ស្របពេលរដូវភ្លៀងមកដល់ ប្រជាពលរដ្ឋខ្មែរច្រើនតែមានបញ្ហានៅលើប្រអប់ជើង នៅពេលដែលគាត់ដើរត្រូវទឹកជាញឹកញាប់។ បញ្ហាដែលគាត់ជួបប្រទះនោះមាន ដូចជាកើតមានរមាស់ ចេញជាពងថ្លាៗនៅតាមច្រវែបជើង ឬអាចប្រេះកែងជើងជាដើម។ តើត្រូវធ្វើដូចម្ដេចទៅ ដើម្បីចៀសវាងបញ្ហាទាំងនេះ។
ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូនអ្នកអានឱ្យស្វែងយល់អំពីវិធីថែរក្សាប្រអប់ជើង នៅពេលដែលជើងលោកអ្នក ឧស្សាហ៍ត្រូវទឹកជាញឹកញាប់ ដោយជួបជាមួយលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មុំ អ្នកឯកទេសជម្ងឺសើរស្បែក និងកាមរោគ។
មូលហេតុដែលបណ្ដាលមកពីការគ្មានអនាម័យប្រអប់ជើង
នៅរដូវភ្លៀង យើងដើរប៉ះទឹកជាញឹកញាប់។ នៅពេលដើរកាត់ទឹក ប្រអប់ជើងអាចមានបញ្ហាកើតឡើង ព្រោះទឹកដែល ដើរកាត់នោះជាទឹកមិនស្អាត។ បន្ទាប់ពីបានដើរកាត់ទឹកហើយ ប្រអប់ជើងកើតមានរមាស់ មានពងទឹកថ្លាៗនៅលើម្រាមជើង និង ប្រអប់ជើង។ អ្នកខ្លះឆ្គឹះ ឬចាក់ឱ្យពងនោះបែក។ នៅពេលពងនោះបែកប្រៀបដូចជាបើកផ្លូវឱ្យមេរោគចូលដូច្នោះដែរ។ ជួនកាលអាច ចេញជាស្នាមរទុះៗដាច់រលាត់សាច់ស្បែកជើង។ ការដើរប៉ះទឹកច្រើនអាចបណ្ដាលឱ្យស្បែកស្ងួត រលាក ឬប្រេះនៅតាមកែងជើងក៏មាន ដែរ។ បើមានបញ្ហាសង្ស័យត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិគ្រោះ និងព្យាបាលជម្ងឺ។ មានអ្នកខ្លះដើរត្រូវទឹកច្រើនមានរមាស់ ដល់ ពេលអេះទៅជាក្លាយរហូតដល់មានខ្ទុះ។
ផលវិបាកនៃការគ្មានអនាម័យប្រអប់ជើង
នៅពេលដែលមានកើតរមាស់ភ្លាមៗ បើមិនបានព្យាបាលភ្លាមៗទេ វាអាចក្លាយទៅជាពងខ្ទុះ ពាក្យសាមញ្ញហៅថាទឹកស៊ីជើង ដែលបង្កឡើងដោយសារបាក់តេរី។ ជួនកាលទៀតមានពពួកផ្សិតដែលបង្កឱ្យមានជាដំបៅ ហើយរីករាលដាលដល់ក្រចកជើង ទៀត។ ជម្ងឺទាំងនេះច្រើនកើតនៅតាមម្រាមជើង ច្រវែបជើង បន្ទាប់មករាលដាលដល់ក្រចកជើងទៀត។
តើត្រូវអនាម័យប្រអប់ជើងដោយរបៀបណា?
យើងអាចលាបប្រេងដូងតិចៗឱ្យសើមស្បែក នៅមុនពេលចូលសម្រាន្ដ ទោះបីជាមិនអាចការពារបាន១០០% តែវាក៏អាច កាត់បន្ថយបញ្ហាបានខ្លះដែរ។ ចំពោះអ្នកដែលមានមុខរបរត្រូវចុះទឹកជារៀងរាល់ថ្ងៃ នៅពេលត្រឡប់មកផ្ទះវិញ ត្រូវឆាប់លាងជើងជា មួយសាប៊ូដែលមិនកាត់ខ្លាំង ហើយអាចកម្ចាត់មេរោគបាន។ នៅពេលលាងទឹកហើយ យើងជូតសម្អាតជើងឱ្យស្ងួត ប្រសិនបើយើង មានក្រែម យើងអាចលាបវានៅលើប្រអប់ជើង ដើម្បី់ឱ្យស្បែកមានសំណើម និងទន់។ ពីព្រោះថាស្បែកនៅពេលត្រូវទឹកច្រើន អាច ស្ងួត របក ប្រេះជាដើម។ គួរពាក់ស្បែកជើងកវែង ដើម្បីកុំឱ្យជើងប៉ះទឹកញឹកញាប់ពេក។
ដំបូន្មានអ្នកជំនាញ
ត្រូវសម្អាតជើងភ្លាមនៅពេលឡើងពីទឹកវិញ។ ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ពេលប្រអប់ជើងមានបញ្ហា ដើម្បីចៀសវាង ការប្រើក្រែមផ្ដេសផ្ដាស នាំឱ្យខាតបង់ប្រាក់កាស និងពេលវេលា។ នៅពេលមានសញ្ញាថ្មីៗ ដូចជាចេញរមាស់ ឬមានពងនៅតាមម្រាម ជើង ហើយបើទុកឱ្យវារាលដាលរហូតដល់ក្រចកជើង នាំឱ្យការព្យាបាលត្រូវប្រើរយៈពេលយូរ។ ដូច្នេះសូមលោកអ្នកអញ្ជើញទៅជួប ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ព្រោះវាអាចជាសះស្បើយរហ័សទាន់ចិត្ដបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply