នៅរដូវក្ដៅ ប្រទេសកម្ពុជាមានអាកាសធាតុក្ដៅហួតហែងស្ទើរគ្រប់ទីកន្លែងទាំងអស់។ ជាពិសេសនៅពេលដែលធ្វើដំណើរ ទៅណាមកណាក្រោមកាំរស្មីនៃកម្ដៅនេះ។ ពន្លឺថ្ងៃមានឥទ្ធិពលចំពោះស្បែកច្រើនប្រការណាស់។ បើលោកអ្នកសង្កេត ហើយចាប់អារម្មណ៍ឱ្យមែនទែន គឺស្បែករបស់លោកអ្នកនឹងផ្លាស់ប្ដូរពណ៌សម្បុរភ្លាម បន្ទាប់ពីត្រូវរងកម្ដៅថ្ងៃរយៈពេល២ ឬ៣ម៉ោងក្រោយមក។
វីធីថែទាំស្បែកពេលនៅហាលថ្ងៃជាប្រធានបទដែលត្រូវលើកមកជូនមិត្ដអ្នកអានឱ្យស្វែងយល់ តាមរយៈកិច្ចសម្ភាសន៍ជា មួយលោកស្រីវេជ្ជបណ្ឌិត ហ៊ាង មុំ អ្នកជំនាញជម្ងឺសើស្បែក នៃគ្លីនិកជាតិសើស្បែក និងកាមរោគ។
ពន្លឺថ្ងៃផ្ដល់គុណសម្បត្ដិ និងគុណវិបត្ដិ
តាមពិតទៅពន្លឺថ្ងៃបានផ្ដល់នូវផលប្រយោជន៍ចំពោះស្បែករបស់យើង ដូចជាផ្ដល់វីតាមីនដេ ដែលរាងកាយត្រូវការ ដោយពុំ ចាំបាច់ទៅចំណាយប្រាក់សម្រាប់ទិញទ្បើយ។ ប៉ុន្ដែលោកអ្នកគួរតែស្រូបយកសារធាតុទាំងនេះនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ប្រសើរជាង ព្រោះពន្លឺថ្ងៃក្នុងអំទ្បុងពេលនោះមិនសូវមានកម្ដៅខ្លាំងទេ។ ផ្ទុយទៅវិញ បើកម្ដៅថ្ងៃខុសពីពេលដែលជម្រាបជូននេះ លោកអ្នករងកម្ដៅត្រឹមតែ១០នាទី ស្បែករបស់លោកអ្នកនឹងទ្បើងពណ៌ក្រហម ហើយមានចំហាយក្ដៅភាយៗ។ ដោយទ្បែក ប្រសិន បើរងកម្ដៅថ្ងៃយូរជាងនេះ ក៏ប្រហែលជាគ្មាននរណាហ៊ានអះអាងទ្បើយថាស្បែករបស់លោកអ្នកមិនផ្លាស់ប្ដូរសភាពនោះទេ។ កម្ដៅ ថ្ងៃនឹងធ្វើឱ្យស្បែកលោកអ្នកទ្បើងខ្មៅស្រគាំ ជ្រីវជ្រួញ ទ្បើងអាចម៍រុយចាស់ជាងវ័យជាដើម។ ក្រោយពីវាបានបំផ្លាញសុខភាពស្បែក របស់លោកអ្នកហើយ ពន្លឺថ្ងៃអាចបង្កគ្រោះមហន្ដរាយដ៏ធំមួយទៀតសម្រាប់លោកអ្នក ជាប្រការមិនគួរមើលរំលងនោះ គឺកើតរោគ មហារីកស្បែក។
ប្រការគួរធ្វើដើម្បីថែរក្សាស្បែកពីកម្ដៅថ្ងៃ
មានវិធីសាស្ដ្រ២យ៉ាងជាចម្បងសម្រាប់ការពារស្បែកពីកម្ដៅថ្ងៃ។
- ប្រការទី១ ៖ ចៀសវាងការរងកម្ដៅថ្ងៃខ្លាំងក្នុងរយៈពេលលើសពី១០នាទី ជាពិសេសចាប់ពីម៉ោង១២ ដល់ម៉ោង១៦។ មិនត្រូវពឹងផ្អែកលើផលិតផលការពារកម្ដៅថ្ងៃទាំងស្រុងពេកទេ។ បើក្នុងករណីដែលចៀសមិនរួច គួរតែមានរបាំងសម្រាប់ការពារ ដូច ជាមួក វ៉ែនតា ស្រោមដៃ ស្រោមជើង អាវដៃវែង ខោជើងវែងជាដើម។
- ប្រការទី២ ៖ សព្វថ្ងៃនេះមានផលិតផលការពារកម្ដៅថ្ងៃច្រើនណាស់ដាក់លក់នៅលើទីផ្សារ ហើយមានកម្រិតដូចជា១៥ ជាន់ ២៥ជាន់ ៣០ជាន់ជាដើម។ ចំពោះកម្រិតទាប ឬខ្ពស់ គឺសំំដៅទៅលើសមត្ថភាពការពារស្បែករបស់ផលិតផលនោះ។ បើលោក អ្នកជាអ្នកដែលត្រូវរងកម្ដៅថ្ងៃខ្លាំង លោកអ្នកគួរតែជ្រើសប្រើផលិតផលការពារដែលមានកម្រិតកាន់តែខ្ពស់។ ផលិតផលការពារ កម្ដៅថ្ងៃដែលមានកម្រិត១៥ជាន់ អាចទប់ស្កាត់ឥទ្ធិពលអាក្រក់របស់កាំរស្មីព្រះអាទិត្យបាន៩៣%។ ហើយចំពោះកម្រិត២៥ជាន់ បាន ប្រមាណ៩៦% រីឯកម្រិត៣០ជាន់វិញ គឺបានប្រមាណ៩៧%។
របៀបជ្រើសរើសផលិតផលការពារកម្ដៅថ្ងៃ
ដើម្បីជ្រើសរើសផលិតផលការពារពន្លឺថ្ងៃមានគុណភាពល្អសក្ដិសមនឹងស្បែក លោកអ្នកគួរជ្រើសរើសតម្រូវទៅតាមប្រភេ ទស្បែករបស់ខ្លួន។
- ស្បែកស្ងួត ៖ សម្រាប់លោកអ្នកដែលមានស្បែកស្ងួត ហើយងាយចាញ់ផលិតផល គួរតែជ្រើសរើសប្រើនូវផលិតផលការ ពារកម្ដៅថ្ងៃដែលមានជាតិប្រេង ឬខ្លាញ់ដើម្បីរក្សាបាននូវភាពស្រស់ថ្លារបស់ស្បែក។
- ស្បែកខ្លាញ់ ៖ សម្រាប់លោកអ្នកដែលមានស្បែកខ្លាញ់ ពេលត្រូវពន្លឺថ្ងៃដែលមានកម្ដៅខ្លាំងនោះ ស្បែកកាន់តែបន្ថែម ជាតិខ្លាញ់កាន់តែច្រើនឡើង។ ហេតុនេះ មុនពេលដែលលោកអ្នកជ្រើសរើសផលិតផលសម្រាប់លាប គួរតែពិនិត្យមើលនូវផ្លាកផលិត ផលដែលគេបានសរសេរថាសម្រាប់អ្នកដែលមានស្បែកសម្បូរជាតិខ្លាញ់។
- ស្បែកធម្មតា ៖ មិនចាំបាច់ខំជ្រើសរើសច្រើនទេ ផលិតផលប្រើក្នុងកម្រិតអ្វីក៏បាន។
- ស្បែកខ្មៅ ៖ អ្នកមានស្បែកពណ៌ខ្មៅ ពិតជាមានសំណាងណាស់ ព្រោះស្បែកពណ៌ខ្មៅអាចទប់ទល់ជាមួយកម្ដៅថ្ងៃបាន យ៉ាងល្អ ដោយពុំចាំបាច់ខ្វល់ខ្វាយក្នុងការជ្រើសរើសផលិតផលឡើយ។
- ស្បែកស ៖ មានការលំបាកបន្ដិច ចំពោះស្បែកប្រភេទនេះនៅក្នុងការការពារកម្ដៅថ្ងៃ ព្រោះវាឆាប់រងឥទ្ធិពលនៃកម្ដៅ ទោះបីក្នុងរយៈពេលខ្លីក៏ដោយ។ ដូចនេះលោកអ្នកដែលមានស្បែកពណ៌ស គួរជ្រើសរើសផលិតផលដែលមាន កម្រិតខ្ពស់បន្ដិច។
ប្រការប្រសើរបំផុត លោកអ្នកគួរជ្រើសរើសផលិតផលដែលផ្សំឡើងពីសារធាតុសារ៉ាអាមីណូ(សារជាតិគីមីស៊ូហ្វីណូ) និង ផលិតផលដែលផលិតឡើងពីវិតាមីនសេ និងវីតាមីនបេ។ ព្រោះអាចជំនួយឱ្យរាងកាយនូវសារជាតិមេឡានីនដើម្បីទប់ទល់នឹងពន្លឺថ្ងៃ ។ ជាងនេះទៅទៀត លោកអ្នកត្រូវលាបផលិតផលការពារពន្លឺថ្ងៃឱ្យបានសព្វកន្លែង ដូចជាផ្ទៃមុខ ដើមទ្រូង ដៃ ជើងជាដើម ជារួមគឺ កន្លែងដែលអាចរងពន្លឺថ្ងៃ។ លោកអ្នកគួរតែលាបផលិតផលទាំងនោះ ២០នាទីមុនពេលចេញទៅក្រៅក្រោមពន្លឺថ្ងៃ ដើម្បីឱ្យក្រែមការ ពារជ្រាបចូលបានល្អក្នុងស្បែក។ ប្រសិនបើលោកអ្នកត្រូវរងកម្ដៅថ្ងៃក្នុងរយៈពេលយូរ លោកអ្នកគួរលាបផលិតផលការពារកម្ដៅថ្ងៃ ក្នុងរយៈពេល២ម៉ោងម្ដង។ ចំពោះលោកអ្នកដែលចង់ឱ្យស្បែកមានពណ៌ស្រគាំដោយសារពន្លឺថ្ងៃ(អាំងថ្ងៃ) លោកអ្នកគួរតែលាប ផលិតផលការពារកម្ដៅថ្ងៃ មុនពេលដែលលោកអ្នកចេញទៅអាំងថ្ងៃ។ ហើយសូមលាបវាសារជាថ្មី នៅពេលដែលលោកអ្នកបែក ញើស ព្រោះផលិតផលការពារកម្ដៅថ្ងៃត្រូវថបថយគុណភាពដោយសារញើស។ ត្រូវប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃរាល់ថ្ងៃ មិន ថានៅមាត់សមុទ្រ ក្នុងអាងហែលទឹក នៅពេលមានពពកបាំង ឬក៏នៅក្នុងម្លប់ក៏ដោយ ពីព្រោះកាំរស្មីអ៊ុលត្រាវីយូទ្បេ អាចចាំងផ្លាតពី ផ្ទៃរាបដទៃមកប៉ះនឹងខ្លួនយើង។
ដំបូន្មានអ្នកជំនាញ
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះ សង្ឃឹមថាវាអាចជាជំនួយដល់ការប្រតិបត្ដិ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដោយ ការរងនូវពន្លឺថ្ងៃដែលអាចការពារបាននេះ និងអាចឱ្យលោកអ្នកជ្រើសរើសទិញនូវផលិតផលការពារកម្ដៅថ្ងៃដែលមានគុណភាពល្អ ព្រមជាមួយការប្រើប្រាស់បានត្រឹមត្រូវតាមក្បួនខ្នាតរបស់វា។
គប្បីប្រុងប្រយ័ត្នចំពោះកម្ដៅថ្ងៃ ពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនទ្បើងជាលំដាប់។ ចំណែកឯការជ្រើស រើសផលិតផលក៏ដូចគ្នា សូមលោកអ្នកហ្មត់ចត់បន្ដិចក្នុងការជ្រើសរើស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply