បញ្ហាគ្រឿងញៀន ជាបញ្ហាថ្មីរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ដ។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រឈមមុខប្រយុទ្ឋប្រឆាំងយ៉ាងសកម្មដើម្បីបំបាត់ពីលើសាកលលោក នាឆ្នាំ២០១៥ ខាងមុខ។ ជម្ងឺដែលបង្កឡើងដោយសារគ្រឿងញៀន ភាគច្រើនត្រូវបានចាត់ទុកក្នុងចង្កោមជម្ងឺផ្លូវចិត្ដ ដោយយោងទៅតាមក្បួន ចំណាត់ថ្នាក់ជម្ងឺអន្ដរជាតិរបស់អង្គការសុខភាពពិភពលោក(ICD 10) និងក្បួនចំណាត់ថ្នាក់ជម្ងឺផ្លូវចិត្ដរបស់សមាគមគ្រូពេទ្យវិកលវិទ្យាអាមេរិក (DSM-IVRT)។
បញ្ហាគ្រឿងញៀនចាប់ផ្ដើមមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០មក ភាគច្រើនក្រោមរូបភាពជាមេតំហ្វេតាមីន ឬយ៉ាម៉ា។ ប៉ុន្ដែគ្រឿងញៀនត្រូវបានប្រើប្រាស់ជាដំបូងក្រោមរូបភាពជាថ្នាំបង្កើនកម្លាំង សម្រាប់អ្នកធ្វើការងារធ្ងន់ និងអ្នកធ្វើការយប់ ដូចជាអ្នកកាប់ឈើ អ្នកនេសាទ អ្នករត់ពន្ឋ អ្នកបើកបរជាដើម។ ក្រោយមក មានការនាំចូលនូវគ្រឿងញៀនប្រភេទនេះកាន់តែច្រើន ឡើងដែលធ្វើឱ្យមានការប្រើប្រាស់រាលដាលពីអ្នកធ្វើការងារធ្ងន់ទៅដល់យុវជន និងសិស្សសាលាទៀតផង។ ការរាលដាលដោយសារ ឈ្មួញជួញដូរគ្រឿងញៀន បានបង្កើតជាបណ្ដាញខ្សែរយៈក្នុងសង្គមខ្មែរ។ ហើយវាបានពង្វក់យុវជនឱ្យសេពគ្រឿងញៀនទៅតាមការ ឃោសនាបញ្ចុះបញ្ចូលរបស់ខ្សែរយៈជួញដូរ ដោយឃោសនាថាជាថ្នាំធ្វើឱ្យសប្បាយ ឬបំបាត់ទុក្ខ។ ជួនកាលមានបងធំចាប់គម្រាម ឱ្យប្រើតាមសាលា តាមទីសាធារណៈ ជួនកាលមេបនបង្ខំ ឬបន្លំដាក់ឱ្យស្រីរកស៊ីផ្លូវភេទប្រើក្នុងគោលបំណងឱ្យអាចទទួលភ្លៀវបាន ច្រើនដង កេងប្រវ័ញ្ចឱ្យអស់លទ្ឋភាពពីលើស្ដ្រីរងគ្រោះទាំងនោះ។
មូលហេតុដែលនាំឱ្យមានការប្រើប្រាស់គ្រឿងញៀន
អ្នកលក់គ្រឿងញៀន ដូចជាស្រា យ៉ាម៉ាជាដើម តែងតែធ្វើការឃោសនាបំភ្លៃថាជាគ្រឿងជំនួយដល់សុខភាព ព្រមទាំងឆក់ ឱកាសដែលយុវជនមានកង្វល់ក្នុងការរស់នៅ។ យុវវ័យ និងវ័យជំទង់ងាយនឹងទទួលការខកចិត្ដ ពេលគេធ្វើអ្វីមួយមិនបានសម្រេច។
តាមការស្រាវជ្រាវ និងបទពិសោធន៍ពិនិត្យព្យាបាលផ្ទាល់លើអ្នកប្រើប្រាស់គ្រឿងញៀនរបស់លោកសាស្ដ្រាចារ្យមហា បរិញ្ញា ការ ស៊ុនបូណាត អ្នកឯកទេសវិកលវិទ្យាបានឱ្យដឹងថាយុវជនដែលឈានទៅរកការប្រើប្រាស់គ្រឿងញៀន ដំបូងឡើយដោយ សារសាម៉ីខ្លួនមានបញ្ហាផ្លូវចិត្ដសង្គម ពិសេសមានការអន់ចិត្ដជាមួយមាតាបិតា បងប្អូន មិត្ដភក្ដិ សង្សារ ឬមកពីមានហិង្សាគ្រួសារ។ ក្នុងចំណោមយុវវ័យដែលលោកបានធ្វើការព្យាបាលមានប្រហែលជា៧០% នៃអ្នកប្រើប្រាស់គ្រឿងញៀន ជាអ្នកដែលមានបញ្ហាផ្លូវចិត្ដ បណ្ដាលមកពីការអាក់អន់ចិត្ដនឹងមាតាបិតា ឬអ្នកផ្សេងទៀត ហើយងាកទៅរកមិត្ដភក្ដិដែលអាចរងគ្រោះដោយការប្រើគ្រឿងញៀន។ វយ័ជំទង់ជាវ័យឆាប់ជឿទៅលើមិត្ដភក្ដិ ព្រោះគេមានវ័យប្រហែលគ្នា គេមានគំនិតដូចគ្នា មានបំណង និងផលប្រយោជន៍របស់គេដូច គ្នា។ ការសេពគប់មិត្ដ ជួនកាលចំមិត្ដភក្ដិល្អ ជួនកាលក៏មិនល្អផងដែរ។ ឪពុកម្ដាយខ្លះមិនជឿ និងមិនបានពិនិត្យកូនទេ នៅពេលដែល កូនមានអាការធ្ងន់ធ្ងរហើយ ទើបភ្ញាក់ខ្លួន។
ប្រភេទ និងបញ្ហារបស់គ្រឿងញៀន
នៅប្រទេសកម្ពុជា គ្រឿងញៀនមានពីរប្រភេទសំខាន់ ៖
– ប្រភេទទី១ ៖ គឺយ៉ាម៉ា យ៉ាបា ដែលសារធាតុពិតរបស់វាជាមេតំហ្វេតាមីន ជាថ្នាំដែលធ្វើឱ្យប្រព័ន្ធខួរក្បាលកម្រើកសកម្ម ភាពខ្លាំង ហើយបើប្រើយូរទៅវាអាចឱ្យខូចខួរក្បាល ដែលមិនអាចព្យាបាលបាន។
– ប្រភេទទី២ ៖ គឺបញ្ហាសុរា ដែលជាគ្រឿងញៀនម្យ៉ាងទៀតដែរ ហើយត្រូវបានប្រើប្រាស់ជាទូទៅ ទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី។ ក្នុងករណីខ្លះ គេឃើញមានយុវជនមួយចំនួនប្រើប្រាស់សុរាជាមួយនឹងអំហ្វេតាមីនចូលគ្នា។ គេយល់ឃើញថានៅ ពេលស្រវឹង គេត្រូវប្រើថ្នាំអំហ្វេតាមីនទៀត ដើម្បីកុំឱ្យគេទន់ដៃជើង និងងងុយ ដែលអាចផឹកតទៅទៀតបាន។ អ្នកខ្លះទៀត គេប្រើ ថ្នាំងងុយដេកប្រភេទយ៉ាសឺប៉ាម ឬវ៉ាល្យូមទៀត ដើម្បីឱ្យដេកលក់ពេលគេប្រើយ៉ាម៉ារួច។
ប្រសិនបើគេធ្វើបែបនេះញឹកញាប់ វាអាចធ្វើឱ្យញៀននឹងគ្រឿងញៀនច្រើនមុខ មានយ៉ាម៉ាផង ថ្នាំងុយដេកផង កញ្ឆាផង សុរាផង ថែមទាំងមានបារីទៀត។ ប្រសិនបើគេលេងល្បែងទៀត វាធ្វើឱ្យគេញៀននឹងល្បែងនោះថែមទៀត ដែលជាទូទៅបានធ្វើ ឱ្យសិស្សជាច្រើនបានបោះបង់ចោលការសិក្សា ហើយខូចអនាគត។ ពេលខ្លះសាម៉ីខ្លួនមិនចង់ប្រើប្រាស់ទេ តែនៅពេលក្លិន ឬផ្សែងមក ប៉ះធ្វើឱ្យគេអត់ទ្រាំមិនបាន ឬពេលខ្លះមិត្ដភក្ដិបបួលធ្វើឱ្យកើតមានចិត្ដចង់ឡើងវិញ រហូតដល់ទ្រាំមិនបាន។
គ្រោះថ្នាក់នៃគ្រឿងញៀនចំពោះសុខភាពផ្លូវចិត្ដ
គ្រឿងញៀនមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ គ្រឿងញៀនធ្វើឱ្យមានការប៉ះពាល់ ជាពិសេសទៅលើប្រព័ន្ឋខួរ ក្បាលដែលជាទីបញ្ជាការ លើគំនិត អារម្មណ៍ សកម្មភាព ការចងចាំ ការទប់អារម្មណ៍ ការភ្ញាក់រឮក សតិសម្បជញ្ញៈ កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់ពិការអស់មួយជីវិត ព្រមទាំងរស់នៅក្នុងសេចក្ដីទុក្ខវេទនារកទីបំផុតគ្មានទៀតផង។ ដូចនេះផលប៉ះពាល់ នៃគ្រឿងញៀនអាចបំផ្លាញប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន យុវនារី ដែលជាកម្លំាង សរសរទ្រូង ឬទំញំងស្នងឬស្សីរបស់ប្រទេស ជាតិសម្រាប់់ការអភិវឌ្ឍន៍ ដោយសារតែផលប៉ះពាល់ដូចបានរៀបរាប់ពីខាងលើ។
គ្រឿងញៀនជាសារធាតុដែលអាចធ្វើឱ្យប្រព័ន្ឋខួរក្បាលមានដំណើរការមិនប្រក្រតី ជួនមួយរយៈ តែភាគច្រើនជារៀង រហូត។ ជាផលវិបាក វាធ្វើឱ្យសកម្មភាពការងារប្រចាំថ្ងៃ ត្រូវអន់ថយ ឬបាត់បង់ បាត់ម្ចាស់ការ មិនអាចគ្រប់គ្រងចិត្ដបាន។ ប្រសិនបើ គេបើកបរយានយន្ដ នាំឱ្យគេហ៊ានបើកបរលឿនជ្រុលហួស បង្កើតការបញ្ជាចង្កូតមិនបានត្រឹមត្រូវ ហើយអាចបង្កគ្រោះថ្នាក់ចរាចរដល់ អាយុជីវិតថែមទៀត។
គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ដែលគ្រប់គ្រងអារម្មណ៍ ហើយបង្កជាជម្ងឺវិកលចរិត ជួលកាលធ្វើឱ្យលោត ពីលើផ្ទះជាន់ទីបី ឬទីបួន ជួនកាលដើរចូលឡានកំពុងបើកបរយ៉ាងលឿន។ ផឹកស្រាច្រើន និងប្រើយ៉ាម៉ាច្រើនអាចធ្វើឱ្យរវើរវាយតែ ម្នាក់ឯង ចេះតែឮសូរសម្លេងមកគម្រាមកំហែងនៅក្នុងត្រចៀក ឬក្នុងក្បាល សាម៉ីខ្លួនចេះតែស្រែកច្រៀងឡូឡា រត់គេចរកកន្លែងពួន ដោយមិនដឹងហេតុផល នេះគេហៅថាជម្ងឺវិកលចរិកបង្កដោយគ្រឿងញៀន។ ជួនអាចបណ្ដាលឱ្យទៅជាជម្ងឺធ្លាក់ទឹកចិត្ដ ចេះតែដេក មិនលក់ បាយមិនបាន អស់កម្លាំង មិនសប្បាយចិត្ដ និងចង់សម្លាប់ខ្លួន។ ពេលខ្លះគ្រឿងញៀនធ្វើឱ្យកើតជម្ងឺថប់អារម្មណ៍ ដែលសម្ដែង ដោយអាការចេះតែភ័យខ្លាចយ៉ាងខ្លាំង ដោយមិនមានហេតុផលណាមួយច្បាស់លាស់សោះ។
លើសពីនេះ វានាំឱ្យមានវិបត្ដិអត្ដចរិត ធ្វើឱ្យមនុស្សស្លូតក្លាយទៅជាកាច ចេះភូតកុហក មានល្បិច ហើយនៅមិនស្ងៀម មួយកន្លែងដូចមុន ចេះតែដើរត្រេះត្រុះ ធ្វើការមិនកើតដោយសារគ្រប់គ្រងចិត្ដលែងបាន ចេះបោកប្រាស់ លួច ឆក់ជាដើម។ ជួនកាល រហូតដល់ប្រព្រឹត្ដនូវអំពើហិង្សា ឬបទឧក្រិដ្ឋទៀតផង ដូចដែលកន្លងមកឃើញមានចុះផ្សាយក្នុងសារព័ត៌មានជារឿយៗ។
ទស្សនៈអ្នកជំនាញ
ដើម្បីឱ្យដឹងថាកូននោះមានការប្រែប្រួលផ្លូវចិត្ដ គំនិត អារម្មណ៍ និងឥរិយាបថយ៉ាងដូចម្ដេចខ្លះ ឪពុកម្ដាយគួរឆែកការរៀន សូត្រ និងសៀវភៅកូន តើបានកត់មេរៀន ឬបានពិន្ទុគ្រាន់បើឬទេ។ ទាំងនេះជាតឹកតាងមួយដែលជួយឱ្យឪពុកម្ដាយដឹងពីភិនភាគ ឬតម្រុយដែលទាក់ទងនឹងបញ្ហាផ្លូវចិត្ដ ដែលកូនរបស់ខ្លួនកំពុងមាន ឬជាសញ្ញាបញ្ជាក់ថាកូនកំពង់ដើរខុសផ្លូវ ចុះថយ ឬបោះបង់ចោល ការសិក្សា ឬលេងល្បែងផ្សេងៗ ហើយថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។ ឪពុកម្ដ្ដាយត្រូវមើល និងរកដំណោះស្រាយអូស ទាញកូនមកវិញ ហើយបើមានការពិបាក ត្រូវរត់រកគ្រូឯកទេសវិកលវិទ្យាជួយព្យាបាល និងដោះស្រាយ។
សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងនឹងគ្រឿងញៀន បានចាត់វិធានការទប់ស្កាត់យ៉ាងខ្លាំង តាម ចាប់់អ្នកជួញដូរគ្រឿងញៀន ដើម្បីកុំឱ្យមានការនាំចូលគ្រឿងញៀនមកដល់ប្រទេសកម្ពុជា និងកុំឱ្យយុវជនលង់ខ្លួនដែលមកទល់នឹង ពេលនេះ មានការចុះថយចំនួនអ្នកប្រើប្រាស់គ្រឿងញៀនថ្មី មិនដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។ នេះដោយសារការបង្ក្រាបទាន់ពេល ហើយចំលើសម្បុកធំៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply