គ្មាននរណាម្នាក់អាចរស់នៅបានដោយគ្មានបេះដូងទេ មានន័យថាបេះដូងមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្ស។ ស្ទើរតែគ្រប់ទង្វើរបស់មនុស្សតែងមានការប៉ះពាល់និងប្រើប្រាស់បេះដូង។ វាមានទំនាក់ទំនងគ្នាពិសេសម្យ៉ាងទៅនឹងវប្បធម៌ មនោសញ្ចេតនា របស់មនុស្សដែលមិនអាចកាត់ផ្ដាច់បាន។ បេះដូងអាចងាយនឹងមានបញ្ហា ប្រសិនបើវាត្រូវផ្លាស់ប្ដូរសភាព ឬទ្រង់ទ្រាយខ្លាំង។
លោកវេជ្ជបណ្ឌិត ញ៉ែម សូភឿន ជាប្រធានផ្នែកព្យាបាលជម្ងឺទូទៅ និងជាអ្នកឯកទេសបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការបកស្រាយអំពីបេះដូងរីក។ ជម្ងឺបេះដូងរីកអាចជារោគសញ្ញាមួយដែលគួរមានការចាប់អារម្មណ៍ និងយកចិត្ដទុកដាក់។
ជម្ងឺបេះដូងរីក ជាអ្វី?
បេះដូងរីកគឺជាជម្ងឺម្យ៉ាង ឬរោគសញ្ញានៃជម្ងឺមួយ ឬច្រើនដែលកើតមាននៅលើសាច់ដុំបេះដូង ដែលបណ្ដាលឱ្យបេះដូងរីកធំ ហើយខ្សោយនៅក្នុងការធ្វើចលនាច្របាច់។ វាបណ្ដាលឱ្យបេះដូងបំពេញភារកិច្ចមិនបានគ្រប់គ្រាន់ ឬអាចដូចជាពាក្យខ្មែរហៅថាខ្សោយ បេះដូង។ មានន័យថាបេះដូងវារីកមាឌទើបវាខ្សោយ។ បេះដូងរីកចាប់កើតមាននៅលើមនុស្សចាប់ពីវ័យជំទង់ឡើងទៅ។
មូលហេតុបេះដូងរីក
តាមរយៈការអង្កេតនៅលើពិភពលោក ពិសេសនៅក្នុងប្រទេសជឿនលឿន បានរកឃើញថាមូលហេតុនៃការរីកបេះដូងមានលទ្ធ ផលដូចតទៅ ៖
– ៦០ទៅ៦៥% គេមិនបានដឹងថាបេះដូងរីក ព្រោះហេតុអ្វីទេ ពីព្រោះពិបាករកមូលហេតុច្បាស់លាស់។
– ២០% រកឃើញថាបេះដូងរីកដោយសារវាជាជម្ងឺតពូជ ព្រោះបើឪពុកម្ដាយកើតបេះដូងរីក វានាំឱ្យកូនត្រូវប្រឈមមុខនឹងជម្ងឺ នេះដែរ។
– ១៥% មានមូលហេតុមកពីការពិសាស្រាច្រើនពេក វានាំឱ្យពុលសាច់ដុំបេះដូង ហើយបេះដូងទ្រាំទ្រមិនបាន នាំឱ្យវារីកទៅៗ សាច់ដុំបេះដូងធ្វើការមិនបានល្អឡើយ។ កត្ដាជម្ងឺលើសឈាម បើសម្ពាធឈាមឡើងខ្លាំងនៅក្នុងបេះដូង នាំឱ្យបេះដូងរីកប៉ោង ជួនរហូតដល់ មិនអាចធ្វើការបានទេ។ កត្ដាជម្ងឺទឹកនោមផ្អែម បើមានផ្ទុកជម្ងឺទឹកនោមផ្អែមរហូតដល់១០ទៅ២០ឆ្នាំ បេះដូងអាចរីក ព្រោះជាតិស្ករធ្វើឱ្យ សរសៃឈាម ឬសាច់ដុំបេះដូងធ្វើការមិនល្អ។ កត្ដាជម្ងឺខ្វះវីតាមីន ពិសេសវីតាមីនបេ១ ដែលភាគច្រើនជនរងគ្រោះដោយរបបខ្មែរក្រហម តែងតែប្រឈមមុខនឹងបញ្ហានេះច្រើន។ កត្ដាជម្ងឺខ្វះគ្រាប់ឈាមក្រហមខ្លាំង នាំឱ្យសាច់ដុំទទួលឈាមមិនគ្រប់គ្រាន់ ហើយអត់មានការ បញ្ចូលឈាមយូរទៅ ទើបនាំឱ្យបេះដូងរីក។ កត្ដាជម្ងឺឆ្លងមួយចំនួនដោយពពួកវីរុសដែលអាចនាំឱ្យរលាកបេះដូង និងប៉ះពាល់ដល់សាច់ដុំបេះ ដូង ក៏ជាបញ្ហានៃបេះដូងរីកដែរ។
រោគសញ្ញាបេះដូងរីក
ចំពោះអ្នកដែលមានបញ្ហាបេះដូងរីក តែងតែមានអាការគួរឱ្យគត់សម្គាល់មួយចំនួន ដូចជាអស់កម្លាំង ដំបូងមានអាការហត់ ឬឆាប់ហត់ពេលធ្វើការងារ ឬឡើងទីខ្ពស់តាមជណ្ដើរ ក្រោយមកមិនធ្វើការងារអ្វី ឬអង្គុយស្ងៀមក៏ហត់ដែរជាដើម។ ដេកយប់មិនបាន ឧស្សាហ៍ភ្ញាក់ ហើយក្អកយប់(ពីរបីខែមិនបាត់)។ ជាពិសេសករណីក្អកយប់តែម្ដង អង្គុយក្អកហើយនៅតែមិនបាត់ទៀត វាអាចជាបញ្ហាបេះ ដូងរីក ហើយខ្សោយ និងដោយសារការច្រានឈាមចូលទៅក្នុងសួត។ សម្រាន្ដពេលយប់ច្រើនតែធ្វើទុក្ខ ដោយសារឈាមត្រឡប់ចូលបេះដូង លឿនជាងពេលថ្ងៃ។ ករណីរសាប់រសល់ ទឹកនោមថយតិចជាងមុន ទឹកនោមលឿង ជើងហើមទាំងសងខាង ញ័រដើមទ្រូងជាដើម ទាំងនេះ អាចជាមូលហេតុដែលបណ្ដាលមកពីបេះដូងរីក ឬបេះដូងមានបញ្ហា។ បើមានរោគសញ្ញាដូចខាងលើ គួរមានការចាប់អារម្មណ៍ និងប្រញាប់ មកជួបជាមួយនឹងគ្រូពេទ្យ ដើម្បីពិគ្រោះ និងវិភាគពីរោគបេះដូងឱ្យបានទាន់ពេល ព្រោះវាងាយមានគ្រោះថ្នាក់លឿនណាស់។
វិធានការការពារ និងព្យាបាលបេះដូងរីក
ដំបូងយើងត្រូវកំណត់ឱ្យបានច្បាស់លាស់ជាមុនសិនថាអ្វីជារោគសញ្ញា ការព្យាបាលរោគសញ្ញាធ្វើឱ្យអ្នកជម្ងឺធូរស្រាលតែរោគ សញ្ញាទេ។ ការព្យាបាលជម្ងឺធ្វើឱ្យអ្នកជម្ងឺធូរស្រាល ឬជម្ងឺជាសះស្បើយ។ តាមគោលការណ៍វេជ្ជសាស្ដ្រ ការព្យាបាលជម្ងឺ មិនមែនព្យាបាល តែរោគសញ្ញាទេ។ ការព្យាបាលរោគសញ្ញាដែលមិនបានគិតគូពីប្រភពជម្ងឺ វាជាការយល់ខុសមួយធ្ងន់ធ្ងរណាស់។ ជាក់ស្ដែងករណីឈឺចុកពោះ លេបថ្នាំចុកពោះ ពេលបាត់ចុកពោះវានៅតែឈឺដដែល ព្រោះតាមពិតទៅវាវិះតែនឹងធ្លាយខ្នែងពោះវៀនទៅហើយ។ ដោយបេះដូងរីក អាចជារោគសញ្ញានៃជម្ងឺ ដូច្នេះគ្មានថ្នាំការពារ ឬព្យាបាលបេះដូងរីកទេ តែមានថ្នាំព្យាបាលប្រភពជម្ងឺបេះដូងរីកនីមួយៗ ដូចជាបើរកឃើញ ថាមូលហេតុមកពីជម្ងឺលើសឈាម ត្រូវព្យាបាលជម្ងឺលើសឈាម។ មកពីតម្រងនោម(ទឹកនោមប្រៃ) ត្រូវប្រើថ្នាំជារៀងរាល់ថ្ងៃ តមប្រៃ ដូចជាទឹកត្រីជាដើម ដែលអាចធ្វើឱ្យបេះដូងរីកថយ។ បើមូលហេតុមកពីជម្ងឺទឹកនោមផ្អែម ត្រូវព្យាបាលទឹកនោមផ្អែម ដោយការតាមដាន មើលជាតិស្ករ និងចៀសវាងពិសាផ្អែមពេក។ បើខ្វះវីតាមីន ត្រូវឱ្យគាត់ទទួលទានថ្នាំវីតាមីន វាអាចឱ្យបេះដូងរីកថយ។ បើមកពីការទទួល ទានស្រាច្រើន គួរឈប់ផឹក។ បើខ្វះជាតិឈាមក្រហមអាចជាការបញ្ចូលឈាម។ បេះដូងរីកអាចព្យាបាលបាន បើសិនជាវាមានលក្ខណៈ ស្រាល។ ករណីបេះដូងរីកធំដោយសារប្រ៊ើសចំហធំ អាចត្រូវវះកាត់ឱ្យវាជិតវិញដោយដាក់ប្រ៊ើសសិប្បនិមិត។ បើប្រ៊ើសចំហខ្លាំង វាទាម ទារដល់ការធ្វើការវះកាត់ដើម្បីឱ្យជិតវិញ តែបើវាលេចស្រាលគឺអាចព្យាបាលត្រឹមថ្នាំបាន។ ការវះកាត់ធ្វើឡើងដោយគ្រូពេទ្យវះកាត់ ដោយ មានការព្រមព្រៀងជាមួយអ្នកជម្ងឺដែលត្រូវវះកាត់ និងបងប្អូនអ្នកជម្ងឺ មិនអាចមានការបង្ខំបានទេ។ គ្រូពេទ្យមានតួនាទីត្រឹមតែពន្យល់ណែ នាំពីសភាពរបស់អ្នកជម្ងឺ។ ការវះកាត់ទាក់ទងនឹងអាយុជាក់ស្ដែង បើអ្នកជម្ងឺមានអាយុពី៧០ទៅ៨០ឆ្នាំហើយ គួរត្រូវបានពិចារណាយ៉ាង ពិសេសអំពីលក្ខណៈផ្ទាល់ខ្លួនរបស់គាត់។ បើគាត់មានអាយុពី៤០ទៅ៥០ឆ្នាំ ចំពោះការវះកាត់ទាល់តែមានជម្ងឺត្រឹមតែបេះដូង ហើយតម្រង នោម និងក្រលៀននៅល្អ។ បើក្រលៀនខូច ការវះកាត់ក៏មិនមានន័យ(មិនចំណេញ)។ បើអ្នកជម្ងឺមានរោគទឹកនោមផ្អែម មុនវះកាត់ គេ ត្រូវព្យាបាលឱ្យជាតិស្ករចុះមកធម្មតាសិន ហើយទើបគេវះកាត់ជាក្រោយ។
ប្រការដែលត្រូវចងចាំ
ករណីអ្នកជម្ងឺមានបញ្ហាបេះដូងរីក គួរចៀសវាងការប្រើកម្លាំងធ្ងន់ពេក និងត្រូវការសម្រាកយប់ឱ្យបានគ្រប់គ្រាន់។ សូមព្យាយាមហាត់ប្រាណធម្មតា មួយសប្ដាហ៍ពីរ ឬបីដង ឬមួយថ្ងៃ១០ទៅ១៥នាទី ដោយការដើរលើកដៃជើងជាដើម ពិសេសនៅពេលព្រឹក។ តែបើ គាត់ហត់ខ្លាំង គួរមានការគ្រប់គ្រងថ្នាំឱ្យបានទៀងទាត់។ បើគាត់មានជម្ងឺទឹកនោមផ្អែម គួរឱ្យថ្នាំ និងព្យាបាលទឹកនោមផ្អែមទន្ទឹមគ្នា ហើយ ពិសាសាប ឬពិសាស្ករដែលគ្មានជាតិផ្អែម។ ចៀសវាងការពិសាប្រៃ ក្នុងករណីលើសឈាម ឬមានបញ្ហាតម្រងនោម។ ចៀសវាងការឡើង ទម្ងន់លឿនខ្លាំងពេក សម្រាប់អ្នកបេះដូងរីក ព្រោះវានាំឱ្យឆាប់ហត់ ដូច្នេះត្រូវរក្សាទម្ងន់ឱ្យបាននឹង។ ត្រូវមានការយល់ដឹងពីជម្ងឺនេះខ្លះថា ជាដំណាក់កាលរីកខ្សោយ រីកល្មម ឬរីកខ្សោយខ្លាំងមែនទែន។ សូមតាមដានជម្ងឺឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ដោយពិនិត្យយ៉ាង ហោចណាស់៦ខែម្ដង។ គួរពិភាក្សាជាមួយនឹងគ្រូពេទ្យថាគួរតមចំណីណាខ្លះ។
ដំបូន្មានអ្នកជំនាញ
សូមប្រើថ្នាំឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមវេជ្ជបញ្ជា។ ត្រូវមានការពិនិត្យតាមដានអាការ២ឬ៣ខែម្ដង ហើយត្រូវប្រឹក្សាអំពី ការប្រើថ្នាំបន្ដ ឬប្ដូរថ្នាំផ្សេង។ ចៀសវាងការប្រើថ្នាំដែលគ្មានវេជ្ជបញ្ជាច្បាស់លាស់។ កន្លះខែត្រូវពិនិត្យថ្នាំថ្មីម្ដង តើវាត្រូវប្រភេទជម្ងឺឬទេ។ គួរមានការពិនិត្យ ឬឆ្លុះសព្វជ្រុងជ្រោយជាមុនសិនទើបត្រូវឱ្យថ្នាំទាក់ទងនឹងបេះដូង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply