គ្រប់ចំណីអាហារដែលយើងទទូលទានរាល់ថ្ងៃ សុទ្ធតែត្រូវផ្សំទ្បើងដោយសារធាតុអំបិលគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ ដូចនេះ អំបិលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់រាងកាយយើង។ ប៉ុន្ដែមិនមែនអំបិលគ្រប់ប្រភេទ សុទ្ធតែមានប្រយោជន៍ នោះទេ។ អំបិលដែលមានប្រយោជន៍ច្រើនចំពោះរាងកាយ ត្រូវបានទទួលស្គាល់ជាទូទៅនាពេលបច្ចុប្បន្ននេះ គឺអំបិលដែលមានផ្ទុក សារធាតុអ៊ីយ៉ូដ ដែលហៅថាអំបិលអ៊ីយ៉ូដ។
សូមស្វែងយល់អំពីអំបិលដែលផ្ទុកសារធាតុអ៊ីយ៉ូដជាមួយទស្សនាវដ្ដី សុខភាពយើង ក្នុងលេខនេះ។ លោកវេជ្ជបណ្ឌិត ថោ រ៉ា សូកា មន្ដ្រីផ្នែកទ្រទ្រង់សុខភាពកុមារប្រចាំអង្គការយូនីសេហ្វ បានផ្ដល់បទសម្ភាសន៍លើប្រធានបទនេះ។
សារធាតុអ៊ីយ៉ូត ជាអ្វី?
អ៊ីយ៉ូដជាមីក្រូសារជាតិសំខាន់ចាំបាច់ ដែលរាងកាយមនុស្សត្រូវការសម្រាប់ធានាការអភិវឌ្ឍន៍រូបរាងកាយ និងប្រាជ្ញាបានល្អ ធម្មតា។ តាមធម្មតា សារធាតុអ៊ីយ៉ូដមានស្រាប់នៅក្នុងដី ហើយមាននៅក្នុងចំណីអាហារធម្មជាតិ។ ដោយទ្បែកសម្រាប់ប្រទេស យើង សារធាតុអ៊ីយ៉ូដត្រូវបាត់បង់ដោយសារការហូរនាំរបស់ទឹកភ្លៀងនារដូវវស្សា។ ហេតុដូចនេះហើយ ដើម្បីប្រឆាំងកង្វះសារធាតុអ៊ី យ៉ូដនេះ ទើបតម្រូវឱ្យមានកម្មវិធីបំពេញបន្ថែមសារធាតុអ៊ីយ៉ូដ តាមរយៈការបញ្ចូលសារធាតុនេះទៅក្នុងអំបិលដែលមានតម្លៃសម រម្យ ហើយប្រជាពលរដ្ឋត្រូវការជាប្រចាំ។
អំបិលអ៊ីយ៉ូត ជាអ្វី?
អំបិលអ៊ីយ៉ូដសំដៅដល់អំបិលធម្មតាដែលបានបញ្ជូលជាតិអ៊ីយ៉ូតរួចជាស្រេច ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងម្ហូបអាហារ។ ការ បញ្ជូលជាតិអ៊ីយ៉ូដក្នុងអំបិល គឺជាការរលាយសារធាតុឈ្មោះសូដ្យូម និងប៉ូតាស្យូមអ៊ីយ៉ូដួរ ឬអ៊ីយ៉ូដាត (NaI ឬ KI ឬ NaIO3 ឬ KIO3) ទៅក្នុងអំបិលធម្មតា។
សារសំខាន់នៃអំបិលអ៊ីយ៉ូត
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យឃើញថាកង្វះជាតិអ៊ីយ៉ូដធ្ងន់ធ្ងរអាចកាត់បន្ថយប្រាជ្ញារបស់កុមារ ព្រមទាំងរារាំង លទ្ធភាពរបស់កុមារមិនឱ្យរៀនសូត្របានល្អនៅសាលារៀន។ កង្វះជាតិអ៊ីយ៉ូដអាចបណ្ដាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចំពោះទារក និងកុមារ រួមមានទារកស្លាប់ក្នុងផ្ទៃម្ដាយ ការអភិវឌ្ឍន៍រាងកាយ និងប្រាជ្ញាមិនបានល្អ បើក្នុងករណីធ្ងន់ធ្ងរវិញ អាចបណ្ដាលឱ្យទារកឡិ ឡក់ ឬមិនពេញលក្ខណៈទៀតផង។ បញ្ហាទាំងនេះ ប្រសិនបើកើតមានចំពោះកុមារនៅក្នុងគ្រួសារក៏ដូចជាសហគមន៍ ពុំសូវមាននរណា ទទួលស្គាល់ ឬគិតដល់ថាវាកើតមកពីការខ្វះជាតិអ៊ីយ៉ូដនោះទេ។ ដោយឡែកចំពោះមនុស្សពេញវ័យ បើមិនបានទទួលជាតិអ៊ីយ៉ូដគ្រប់ គ្រាន់ទេ នោះត្រូវប្រឈមមុខនឹងការប៉ោងឡើងនៃក្រពេញទីរ៉ូអ៊ីតនៅត្រង់ក ដែលយើងនិយមហៅថាជម្ងឺពកក។ ជាងនេះទៅទៀត កង្វះជាតិអ៊ីយ៉ូដចំពោះមនុស្សពេញវ័យ ប្រសិនបើមិនមានជម្ងឺពកកទេនោះ អាចមានអាការឡើងទម្ងន់មានការងោកងុយខ្លាំងខុសពី ធម្មតា មិនអាចទ្រាំនឹងអាកាសធាតុត្រជាក់បាន ការកើនឡើងនូវជាតិខ្លាញ់ក្នុងឈាម ស្ពឹកស្រពន់ផ្នែកស្មារតី និងមុខងាររបស់បេះដូង ខ្លះត្រូវកាត់បន្ថយ។
សកម្មភាពផលិតអំបិលអ៊ីយ៉ូដនៅកម្ពុជា
នៅកម្ពុជា មានសិប្បកម្មផលិតអំបិលចំនួន១៧០កន្លែង ក្នុងខេត្ដកំពត និងក្រុងកែប។ សិប្បកម្មទាំងនោះបានទទួលការ ឧបត្ថម្ភសារជាតិអ៊ីយ៉ូដសម្រាប់បញ្ចូលក្នុងអំបិល និងម៉ាស៊ីនបញ្ចូលជាតិអ៊ីយ៉ូដចំនួន១០ពីអង្គការយូនីសេហ្វ។ អំបិលដែលមានជាតិអ៊ីយ៉ូដត្រូវបានលក់ទូទាំងប្រទេសកម្ពុជាក្នុងតម្លៃថោកសមរម្យ និងមានផ្លាកសម្គាល់ត្រឹមត្រូវ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏អំ បិលដែលគ្មានលាយជាតិអ៊ីយ៉ូដក៏នៅតែមានដាក់លក់នៅឡើយ ជាពិសេសតាមតំបន់ជាយដែនប្រទេស។ តាមតួលេខដែលស្រាវជ្រាវ ដោយអង្គការយូនីសេហ្វបានឱ្យដឹងថាប្រជាពលរដ្ឋកម្ពុជាប្រមាណ៧៣,៧% បានប្រើប្រាស់អំបិលអ៊ីយ៉ូដនៅតាមផ្ទះរបស់ពួកគេ។ ចំនួន នេះនឹងកើនឡើងដល់៨០%នៅឆ្នាំ២០០៧។
វិធីថែរក្សាជាតិអ៊ីយ៉ូតក្នុងអំបិល
ដើម្បីកាត់បន្ថយនូវកម្រិតបាត់បង់ជាតិអ៊ីយ៉ូដក្នុងអំបិលឱ្យបានទាបបំផុត ក្នុងពេលរក្សាទុកមិនត្រូវដាក់អំបិលឱ្យត្រូវកម្ដៅ ថ្ងៃខ្លាំងពេក ឬប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
– មិនត្រូវដាក់អំបិលក្នុងអាកាសធាតុសើមខ្លាំង ជាពិសេសមិនត្រូវដាក់ឱ្យប៉ះពាល់ទឹកភ្លៀង
– មិនត្រូវឱ្យឆ្លងជាប់ធូលី ឬប៉ះពាល់ជាមួយសារធាតុគីមីផ្សេងៗ
– ត្រូវប្រើអំបិលឱ្យអស់មុនថ្ងៃកំណត់ការប្រើប្រាស់។
ដំបូន្មានអ្នកជំនាញ
ការប្រើប្រាស់អំបិលជាតិអ៊ីយ៉ូដជំនួសអំបិលធម្មតាពេលដាំស្លនៅតាមគ្រួសារ អាចផ្ដល់ឱ្យស្ដ្រីមានផ្ទៃពោះ កុមារ និងសមាជិកទាំងអស់នៅក្នុងគ្រួសារនូវជាតិអ៊ីយ៉ូដក្នុងចំនួនមួយដែលរាងកាយត្រូវការប្រយោជន៍ទប់ស្កាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ
តាមអនុក្រឹត្យស្ដីអំពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ ដែលត្រូវចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០០៣ ចែងថារាល់ផលិតករ និងអាជីវករត្រូវតែផលិតចែកចាយនាំចូល និងលក់តែអំបិលដែលមានសារ ជាតិអ៊ីយ៉ូដ។ អនុក្រិតនេះត្រូវបានដាក់ចូលជាធរមានឱ្យអនុវត្ដការផាកពិន័យកាលពីខែតុលា ឆ្នាំ២០០៤ កន្លងទៅនេះ ចំពោះផលិតករ និងអ្នកលក់ទាំងទ្បាយណាដែលផលិត និងលក់អំបិលដែលគ្មានផ្ទុកសារជាតិអ៊ីយ៉ូដ។ ការផ្ដន្ទាទោសចំពោះការប្រព្រឹត្ដល្មើសនឹងអនុក្រឹ ត្យនេះ ត្រូវបានចែងដូចខាងក្រោមនេះ ៖
1. ពិន័យដោយដកហូតអំបិលដែលគ្មានជាតិអ៊ីយ៉ូដ ចំពោះបទល្មើសនឹងមាត្រា២ លើកលែងតែករណីតាមគេហដ្ឋាន។
2. ពិន័យជាប្រាក់ស្មើនឹងបួនសែនរៀលលើកទី១ ចំពោះបុគ្គលណាប្រព្រឹត្ដល្មើសនឹងមាត្រា៤។ ក្នុងករណីមិនធ្វើតាម ត្រូវ ពិន័យទ្វេដង។ ក្នុងករណីមិនរាងចាល ត្រូវផ្អាកផលិត និងផ្អាកធ្វើអាជីវកម្មរហូតដល់ពេលមានលិខិតអនុញ្ញាតត្រឹម ត្រូវ។
3. ពិន័យជាប្រាក់ស្មើនឹងមួយលានរៀលលើកទី១ ចំពោះបុគ្គលណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា៤ និងមាត្រា៦។ ករណី មិនធ្វើតាម ត្រូវពិន័យទ្វេដង។ ក្នុងករណីមិនរាងចាល ត្រូវដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មអំបិល។
4. ពិន័យជាប្រាក់ស្មើនឹងប្រាំមួយសែនរៀលលើកទី១ ចំពោះបុគ្គលណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា៧ មាត្រា៨ និងមា ត្រា៩។ ករណីមិនធ្វើតាម ត្រូវពិន័យទ្វេដង។ ក្នុងករណីមិនរាងចាល ត្រូវដកហូតលិខិតអនុញ្ញាតធ្វើអាជិវកម្មអំបិល ។
5. ពិន័យជាប្រាក់ស្មើនឹងមួយសែនរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្ដល្មើសនឹងមាត្រា១១។
6. ពិន័យជាប្រាក់ស្មើនឹងតម្លៃទំនិញ និងត្រូវទទួលទោសតាមច្បាប់ ចំពោះមន្ដ្រីមានសមត្ថកិច្ចណាដែលបានធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិរបស់អាជីវករអំបិល ឬពាណិជ្ជករអំបិលដោយអចេតនាក្នុងពេលកំពុងដំណើរការអធិការកិច្ច។
7. ត្រូវផ្ដន្ទាទោតាមច្បាប់ចំពោះបុគ្គល ឬមន្ដ្រីរាជការណាដែលបានចូលរួម ឬបានឃុបឃិតប្រព្រឹត្ដល្មើសដូចបានចែងក្នុង ចំណុចទាំង៦ នៃមាត្រា១៦។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply