ពាក្យថាកូនកើតមិនគ្រប់ខែ គឺជាឧទានស័ព្ទមួយដែលស្ដ្រីមានផ្ទៃពោះទាំងអស់មិនចង់ឱ្យកើតមានចំពោះខ្លួនឡើយ។ ព្រោះថាកូនកើតមិនគ្រប់ខែអាចបង្កគ្រោះថ្នាក់ដល់ម្ដាយ និងទារកបាន។ ជាធម្មតា ទារកក្នុងផ្ទៃម្ដាយមានអាយុរយៈពេលជាទូទៅចំនួន៩ខែ ១០ថ្ងៃ ទើបទារកមានអាយុគ្រប់ខែពេញលេញ។ ទារកដែលខូចពេលតាំងគភ៌ពីខែទី១ ដល់ខែទី៦ គេហៅថារលូត ។ បើ គភ៌បានអាយុពី៦ខែឡើងទៅ ហើយកើត ឬធ្លាក់ គេហៅថាកូនកើតមិនគ្រប់ខែ។ តើរលូត និងកូនកើតមិនគ្រប់ខែបណ្ដាល មកពីមូលហេតុអ្វី? តើអាចសង្គ្រោះបានដោយរបៀបណា?
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត វេង ថៃ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយទស្សនា វដ្ដី សុខភាពយើង អំពីការកើតកូនមិនគ្រប់ខែនេះ។
មូលហេតុកូនកើតមិនគ្រប់ខែ និងរលូត
កូនកើតមិនគ្រប់ខែ ឬកូនរលូត សុទ្ធតែមានមូលហេតុរបស់វាទាំងអស់។ ករណីទាំងនេះអាចបណ្ដាលឡើងពីខាងស្ដ្រី ជាម្ដាយ ក៏ដូចជាទារកក្នុងផ្ទៃតែម្ដង។ រលូត ឬកូនកើតមិនគ្រប់ខែអាចមកពីម្ដាយមានជម្ងឺផ្សេងៗ ដូចជាគ្រុនក្ដៅដោយសារមាន មេរោគឆ្លង ផ្ដាសាយធំ គ្រុនញាក់ គ្រុនពោះវៀនជាដើម។ ការធ្វើការងារពលកម្មធ្ងន់ពេកនៅពេលពពោះ ដូចជាជិះកង់ផ្លូវឆ្ងាយ ឡើងទួល ដួលពីលើទីខ្ពស់ ការរួមភេទច្រើនពេក សេពគ្រឿងញៀន ឬគ្រឿងស្រវឹងជាដើម។ ក្រៅពីនេះ ស្បូនម្ដាយវៀចខ្លាំង ពេក ក៏ជាមូលហេតុដែលនាំឱ្យកូនកើតមិនគ្រប់ខែដែរ។
រោគសញ្ញានៃការរលូត និងកូនកើតមិនគ្រប់ខែ
ធ្វើយ៉ាងណាទើបអ្នកម្ដាយអាចដឹងពីរឿងកូនរលូត ឬកូនកើតមិនគ្រប់ខែបាន?
- ការរលូតកូន ៖ មុននឹងរលូត ធម្មតាមានសញ្ញាខ្លះឱ្យដឹងមុនបាន ដូចជារោយខ្នង ចុកចង្កេះ ឈឺឆ្អឹងផាល ឈឺពោះ ចេញទឹកថ្លាៗពីទ្វារមាសជាដើម បន្ទាប់មកទើបឃើញមានចេញជាឈាមតែម្ដង។ យើងអាចរក្សា និងព្យាបាលគភ៌នោះបានវិញ ប៉ុន្ដែក្នុងពេលដែលឃើញសញ្ញាថាកូនរលូត មុនដំបូងភ្លាមត្រូវយកស្ដ្រីទៅកាន់មន្ទីរពេទ្យព្យាបាលឱ្យទាន់ពេលវេលា។ បើសិនណា ជាទុករហូតដល់ពេលមានធ្លាក់ឈាមពីរ ឬបីថ្ងៃហើយនោះ គឺពិបាកក្នុងការរក្សាគភ៌ឱ្យគង់វង្សណាស់។
- កូនកើតមិនគ្រប់ខែ ៖ ចំណែករឿងកូនកើតមិនគ្រប់ខែ ក៏មានលក្ខណៈប្រហែលគ្នានឹងរលូតកូនដែរ។ សញ្ញាមុនដំបូងមានច្រើនយ៉ាងណាស់ ដូចជាមានអ្នកខ្លះឈឺខ្លាំងត្រង់ចង្កេះ ឈឺឆ្អឹងផាល អ្នកខ្លះឈឺបែបធ្ងន់ៗនៅផ្នែកពោះខាងក្រោម មាន អ្នកខ្លះឈឺពោះខ្លាំងតែម្ដង ហើយបន្ទាប់មកឈឺពោះឈឺបាត់ៗយូរៗម្ដង ហើយឈឺខ្លាំងជាដើម។ របៀបនៃអាការកូនកើតមិនគ្រប់ ខែមានលក្ខណៈប្រហែលគ្នានឹងអ្នកដែលឈឺពោះសម្រាលកូនតាមធម្មតាដែរ។ ដើម្បីចៀសវាងកុំឱ្យកូនកើតមិនគ្រប់ខែបាន ក្នុង ពេលដែលឃើញមានសញ្ញាមុនដំបូងភ្លាម ស្ដ្រីជាម្ដាយត្រូវសម្រាលកិច្ចការទាំងអស់ ត្រូវនៅឱ្យស្ងៀមសម្រាកមួយកន្លែងកុំ កម្រើកខ្លួនប្រាណខ្លាំងពេក។ បន្ទាប់មក ត្រូវទៅរកគ្រូពេទ្យជំនាញដើម្បីពិនិត្យព្យាបាលជម្ងឺផ្សេងៗឱ្យជាជាមុនសិន ដើម្បីបង្ការ រឿងកូនត្រូវរលូត ឬ កូនកើតមិនគ្រប់ខែ។
គ្រោះថ្នាក់នៃការរលូត និងកូនកើតមិនគ្រប់ខែ
- ការរលូតកូន ៖ ចាស់ពីដើមច្រើននិយាយថារលូតកូនម្ដងស្មើនឹងកើតកូនបីម្ដង។ ពាក្យនេះពិតជាត្រូវណាស់ ព្រោះ ថាការកើតកូនមិនគ្រប់ខែពិតជាមានគ្រោះថ្នាក់ដូចជាការធ្លាក់ឈាមច្រើនពេក អាចងាយមានមេរោគឆ្លងដែលបណ្ដាលឱ្យឈឺ ស្បូន ជួនកាលនាំឱ្យឈឺបំពង់នាំពង ដែលជាហេតុបណ្ដាលឱ្យមិនអាចមានកូនតទៅទៀត។
- កូនកើតមិនគ្រប់ខែ ៖ ភាគច្រើនអ្នកជាម្ដាយមិនសូវមានគ្រោះថ្នាក់ប៉ុន្មានទេ ក៏ប៉ុន្ដែចាំបាច់ត្រូវព្យាយាមចំណាំពីអា ការផ្សេងៗរបស់ខ្លួន បើមានការខុសប្លែកដោយប្រការណាមួយប្រញាប់ទៅមន្ទីរពេទ្យ។ ចំពោះទារកដែលកើតមិនគ្រប់ខែ ច្រើន មានទម្ងន់ស្រាលជាងទារកធម្មតា គឺទាបជាង២គីទ្បូក្រាមកន្លះ។ ហើយទារកនោះមានរាងកាយខ្សោយ ងាយប្រឈមមុខនឹង គ្រោះថ្នាក់ផ្សេងៗ ដូចជាកម្ដៅក្នុងខ្លួនមិនគ្រប់៣៦,៥អង្សាសេ ស្បែកខ្លួនទ្បើងពណ៌ស្វាយ ការដកដង្ហើមខ្សោយ ចង្វាក់បេះដូង មិនធម្មតាតិចជាង១២០ដងក្នុងមួយនាទី គ្មានកម្លាំងកន្ដ្រាក់សាច់ដុំជាដើម។ អាការទាំងនេះនឹងអាចឱ្យទារកស្លាប់បាន បើជួយ សង្គ្រោះមិនទាន់។
វិធីសង្គ្រោះទារកកើតមិនគ្រប់ខែ
នៅពេលបច្ចុប្បន្ននេះ នៅតាមមន្ទីរពេទ្យធំៗមួយចំនួន ដូចជាមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌល ជាតិគាំពារមាតានិងទារកជាដើម មានឧបករណ៍សម្រាប់ជួយសង្គ្រោះទារកដែលកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ជាដើម។ ទារកដែលកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ អាចសង្គ្រោះបានដោយឧបករណ៍ ឬដោយវិធីចិញ្ចឹមទារកនៅក្នុងកែវដែលមានកម្ដៅ គ្រប់គ្រាន់។ ប្រសិនបើអ្នកម្ដាយទាំងឡាយមានកូនកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ ហើយពុំមានលទ្ធភាពង្គ្រោះបែបវិទ្យាសា ស្ដ្រ ដោយហេតុផលផ្ទាល់ខ្លួនផ្សេងៗនោះ គប្បីចិញ្ចឹមកូនតាមរបៀបសត្វកង់គូរូដោយរុំកូនឱ្យបានត្រឹមត្រូវ រួចត្រូវឱបកូនតូចឱ្យ ជាប់នឹងដើមទ្រូង ជាប់រហូតសឹងតែ២៤ម៉ោងក្នុងមួយថ្ងៃ។ ក្នុងករណីដែលទារកមិនអាចបៅបាន អ្នកម្ដាយត្រូវច្របាច់ទឹកដោះ ដាក់កែវ រួចយកស្លាបព្រាតូចបញ្ចុកកូនឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យទារកតូចឆាប់រឹងប៉ឹង។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងករណីរលូតកូន ឬកូនកើតមិនគ្រប់ខែ អ្នកម្ដាយទាំងអស់ត្រូវទៅពិនិត្យផ្ទៃពោះចាប់តាំងពីមានសញ្ញា ថាមានកូនភ្លាម ជាពិសេសពេលមានការបាត់រដូវ។ ការតាមដាន និងពិនិត្យផ្ទៃពោះបានត្រឹមត្រូវអាចឱ្យអ្នកម្ដាយដឹងនូវសញ្ញា គ្រោះថ្នាក់ផ្សេងៗបាន។ គប្បីសម្រាលកូននៅមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ នោះអ្នកម្ដាយដែលមានសញ្ញាគ្រោះថ្នាក់នៅ ពេលសម្រាល និងទារក ពិតជាត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply