ជម្ងឺផ្លូវចិត្ដត្រូវបានបែងចែកជាពីរប្រភេទ គឺជម្ងឺផ្លូវចិត្ដធំ និងជម្ងឺផ្លូវចិត្ដតូច។ ជម្ងឺផ្លូវចិត្ដធំ ឬធ្ងន់ធ្ងរ គឺសំដៅទៅលើជម្ងឺផ្លូវចិត្ដដែលប៉ះពាល់ដល់ការគិត ដូចជាគិតថាមានគេនិយាយជាមួយគាត់ តែតាមពិតមិនមាន ឬគិតថាគាត់ជាមនុស្សអស្ចារ្យ ឬបដិសេធ ឬមិនដឹងថាខ្លួនមានជម្ងឺ ហើយបាត់បង់ភាពម្ចាស់ការ ឬដឹងខ្លួន។ ឯជម្ងឺផ្លូវចិត្ដតូច ឬស្រាល គឺសំដៅទៅលើជម្ងឺផ្លូវចិត្ដដែលប៉ះពាល់ ដល់អារម្មណ៍ ដូចជាសប្បាយរីករាយ នៅមិនសុខ ភ័យខ្លាចជាដើម អាចនៅដឹងខ្លួនថាមានជម្ងឺដោយអាចរត់ទៅរកជំនួយ។ ចុះជម្ងឺ ស្រឺតជាអ្វីទៅ?
លោកវេជ្ជបណ្ឌិត ឡោ វណ្ណថារី ជាអ្នកសម្របសម្រួលក្រុមពិនិត្យជម្ងឺ នៃអង្គការចិត្ដសង្គមអន្ដរវប្បធម៌ធីភីអូ សូមណែនាំ នូវជម្ងឺផ្លូវចិត្ដដែលបណ្ដាលមកពីការតានតឹងចិត្ដមួយ គឺជម្ងឺស្រឺត។
ជម្ងឺស្រឺត ជាអ្វី?
ជម្ងឺស្រឺត គឺជាជម្ងឺផ្លូវចិត្ដដែលទាក់ទងទៅនឹងការតានតឹងចិត្ដជាសំខាន់ ហើយវាគ្រាន់ជាផ្នែកមួយតូចនៃជម្ងឺផ្លូវចិត្ដ។ ជម្ងឺ នេះអាចស្ដែងចេញជារោគសញ្ញា ដូចជាស្រឺតបាត់មាត់បាត់ក ប្រកាច់ជាដើម ជាលក្ខណៈប្រព័ន្ធសរសៃប្រសាទ។ តែមូលហេតុពិត ប្រាកដមិនមែនបណ្ដាលមកពីបញ្ហាប្រព័ន្ធសរសៃប្រសាទទេ ព្រោះពេលពិនិត្យខួរក្បាល និងប្រព័ន្ធប្រសាទ ឃើញនៅល្អមិនមានបញ្ហា ទេ។ ភាគច្រើន ជម្ងឺស្រឺតបណ្ដាលមកពីការពិបាកចិត្ដខ្លាំងពេក។ ជម្ងឺស្រឺតកើតនៅគ្រប់វ័យ តែច្រើនតែកើតលើក្មេងជំទង់អាយុក្រោម ២០ឆ្នាំ ដែលភាគច្រើនជាក្មេងស្រី ព្រោះពួកគេមិនមានឱកាសដើម្បីបានបញ្ចេញនូវទុក្ខព្រួយ ឬការតានតឹងចិត្ដរបស់ពួកគេដូចពួកក្មេង ប្រុសៗឡើយ ជាហេតុនាំឱ្យមានអារម្មណ៍ពិបាកចិត្ដកាន់តែកើនឡើង។
រោគសញ្ញាជម្ងឺស្រឺត
អ្នកដែលមានជម្ងឺស្រឺតអាចមានអាការស្រឺតបាត់មាត់បាត់ក កន្ដ្រាក់ៗដៃជើងជាដើម។ លក្ខណៈប្រកាច់នេះមិនមែនជាការ ធ្វើពុតដើម្បីទាមទារការចាប់អារម្មណ៍ទេ ទោះបីជាអ្នកជម្ងឺដែលប្រកាច់នោះនៅដឹងខ្លួនពេលប្រកាច់ក៏ដោយ ព្រោះនេះជាចំណុចពិសេសនៃជម្ងឺស្រឺត។ អាការប្រកាច់អាចកើតមានពេលអ្នកជម្ងឺនៅដឹងខ្លួន ហើយមានលក្ខណៈខុសៗគ្នាតាមប្រភេទមនុស្ស អ្នកជម្ងឺខ្លះមាន អាការកន្ដ្រាក់តែផ្នែកណាមួយនៃរាងកាយ ដូចជាកន្ដ្រាក់តែដៃជាដើម។ មានមនុស្សជាច្រើនដឹងខ្លួនជាមុន នៅពេលគាត់ជិតស្រឺត។ វាមានបញ្ហាដោយសារការឈ្លានពាននៃជម្ងឺផ្លូវចិត្ដ ពិសេសគឺការពិបាកចិត្ដ ឬតានតឹងចិត្ដខ្លាំង។ លក្ខណៈប្រកាច់អាចច្រឡំជាមួយនឹង អាការខ្វះជាតិស្ករ ឬជម្ងឺឆ្កួតជ្រូក។ ជម្ងឺឆ្កួតជ្រូកមានលក្ខណៈមិនធម្មតានៅក្នុងចលនាខួរក្បាល។
យ៉ាងណាម៉ិញ អ្នកជម្ងឺមិនសូវស្រឺតនៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់ ហើយនិងមិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ព្រោះអ្នក ជម្ងឺអាចដឹងខ្លួនមុនពេលស្រឺត។ អាការស្រឺតអាចប្រកាច់យូរដល់ទៅ៣០នាទី យើងអាចមើលភ្នែក(ភ្នែកបិតប្រឹមៗដូចភ្នែកទន្សាយ) ។ យើងអាចកំណត់ប្រភេទជម្ងឺបានតាមរយៈការសាកសួរ និងពិនិត្យខួរក្បាលឱ្យបានច្បាស់លាល់។
មូលហេតុកើតជម្ងឺស្រឺត
មូលហេតុដែលនាំឱ្យមានជម្ងឺផ្លូវចិត្ដភាគច្រើនបណ្ដាលមកពីការពិបាកចិត្ដ ឬតានតឹងចិត្ដ។ មូលហេតុនៃការពិបាកចិត្ដ អាច មកពីការព្រាត់ប្រាស់គ្រួសារ ភាពក្រីក្រ សង្គ្រាម ជម្លោះនៅក្នុងក្រុមគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ ភាពអត់ការងារធ្វើ ការខកចិត្ដជា ដើម។ កត្ដាទាំងនេះអាចនាំឱ្យមានជម្ងឺស្រឺត តែមូលហេតុជាក់ស្ដែង គឺមកពីកត្ដាជម្ងឺផ្លូវចិត្ដ ដែលទាក់ទងទៅនឹងបញ្ហាមជ្ឈដ្ឋានដែល គាត់រស់នៅច្រើនជាង ពិសេសគឺទំនាស់ក្នុងចិត្ដ។ ពេលដែលត្រូវគេបន្ទោស ខកចិត្ដ ឬតានតឹងក្នុងចិត្ដ នាំឱ្យថប់អារម្មណ៍ខ្លាំង រួចហើយ វាបានផ្លាស់ប្ដូរជារោគសញ្ញាលើរូបរាងកាយវិញ ដូចជាស្រឺតបាត់មាត់ជាដើម។ ស្រឺតមិនមែនជាជម្ងឺតពូជទេ។ អ្នកមានជម្ងឺស្រឺត មិន អាចប្រកបការងារបានល្អទេ ព្រោះជម្ងឺស្រឺតនេះអាចកើតឡើងនៅពេលកំពុងធ្វើការងារ។ វាជាកង្វល់មួយនៅក្នុងគ្រួសារ ពេលដែល មានសមាជិកណាម្នាក់មានបញ្ហា។
វិធីបង្ការ និងព្យាបាលជម្ងឺស្រឺត
ដោយមូលហេតុចម្បងនៃជម្ងឺស្រឺត គឺមកពីការតានតឹងចិត្ដ។ ដូច្នេះវិធីបង្ការដែលមានប្រសិទ្ធភាព គឺត្រូវយល់ដឹងពីការគ្រប់ គ្រងភាពតានតឹងនៅក្នុងខ្លួន និងជ្រើសរើសវិធីវិជ្ជមានមកដោះស្រាយ មានដូចជាធ្វើសមាធិ លេងកីឡាជាដើម ដើម្បីបន្ថយភាពតានតឹងចិត្ដដោយកុំទុកនៅក្នុងខ្លួន។ តាមពិត ជម្ងឺផ្លូវចិត្ដភាគច្រើនអាចត្រូវព្យាបាលបានប្រកបដោយប្រសិទ្ធភាព។ តែអ្នកជម្ងឺផ្លូវចិត្ដជាច្រើនកម្រទៅជួបពិគ្រោះពីបញ្ហាសុខភាពផ្លូវចិត្ដណាស់ ឬទៅរកគ្រូពេទ្យពេលមានករណីធ្ងន់ធ្ងរ ដែលនាំឱ្យការព្យាបាលមិនសូវមានប្រសិទ្ធភាព ហើយថែមទាំងបង្កគ្រោះថ្នាក់ថែមទៀត។ ជាធម្មតា ជម្ងឺស្រឺតប្រហែលជា៩០%អាចនឹងត្រូវបាត់ទៅវិញដោយខ្លួនឯង(រសាយចិត្ដ)ទោះបីជាមិនបានទទួលការព្យាបាល នៅរយៈពេលពីរថ្ងៃ ឬយ៉ាងយូរមួយខែ នៅពេលដែលចិត្ដបានធូរស្រាលខ្លះ ឬពេលគាត់ យល់ច្បាស់ពីជម្ងឺស្រឺតថាវាជាជម្ងឺទាក់ទងទៅនឹងផ្លូវចិត្ដ។ មានតែ២៥%ប៉ុណ្ណោះដែលមិនបានបាត់ទៅវិញ មានន័យថាត្រូវការការព្យាបាល។
ការនិយាយពិគ្រោះអាចមានប្រសិទ្ធភាពដូចឱសថដែរ តែអាស្រ័យទៅលើការនិយាយបែបព្យាបាលដែលធ្វើឡើងក្នុងហេតុ ផលណាមួយដែលអ្នកជម្ងឺចង់បាន។ ឱសថសម្រាប់ព្យាបាលជម្ងឺផ្លូវចិត្ដមានប្រសិទ្ធភាព កាលណាប្រើប្រាស់គ្រប់កម្រិតប្រើប្រាស់ ឬ គ្រប់ដូស និងក្នុងពេលវេលាត្រឹមត្រូវ។ ករណីដែលកើតស្រឺតឡើងភ្លាមៗងាយព្យាបាល តែបើទុកដល់រាប់ខែ វាអាចពិបាកនៅក្នុងការ ព្យាបាល។ វិធីដោះស្រាយ ឬព្យាបាលដែលប្រសើរបំផុត គឺត្រូវរកមូលហេតុដែលនាំឱ្យខ្វល់ចិត្ដ ឬតានតឹងចិត្ដ។ អ្នកជម្ងឺអាចមាន លាយឡំជាមួយនឹងជម្ងឺផ្លូវចិត្ដផ្សេងទៀត ដូចជាជម្ងឺថប់អារម្មណ៍ ជម្ងឺធ្លាក់ទឹកចិត្ដជាដើម ករណីនេះត្រូវតែទទួលការព្យាបាលទាំងអស់ព្រមគ្នា។
ការព្យាបាលមួយទៀតដែលឃើញថាមានប្រសិទ្ធភាពខ្ពស់ផងដែរ គឺការភ្ជាប់ឱ្យអ្នកជម្ងឺបានយល់ និងទទួលស្គាល់ថាជម្ងឺ ស្រឺតជាជម្ងឺផ្លូវចិត្ដ ដែលអាចឆាប់បាត់ទៅវិញ។ ការធ្វើលំហាត់ដើម្បីសម្រាកកាយអាចជាវិធីល្អមួយដែរសម្រាប់ព្យាបាលជម្ងឺផ្លូវចិត្ដ នេះ។ ការរៀនពីការគ្រប់គ្រងខ្លួនឯង និងដោះស្រាយការតានតឹងចិត្ដដោយវិធីវិជ្ជមាន ឬជួបអ្នកប្រឹក្សាជំនាញខាងចិត្ដសាស្ដ្រអាចជួយ ឱ្យធូរស្រាលបានខ្លះដែរ។ សម្រាប់អ្នកដែលមានជំនឿលើការស្រោចទឹក ឬសែនព្រេនក៏អាចជួយឱ្យស្រាលបានដែរ។ ការប្រើថ្នាំ សម្រាប់ព្យាបាលជម្ងឺស្រឺត គឺជាជំហ៊ានចុងក្រោយ ដោយសារវាជាជម្ងឺផ្លូវចិត្ដកម្រិតស្រាល។ ការឱ្យថ្នាំទប់ស្រឺតគឺគ្រាន់តែផ្ដល់ដើម្បី បន្ថែមទំនុកចិត្ដដល់អ្នកជម្ងឺប៉ុណ្ណោះ ភាគច្រើនអ្នកជំនាញខាងចិត្ដវិទ្យាផ្ដល់ឱ្យត្រឹមតែថ្នាំវីតាមីន។
ដំបូន្មានអ្នកជំនាញ
សម្រាប់អ្នកដែលមានជម្ងឺផ្លូវចិត្ដត្រូវការពិគ្រោះជាចាំបាច់។ ដូច្នេះសូមជ្រើសរើសកន្លែងប្រឹក្សាឱ្យបានត្រឹមត្រូវ ចៀសវាង ការផ្លាស់ប្ដូរពេទ្យព្យាបាលច្រើនញឹកញាប់ ព្រោះអ្នកងាយនឹងក្លាយជាកណ្ដុរសាកថ្នាំណាស់។ គ្រូពេទ្យភាគច្រើនយល់ថាស្រឺតជាជម្ងឺ្ងរូប រាងកាយ នាំឱ្យការផ្ដល់ថ្នាំគ្មានប្រយោជន៍ ហើយអាចប៉ះពាល់ដល់ខួរក្បាលដោយសារថ្នាំប្រតិកម្ម។ ថ្នាំព្យាបាលជម្ងឺផ្លូវចិត្ដភាគច្រើន មានសកម្មភាពទាក់ទងទៅនឹងខួរក្បាល ដូច្នេះមុនផ្ដល់ថ្នាំ គួរធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។ ការដែលអ្នកជុំវិញភ័យស្លន់ស្លោជា មួយនឹងអ្នកជម្ងឺស្រឺត អាចជាការលើកទឹកចិត្ដឱ្យកើតឡើងបន្ដទៀត។
សូមស្វែងរកជំនួយឱ្យបានត្រឹមត្រូវ និងសមស្រប ចៀសវាងការចំណាយពេលវេលា និងថវិកាឥតប្រយោជន៍។ សូមរៀនពីវិធីគ្រប់គ្រងការតានតឹងចិត្ដដោយត្រូវជ្រើសរើសវិធីវិជ្ជមានមកដោះស្រាយ ឬរំលោះការតានតឹងចិត្ដដែលមិនងាយគេចរួច ដោយការ ធ្វើសមាធិ ហាត់កីឡាជាដើម។ មិនគួរជ្រើសរើសយកការពិសាស្រា ប្រើប្រាស់គ្រឿងញៀន ឬការទៅរកស្រីដើម្បីដោះស្រាយអាការ តានតឹងចិត្ដទេ វាអាចហុចផលអវិជ្ជមាននៅពេលក្រោយ ឬអាចនាំឱ្យលើសដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply