ផ្ដាសាយធម្មតា និងផ្ដាសាយធំ ជាជម្ងឺ២ដាច់ដោយឡែកពីគ្នា ដែលប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់រូបតែងតែច្រឡំគ្នា។ ជម្ងឺ ទាំងពីរនេះបង្កឡើងដោយវីរុស ដែលស្ថិតនៅក្នុងក្រុមផ្សេងគ្នា និងមានការស្ដែងចេញជារោគសញ្ញាផ្សេងគ្នា។ នៅលេខមុន ទស្សនាវដ្ដីសុខភាពយើង បានលើកយកមកជម្រាបជូនអំពីជម្ងឺគ្រុនផ្ដាសាយធំរួចមកហើយ។ នៅលេខនេះ សូមលើកយកជម្ងឺផ្ដាសាយធម្មតា មកជម្រាបជូនលោកអ្នកអានវិញម្ដង។
ផ្ដាសាយធម្មតា ជាអ្វី?
ផ្ដាសាយធម្មតា ឬផ្ដាសាយតូច គឺជាជម្ងឺបង្កឱ្យមានការរលាកភ្នាសមុយកឺនៅនឹងច្រមុះ និងបំពង់ក ដែលបង្កជាការហូរ ហៀរសំបោរ ស្លេស ឬកំហាក ជាអាទិជាការរលាកសាច់ច្រមុះបង្កឡើងដោយមេរោគវីរុស។ មានប្រភេទវីរុសប្រមាណជាជាង២០០ ប្រភេទដែលបង្កជម្ងឺផ្ដាសាយធម្មតានេះ។ ករណីកើតលើមនុស្សពេញវ័យប្រមាណជា៤០%បណ្ដាលមកពីវីរុសឈ្មោះរីណូវីរុស។ ជាទូ ទៅជម្ងឺផ្ដាសាយធម្មតា ឬផ្ដាសាយតូច មានរោគសញ្ញាស្រាលៗ មិនធ្ងន់ធ្ងរដូចករណីជម្ងឺគ្រុនផ្ដាសាយធំឡើយ។ វាអាចជាសះស្បើយ វិញដោយឯកឯងពី៤ទៅ៥ថ្ងៃ រោគសញ្ញាទាំងអស់បាត់អស់កម្រលើសពី១សប្ដាហ៍ណាស់ ហើយមានករណីកម្របំផុត ដែលអាចអូស បន្លាយរហូតដល់២សប្ដាហ៍។
ស្ថានភាពរាតត្បាតផ្ដាសាយធម្មតា
ជម្ងឺផ្ដាសាយធម្មតា ដែលបណ្ដាលមកពីវីរុសប្រមាណជាជាង២០០ប្រភេទនេះ ដែលគេស្គាល់ច្បាស់ជាងគេជាមេរោគរីណូវី រុសនេះ ច្រើនតែកើតឡើងនៅរដូវត្រជាក់ រដូវភ្លៀង និងរដូវលំហើយ។ ការរាលដាលកើតឡើងជាពិសេសនៅលើទីកន្លែង ឬតំបន់ ដែលមានមនុស្សនៅជុំគ្នា ឬកកកុញច្រើន ជាពិសេសនៅតាមទីប្រជុំជន ទីផ្សារ សាលារៀន កន្លែងធ្វើការជាដើម។
ទោះបីជាផ្ដាសាយធម្មតាត្រូវបានអះអាងដោយគ្រូពេទ្យព្យាបាលថាជាជម្ងឺស្រាលកើតឡើងក្នុងរយៈពេលខ្លី ហើយជាសះ ស្បើយវិញដោយឯកឯងក៏ដោយ ក៏អ្នកកើតជម្ងឺនេះនៅតែពិបាកក្នុងការទៅធ្វើការងារដូចធម្មតា។ តាមការប៉ាន់ស្មាន មានសិស្សចំនួន ៣០%ដែលកើតជម្ងឺនេះមិនអាចទៅសាលារៀនបាន។ ហើយអ្នកធ្វើការងារក៏បាត់បង់កម្លាំងពលកម្មដល់ទៅ៤០%ដោយសារជម្ងឺផ្ដា សាយនេះដែរ។
ជាមធ្យម មនុស្សពេញវ័យម្នាក់អាចឆ្លងផ្ដាសាយនេះពី១ទៅ៣ដងក្នុង១ឆ្នាំ ជាញឹកញាប់បំផុតកើតនៅរដូវត្រជាក់។ ចំពោះ ទារកទើបនឹងកើត កើតផ្ដាសាយនេះចំនួន៨ដងក្នុង១ឆ្នាំ ដោយសារប្រព័ន្ធការពារមិនទាន់គ្រប់លក្ខណៈការពារបាន។ ចំពោះកុមារចាប់ ចូលសាលារៀនពីអាយុ៥ទៅ៧ឆ្នាំ កើតជម្ងឺផ្ដាសាយនេះជាមធ្យម៧ដងក្នុង១ឆ្នាំ។
មូលហេតុបង្កផ្ដាសាយធម្មតា
ផ្ដាសាយធម្មតាជាជម្ងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយ បង្កឡើងដោយមេរោគជាវីរុសជាង២០០ប្រភេទ។ ភាគច្រើនបង្កឡើងដោយវីរុសឈ្មោះរីណូវីរុស ដែលជាទូទៅបង្ករោគនៅច្រមុះ និងបំពង់ក។
នៅក្នុងតំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់ ឬច្រមុះរបស់អ្នកជម្ងឺផ្ដាសាយ ពេលក្អក ឬកណ្ដាស់ អាចគ្រប់គ្រាន់ហើយ សម្រាប់ការចម្លងវីរុសផ្ដាសាយនេះ។ ការចាប់ដៃគ្នា ក៏អាចជារបៀបចម្លងវីរុសដែរ។ ដោយសារមេរោគវីរុសផ្ដាសាយអាចរស់បាន ច្រើនម៉ោងនៅក្នុងខ្យល់អាកាស ឬលើវត្ថុអ្វីមួយ ជាហេតុនាំឱ្យយើងអាចឆ្លងរោគផ្ដាសាយ ដោយគ្រាន់តែប៉ះ ឬកាន់របស់របរដែល អ្នកជម្ងឺផ្ដាសាយទើបតែប៉ះ ឬកាន់រួច ដូចជាបង្កាន់ដៃជណ្ដើរ ឬទ្វារ កាន់ទូរស័ព្ទនិយាយជាដើម។ វីរុសផ្ដាសាយអាចចូលទៅក្នុងខ្លួន ពេលវាសដៃលើភ្នែក ឬលើច្រមុះ។
ទាក់ទងនឹងពាក្យនិយាយតៗគ្នា ឬពាក្យចចាមអារាមពាក់ព័ន្ធនឹងជម្ងឺផ្ដាសាយមួយចំនួន ដូចជាការឆ្លងផ្ដាសាយដោយធាតុ ត្រជាក់ ពិតជាមិនសូវត្រឹមត្រូវទេ។ ព្រោះថាយើងមិនអាចឆ្លងផ្ដាសាយដោយសារតែប៉ះធាតុត្រជាក់នោះទេ។ ប៉ុន្ដែតាមពិត គឺដោយ សារការបម្រែបម្រួលអាកាសធាតុ ក្ដៅត្រជាក់ ត្រជាក់ក្ដៅឯណោះទេ ដែលអាចបង្កការហៀរសំបោរ ដែលអនុគ្រោះដល់ការឆ្លងមេ រោគវីរុសផ្ដាសាយ។ ជាអាទិដូចជាអ្នកដែលធ្វើការងារក្នុងម៉ាស៊ីនត្រជាក់ ពេលចេញមកក្រៅអាកាសធាតុក្ដៅ ពេលចូលកន្លែងធ្វើការ ងារអាកាសធាតុត្រជាក់ ពួកគាត់ងាយកើតផ្ដាសាយណាស់។
រោគសញ្ញាជម្ងឺផ្ដាសាយធម្មតា
វីរុសផ្ដាសាយអាចបង្កការរុករានទៅលើជាលិកា ឬស្រទាប់ស្បែកដែលនៅក្នុងមាត់ នៅបំពង់ក និងនៅច្រមុះ។ ភ្នាសស្បែក ដែលរងការរុករាននោះ ក្លាយទៅជារលាក ហើម ឬប៉ោង ពេលនោះហើយរោគសញ្ញាផ្ដាសាយធម្មតាបានចាប់លេចមុខឡើង។ ជាទូ ទៅរោគសញ្ញាចាប់ផ្ដើមកើតមាន ក្រោយពីឆ្លងមេរោគរយៈពេលពី១ទៅ៣ថ្ងៃ។ រោគសញ្ញាទាំងនោះនឹងបាត់ខ្លួនទៅវិញនៅថ្ងៃទី៧ ប៉ុន្ដែការវិវឌ្ឍន៍របស់រោគសញ្ញាមានសណ្ឋានជាក់លាក់។
- បំពង់កស្ងួត រមាស់ ឬឈឺ
- ហៀរសំបោរ ឬតឹងច្រមុះ
- កណ្ដាស់ ជាពិសេសដោយសារការតឹងច្រមុះ
- ឈឺក្បាល
- ឈឺត្រចៀក (ច្រើនតែកើតនៅលើកុមារ)
- ក្ដៅខ្លួន និងព្រឺខ្លួនស្រៀវស្រាញ់ (ច្រើនតែកើតនៅលើកុមារជាងលើមនុស្សពេញវ័យ)
- ក្អកស្ងួត ពេលទើបនឹងចាប់ផ្ដើមកើត។ បន្ទាប់មកអាចក្អកមានស្លេស និងកំហាក។
តារាងប្រៀបធៀបរោគសញ្ញាផ្ដាសាយធម្មតានិងផ្ដាសាយធំ
រោគសញ្ញា |
ផ្ដាសាយធម្មតា |
ផ្ដាសាយធំ |
គ្រុនឬក្ដៅខ្លួន | កម្រកើតមាន | ក្ដៅខ្លាំងពី៣៨ដល់៤១អង្សារសេរយៈពេល៣ ទៅ៤ថ្ងៃ |
ឈឺក្បាល | កម្រកើតមាន | ពេញក្បាលរាលទៅកន្លែងដទៃ |
ឈឺខ្លួនប្រាណ | ស្រាល | ល្មមជួនកាលធ្ងន់ធ្ងរ |
អស់កម្លាំង | ស្រាល | អូសបន្លាយពី២ទៅ៣សប្ដាហ៍ |
អស់កម្លាំងខ្លាំង | មិនដែលកើតមាន | ឆាប់កើតមាននិងខ្លាំងក្លា |
តឹងច្រមុះ | កើតញឹកញាប់ | កម្រកើតមាន |
កណ្ដាស់ | ល្មម | កម្រកើតមាន |
ឈឺបំពង់ក | កើតញឹកញាប់ | កម្រកើតមាន |
មិនស្រួលក្នុងទ្រូងឬក្អក | ស្រាលឬល្មមក្អកញាប់តែតិចៗ | កើតញឹកញាប់ |
ផលវិបាកជម្ងឺផ្ដាសាយធម្មតា
ជម្ងឺផ្ដាសាយអាចបន្ថែមទម្ងន់ឱ្យជម្ងឺដទៃទៀតរិតតែធ្ងន់ធ្ងរ ជាអាទិជម្ងឺហឺត។ រហូតមកដល់សព្វថ្ងៃនេះ អ្នកឯកទេសមិន ទាន់ដឹងច្បាស់ថាតើការអស់កម្លាំង ការតានតឹងចិត្ដ ឬស្ដ្រេស្ស ការទទួលទានបាយមិនបាន ឬសុខភាពមិនល្អ បង្កបង្កើតការកើតជម្ងឺផ្ដា សាយញឹកញាប់នោះទេ។ ប៉ុន្ដែកត្ដាទាំងនោះអាចជាអ្នកធ្វើឱ្យរោគសញ្ញាផ្ដាសាយរិតតែធ្ងន់ធ្ងរ។ ជាពិសេសមនុស្សវ័យចាស់ជរា ពេល មានផ្ដាសាយ ឬជម្ងឺបង្កដោយមេរោគផ្ដាសាយ មានសភាពបែបធ្ងន់ធ្ងរ។
មេរោគវីរុសផ្ដាសាយអាចបង្កជម្ងឺនៅលើផ្នែកផ្សេងៗទៀតនៃសព៌ាង្គកាយ។ ជាឧទាហរណ៍ អាចកើតនៅលើភ្នែកធ្វើឱ្យឈឺ ភ្នែកក្រហម ឬហៅថារលាកភ្នែកកម្រិតស្រាល។ ជម្ងឺឈឺភ្នែកក្រហមនេះច្រើនតែកើតនៅលើកុមារ ដោយសារពួកគេយកដៃទៅ ញើសសំបោរ ឬប៉ះច្រមុះ បន្ទាប់មកយកដៃទៅជូតភ្នែក នាំឱ្យឆ្លងមេរោគ។
ប្រការត្រូវធ្វើពេលមានផ្ដាសាយធម្មតា
- សូមប្រើថ្នាំបន្ធូរតឹងច្រមុះ ៖ ថ្នាំបាញ់ច្រមុះមានប្រសិទ្ធភាពតែរយៈពេលខ្លីតែប៉ុណ្ណោះ។ ការប្រើប្រាស់យូរលើសពី៦ថ្ងៃ អាចបង្កការរលាក និងរាំងស្ទះភ្នាសមុយកឺច្រមុះទៅវិញទេ ជាលទ្ធផលរលាកច្រមុះដោយថ្នាំ(តឹងច្រមុះរ៉ាំរ៉ៃ)។ ថ្នាំបន្ធូរតឹងច្រមុះនេះ អាចមានសណ្ឋានជាគ្រាប់ ឬជាទឹកស៊ីរ៉ូ។ ក្រៅពីថ្នាំទាំងនេះ លោកអ្នកអាចសាកល្បងវិធីផ្សេងៗទៀតនៅឯផ្ទះ ដូចជាងូតទឹកក្ដៅយូរ ដកដង្ហើមស្រូបយកចំហាយទឹកពុះ ពិសាភេសជ្ជៈក្ដៅៗជាដើម ព្រោះថាសំនើមជួយបន្ធូរផ្លូវដង្ហើមបាន។
- សូមជ្រើសរើសថ្នាំទឹកស៊ីរ៉ូត្រឹមត្រូវ ៖ ថ្នាំស៊ីរ៉ូភាគច្រើនផ្សំឡើងដោយជាតិថ្នាំពីរយ៉ាង ដូចជារំលាយស្លេសនិងបន្ធូរតឹង ច្រមុះ បន្ធូរតឹងច្រមុះនិងប្រឆាំងក្អកជាដើម។ ប្រសិទ្ធភាពរបស់វាជាទូទៅមានកម្រិតកំណត់។ ប្រសើរបំផុត សូមជ្រើសរើសថ្នាំទឹក ស៊ីរ៉ូដែលមានសកម្មភាពព្យាបាលតែមួយមុខ សម្រាប់បំបាត់រោគសញ្ញាដែលរំខានលោកអ្នកជាងគេ មានដូចជាថ្នាំប្រឆាំងក្អកសម្រាប់ ក្អក ថ្នាំបន្ធូរតឹងច្រមុះសម្រាប់ពេលតឹងច្រមុះជាដើម។ បើលោកអ្នកមានការរារែកមិនសូវច្បាស់ សូមសាកសួរយោបល់ ឬប្រឹក្សា ជាមួយគ្រូពេទ្យព្យាបាល ឬឱសថការី។
- សូមពិសាថ្នាំព្យាបាល ៖ ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំអាស្ពីរីន ឬថ្នាំអ៊ីប៊ុយប្រូហ្វែន មានប្រសិទ្ធភាពបំបាត់អាការឈឺក្បាល ឈឺ បំពង់ក ឈឺចុកសាច់ដុំ និងបញ្ចុះកម្ដៅខ្លួន។ សូមប្រយ័ត្នផងដែរចំពោះកុមារ ថ្នាំអាស្ពីរីន និងថ្នាំដែលមានជាតិអាស្ពីរីន បង្កើនគ្រោះ ថ្នាក់បង្កវិបត្ដិសរសៃប្រសាទធ្ងន់ធ្ងរ(ជម្ងឺរ៉ាំរ៉ៃ)។ ដូច្នេះ សូមព្យាយាមប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល ទើបប្រសើរជាង។
- សូមសម្រាកកាយឱ្យបានគ្រប់គ្រាន់ ៖ ប្រសិនបើអាច សូមលោកអ្នកឈប់សម្រាកពីការងារឱ្យបាន៣ ឬ៤ថ្ងៃ និងទទួល ទានដំណេកផង នោះលោកអ្នកនឹងមានសុខភាពល្អឡើងវិញ ព្រមទាំងអាចបញ្ចៀសបានការឆ្លងទៅអ្នកដទៃ។
- សូមពិសាទឹកឱ្យបានគ្រប់គ្រាន់ ៖ ភេសជ្ជៈ ឬវត្ថុរាវដែលទទួលទានអាចជួយពង្រាវសារធាតុបញ្ចេញរបស់ច្រមុះ(ទឹកច្រ មុះ សំបោរ) ប្រយោជន៍ងាយស្រួលក្នុងការជម្រុះក្រមរកករឹងចេញ។ ម្យ៉ាងទៀតវាអាចជួយបង្ការការខ្វះជាតិទឹកក្នុងខ្លួនដែលបណ្ដាល មកពីគ្រុនក្ដៅ។
- សូមបន្ដបរិភោគតិចតួច ៖ ពេលលោកអ្នកមានផ្ដាសាយ មិនប្រាកដថាលោកអ្នកនៅឃ្លានអាហារ អាចទទួលទានបាយ បានច្រើននោះទេ។ ទោះបីបែបណាក៏លោកអ្នកត្រូវតែខំទទួលទានចំណីអាហារខ្លះដែរ ដូចជាស៊ុប បបរ ផ្លែកចេកជាដើម ព្រមទាំង ចំណីអាហារដែលលោកអ្នកចូលចិត្ដ និងងាយលេបផ្សេងៗទៀត។
- សូមថែរក្សាខ្លួនប្រាណ ៖ ពេលមានផ្ដាសាយ មនុស្សហាក់ដូចជាត្រូវការការថ្នាក់ថ្នម និងការថែទាំខ្លួន។ សូមរកថ្នាំបៀម យកមកជញ្ជក់ដើម្បីសម្រាលការឈឺបំពង់ក សន្ធឹងសម្រាករាងកាយដោយកំដៅថ្ម ទឹក ឬខ្នើយ ឈ្លីច្របាច់ខ្លួនប្រាណជាមួយនឹងប្រេង ថ្នាំ(ប្រេងលាបឱ្យស្រួលខ្លួន) ត្រាំប្រអប់ជើងក្នុងទឹកក្ដៅ ដេកកល់ក្បាលឱ្យខ្ពស់ប្រយោជន៍ដកដង្ហើមបានល្អ ព្រមទាំងធ្វើសរសៃ ឬម៉ា ស្សាខ្លួនជាដើម។ ការប្រព្រឹត្ដិទាំងនេះ អាចជួយសម្រាលអាការរោគ និងរួមចំណែកដល់ការឆាប់ជាសះស្បើយនៃជម្ងឺបានខ្លះដែរ។
- សូមថែទាំច្រមុះ ៖ ការខំញើសសំបោរខ្លាំងពេក អាចធ្វើឱ្យខូច ឬបំផ្លាញច្រមុះ។ សូមបន្សើមជាតិទឹក ជាពិសេសក្រេប ជាតិទឹក ឬថ្នាំវ៉ាសឺលីន។
- សូមធ្វើឱ្យបន្ទប់ដេកមានសំណើមក្ដៅ ៖ សំណើមកំដៅក្នុងបន្ទប់ដេក ជួយបង្អន់ការក្អក ឈឺបំពង់ក និងការតឹងច្រមុះ។ ការអនុវត្ដបែបនេះមិនត្រូវបានហាមឃាត់ជាផ្លូវការទេ។ ប៉ុន្ដែតោងឱ្យដឹងថាមានការជជែកជំទាស់គ្នាជាច្រើននៅក្នុងវិស័យវេជ្ជសាស្ដ្រ ទាក់ទងនឹងបញ្ហានេះ ដោយសារថាមិនទាន់មានការស្រាវជ្រាវអះអាងអំពីប្រសិទ្ធភាពរបស់វា។ ការបន្សើមនេះមិនត្រូវឱ្យលើសពី ៤០%ឡើយ។
- សូមខ្ពុរមាត់ជាមួយទឹកអំបិល ៖ សូមដាក់អំបិល៥មីលីលីត្រ(ប្រហែល២ស្លាបព្រាបាយ) លាយជាមួយទឹកក្ដៅកន្លះ លីត្រ។ ការខ្ពុលមាត់ជាមួយនឹងល្បាយអំបិលដែលមានកំហាត់អាស៊ីបាស ប្រហាក់ប្រហែលនឹងសព៌ាង្គកាយនេះ អាចជួយបំបាត់ អាការឈឺបំពង់ក និងជួយលាងជម្រះសំណល់សារធាតុរាវផ្សេងទៀត។ ប៉ុន្ដែមិនត្រូវលេបទឹកអំបិលនេះទេ ព្រោះវាមានជាតិអំបិល ច្រើនណាស់។
- សូមការពារខ្លួនកុំឱ្យឆ្លងទៅអ្នកដទៃ ៖ ដោយសារថាលោកអ្នកដែលមានផ្ដាសាយអាចចម្លងទៅអ្នកដទៃទៀត សូម លោកអ្នកលាងដៃសម្អាតឱ្យបានញឹកញាប់ និងមិនត្រូវទទួលទានទឹក ប្រើកែវរួមជាមួយអ្នកដទៃទេ។ ដូច្នេះត្រូវកុំចូលក្នុងចំណោម មនុស្សកកកុញ និងថើបអ្នកដទៃឱ្យសោះ។ ម្យ៉ាងទៀត លោកអ្នកអាចជ្រើសរើសយកការពាក់ម៉ាសឃ្លុំមុខ និងច្រមុះ។
ពេលណាត្រូវទៅជួបជាមួយគ្រូពេទ្យព្យាបាល?
- កាលបើផ្ដាសាយធម្មតាអូសបន្លាយលើសពី៧ថ្ងៃ។ ប្រសិនបើលោកអ្នកជាបុគ្គលដែលមានសុខភាពមិនមាំមួនប្រឈម គ្រោះថ្នាក់ សូមទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យ ក្រោយពីឈឺក្នុងរយៈពេល៤៨ម៉ោង
- ប្រសិនបើរោគសញ្ញាផ្ដាសាយធម្មតានេះ រិតតែធ្ងន់ធ្ងរឡើង
- ប្រសិនបើលោកអ្នកមានអារម្មណ៍ថា មានការឈឺចាប់ចុកនៅក្នុងដើមទ្រូង
- ប្រសិនបើកំហាកដែលលោកអ្នកខាកចេញមកមានពណ៌បៃតងខ្ចី។
ការពិនិត្យជម្ងឺ និងរោគវិនិច្ឆ័យ
អ្នកជម្ងឺខ្លួនឯងជួនកាលក៏អាចធ្វើរោគវិនិច្ឆ័យផ្ដាសាយធម្មតាបានដោយខ្លួនឯងខ្លះដែរ ព្រោះវាជាករណីកើតមានញឹកញាប់។ ទោះបីជាអ្នកខ្លះគិតថាមានជម្ងឺគ្រុនផ្ដាសាយធំ ដោយគ្រាន់តែខ្លួនមានផ្ដាសាយធម្មតារាងធ្វើទុក្ខបុកម្នេញបន្ដិចតែប៉ុណ្ណោះ។ តាមពិត ងាយស្រួលក្នុងការវិនិច្ឆ័យទេ ដោយគ្រាន់តែដឹងថាគ្រុនផ្ដាសាយធំមានសីតុណ្ហភាពក្ដៅខ្លួនខ្លាំង និងឈឺចាប់ពេញខ្លួនប្រាណ ប៉ុន្ដែមិន មានអាការរោគតឹងច្រមុះ និងហៀរសំបោរនោះទេ។ ម្យ៉ាងទៀតក៏មិនត្រូវច្រឡំផ្ដាសាយធម្មតាជាមួយនឹងជម្ងឺផ្សេងទៀត ដូចជា រលាកបំពង់កដោយមេរោគស្ដ្រឹបតូកូក ឬជម្ងឺបង្កដោយបាក់តេរីផ្សេងទៀត កើតនៅក្នុងទ្រូងដូចជារលាកសួតជាដើមនោះឡើយ។ ដូច្នេះកុំបណ្ដែតបណ្ដោយខ្លួនលោកអ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យព្យាបាល បើសង្ស័យថាអាចមានសភាពធ្ងន់ធ្ងរ។
លោកគ្រូពេទ្យព្យាបាលនឹងចាប់ធ្វើការពិនិត្យសព៌ាង្គកាយ ដើម្បីត្រួតពិនិត្យឱ្យដឹងថាតើជាករណីផ្ដាសាយបង្កផលវិបាកឬ ទេ។ ជួនកាលមានការលំបាកក្នុងការវែកញែករវាងផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ តែដោយផ្អែកលើរោគសញ្ញា និងការវិភាគ វេជ្ជសាស្ដ្រ គ្រូពេទ្យព្យាបាលពិតជាអាចសន្និដ្ឋាន និងវិនិច្ឆ័យបានថាជាផ្ដាសាយធម្មតាបានយ៉ាងរហ័ស។
ការព្យាបាលផ្ដាសាយធម្មតា
រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានមធ្យោបាយសម្លាប់មេរោគវីរុសដែលបង្កជម្ងឺផ្ដាសាយធម្មតាឡើយ។ អ្នកជម្ងឺមួយ ចំនួនសុំឱ្យគ្រូពេទ្យព្យាបាលផ្ដល់ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយូទិក ប៉ុន្ដែថ្នាំទាំងនេះមិនមានប្រសិទ្ធភាពទាល់តែសោះ សូម្បីបន្ដិចក៏គ្មានដែរ ប្រឆាំងនឹងពួកវីរុស។ ថ្នាំអង់ទីប៊ីយូទិកពិតជាមានសារៈសំខាន់ ក្នុងករណីផ្ដាសាយធម្មតាមានលាយឡំការបង្ករោគដោយពួកមេរោគ បាក់តេរី។ ទោះបីជាគ្មានថ្នាំសម្លាប់វីរុសផ្ដាសាយធម្មតា ក៏មានមធ្យោបាយផ្សំផ្គុំព្យាបាលដោយថ្នាំផ្សេងទៀតជាច្រើន ដើម្បីព្យាបាល រោគសញ្ញាផ្ដាសាយធម្មតាបានផងដែរ។
ក្រៅពីការព្យាបាលដោយថ្នាំ ជម្ងឺផ្ដាសាយធម្មតាត្រូវព្យាបាលដោយការសម្រាកកាយ ទទួលទានជាតិទឹកឱ្យបានច្រើន និង ទទួលទានថ្នាំបញ្ចុះកំដៅ ដូចជាអាស៊ីតអាសេទីលសាលីស៊ីឡិក ប៉ារ៉ាសេតាម៉ុល អិប៊ុយប្រូហ្វែន អាសេតាមីណូហ្វែនជាដើម បើក្នុង ករណីក្ដៅខ្លួន។ ចំពោះកុមារ និងជំទង់ដែលមានជម្ងឺផ្ដាសាយធម្មតា មិនត្រូវលេបថ្នាំដែលមានជាតិអាស្ពីរីនឡើយ។ ប្រការសំខាន់មុន នឹងប្រើប្រាស់ថ្នាំបញ្ចុះកំដៅ ត្រូវពិគ្រោះជាមួយគ្រូពេទ្យព្យាបាល វេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន។
ដើម្បីមានប្រសិទ្ធភាព ដរាបណាការព្យាបាលឆាប់ធ្វើឡើង ជាពិសេស៤៨ម៉ោងក្រោយចេញរោគសញ្ញា។ ប្រសិនបើផល វិបាកផ្សេងៗបានកើតមានឡើង ដូចជារលាកទងសួត រលាកសួត រលាកច្រមុះ រលាកត្រចៀកជាដើម គ្រូពេទ្យព្យាបាលត្រូវឱ្យថ្នាំអង់ទីប៊ីយ៉ូទិកបន្ថែម ព្រោះថាពួកមេរោគបាក់តេរីជាអ្នកបង្កផលវិបាកទាំងនេះ។
វិធីបង្ការផ្ដាសាយធម្មតា
មធ្យោបាយបង្ការប្រសើរបំផុតទប់ទល់នឹងជម្ងឺផ្ដាសាយធម្មតា គឺធ្លាប់កើតជម្ងឺនេះតែម្ដង។ អ្នកដែលធ្លាប់កើតផ្ដាសាយ ធម្មតាដោយមេរោគប្រភេទណាហើយ អាចស៊ាំទប់ទល់លែងកើតផ្ដាសាយប្រភេទនោះបានប៉ុន្មានខែដែរ។ ប៉ុន្ដែអ្វីដែលជាអកុសល នោះ វីរុសផ្ដាសាយងាយបំលែងខ្លួនខ្លាំងណាស់ ជាពិសេសពេលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលអាចបង្កផ្ដាសាយធម្មតាប្រភេទ ផ្សេងទៀត។ មធ្យោបាយប្រសើរបំផុតម្យ៉ាងទៀត ដើម្បីបញ្ចៀសការឆ្លងផ្ដាសាយធម្មតា គឺត្រូវស្ថិតនៅឱ្យឆ្ងាយពីអ្នកកើតផ្ដាសាយ។ ហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះការប៉ះ ឬកាន់របស់របរប្រើប្រាស់របស់អ្នកជម្ងឺ និងដែលអ្នកជម្ងឺអាចកណ្ដាស់ដាក់ ដូច្នេះសូម ឧស្សាហ៍លាងដៃ ដើម្បីកាត់ផ្ដាច់ការឆ្លង។ ម្យ៉ាងទៀតការហាត់ប្រាណជាប្រចាំ ការសម្រាកគ្រប់គ្រាន់ និងការបរិភោគត្រឹមត្រូវ អាច ជាបច្ច័យមួយជួយសាព៌ាង្គកាយឱ្យមានប្រព័ន្ធការពារ អាចទប់ទល់នឹងវីរុសដែលបង្កផ្ដាសាយបាន។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply