អង្គែជាបញ្ហាមួយរំខានដល់សកម្មភាពការងារប្រចាំថ្ងៃបុរស និងស្ដ្រី។ អង្គែធ្វើឱ្យរមាស់ អាចធ្វើឱ្យក្បាលរបស់យើងទំពែកបាន ដែលទាមទារឱ្យបុរស និងស្ដ្រីគ្រប់រូបត្រូវយកចិត្ដទុកដាក់។ អ្នកខ្លះតែងតែព្យាយាមជ្រើសរើសយកសាប៊ូដែលមាន គុណភាពល្អមកកក់សម្អាតស្បែកក្បាល។ ប៉ុន្ដែចំពោះអ្នកខ្លះទៀត ទោះបីជាខិតខំជ្រើស និងប្ដូរផលិតផលសាប៊ូជាច្រើនម៉ាកយ៉ាងណា ក៏ដោយ ក៏ក្បាលរបស់គាត់នៅតែរមាស់ដដែល។
អង្គែ ជាអ្វី?
ពាក្យថាអង្គែ ជារោគសញ្ញាមួយដែលមាននៅលើស្បែកក្បាល។ យើងមិនអាចកំណត់អង្គែថាជាជម្ងឺអ្វីមួយពិតប្រាកដបានទេ ពីព្រោះអាចមានជម្ងឺ២ ឬ៣ប្រភេទ ដែលឱ្យរោគសញ្ញាជាអង្គែក្បាលដូចគ្នា។ ប្រជាពលរដ្ឋខ្មែរ នៅពេលដែលអេះក្បាលមកមាន ហុយៗ ឬក៏មានក្រមរ តែងហៅថាជាអង្គែទាំងអស់។ ដើម្បីដឹងថាជាជម្ងឺអ្វីមួយពិតប្រាកដ គេត្រូវស្រាវជ្រាវរកសញ្ញាគួបផ្សំរបស់វា ផ្សេងទៀតតាមរយៈការពិនិត្យផ្ទាល់របស់គ្រូពេទ្យ។ តាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិតហ៊ាងមុំអ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ បានឱ្យដឹងថាអ្នកជម្ងឺដែលមកពិនិត្យជម្ងឺប្រភេទនេះស្ទើរតែ៩០% តែងតែត្អូញត្អែរថាក្បាលគាត់មានអង្គែ។ អ្នកជម្ងឺមួយ ចំនួនទៀតមិនហ៊ានមកមន្ទីរពេទ្យទេ គាត់ព្យាយាមរកសាប៊ូមកកក់ រកថ្នាំមកលាបដោយខ្លួនឯង ជួនកាលក៏ធូរស្រាល ជួនកាលក៏មិន ធូរស្រាល។ រហូតគាត់ជួបនឹងដំណាក់កាលមួយ មានចេញជាកន្ទួលនៅត្រង់គល់សក់ ជួនកាលអាចរាលដាលដល់ផ្ទៃមុខ ទើបគាត់ សម្រេចចិត្ដឱ្យគ្រូពេទ្យពិនិត្យ។ ព្រោះជម្ងឺខ្លះរមាស់នៅនឹងក្បាល មើលទៅហាក់ដូចជាធម្មតា មិនមានអ្វីប្លែកទេ។ ពេលទុកយូរ វា រមាស់មកដល់ចិញ្ចើម មានរបកជាក្រមរពណ៌សនៅកៀនច្រមុះ និងនៅលើផ្ទៃមុខទៀតផង។
ជម្ងឺដែលបង្កអង្គែ
ជម្ងឺដែលចេញរោគសញ្ញាជាអង្គែមានបីប្រភេទដែលគេជួបប្រទះញឹកញាប់ ៖ ប្រភេទទីមួយ១ គឺជម្ងឺថាយណូកាពីទីស (Tinou capitis) និងប្រភេទទី២ គឺជម្ងឺស៊ីបូរ៉េក ក្លែម៉ាទីទីស (Seborrheic clermatitis). ជម្ងឺទាំងពីរប្រភេទនេះ នៅពេលកើត ឡើង ឱ្យរោគសញ្ញាជាអង្គែពណ៌សហុយៗនៅលើក្បាលដូចគ្នា។ វាបង្កឡើងពីពពួកមេរោគផ្សិត ឬបាក់តេរី។ ជម្ងឺនេះកើតនៅលើ ក្បាលជាមុន បន្ទាប់មកទើបវាកើតបន្ដទៅលើមុខទៀត។ ជម្ងឺប្រភេទទី៣ គឺជម្ងឺផ្សូរីយ៉ាស៊ីស (Psoriasis) វាមានលក្ខណៈជាក្រមរ តែក្រមរនោះហាក់ដូចជាមិនមានលក្ខណៈហុយៗទេ ប្រជាពលរដ្ឋខ្មែរហៅថាអង្គែដែរ។ នៅពេលអេះ មានរបកជាផ្ទាំងៗ។ វាមិនមែន បង្កឡើងពីពពួកផ្សិត ឬបាក់តេរីទេ វាជាប្រភេទជម្ងឺដែលបង្កនៅលើស្បែកក្បាល បណ្ដាលមកពីស្បែកក្បាលវិវឌ្ឍន៍លឿនហួសពី ធម្មតា។ ហើយវាកើតមិនត្រឹមតែនៅលើស្បែកក្បាលតែប៉ុណ្ណោះទេ វាអាចកើតនៅលើខ្លួន នៅលើក្រចកទៀតក៏មានដែរ។
មូលហេតុកើតអង្គែ
អង្គែអាចបណ្ដាលមកពីពពួកមេរោគផ្សិត ជាពិសេសចេញនៅលើកុមារភាគច្រើន។ មួយទៀតបណ្ដាលមកពីក្រពេញម្យ៉ាង នៅគល់សក់។ ដោយសារនៅស្រុកខ្មែរ មានធូលីហុយច្រើន ជួនកាលអាចបណ្ដាលមកពីធូលីនេះដែរ។ ព្រោះថាពេលខ្ល្លះ នៅក្នុងធូលី មានមេរោគផ្សេងៗជាច្រើនរួចទៅហើយ ចំណែកពួកផ្សិតក៏មាននៅក្នុងនោះដែរ។ ជួលកាលដៃប៉ះធូលី ហើយយកទៅអេះក្បាលដែល មានដាច់រហែកតិចតួច តែមិនបានចាប់អារម្មណ៍។ ពេលនោះ មេរោគបានចូលទៅក្នុងស្បែកក្បាលរួចជាស្រេចទៅហើយ។
ស្ដ្រេស្សក៏ជាកត្ដាមួយជំរុញឱ្យកើតមានអង្គែដែរ ជាពិសេសកើតមានទៅលើអ្នកដែលមានការងារច្រើន ប្រើខួរក្បាលខ្លាំង។ នៅពេលមានបញ្ហាស្ដ្រេស្សកាន់តែខ្លាំង ក្បាលរមាស់កាន់តែខ្លាំងដែរ។
ការព្យាបាលអង្គែ
ដោយសារអង្គែជារោគសញ្ញាមួយរបស់ជម្ងឺទាំងប៉ុន្មានប្រភេទខាងលើ។ ពេលនោះ គ្រូពេទ្យត្រូវតែសាកសួររកសញ្ញារួមផ្សំ របស់វា ដោយការពិនិត្យផ្ទាល់ថាតើអង្គែកើតមានលក្ខណៈបែបណា ហើយវាអាចកើតមាននៅកន្លែងផ្សេងទៀត ឬទេ។ លុះគ្រូពេទ្យ ទទួលបានសញ្ញាទាំងអស់នោះមក ទើបសន្និដ្ឋានចេញជារោគវិនិច្ឆ័យមួយបាន ទើបគ្រូពេទ្យធ្វើការព្យាបាលមួយបានត្រឹមត្រូវ។ ស្ដ្រេស្សជាកត្ដាផ្ទាល់ខ្លួន គ្រូពេទ្យគ្រាន់តែជួយផ្ដល់ដំបូន្មានឱ្យអ្នកជម្ងឺនេះថាស្ដ្រេស្សជាកត្ដាជំរុញឱ្យកើតអង្គែដែលមានស្រាប់ ហើយ កាន់តែមានខ្លាំងឡើង។ ចំពោះការព្យាបាល សាម៉ីខ្លួនត្រូវចេះដោះស្រាយបញ្ហា ដោយត្រូវសម្រួលអារម្មណ៍របស់ខ្លួនទើបអាចជាសះស្បើយ។ អង្គែអាចរើ នៅពេលណាជួបបញ្ហាប៉ះពាល់ផ្លូវចិត្ដខ្លាំងឡើងវិញ។ តែបើបញ្ហាស្ដ្រេស្សនៅតែខ្លាំង នៅតែបន្ដ ថ្នាំគ្រាន់តែ ព្យាបាលឱ្យធូរស្រាលតែប៉ុណ្ណោះ។
អ្នកជម្ងឺគួរតែមកពិនិត្យនៅមន្ទីរពេទ្យ នៅពេលមានអាការមានអង្គែច្រើនប្លែកពីធម្មតា ជួនកាលឃើញមានកន្ទួល នៅ តាមជើងសក់ គល់សក់ ឬមានរោគសញ្ញាផ្សេងទៀតនៅលើស្បែកក្បាល។ នៅពេលខ្លះ គាត់ប្រើសាប៊ូកក់សក់ ជួនបានជោគជ័យ ជួន មិនបានជោគជ័យទេ។ ប្រសិនបើមិនទទួលជោគជ័យ មិនមែនជារឿងអង្គែក្បាលធម្មតាទេ វាអាចជាជម្ងឺផ្សេងទៀត ដែលទាមទារ ឱ្យគាត់ត្រូវស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវ។
ផលវិបាកអង្គែ
នៅពេលដែលអង្គែកើតនៅត្រង់ណាហើយ ធ្វើឱ្យកន្លែងនោះជ្រុះសក់ ហើយសក់នោះអាចដុះឡើងវិញ។ ជួនកាលទៀតសក់ មិនអាចដុះឡើងវិញទេ ដែលធ្វើឱ្យក្បាលទំពែក។ ផលវិបាកមួយទៀត គឺអង្គែរំខានការទទួលទានដំណេកធ្វើឱ្យគេងមិនបាន ធ្វើការ មិនកើត អារម្មណ៍មិនមូល ព្រោះរវល់តែរមាស់អេះជាដើម។
វិធានការបង្ការអង្គែ
ដោយសារនៅប្រទេសយើងសម្បូរដីហុយច្រើន ជួនកាលមានមេរោគនៅក្នុងធូលីនោះស្រាប់ អាចធ្វើឱ្យកើតមានជាអង្គែ។ ជួនអាចបណ្ដាលមកពីនៅពេលរមាស់ក្បាល យើងយកដៃទៅអេះ ហើយស្បែកក្បាលមានការដាច់រលាត់បន្ដិចបន្ដួច យើងមិនបានចាប់អារម្មណ៍ ពេលនោះមេរោគអាចជ្រៀតចូលទៅក្នុងស្បែកក្បាលបាន។ ស្បែកក្បាលរបស់មនុស្សម្នាក់ៗ ខុសៗគ្នា ស្បែកក្បាលអ្នកខ្លះ ងាយរងប្រតិកម្មជាង។ ឧទាហរណ៍ អ្នកខ្លះប្រើសាប៊ូប្រភេទនេះត្រូវ ឯអ្នកខ្លះទៀតបែរជាប្រើមិនត្រូវ នាំឱ្យមានអាលែកហ្ស៊ី ឬ រមាស់នៅលើស្បែកក្បាល។ ប៉ុន្ដែមានសាប៊ូខ្លះអាចមានលាយសារធាតុមួយដែលប្រឆាំងនឹងសារធាតុផ្សិត ប្រសិនបើគាត់កើតអង្គែ បណ្ដាលមកពីពពួកផ្សិតគាត់អាចធូរស្រាលបាន។ គួរកត់សម្គាល់ផងដែរថាអង្គែមិនបណ្ដាលមកពីចំណីអាហារនោះទេ។ លោកស្រី វេជ្ជបណ្ឌិតហ៊ាងមុំ បានបដិសេធផងដែរចំពោះទស្សនៈដែលថាការបរិភោគដូងច្រើននាំឱ្យមានកើតអង្គែ។
ដំបូន្មានអ្នកជំនាញ
គួរប្រើសាប៊ូទៅតាមស្បែកក្បាលរបស់យើង ដើម្បីសម្អាតស្បែកក្បាល និងសូមចៀសវាងនូវការកក់សក់រាល់ថ្ងៃ។ អាចកក់សក់ជាមួយសាប៊ូក្នុង១សប្ដាហ៍២ ឬ៣ដងជាការគ្រប់គ្រាន់។ យើងធ្វើអនាម័យស្បែកក្បាល ដោយប្រើសាប៊ូកក់សក់ធម្មតាដែលត្រូវ ទៅតាមស្បែកក្បាល តែចៀសវាងការកក់សក់រាល់ថ្ងៃ។ កក់សក់២ ទៅ៣ដងក្នុង១សប្ដាហ៍ជាការគ្រប់គ្រាន់ ព្រោះថានៅពេលកក់ ច្រើនដងនាំឱ្យសារធាតុល្អដែលមាននៅលើស្បែកក្បាលសម្រាប់ការពារមេរោគផ្សេងៗនោះជ្រះអស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply