ជម្ងឺអំបៅអំបែកត្រចៀកត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកជាជម្ងឺសាមញ្ញមួយប្រភេទ។ ទោះបីជាកើតមានជម្ងឺនេះ ហើយក៏មិនសូវជាយកចិត្ដទុកដាក់ក្នុងការព្យាបាលប៉ុន្មានដែរ។ តាមពិតទៅជម្ងឺនេះ ជាជម្ងឺដែលមិនគួរនឹងមើលស្រាលទ្បើយ បើ លោកអ្នកធ្វេសប្រហែសក្នុងការព្យាបាលនោះ ប្រាកដជាមានគ្រោះថ្នាក់មិនខានទេ។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីជម្ងឺអំបៅអំបែកត្រចៀកតាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិ ត ប្រាក់ ស៊ីថា ជាប្រធានផ្នែកជម្ងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង។
អំបៅអំបែក ជាអ្វី?
អំបៅអំបែកជាពាក្យហៅធម្មតារបស់ប្រជាពលរដ្ឋសាមញ្ញ ដែលគ្រូពេទ្យហៅតាមពាក្យបច្ចេកទេសថាជម្ងឺរលាកត្រចៀក ។ អំបៅអំបែកជាជម្ងឺរលាកភ្នាសមុយកឺ(ស្បែកស្ដើងគ្របពីលើ)របស់ត្រចៀកផ្នែកកណ្ដាល។ ការរលាកនៃត្រចៀកខាងក្រៅ ក៏អាច រីករាលដាលដល់ត្រចៀកខាងក្នុងដែរ។ សត្រូវដែលធំបំផុតរបស់ជម្ងឺនេះ គឺទឹកមិនស្អាត។ ជម្ងឺនេះច្រើនកើតនៅរដូវវស្សាដែលមានអា កាសធាតុត្រជាក់ និងច្រើនកើតលើអ្នកកើតផ្ដាសាយ។ ជម្ងឺអំបៅអំបែកចែកចេញជាពីរប្រភេទ គឺជម្ងឺអំបៅអំបែកស្រួចស្រាវ និងជម្ងឺ អំបៅអំបែករ៉ាំរ៉ៃ។ ជម្ងឺអំបៅអំបែកនេះអាចជាជម្ងឺឆ្លងដែរ តែវាមិនអាចឆ្លងតាមរយៈខ្យល់អាកាសទេ គឺវាអាចឆ្លងបានតាមរយៈការ ប៉ះពាល់ខ្ទុះរបស់អ្នកជម្ងឺតែប៉ុណ្ណោះ។
មូលហេតុជម្ងឺអំបៅអំបែក
មានមូលហេតុពីរដែលនាំឱ្យកើតជម្ងឺអំបៅអំបែក ៖
- មូលហេតុទីមួយ ៖ ការឆ្លងគឺបណ្ដាលមកពីការមិនមានអនាម័យត្រចៀកឱ្យបានត្រឹមត្រូវ ដែលជាហេតុនាំឱ្យបាក់តេរី អាចចូលមករំខាននៅក្នុងត្រចៀកបាន។ ជាពិសេសតាមរយៈទឹកមិនស្អាតចូលត្រចៀក ការដាច់រលាត់ត្រចៀកដោយសារការខ្វារនឹង ឧបករណ៍មិនស្អាត ដែលនាំឱ្យរលាកត្រចៀក។
- មូលហេតុទីពីរ ៖ គឺបណ្ដាលមកពីការរលាកច្រមុះ និងបំពង់ក ដែលភាគច្រើនកើតនៅលើក្មេងដែលមានអាយុចាប់ពី៦ខែ រហូតដល់៦ឆ្នាំ។
រោគសញ្ញាជម្ងឺអំបៅអំបែក
រោគសញ្ញាអាស្រ័យទៅតាមកម្រិតរបស់ជម្ងឺ។ មានតែគ្រូពេទ្យទេ ដែលអាចកំណត់នូវកម្រិតនេះបាន។
1. អំបៅអំបែកស្រួចស្រាវ ៖ ថ្ងៃដំបូងនៅពេលមានបាក់តេរីចូលក្នុងត្រចៀក អ្នកជម្ងឺនឹងមានអាការក្ដៅខ្លួន អាចក្ដៅខ្លាំង (ចំពោះក្មេងតូច) តែក្ដៅខ្លួនតិចតួច(ករណីមនុស្សធំ) ឈឺក្បាល អស់កម្លាំង ហឹងត្រចៀក និងឈឺត្រចៀក។ បើមេរោគចូលរយៈពេល ចាប់ពី៣ថ្ងៃឡើងទៅ យើងនឹងឃើញមានខ្ទុះហូរចេញពីត្រចៀកមកខាងក្រៅ។ កម្រិតនេះច្រើនកើតញឹកញាប់ទៅលើក្មេងអាយុចាប់ ពី២ទៅ៣ឆ្នាំ។ មនុស្សចាស់កម្រឃើញមានកើតជម្ងឺនេះ ក៏ព្រោះពួកគាត់យល់ដឹងពីរបៀបនៃការថែទាំអនាម័យត្រចៀក។
2. អំបៅអំបែករ៉ាំរ៉ៃ ៖ ជាទូទៅអ្នកជម្ងឺច្រើនមានអាការ ដូចជាឈឺក្បាល ហូរខ្ទុះចេញពីត្រចៀករយៈពេលយូរញឹកញាប់ ឬ ក៏ហូរមិនឈប់ជាដើម។ លក្ខណៈបែបនេះបញ្ជាក់ថាមានដាច់ក្រដាសត្រចៀកហើយ។ ជម្ងឺអំបៅអំបែករ៉ាំរ៉ៃចែកជាពីរករណីទៀត គឺ ករណីសាមញ្ញ និងករណីធ្ងន់ធ្ងរ
- ករណីរ៉ាំរ៉ៃសាមញ្ញ ៖ គេអាចសម្គាល់បានតាមរយៈការហិតក្លិននៃខ្ទុះដែលហូរចេញមកក្រៅ។ បើវាធុំក្លិនឆ្អាប ល្មម ឬធម្មតា គឺវាកំពុងស្ថិតនៅក្នុងលក្ខខ័ណ្ឌរ៉ាំរ៉ៃសាមញ្ញនេះហើយ វាអាចងាយនឹងព្យាបាល និងមិនសូវជាធ្ងន់ធ្ងរទេ។
- ករណីរ៉ាំរ៉ៃធ្ងន់ធ្ងរ ៖ វាអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់បាន បើសិនជាវាបានរាលដាលឈានដល់ខួរក្បាល។ ចំ ពោះខ្ទុះដែលហូរចេញមកខាងក្រៅ គឺវាធុំក្លិនស្អុយខ្លាំង។ វិធានការណ៍ការពារនៅដំណាក់កាលនេះ គឺមិនត្រូវឱ្យទឹកមិន ស្អាតចូលត្រចៀកជាដាច់ខាត ករណីនេះអាចវិវឌ្ឍន៍ទៅជាជម្ងឺរលាកស្រោមខួរក្បាលបាន និងមិនងាយនឹងព្យាបាលបានទេ តែត្រូវការវះកាត់ជាបន្ទាន់។
ការព្យាបាលជម្ងឺអំបៅអំបែក
ជាធម្មតា ការរលាកកើតឡើងក្នុងរយៈពេលមួយឆាប់។ ចំពោះការព្យាបាលមិនសូវឈានទៅដល់ការវះកាត់ទេ ភាគច្រើន គេព្យាបាលដោយប្រើថ្នាំតែប៉ុណ្ណោះ។ បើករណីក្មេងមានអាយុលើសពី៣ខែ ការព្យាបាលមិនត្រូវប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយូទិក ភ្លាមទេ គេច្រើនព្យាបាលដោយការប្រើប្រាស់ថ្នាំធម្មតា ដូចជាបំបាត់ការឈឺចាប់ជាដើមសិន មុននឹងពិនិត្យទៅលើខ្ទុះ។ ជួនកាលការ ព្យាបាលត្រូវធ្វើទ្បើងទៅតាមរោគសញ្ញាផ្សេងៗរបស់ជម្ងឺ។
ចៀសវាងការប្រើថ្នាំផ្សះដែលអាចនាំឱ្យដុះផ្សិតត្រចៀក ឬជម្ងឺរ៉ាំរ៉ៃផ្សេងៗទៀត។ បើមានការប្រើប្រាស់ថ្នាំផ្សះ លុះត្រាតែ មានការតាមដាននូវប្រសិទ្ធភាពនៃការព្យាបាលដោយថ្នាំធម្មតាចាប់ពី៤៨ទៅ៧២ម៉ោង។ គេក៏អាចបូមខ្ទុះយកទៅពិនិត្យ ឬក៏ចោះ ក្រដាសត្រចៀកតែម្ដង ដើម្បីបូមខ្ទុះយកមកពិនិត្យមើល។
ដើម្បីឱ្យដឹងប្រាកដថាមេរោគបានរាលដាលឈានទៅយាយីដល់ខួរក្បាលហើយឬនៅ នោះត្រូវការថត ឬឆ្លុះដោយកាំរស្មី ឬ ស្កែននែ។ អាការខាងក្រៅ ដូចជាឈឺក្បាលខ្លាំងជាដើម វាក៏អាចទាមទាររហូតដល់ធ្វើការវះកាត់ដែរ។
ប្រការគួរប្រតិបត្ដិ
ត្រូវជូតសម្អាតត្រចៀកឱ្យមានអនាម័យជានិច្ច បន្ទាប់ពីមានទឹកមិនស្អាតចូលត្រចៀក និងមិនត្រូវយករបស់ដែលមិនស្អាត ទៅរុកត្បាល ឬខ្វារត្រចៀកលេងទេ។ ត្រូវប្រញាប់ទៅព្យាបាលភ្លាម ករណីមានការហូរខ្ទុះចេញពីត្រចៀក និងឈឺត្រចៀក។ បើចង់ យកអាចម៍ត្រចៀកចេញ គួរធ្វើតែពេលណាដែលអាចម៍ត្រចៀកមានការរំខានខ្លាំងដល់ការស្ដាប់របស់យើងប៉ុណ្ណោះ។ តាមធម្មតាអាច ម៍ត្រចៀកអាចធ្លាក់ចេញមកក្រៅដោយឯកឯងពេលដែលមានអាចម៍ត្រចៀកច្រើន។ ជាងនេះទៅទៀត អាចម៍ត្រចៀកមានប្រយោជន៍អាចជួយថែរក្សាឱ្យត្រចៀកស្ងួត។ វាជាករណីធម្មតាទេ ដែលអាចម៍ត្រចៀកខ្លះរឹង ខ្លះទន់ វាមិនមែនជាអាការនៃជម្ងឺទេ។
ដំបូន្មានអ្នកជំនាញ
សូមទទួលនូវការព្យាបាលជាមួយនឹងអ្នកជំនាញឱ្យបានទាន់ពេលវេលា ប្រសិនបើលោកអ្នកយល់ថាត្រចៀករបស់អ្នកឈឺ ឬ មានបញ្ហាផ្សេងៗទៀត។ ពិសេសការព្យាបាលដោយថ្នាំ ដែលមិនមានការពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុន គួរតែចៀសវាង ព្រោះ ការដែលប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវនាំឱ្យលោកអ្នកខាតបង់ថវិកាឥតប្រយោជន៍ និងរិតតែធ្វើឱ្យលោកអ្នកមានអាការជម្ងឺធ្ងន់ធ្ងរទៅ វិញទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply