ការថែរក្សា​ផ្ទៃពោះ និង​បុត្រ​របស់អ្នក​នាងស្រីម៉ុច

ឪពុកម្ដាយ​តែងតែ​ស្រឡាញ់កូន ថែរក្សា និង​ថ្នាក់ថ្នមកូន។ ការ​ថ្នាក់ថ្នម​នេះមិនមែន​មានតែនៅ​ពេលប្រសូត្រ​មកហើយ​នោះទេ។ គឺត្រូវ​ថែរក្សា​តាំងពី​កូននៅ​ជាទារក​ក្នុង​ផ្ទៃម្លេះ។ ដំណាក់កាល​កូននៅ​ក្នុងផ្ទៃ​ជាប្រការ​គួរយក​ចិត្ដទុកដាក់​យ៉ាងខ្លាំង។ សម្រាប់​អ្នកនាង​ស្រីម៉ុច​ផ្ទាល់វិញ តើអ្នកនាង​ថែរក្សាគភ៌ និង​បុត្រ​របស់អ្នកនាង​តាមវិធី​បែបណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​នាងបាន​ជ្រាបរួចមក​ហើយអំពី​វិធីថែរក្សា​សម្ផស្ស​របស់អ្នក​នាងស្រីម៉ុច​នៅទំព័រ​ខាងមុខ។ សម្រាប់​ទំព័រ សុខភាព​ស្ដ្រីមាតា​និងបុត្រ​នេះ​ទស្សនាវដ្ដី សុខភាពយើង នឹងលើក​យកពី​បទពិសោធន៍​របស់អ្នក​នាងផ្ទាល់​ក្នុងការ​ថែរក្សាគភ៌ និង​បុត្ររបស់ អ្នកនាង​វិញម្ដង។ អ្នកនាង​ស្រីម៉ុច ជាតារា​សម្ដែង មានបុត្រា​ម្នាក់អាយុ​១ខួបហើយ។ កូនប្រុស​របស់អ្នកនាង​មានព្រលឹង​ស្រស់ស្អាត និងមាន​សុខភាព​ទ្រឡុក​ទ្រលន់។

ការ​ថែរក្សាគភ៌

ការទទួល​ទានអាហារ នៅពេល​មានផ្ទៃពោះ អ្នកនាង​ទទួលទាន​តែអាហារ​ណាដែល​ជំនួយ​ដល់កូន​ក្នុងផ្ទៃ និងមិន​ទទួល ទានអាហារ​ដែលមិនគួរ​ទទួលទាន​នោះទេ។ កាលនោះ អ្នកនាង​ចូលចិត្ដ​បរិភោគ​បន្លែ និង​ផ្លែឈើ ជាពិសេស​ផ្លែប៉ោម អ្នកនាង​បរិភោគ ជារៀង​រាល់ថ្ងៃ ព្រោះអ្នក​នាងយល់ថា​ជំនួយ​ដល់សក់ និងធ្មេញ​កូនក្នុងផ្ទៃ។ អ្នកនាង​មិនទទួល​ទានអាហារ​ណា ដែលមាន​ជាតិគីមី​ទេ។ អ្នកនាង​ទទួលទាន​គ្រាប់ថ្នាំ​ម្យ៉ាងដែល​ធ្វើពី​ខ្លាញ់ត្រី ដើម្បី​ជួយ​ដល់ភ្នែក និងជួយ​ដល់​ខួរក្បាល​របស់កូន និងពិសា​ជាតិទឹក​ច្រើន។ អ្នកនាង​តមអាហារ​ណាដែល​មានរសជាតិ​ជ្រុលពេក ដូចជា​រសប្រៃ​ពេក មានខ្លាញ់​ច្រើនពេក ហិរពេក​ជាដើម ដើម្បី​កុំឱ្យប៉ះ​ពាល់ដល់ កូនក្នុងផ្ទៃ។ ហើយ​អ្នកនាង​តមអាហារ​ត្រជាក់ ដូចជា​ទឹកកក​ជាដើម។​អ្នកនាង​មិនបរិភោគ​អាហារ​ដែលធ្វើ​ឱ្យក្ដៅ​ដូចជា​សាច់ពពែ។ អ្នកនាង​អាចតម​បានទាំងអស់​នូវអាហារ​ដែលបាន​រៀបរាប់​ខាងលើនេះ តាម​ការណែនាំ​របស់ម្ដាយ​អ្នកនាង។ នៅពេល​អ្នកនាង​មានទម្ងន់​បាន៧ខែ អ្នកនាង​ទទួលទាន​ទឹកដូង​ជារៀង​រាល់ថ្ងៃ រហូតដល់​ថ្ងៃសម្រាល​បុត្រ។

ការតាម​ដានទារក​ក្នុងផ្ទៃ​ ​ ស្វាមី​អ្នកនាង​តែងតែ​ជូនអ្នកនាង​ទៅមន្ទីរ​ពេទ្យ​ជារៀង​រាល់ខែ ដើម្បី​តាមដាន​ថាតើ​ទារកក្នុងផ្ទៃអ្នក​នាងវិវឌ្ឍន៍​ដល់ណា​ហើយ និងមាន​បញ្ហាអ្វីកើត​ឡើងឬទេ។

សកម្មភាព​ប្រចាំថ្ងៃ អ្នកនាង​តែងហាត់​ប្រាណ​តាម​វេជ្ជបញ្ជា​ដោយដើរ​ឱ្យបាន​ញឹកញាប់។ អ្នកនាង​តមមិន​ងូតទឹក​នៅពេល យប់ជ្រៅ។ អ្នកនាង​តមមិន​អង្គុយនៅ​ផ្ទាល់ឥដ្ឋ។ នៅពេលនោះ អ្នកនាង​ចូលចិត្ដ​អានសៀវភៅ ដែលអាច​ឱ្យជា​ទម្លាប់ល្អ​ដល់ទារក​ក្នុងផ្ទៃ។ លើស​ពីនេះទៅ​ទៀតនោះ ស្វាមី​អ្នកនាង​តែងយកចិត្ដ​ទុកដាក់​ចំពោះ​អ្នកនាង និង​ធ្វើឱ្យអ្នក​នាងសប្បាយ​ចិត្ដជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែទាំបុត្រ

បន្ទាប់ពី​ពេលសម្រាល អ្នកនាង​បានបំបៅ​កូនជាមួយ​ទឹកដោះ​ដំបូង​បានប្រហែល​កន្លះខែ​ប៉ុណ្ណោះ ដោយសារ​អ្នកនាង​មិនមានទឹកដោះ​ទៀត។ អ្នកនាង​បានឱ្យ​ម្សៅទឹក​ដោះគោ​ជំនួសវិញ។

ការឱ្យ​អាហារ​បន្ថែម​ដល់កូន នៅពេល​បុត្រអាយុ​បាន៦ខែ អ្នកនាង​បានឱ្យ​បបរដល់​កូនជា​អាហារ​បន្ថែម។ បបរ​នោះមាន លាយសាច់ត្រី ត្រកួន ដំឡូងបារាំង និងការ៉ុត ដែល​អ្នកនាង​កិន​ជាមួយ​ម៉ាស៊ីន​ទឹកក្រឡុក។ អ្វីដែល​ជាពិសេស​នោះ គឺអ្នក​នាងមិនដាក់ ប៊ីចេង និង​អំបិល​នៅក្នុង​បបរ​នោះទេ។ អ្នកនាង​ឧស្សាហ៍​បញ្ចុក​កូនបន្ថែម​នូវ​អាហារ​ផ្សេងទៀត ដូចជា​បបរ​កំប៉ុង ផ្លែឈើ​កោស ផ្លែ ប៉ោម ផ្លែចេក ផ្លែសេរី​ជាដើម។

ការចាក់​ថ្នាំការពារ ស្វាមី​អ្នកនាង​តែងជូន​អ្នកនាង និងកូន​ទៅចាក់​ថ្នាំបង្ការ​ជម្ងឺមួយ​ចំនួន នៅមន្ទីរ​ពេទ្យតាម​វេជ្ជបញ្ជា មានដូចជា​ជម្ងឺ​កញ្ច្រិល​ក្អកមាន់ របេង​ជាដើម។ អ្នកនាង​មានឧបករណ៍​វាស់កម្ដៅ​សម្រាប់​ប្រើនៅ​ក្នុងផ្ទះ ដើម្បីវាស់​កម្ដៅកូន​នៅពេល ណាមាន​អាការប្លែក។

ការងូត​ទឹកក្ដៅ អ្នកនាង​ងូតទឹកក្ដៅ​ឱ្យកូនរយៈ​ពេល១​ខែតាម​ការណែនាំ​របស់​គ្រូពេទ្យ។ ម្ដាយក្មេក​របស់អ្នក​នាងមក ជួយ​ថែរក្សា​កូនអ្នកនាង​យ៉ាងហ្មត់ចត់ សូម្បី​តែងូតទឹក និងប្ដូរ​សម្លៀក​បំពាក់​ក៏​មិនឱ្យ​ត្រូវខ្យល់​ដែរ។ គាត់បិទទ្វារ និងបង្អួច មិនឱ្យខ្យល់​ចូលឡើយ។ នៅពេល​លាយទឹក​ក្ដៅឱ្យ​កូនងូត គាត់លាយ​យ៉ាងយកចិត្ដ​ទុកដាក់​ជាទីបំផុត ដោយស្មាន​កម្ដៅយ៉ាង​ត្រឹមត្រូវ មុន នឹងងូត​ឱ្យកូន។ ក្រៅពីនោះ អ្នកនាង​ទុកដាក់​កូនយ៉ាង​ប្រុងប្រយ័ត្ន មិនទុក​ឱ្យកូន​នៅកន្លែង​ដែលជិត​ទឹកក្ដៅ និងកន្លែង​គ្រោះថ្នាក់ ដូច ជាជ្រុង​តុជាដើម។ ដាក់ក្មេង​នៅកន្លែង​ដែលផុត​ពីគ្រោះថ្នាក់ ប្រយោជន៍​ចៀសវាង​គ្រោះថ្នាក់ជាយ​ថាហេតុ ព្រោះកុមារ​រពឹសណាស់។

ការអនាម័យ​សម្លៀក​បំពាក់កូន អ្នកនាង​ស្រីម៉ុច​ជ្រើសរើស​ការប្រើ​ក្រណាត់​ស្អាតធ្វើ​ជាកន្ទបកូន អ្នកនាង​បោកគក់​យ៉ាង ស្អាត​ហាលឱ្យ​ចំកម្ដៅថ្ងៃ ដើម្បី​សម្ល្កាប់​មេរោគ។ អ្នកនាង​ប្រើកន្ទប​ជាស្បៃ​ឱ្យកូន ដោយសារ​អ្នកនាង​យល់​ឃើញថា វាងាយ​ស្រួល និង សន្សំសំចៃ​ថែមទៀតផង ដោយ​អ្នកនាង​មិនចាំបាច់​ចំណាយ​លុយច្រើន។ នៅពេល​ប្រឡាក់​គ្រាន់តែ​បោកគក់​ឱ្យស្អាត ហើយហាល​ឱ្យចំ កម្ដៅថ្ងៃ​តែប៉ុណ្ណោះ ដើម្បី​ជាការ​សម្លាប់​មេរោគ។ ហើយអ្នក​នាងឧស្សាហ៍​ប្ដូរ​កន្ទបកូន នៅពេល​ដែលកូន​នោម ឬសើម។ អ្នកនាង​តែងតែ​ទុកដាក់​សម្ភារៈ​ប្រើប្រាស់​របស់កូន​នៅដោយ​ឡែកពី​មនុស្សធំ។

បណ្ដាំ​ផ្ញើរបស់​ស្រីម៉ុច

នៅពេល​ភរិយាមាន​ផ្ទៃពោះ ជាការ​សំខាន់​ណាស់​បុរស​ជាស្វាមី​ត្រូវតែ​ផ្ដល់ភាព​កក់ក្ដៅ​ដល់ប្រពន្ធ និងចេះ​លើកទឹកចិត្ដ ប្រពន្ធ។ ស្វាមី​គួរតែ​ឆ្លៀតពេល​ជូនភរិយា​ទៅមន្ទីរពេទ្យ មិនថា​ទៅពិនិត្យ​ផ្ទៃពោះ ឬការ​ចាក់ថ្នាំបង្ការ​ដល់កូន​នោះទេ។ ស្វាមី​ត្រូវផ្ដល់ នូវភាព​សប្បាយ​រីករាយ​ដល់ប្រពន្ធ ព្រោះថា​ការធ្វើ​ឱ្យប្រពន្ធ​សប្បាយចិត្ដ នាំឱ្យ​ទារកដែល​នៅក្នុង​ផ្ទៃម្ដាយ​ក៏សុខភាព​ល្អផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *