម្មតា ផ្ទៃមាតាកាន់តែធំ កាន់តែធ្ងន់។ ផ្ទៃពោះធំមិនមែនដោយសារតែទារក២នៅក្នុងផ្ទៃនោះទេ គឺដោយសារទឹកភ្លោះច្រើនផងដែរ។ ទារកមួយមានទឹកភ្លោះប្រហែលពីរលី ត្រ ប្រសិនបើទារកពីរ មានទឹកភ្លោះកាន់តែច្រើន។ ទាំងទឹកភ្លោះបូករួមជាមួយទម្ងន់ទារក ធ្វើឱ្យផ្ទៃពោះម្ដាយរិតតែធំ និងរិតតែធ្ងន់ ប្រៀបដូចជាគាត់ស្ពាយទឹកមួយធុងដាក់នៅពីមុខយ៉ាងដូច្នោះដែរ។
ជួនកាលធ្វើឱ្យកណ្ដាប់ចង្កេះខ្សោយ ដែលជារឿយៗធ្វើឱ្យមានការសម្រាលមិនគ្រប់ខែ។ ប្រសិនបើទារកភ្លោះសម្រាលមក មិនគ្រប់ទម្ងន់ និងថែមទាំងមិនគ្រប់ខែទៀតនោះ ទារកកម្រនឹងមានជីវិតល្អប្រសើរណាស់។ ទារកមិនគ្រប់គីឡូមានន័យថាទារកមាន ទម្ងន់មិនគ្រប់២គីឡូកន្លះទេ នាំឱ្យទារកពិបាកចិញ្ចឹម ទារកមានសតិបញ្ញាមិនល្អ។ ប៉ុន្ដែផ្ទុយទៅវិញ ប្រសិនបើទារកនោះកើតគ្រប់ គីឡូ និងគ្រប់ខែ គឺអាចរស់បានប្រសើរ។
ជាមួយគ្នានោះមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានជឿទៅលើជំនឿផ្សេងៗ ដោយឃើញទារកខ្លះកើតមកមានក្បាលព្រែកជាប់២ជើង៨ខ្លួន១ជាដើម។ ការពិតករណីនេះ គឺកើតឡើងដោយសារការបំលែងនៃកូនភ្លោះនោះមិនចប់សព្វគ្រប់ (បំលែងមិន ដាច់)។
ម្ដាយអាចជួបគ្រោះថ្នាក់រហូតបាត់បង់ជិវិតបាន នៅក្រោយពេលសម្រាល ដែលបណ្ដាលមកពីមានធ្លាក់ឈាមច្រើន ដោយ សារទំហំស្បូនធំពេក និងរលុងពេក។
ដំបូន្មានអ្នកជំនាញ
នាពេលបច្ចុប្បន្ននេះ មានអេកូសម្រាប់ឆ្លុះពិនិត្យមើលទារកក្នុងផ្ទៃ មិនសូវចោទជាបញ្ហាឡើយ។ ការពិនិត្យផ្ទៃពោះ ជារឿងចាំបាច់។ត្រូវដឹងថារាល់គភ៌សុទ្ធតែអាចមានគ្រោះថ្នាក់។ បុរសជាស្វាមីត្រូវចូលរួមចំណែកដឹងឮអំពីស្ថានភាពរបស់ប្រពន្ធនៅពេលមានផ្ទៃពោះនិងជួយស្វែងរកសេវាត្រឹមត្រូវដើម្បីឱ្យប្រពន្ធសម្រាលបុត្រ។ ពាក្យស្លោកមួយឃ្លាបានពោលថា ផ្ទៃពោះ គឺជាជីវិត ដែលមានឯកសិទ្ធិពិសេស ជាពេលវេលាដែលមានជីវិតពិសេស។ យើងត្រូវធ្វើយ៉ាងណាឱ្យច្បាស់ថាមានគភ៌មិនមានគ្រោះថ្នាក់។
ដូច្នេះនៅពេលស្ដ្រីមានផ្ទៃពោះ ពោះធំលឿនពេក មានអាការចាញ់ខ្លាំងពេក ស្ដ្រីគួរតែទៅជួបជាមួយគ្រូពេទ្យ។ ជាមួយ ស្ថានភាពចាញ់ គ្រូពេទ្យធ្វើការវិភាគរោគថាគាត់ចាញ់ដោយសារអ្វី ដោយសារមានកូន ដោយសារកូនភ្លោះ ឬដោយសារការឈឺ ក្រពះ។ មានតែគ្រូពេទ្យទេ ទើបអាចថ្លឹងថ្លែងថាតើសុខភាពម្ដាយអាចពផ្ទៃបានដែរឬទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply