ចាប់ពីទើបនឹងកើតរហូតដល់ចេះដើរ ទារកខិតខំប្រឹងប្រែងដើរដោយខ្លួនឯង ជាទូទៅត្រូវចំណាយពេលជាងមួយឆ្នាំទើបដើរបាន។ អំឡុងពេលនេះ អ្នកម្ដាយទាំងឡាយមានភារៈកិច្ចក្នុងការបីពបុត្រធីតារបស់ខ្លួន។ ថ្វីត្បិតតែជាការងាយស្រួលក្នុងការបីព ទារក ប៉ុន្ដែអ្នកម្ដាយទាំងឡាយក៏ត្រូវជ្រាបពីវិធីសាស្ដ្រមួយចំនួនក្នុងការបីពទារកផងដែរ។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកមកជម្រាបជូនអ្នកម្ដាយទាំងឡាយអំពីវិធីសាស្ដ្រ និងឥរិយាបទបីពទារកតាម រយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត វេង ថៃ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ការបីពទារក ជារឿងសំខាន់
ការបី ឬពទារកមិនមែនជាការលំបាកទេ។ ផ្ទុយទៅវិញ បើអ្នកម្ដាយប្រើកាយវិការក្នុងការបីពមិនបានសមស្របនោះ អ្នក ម្ដាយផ្ទាល់ងាយមានអាការឈឺខ្នងឈឺចង្កេះ។ ចំណែកទារករបស់លោកអ្នកនាងនឹងមានភាពមិនប្រក្រតីមួយចំនួន ដូចជាបៅមិនឆ្អែត ឈ្លក់ ប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង អាចធ្វើឱ្យទារកពេលធំឡើងខូចដំណើរជាដើម។ សម្រាប់ម្ដាយដែលមានភារៈលើកព ឬបី ត្រកងថែទាំកូនពេញមួយថ្ងៃនោះ ត្រូវប្រកាន់យកឥរិយាបថ ឬកាយវិការណាមួយដើម្បីកុំឱ្យមានកើតជម្ងឺចុករោយចង្កេះ ឬខ្នង។
ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់លោកស្រីបានទទួលរងនូវការកែប្រែនៃសរីរសាស្ដ្រដើម្បីឱ្យទារកនៅក្នុងផ្ទៃធំ ធាត់ឡើង។ ក្រោយពេលសម្រាលកូនរួចហើយភ្លាម និងនៅពេលដែលរាងកាយមិនទាន់បានរឹងពឹងវិញក៏ដោយ ក៏អ្នកម្ដាយត្រូវលើកព ឬបីកូនយ៉ាងតិចក៏មួយឆ្នាំដែរ ទម្រាំតែកូនចេះដើរ។ បើសិនជាទារកកើតមកមានទម្ងន់បីគីឡូក្រាម វាអាចឡើងទម្ងន់ដល់១០គីឡូ ក្រាម នៅពេលអាយុមួយឆ្នាំ គឺពិតជាធ្ងន់ណាស់។ ដូច្នេះគ្មានអ្វីដែលចម្លែកទេ បើលោកស្រីជាម្ដាយជួបអាការចុករោយចង្កេះ ឬខ្នង ដោយសារការបីពទារកនោះ។
ឥរិយាបថបីពបំបៅកូន
របៀបបីពទារក និងរបៀបដាក់ដោះម្ដាយចូលក្នុងមាត់ទារក មានសារៈសំខាន់ណាស់។ ការបីទារកក្នុងស្ថានភាពល្អ ធ្វើឱ្យ ទារកមានភាពងាយស្រួលក្នុងការបៅដោះ ដោយបៅឱ្យបានពេញមាត់ និងជញ្ជក់បានល្អ។ កាយវិការសម្រាប់បំបៅទារក ដែលទើបនឹង ប្រសូត្រគឺ ៖
– ខ្លួនទារកទាំងមូលបែរចំមករកម្ដាយ
– ទារកកៀកទៅម្ដាយ
ឥរិយាបទអង្គុយបំបៅកូន
អ្នកម្ដាយមិនត្រូវមើលស្រាលចំពោះស្ថានភាពបែបនេះទេ ពីព្រោះខ្នងអាចចុករោយនៅពេល១០នាទីក្រោយមក។
– ប្រសិនបើអ្នកម្ដាយចង់អង្គុយបំបៅកូនលើឥដ្ឋ ឬកម្រាល ៖ ស្ថានភាពងាយស្រួល និងត្រឹមត្រូវ ម្ដាយត្រូវអង្គុយពែនភ្នែន ផ្អែកលើជញ្ជាំង ដោយដាក់ខ្នើយមួយកល់ជាទ្រនាប់។ អ្នកម្ដាយត្រូវផ្ដេកក្បាលកូនទៅលើប្រហោងកែងដៃ និងទ្រខ្នងកូនដោយកំភួន ដៃម្ខាងទៀត។
– ប្រសិនបើអ្នកម្ដាយចង់អង្គុយបំបៅកូនលើកៅអីមានធ្នាក់ដៃ ៖ អ្នកម្ដាយគួរតែជ្រើសរើសយកកៅអីរាងទាបមានធ្នាក់ដៃ និងបង្អែកខ្ពស់ដែលជួយឱ្យផ្អែកក្បាលបាន។ អ្នកម្ដាយត្រូវផ្អែកខ្នងឱ្យស៊ប់នឹងបង្អែកកៅអី រួចដាក់ប្រអប់ជើងទាំងពីររបស់លោកស្រី លើកូនកៅអីសម្រាប់កល់ជើង។ អ្នកម្ដាយត្រូវបីកូនដូចក្នុងស្ថានភាពអង្គុយលើឥដ្ឋ ឬកម្រាលដែរ។
– ប្រសិនបើអ្នកម្ដាយចង់អង្គុយបំបៅកូននៅលើគ្រែដេក ៖ បើអ្នកម្ដាយជ្រើសរើសយកឥរិយាបទអង្គុយ ត្រូវកល់ខ្នងនឹង ខ្នើយឱបតូចមួយ។ សូមដេកទម្រេតដែលជាស្ថានភាពប្រសើរសម្រាប់ការបំបៅទារកដោយទឹកដោះម្ដាយ ហើយត្រូវផ្ដេកទារកក្បែរ ខ្លួន។ បន្ទាប់មកអ្នកម្ដាយត្រូវលាតសន្ធឹងដៃដែលត្រូវបំបៅ និងទ្រកញ្ជឹងកខ្លួនដោយខ្នើយឱបតូចមួយ។ ផ្ដេកទារកក្បែរខ្លួនម្ដាយ ដោយដាក់វាឱ្យចំពីមុខម្ដាយ។
ឥរិយាបទផ្ដេកទារកឱ្យដេកលើគ្រែ
ក្នុងអំទ្បុងពេលពីរបីខែដំបូង បើសិនទារកដេកនៅក្នុងអង្រឹងដែលទូទៅស្ថិតក្នុងស្ថានភាពខ្ពស់ វាគ្មានបង្កបញ្ហាទេ។ បន្ទាប់ មក អ្នកម្ដាយត្រូវដាក់ឱ្យទារកដេកលើគ្រែដែលមានរបាំង។ ប្រការល្អឥតខ្ចោះនោះ អ្នកម្ដាយត្រូវជ្រើសរើសយកគ្រែដែលមានជ្រុង ដោះចេញបានដើម្បីងាយស្រួលលើកបីពទារកចេញពីគ្រែ។ ផ្ទុយទៅវិញ សូមចៀសវាងគ្រែណាដែលអាចបត់បាន ព្រោះវាមានលក្ខ ណៈជ្រៅពេក អាចបង្កទុក្ខទោសដល់ខ្នងរបស់អ្នកម្ដាយ។
ហេតុថាកូនតូចមិនទាន់ចេះងើបឈរ លោកស្រីត្រូវដាក់កូនលើគ្រែកម្ពស់៨០សង់ទីម៉ែត្រ។ ដើម្បីផ្ដេកទារក អ្នកម្ដាយត្រូវ ឈរចម្ងាយ៣ភាគ៤ពីគ្រែ ញែកជើងទាំងពីរឃ្លាតគ្នាចំកោងខ្នងបន្ដិច និងបង្ហើបកែងជើងដែលនៅខាងក្រោយ។ បន្ទាប់មកត្រូវផ្ដេក ទារកលើពូក និងងើបខ្លួនមកវិញដោយសន្សឹមៗ។ ប្រសិនបើគ្រែរបស់កូនលោកស្រីមានជ្រុងម្ខាងអាចដោះចេញ ត្រូវទម្លាក់វាចុះ។ បន្ទាប់មកបីកូននៅដៃ អ្នកម្ដាយត្រូវលត់ជង្គង់ម្ខាងទៀត មុននឹងដាក់ផ្ដេកកូនលើគ្រែ។ ដើម្បីលើកកូនចេញពីគ្រែ អ្នកម្ដាយត្រូវប្រកា ន់ឥរិយាបទដូចដាក់ឱ្យដេកដែរ។
ឥរិយាបទពេលពទារក
ជានិច្ចជាកាលអ្នកម្ដាយត្រូវបីត្រកងផ្អឹបកូននឹងខ្លួន និងពក្នុងកម្ពស់ស្មើដើមទ្រូង។ កាលណាទារកមានទម្ងន់ធ្ងន់ លោកស្រីអាច ពច្រកគៀវប្រទ្បោះចង្កេះ ប៉ុន្ដែលក្ខណៈបែបនេះអាចពបាននៅពេលទារកមានអាយុចាប់ពីមួយឆ្នាំឡើងទៅ។ បើមិនដូច្នោះទេ វាអាច ប៉ះពាល់ដល់ការលូតលាស់នៃឆ្អឹងរបស់ទារក។ នៅពេលឱនឈ្ងោកលើកកូនពីឥដ្ឋ ឬពីកម្រាល អ្នកម្ដាយត្រូវបន្ទន់ជើងទាំងពីរ រួចលើក ពវាមកផ្អឹបនឹងខ្លួនរបស់អ្នកម្ដាយ និងងើបឈរដោយសន្សឹមៗ។
ដំបូន្មាន់អ្នកជំនាញ
គ្រប់កាយវិការដែលបីពទារក សុទ្ធតែត្រូវមានការប្រុងប្រយ័ត្នទាំងអស់។ បើមានការធ្វេសប្រហែសបន្ដិច អាចនាំឱ្យមាន បញ្ហាដល់អ្នកទាំងពីរ ទាំងម្ដាយទាំងកូនតូចជាទីស្រឡាញ់។ យកល្អលោកលោកស្រីជាឪពុកម្ដាយគួរតែជួបជាមួយអ្នកមានបទពិសោធន៍ឬក៏គ្រូពេទ្យជំនាញដើម្បី ពិភាក្សារបៀបបីពទារកនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply