សរីរាង្គបន្ដពូជរបស់ស្ដ្រីអាចប្រឈមមុខនឹងបញ្ហាជាច្រើនដែលមិនអាចធ្វេសប្រហែសក្នុងការការពារ ក៏ដូចជាការព្យាបាល បានទេ។ មានជម្ងឺនៅសរីរាង្គបន្ដពូជដែលអាចបណ្ដាលឱ្យស្ដ្រីប៉ះពាល់ដល់សុខភាព ឬក៏អាចបាត់បង់ជីវិត។ ស្រុតស្បូនជាជម្ងឺមួយ ប្រភេទដែលស្ដ្រីភាគច្រើនបានប្រទះ ជាពិសេសចំពោះស្ដ្រីដែលមានប្រវត្ដិសម្រាលកូន និងរបួសគ្រាំគ្រានៅតំបន់ទ្វារមាស។ ថ្វីត្បិតតែ ជម្ងឺស្រុតស្បូនមិនបណ្ដាលឱ្យស្ដ្រីបាត់បង់ជីវិត តែផលរំខានរបស់វាពិតជាធ្វើឱ្យស្ដ្រីពិបាកទ្រាំ។
ដើម្បីឱ្យមិត្ដអ្នកអាន ជាពិសេសស្ដ្រីយល់ដឹងពីជម្ងឺស្រុតស្បូននេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកមកបង្ហាញ តាមរយៈ កិច្ចសម្ភាសន៍ជាមួយលោកសាស្ដ្រចារ្យមហាបរិញ្ញា គុំ កាណាល់ នាយកមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក។
ស្រុតស្បូន ជាអ្វី?
មុននឹងឈានដល់ជម្ងឺស្រុតស្បូន ឬស្បូនស្រុត គប្បីត្រូវយល់ជាមុនសិនពីសរីរាង្គបន្ដពូជរបស់ស្ដ្រី។ សរីរាង្គបន្ដពូជរបស់ស្ដ្រី មានទំនាក់ទំនងមកលម្ហខាងក្រៅតាមទ្វារមាស។ សរីរាង្គបន្ដពូជរបស់ស្ដ្រីមាននៅរួមជាមួយសរីរាង្គដទៃទៀត ដូចជានៅខាងមុខស្បូន មានប្លោកនោម និងខាងក្រោយស្បូនមានផ្នែកចុងក្រោយនៃពោះវៀនធំ។ នៅពេលសរីរាង្គទាំងអស់នោះស្រុត អាចជាដើមហេតុដែល បណ្ដាលឱ្យស្បូនស្រុត ជួនកាលតួស្បូនស្រុតដោយខ្លួនឯងតែម្ដង។ ជាទូទៅសរីរាង្គបន្ដពូជត្រូវបានទ្រទប់ដោយប្រព័ន្ធពួរ និងប្រព័ន្ធ សាច់ដុំនៅតំបន់ទ្វារ។ នៅពេលដែលសរីរាង្គបន្ដពូជចុះខ្សោយ ឬបាត់បង់ សរីរាង្គទាំងនោះនឹងស្រុតមកលម្ហខាងក្រៅ។ ជាធម្មតា នៅនឹងស្បូនមានពួរសម្រាប់ព្យួរស្បូនឱ្យនៅនឹងកន្លែង។ ជាមួយគ្នានេះដែរនៅចង្កេះស្បូនខាងក្រោយ មានពួរ២ផ្សេងទៀតដែលជាប់ នឹងឆ្អឺងត្រគាកសម្រាប់ទ្រទប់។ ដូចនេះស្បូនអាចធ្វើចលនាបានដោយសារសរសៃពួរទាំងបួននេះ។ ប្រព័ន្ធទ្រទប់ដែលនៅពីក្រោយ សាច់ដុំទ្វារមាសមាន២ស្រទាប់ គឺស្រទាប់សើ និងស្រទាប់ជ្រៅ ដែលជាសាច់ដុំញំងសាច់ម្ដុំទ្វារមានសណ្ឋានដូចអង្រឹង។ រួមសេចក្ដីមក វិញ ស្រុតស្បូន គឺមានន័យថាស្បូននៅមិនចំកន្លែងធម្មតារបស់វា អាចធ្លាក់មកក្រោមបន្ដិច តែបើស្ថានភាពជម្ងឺមានកម្រិតធ្ងន់ធ្ងរ គឺ ស្បូនធ្លាក់ចេញមកក្រៅតែម្ដង។
មូលហេតុស្រុតស្បូន
ជម្ងឺស្រុតស្បូនអាចកើតមានចំពោះស្ដ្រីដែលមិនធ្លាប់មានប្រវត្ដិសម្រាលកូន និងស្ដ្រីដែលធ្លាប់មានប្រវត្ដិសម្រាលកូន ហើយ ជួបប្រទះនឹងរបួសគ្រាំគ្រានៅតំបន់ទ្វារមាសពេលសម្រាល។
- ស្ដ្រីដែលមិនធ្លាប់មានប្រវត្ដិសម្រាលកូន ៖ ស្រុតស្បូនអាចកើតទ្បើងបានដោយសារស្ដ្រីទាំងនោះមានប្រព័ន្ធទ្រទប់ខូចពី កំណើត មានន័យថាប្រព័ន្ធទ្រទប់ខ្លី ឬស្ដើងពេក។ ម្យ៉ាងទៀតអាចដោយសារកស្បូនរបស់ស្ដ្រីនោះវែងពេក។ ជាទូទៅកស្បូនមាន ប្រវែងតែ២ ឬ៣សង់ទីម៉ែត្រប៉ុណ្ណោះ តែស្ដ្រីមួយចំនួនមានកស្បូនរហូតដល់ទៅពី១០ ទៅ១២សង់ទីម៉ែត្រដែលអាចលៀនចេញមក ក្រៅបាន។
- ស្ដ្រីដែលធ្លាប់មានប្រវត្ដិសម្រាលកូន ៖ ស្រុតស្បូនច្រើនកើតទ្បើងនៅពេលដែលស្ដ្រីឆ្លងកាត់ការសម្រាលកូន ព្រោះពេល សម្រាលកូនម្ដងៗ ស្បូនរីកប៉ោងទ្បើង សរសៃដែលទ្រទប់ស្បូនក៏យឺតទ្បើងដែរ ហើយខ្សោយទៅៗបន្ដិចម្ដងៗ។ បើការសម្រាលកូនធ្វើ ទ្បើងដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ និងមិនអាចគ្រប់គ្រងស្ថានភាពសម្រាល នោះបានធ្វើឱ្យសរីរាង្គបន្ដពូជរបួសគ្រាំគ្រា ឫក៏អាចបណ្ដាលមកពីការកាត់មាត់ទ្វារមាសផ្ដេសផ្ដាស។ ម្យ៉ាងទៀត បើការសម្រាលកូនធ្វើទ្បើងដោយឆ្មបបុរាណ ច្រើនតែជួយរុញ ពោះដើម្បីឱ្យកូនឆាប់ចេញមកក្រៅ នេះគឺជាការខុសឆ្គងធ្ងន់ណាស់ ព្រោះវាអាចធ្វើឱ្យស្បូន និងទ្វារមាសដាច់ដោយខ្ទេចខ្ទីអស់។
ស្ដ្រីមួយចំនួនយល់ច្រលំថាជម្ងឺស្រុតស្បូនបណា្ដលមកពីការឆាប់ធ្វើការងារធ្ងន់របស់ស្ដ្រី នៅពេលទើបសម្រាល។ ពោលមិន មាននិន្នាការណាមួយនៃជម្ងឺស្រុតស្បូនដែលជាប់ទាក់ទងនឹងការធ្វើការងាររបស់ស្ដ្រីទេ ព្រោះថាក្រោយពេលសម្រាលរយៈពេល៦ សបា្ដហ៍ ស្ដ្រីដែលមិនបំបៅកូននឹងមានឈាមរដូវទ្បើងវិញ ហើយគាត់នឹងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការបន្ដពូជទ្បើងវិញ។ ហេតុ ផលចម្បងនៃការស្រុតស្បូនសម្រាប់ស្ដ្រីដែលធ្លាប់សម្រាល គឺមកពីការខ្សោយប្រព័ន្ធទ្រទប់។
រោគសញ្ញាស្រុតស្បូន
គេចែកការស្រុតស្បូនជាបីកម្រិតដូចតទៅ ៖
- ស្រុតស្បូនកម្រិតទីមួយ ៖ ក្នុងកម្រិតនេះ មាត់ស្បូនធ្លាក់មកទីតាំងធម្មតាចូលមករន្ធទ្វារមាស ហើយនៅពេលលូកដៃចូល ទៅប៉ះសាច់ដែលនៅនឹងមាត់ស្បូន។ ប៉ុន្ដែមាត់ស្បូនមិនធ្លាក់ចេញមកក្រៅលម្ហទ្វារមាសទេ ទោះបីជាទាញចេញមកក៏ដោយ។ ក្នុង កម្រិតនេះ ស្ដ្រីច្រើនជួបអាការនោមញឹក សើចលេចនោម ឬក្អកហៀរនោមដែលសុទ្ធតែជាការរំខាន។
- ស្រុតស្បូនកម្រិតទីពីរ ៖ នៅដំណាក់កាលនេះ មាត់ស្បូនបានលូនចេញមកក្រៅដល់មាត់ទ្វារមាស។ នៅពេលដែលស្ដ្រី ប្រឹងធ្វើការអ្វីមួយ ឬក្អកខ្លាំង ពួកគាត់នឹងឃើញស្បូនរបស់គាត់ចេញមកក្រៅតែម្ដង ហើយមានការឈឺចាប់។ ក្រៅពីនេះទៀត អ្នក ជម្ងឺច្រើន ឧស្សាហ៍ឈឺចង្កេះ ហើយមានលាន់ស្នូរសម្លេងដូចផោម នៅពេលដែលគាត់ខំប្រឹងធ្វើចលនាដែលខ្មែរយើងនិយមហៅថា លាន់ស្បូន។
- ស្រុតស្បូនកម្រិតទីបី ៖ មាត់ស្បូន និងតួស្បូនចេញក្រៅលម្ហទាំងអស់ ដែលបង្កជាការរលាកដំបៅអាចឱ្យអ្នកជម្ងឺឈឺ ចាប់ខ្លាំង ជួនកាលដំបៅនេះអាចរលួយទៅជាជម្ងឺមហារីកទៀតផង។
ការព្យាបាលស្រុតស្បូន
ស្រុតស្បូនមិនបណ្ដាលឱ្យស្ដ្រីមានគ្រោះថ្នាក់ដល់ជីវិតទេ។ ការព្យាបាលត្រូវធ្វើទ្បើងទៅតាមស្ថានភាពផ្ទាល់របស់ស្ដ្រី។ ផ្ទុយទៅវិញ បើទាមទារការវះកាត់ ស្ដ្រីអាចមានគ្រោះថ្នាក់ដោយសារការវះកាត់។ ជាទូទៅការវះកាត់មិនត្រូវបានធ្វើទ្បើងតាមផ្លូវ លើទេ ព្រោះការវះកាត់តាមផ្លូវលើមិនអាចកែកុនសរីរាង្គផ្សេងទៀតដែលស្រុតជាមួយនឹងស្បូនទេ។ ប៉ុន្ដែការកាត់ស្បូនតាមទ្វារមាស ក្រោមមិនស្រួលទេ អាចមានគ្រោះថ្នាក់ច្រើនជាងវះកាត់តាមផ្លូវលើ នៅពេលដែលគ្រូពេទ្យគ្មានជំនាញច្បាស់លាស់។ ផ្ទុយទៅវិញ បើ ស្ដ្រីនោះនៅក្មេង ហើយចង់បន្ដពូជតទៅទៀត តែដោយស្បូនគាត់ធ្លាក់ដោយសារកស្បូនវែង គ្រូពេទ្យអាចកាត់កស្បូនរបស់គាត់ពាក់ កណ្ដាលចេញ។ ម្យ៉ាងវិញទៀត បើស្ដ្រីមានការរំខានខ្លាំង តែសុខភាពមិនអំណោយផលដល់ការវះកាត់យកស្បូនចេញ គេអាចវះកាត់ តាមផ្លូវលើដើម្បីចងស្បូនភ្ជាប់នឹងឆ្អឹងខ្នង ឬចងជាប់សាច់វាវពោះខាងលើកុំឱ្យធ្លាក់មកបាន តែមិនបានកែកុនសរីរាង្គផ្សេងៗ ដូចជា ប្លោកនោម ឬផ្លូវលាមកដែលស្រុតមកជាមួយទេ។ ដោយទ្បែក បើសុខភាពស្ដ្រីនោះមិនអាចទប់ទល់នឹងថ្នាំសណ្ដំបាន ដោយមានជម្ងឺ ផ្សេងៗទៀត ឬមានវ័យចំណាស់ពេក អ្នកជម្ងឺអាចជ្រើសរើសយកកង ឬចានសម្រាប់ទ្រទប់ស្បូនបាន។ មិនទាន់ឃើញមានឯកសារណា បញ្ជាក់ថាមានថ្នាំដែលអាចឱ្យស្បូនរួញចូលទៅវិញទេ។
វីធីបង្ការស្រុតស្បូន
នៅពេលសម្រាលកូន ត្រូវចៀសវាងឱ្យបាននូវការកាត់ទ្វារមាសដោយគ្មានការពិនិត្យច្បាស់លាស់។ គ្រូពេទ្យអាចកាត់ទ្វារមាសបានលុះត្រាតែការពិនិត្យទៅឃើញថាទ្វារមាសនោះអាចរហែក ឬជិតរហែក។ ប៉ុន្ដែបើសិនជាកូនតូច ទ្វារមាសស្រឡះ មិនអាច រហែក មិនគប្បីកាត់ទ្វារមាសទ្បើយ។ ពីព្រោះពេលកាត់ទោះបីជាជុសជុលទ្បើងវិញ ជួនបានល្អ ជួនមិនបានល្អ ដែលអាចបង្កទៅជា ក្រិនសាច់ដែលបង្កជាការឈឺចាប់នៅពេលរួមភេទ អាចជាចំណុចនាំទៅរកការបែកបាក់គ្នា។ ពេលខ្លះនៅពេលសរីរាង្គបន្ដពូជរងរបួស គ្រាំគ្រាខ្លាំងពេក អាចបណ្ដាលឱ្យស្ដ្រីពិការក៏មានដែរ ព្រោះពួកគាត់មិនអាចចូលរួមក្នុងសង្គមបាន ដោយសារតែគាត់មិនអាចគ្រប់គ្រង ការហូរចេញនៃទឹកនោម ឬលាមក(លេចនោម ឬលេចអាចម៍) ធ្វើឱ្យខ្លួនប្រាណរបស់គាត់មានក្លិនមិនល្អ។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីបានជ្រាបអំពីផលវិបាកផ្សេងៗនៃជម្ងឺស្រុតស្បូន សង្ឃឹមថាគ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់នឹងមកសម្រាលកូននៅ មន្ទីរពេទ្យ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន នាំឱ្យស្រុតស្បូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply