អ្នកនាងអម្ពរ ទេវី ជាតារាភាពយន្ដដ៏ល្បីល្បាញមួយរូបក្នុងអំឡុងទសវត្សរ៍ទី៨០រហូតមកដល់បច្ចុប្បន្ននេះ។ រហូតមកដល់ពេលនេះ អ្នកនាងនៅតែមានវ័យស្រស់ស្អាតដដែល។ តើអ្នកនាងអម្ពរ ទេវី មានវិធីថែរក្សាសម្ផស្ស និងសុខភាពរបស់អ្នកនាង បែបណាទៅ? ទស្សនាវដ្ដី សុខភាពយើង បានជូបសម្ភាសន៍ជាមួយអ្នកនាងអម្ពរ ទេវី ដើម្បីបកស្រាយពីអាថ៌កំបាំងនៃការថែរក្សា សម្ផស្ស និងសុខភាពរបស់អ្នកនាងជូនប្រិយមិត្ដអ្នកអាន។
ការថែរក្សាផ្ទៃមុខ
តាំងពីពេលអ្នកនាងចូលថតភាពយន្ដនៅវ័យ១៩ឆ្នាំរហូតដល់សព្វថ្ងៃ អ្នកនាងតែងប្រើឡេលាបលើផ្ទៃមុខជាប្រចាំ ព្រោះ ស្បែកមុខត្រូវកម្ដៅថ្ងៃច្រើនងាយនឹងខូច។ ជាពិសេសអ្នកនាងលាបឡេការពារ ដើម្បីកុំឱ្យស្បែកនៅក្រោមត្របកភ្នែកឆាប់ជ្រួញ។ ប៉ុន្ដែការជ្រើសរើសឡេយកមកប្រើនោះ អ្នកនាងមិនគិតថាជាផលិតផលប្រភេទថ្លៃ ឬថោកទេ សំខាន់ឱ្យតែប្រើទៅត្រូវនឹងស្បែកមុខ របស់អ្នកនាង។ អ្នកនាងតែងតែប្រើឡេលាបស្បែកមុខ នៅក្រោយពេលងូតទឹកហើយ នៅពេលចេញទៅខាងក្រៅ ឬនៅពេលសម្ដែង ភាពយន្ដ។
អ្នកនាងមានរបៀបសម្អាតស្បែកមុខដ៏ល្អមួយ។ ពេលមកពីសម្ដែងវិញ អ្នកនាងតែងតែប្រញាប់លុបលាងមុខចេញជាបន្ទាន់ ព្រោះទុកយូរនាំឱ្យម្សៅជ្រាបចូលផ្ទៃមុខ នាំឱ្យខូចមុខ។ មុនធ្វើការលុបលាងមុខ អ្នកនាងតែងតែប្រើឡេសម្រាប់ជូតសម្អាតម្សៅនៅ លើស្បែក មុខរួចហើយទើបលាងស្បែកមុខចេញជាមួយនឹងសាប៊ូ។
ការថែរក្សាសក់
អ្នកនាងអម្ពរ ទេវី ជ្រើសរើសសាប៊ូមួយប្រភេទ ដែលមិនធ្វើឱ្យសក់របស់អ្នកនាងបែកចុង និងកើតអង្គែ ព្រោះអ្នកនាង យល់ថាការកើតអង្គែជាមូលហេតុអាក្រក់ធ្វើឱ្យសក់ងាយជ្រុះបាន។ អ្នកនាងឧស្សាហ៍ធ្វើសក់ជាញឹកញាប់នៅពេលចេញសម្ដែង និង ចូលក្នុងពិធីផ្សេងៗ។ នៅពេលត្រឡប់មកវិញ អ្នកនាងតែងតែកក់សក់ជាមួយក្រែមម្យ៉ាងធ្វើឱ្យសក់ទន់ងាយស្រួលសិត និងមិនធ្វើឱ្យ សក់ជ្រុះ។ បន្ទាប់មក ទើបអ្នកនាងលាបសក់ជាមួយប្រេងម្យ៉ាងដើម្បីឱ្យសក់មានទម្ងន់ល្អ។
ការថែរក្សារោមភ្នែក និងចិញ្ចើម
អ្នកនាងអម្ពរ ទេវី ចូលចិត្ដប្រើម៉ាស្ការាពណ៌ខ្មៅលាបនៅលើរោមភ្នែក និងខ្មៅដៃគូសចិញ្ចើមពណ៌សូកូឡា លាយពណ៌ខ្មៅ ។ ក្រោយពេលថតភាពយន្ដហើយ អ្នកនាងតែងតែប្រញាប់លាងម៉ាស្ការាចេញភ្លាមដែរ ចៀសវាងនូវការជ្រុះរោមភ្នែក។
ការថែសុខភាពមាត់ធ្មេញ
អ្នកនាងតែងដុសសម្អាតធ្មេញ១ថ្ងៃ៣ដង និងអ្នកនាងតែងទៅពិនិត្យសុខភាពមាត់ធ្មេញ រាល់៣ខែម្ដងផងដែរ។
ការថែរក្សាស្បែក
ចំពោះសុខភាពស្បែក តាំងពីអ្នកនាងពេញវ័យពេលណាមក ម្ដាយអ្នកនាងតែងតែយកចិត្ដទុកដាក់ថែរក្សាស្បែកដងខ្លួន និងស្បែកមុខតាមបែបបុរាណ ដោយបុកពន្លៃលាយជាមួយល្មៀត ផ្លែក្រូចសើចយកមកលាបនៅលើស្បែករបស់អ្នកនាង ព្រមទាំងឆ្ពុង ផងដែរ។ ម្ដាយរបស់អ្នកនាងតែងតែធ្វើបែបនេះ រហូតដល់អ្នកនាងអាចយល់ដឹងធ្វើបានដោយខ្លួនឯង។ នៅរៀងរាល់ពេលមករដូវ អ្នកនាងតែងតែយកពន្លៃដែលបុកជាមួយល្មៀតមកលាបលើស្បែក ហើយពាក់អាវដៃវែងជិត។ នៅក្រោយពេលមករដូវ អ្នកនាងឆ្ពុង រយៈពេល៣ថ្ងៃទៀត។ អ្នកនាងលាបឡេនៅលើស្បែកជាប្រចាំផងដែរ នៅពេលអ្នកនាងចេញទៅខាងក្រៅផ្ទះ។ អ្នកនាងជ្រើសរើស ក្រែមណាដែលត្រូវនឹងស្បែករបស់អ្នកនាង នៅពេលលាបទៅមិនមានកើតកន្ទួលរមាស់នៅលើស្បែក។
ការហាត់ប្រាណ និងការថែទាំសុខភាព
អ្នកនាងតែងតែហាត់ប្រាណជាប្រចាំផងដែរ ដើម្បីសុខភាព ជាពិសេសនៅពេលព្រឹកក្រោកពីដំណេក។ ករណីអ្នកនាងមិន ចេញទៅសម្ដែង អ្នកនាងហាត់ប្រាណរយៈពេល១ម៉ោងក្នុងមួយថ្ងៃ។ អ្នកនាងទម្លាប់ហាត់ប្រាណតាមកាសែតវីដេអូហាត់ប្រាណ ដែល អ្នកនាងទិញមកពីបរទេស។ នៅពេលអ្នកនាងមានជម្ងឺផ្ដាសាយម្ដងៗ អ្នកនាងតែងតែទៅមន្ទីរពេទ្យ និងទៅឆ្ពុង។ នៅផ្ទះជួនកាល អ្នកនាងគេងត្រាំទឹកក្ដៅឧណ្ហៗ ឬត្រាំជើងជាមួយទឹកក្ដៅតាមការប្រាប់របស់ម្ដាយអ្នកនាង។
ការទទួលទានអាហារ និងការរក្សាទម្ងន់
អ្នកនាងចូលចិត្ដទទួលទានបន្លែដែលមានពណ៌បៃតង ដូចជាស្ពៃជាដើម ជាងការទទួលទានសាច់។ ចំណែកសាច់វិញ អ្នក នាងចូលចិត្ដទទួលទានតែសាច់ត្រី។ ជាទម្លាប់អ្នកនាងតែងតែពិសាទឹកមួយកែវ នៅពេលមុនចូលដំណេក និងមួយកែវទៀតក្រោយ ពេលភ្ញាក់ពីដំណេក។ ចំពោះទម្ងន់វិញ អ្នកនាងតែងតែញ៉ាំអាហារជាធម្មតាទៅតាមពេលដែលអ្នកនាងឃ្លាន។ នៅពេលអ្នកនាង សម្រេចថានឹងចុះកិច្ចសន្យាថតភាពយន្ដជាមួយផលិតកម្មណាមួយ នោះទើបអ្នកនាងធ្វើការសម្រកទម្ងន់បន្ដិច ដោយកាត់បន្ថយការ ញ៉ាំចំណីអាហារ។ អ្នកនាងយល់ថាអ្នកនាងជាមនុស្សម្នាក់ដែលឆាប់ស្រកទម្ងន់ និងជាមនុស្សឆាប់ឡើងទម្ងន់ដែរ។ ដូច្នេះ ប្រសិនបើ អ្នកនាងចង់បានទម្ងន់ធាត់វិញ អ្នកនាងបង្កើនការបរិភោគវិញ អ្នកនាងនឹងមានរាងធម្មតាវិញ។
ការថែទាំខ្លួនក្រោយពេលឆ្លងទន្លេ
ក្រោយពេលឆ្លងទន្លេ អ្នកនាងតបការងូតទឹករយៈពេលពីរសប្ដាហ៍ និងឆ្ពុងជាប្រចាំ។ អ្នកនាងគ្រាន់តែជូតសម្អាតខ្លួនជាមួយ ទឹកធម្មតាប៉ុណ្ណោះ។
បណ្ដាំផ្ញើរបស់អម្ពរ ទេវី
ចំពោះស្ដ្រីនៅលីវ ដែលចង់ថែរក្សារាងកាយរបស់ខ្លួនឱ្យល្អស្អាតជានិច្ចនោះ គឺត្រូវតែមានការហាត់ប្រាណជាប្រចាំ។ យើង អាចបន្ថយការញ៉ាំបន្ដិច ហើយយើងហាត់ប្រាណ វាអាចធ្វើឱ្យរាងកាយយើងល្អប្រសើរបាន។ ត្រូវទទួលទាន និងជ្រើសរើសប្រភេទអាហារណាដែលមានវីតាមីន និងសារធាតុចិញ្ចឹមសម្រាប់ចិញ្ចឹមរាងកាយ។ ចំពោះអាហារខ្លះ មិនគួរបរិភោគទេ ដូចជាលៀសហាលជាដើម វាជាអាហារគ្មានសុវត្ថិភាព និងមិនអាចផ្ដល់នូវវីតាមីនដើម្បីចិញ្ចឹមសរីរាង្គយើងបានល្អទេ។
ជីវប្រវត្ដិសង្ខេប
- ឈ្មោះ ៖ អម្ពរ ទេវី
- អាយុ ៖ ៣៧ឆ្នាំ
- អាជីព ៖ ជាតារាសម្ដែង
- ចូលប្រឡូកក្នុងវិស័យសិល្បះ ៖ ឆ្នាំ១៩៨៣
- បងប្អូន ៖ ៥នាក់ (ជាកូនទីមួយ)
- ស្ថានភាពគ្រួសារ ៖ រៀបការរួច (មានបុត្រមួយនាក់)
- ទម្ងន់ ៖ ៥៣គីឡូក្រាម
- កម្ពស់ ៖ ១,៦០ម៉ែត្រ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply