ពាន់​ ភួងបុប្ផា​ ៖​ គ្រួសារ​ជាសាលាទី១​របស់កូន

បច្ចុប្បន្ន​ស្ដ្រីភាគ​ច្រើនចូលរួម​បម្រើ​ការងារ​ក្នុងសង្គម ផ្ទុយពី​សម័យមុន​ដែលតែងតែ​ពោលថា​ស្ដ្រីបង្វិល​ចង្ក្រាន​មិនជុំ។ ជាក់ស្ដែង​ស្ដ្រី​រឹងមាំ​មួយរូប​ដែលលេច​ធ្លោក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺលោកស្រី​ ពាន់ ភួងបុបា្ផ ត្រូវបាន​ចាត់ទុកថា​ជាស្ដ្រី​ដែលមាន​ជោគជ័យក្នុង អាជីព​របស់ខ្លួន។ ទន្ទឹមនឹង​ភាព​ជោគជ័យនេះ តើលោកស្រី​មានភាព​ជោគជ័យ​ក្នុងជីវិត​ក្រុមគ្រួសារ​របស់លោកស្រី​ឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាមួយ​ទំព័រយុវវ័យ​របស់​ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកបទ​ពិសោធន៍ខ្លះៗ​របស់លោកស្រី​ក្នុងការរៀប​ចំគ្រួសារ និងការ​អប់រំកូនៗ​របស់លោក​ស្រីតាមរយៈ​កិច្ចសម្ភាសន៍​ផ្ទាល់ជាមួយ​លោកស្រីពាន់ ភួងបុប្ផា​តែម្ដង។

ស្ថានភាព​គ្រួសារ

លោកស្រីពាន់ ភួងបុបា្ផ រៀបការ​ចំនួន២ដង មានបុត្រា​បុត្រី​ចំនួន៤នាក់។ លោកស្រី​រៀបការ​លើកទីមួយ​នៅពេល​លោកស្រី មានអាយុ​១៥ឆ្នាំជាមួយ​លោកពុធ ចាន់រស្មី។ ស្វាមី​លោកស្រី​ទទួលមរណ​ភាពក្នុង​សម័យប៉ុលពត​ដោយបាន​បន្សល់ទុក​នូវកូន​ស្រីពីរ នាក់ គឺឈ្មោះពុធ មរកត​(រៀបការរួច) និងឈ្មោះពុធ ចិត្រា​(រៀបការរួច)។ លោកស្រី​បានរៀបការ​ជាលើកទីពីរ​នៅឆ្នាំ១៩៨៣​ជា មួយលោក​ទូច ប៊ុនជួន ហើយមានកូន​ស្រីម្នាក់​ឈ្មោះទូច ភួងនិមល​(នៅលីវ) និងកូនប្រុស​ម្នាក់ឈ្មោះ​ទូច ភួងវីរៈ​(រៀបការ​រួចទៅរស់ នៅសហរដ្ឋ​អាមេរិក)។ បច្ចុប្បន្ន​លោកស្រី​មានចៅ​ចំនួន៤នាក់។

ការអប់រំកូន

លោកស្រី​មានវិធីសាស្ដ្រ​ច្បាស់លាស់ និងម៉ឺងម៉ាត់​ណាស់សម្រាប់​ការអប់រំ​កូនៗ ចាប់តាំង​ពីពួកគេ​នៅតូច​រហូត​ពេញវ័យ។ ទោះបី​ជាលោកស្រី​មិនមាន​ពេលវេលា​ច្រើននៅ​ជិតកូន ដោយសារ​លោកស្រី​មានតួនាទី​ជាអ្នករក​ប្រាក់ចំណូល​សម្រាប់​គ្រួសារ។

  • ពេលកូន​នៅតូច ក្នុងពេល​កូននៅតូច លោកស្រី​មិនសូវ​មានការ​រវល់ដូច​ពេលនេះទេ ម្ល៉ោះហើយ​លោកស្រី​តែងតែព្យា យាមពន្យល់​កូនបន្ដិចម្ដងៗ​ពីអំពី​ទង្វើគួរ ឬមិនគួរ​ប្រព្រឹត្ដ​ទៅតាម​កម្រិតដែល​គួរតែដឹង​របស់កូន។ ភាគច្រើន លោកស្រី​ជ្រើសរើស យកពេល​ទទួលទាន​អាហារ​សម្រាប់​និយាយ និងពន្យល់​ប្រាប់កូន​ពីបញ្ហា​ផ្សេងៗ ឬក៏បក​ស្រាយចម្ងល់​របស់កូន។
  • ការនិយាយ​ប្រដៅកូន លោកស្រី​គិតថា​លោកស្រី​មិនចាំ​និយាយ​ប្រដៅកូន​ច្រើន​ពេកទេ គឺប្រើវិធី​ធ្វើជាគំរូ​ដល់កូន ដូច ជាពេល​លោកស្រី​ចង់ឱ្យ​កូនធ្វើ​អ្វីមួយ លោកស្រី​តែងតែ​ទៅធ្វើ​កិច្ចការ​មុនកូន នោះកូន​នឹងរៀនតាម​អ្វីដែល​លោកស្រី​បានធ្វើ។ ត្រង់ ចំណុចនេះ​លោកស្រី​ចង់បញ្ជាក់ថា​គ្រួសារជា​សាលាទីមួយ​របស់កូន។ ប៉ុន្ដែប្រការ​នេះអាច​ជោគជ័យ​ទៅបាន​អាស្រ័យទៅ​ចិត្ដគំនិតចង់ ចេះចង់ដឹង​របស់កូន​ផ្ទាល់តែម្ដង។ មានកូនខ្លះ ទោះបី​ម្ដាយព្យាយាម​ធ្វើបង្ហាញ​យ៉ាងណា ក៏មិនរវល់ និងធ្វើ​តាមដែរ ពេលនោះ​អ្នក ម្ដាយចាំបាច់​ត្រូវតែប្រើ និងបង្ហាត់កូន​តែម្ដង។ ជួនកាល​ទោះជាខំ​បង្ហាត់បង្រៀន​យ៉ាងណា ក៏មិនអាច​ឱ្យកូននោះ​ក្លាយទៅជា​មនុស្សល្អ បានដែរ។ លោកស្រី​បានបន្ថែម​ថាបរិស្ថាន​ជុំវិញក៏មាន​ចំណែកប្រែក្លាយ​កូនៗរបស់​លោកស្រី​ក្លាយទៅជា​មនុស្សងាយ​ប្រដៅដែរ។ ព្រោះលោកស្រី​មានផ្ទះ​នៅជាយ​ក្រុងជា​ប្រភេទផ្ទះ​ដាច់ដោយ​ទ្បែក ម្ល៉ោះហើយ​ទើបកូន​លោកស្រី​មិនអាច​ទទួលឥទ្ធិពល​ពីបរិយាកាស ខាងក្រៅ។ ម្យ៉ាងទៀត ប្រហែលជា​ដោយសារ​តែលោកស្រី​តែងតែ​រៀបចំ​ទុកដាក់​អ្វីដែលកូន​ត្រូវការ​ចំាបាច់​សម្រាប់​ប្រើប្រាស់​ក្នុងការ សិក្សា ក៏ដូចជា​ការកម្សាន្ដ​ផ្សេងៗ ជាហេតុផល​មួយទាក់ទាញ​កូនមិនឱ្យ​ចេញទៅរក​ការកម្សាន្ដ​ក្រៅផ្ទះបាន។ លោកស្រី​តែងតែម៉ឺង ម៉ាត់ជានិច្ច​ចំពោះកូន និងជ្រើសយក​ការកំណត់​ពេលវេលា​ចំពោះកិច្ចការ​ផ្សេងៗដែល​ដាក់ឱ្យកូន​បំពេញ។ ការមាន​វិន័យនេះ​ហើយ ទើបកូនៗ​របស់លោកស្រី​ក្លាយជាអ្នក​ដែលមាន​របៀប​រៀបរយ​ជានិច្ច។

ការផ្ដល់សេរីភាព​ដល់កូន

ចំពោះ​បញ្ហាសេរីភាព លោកស្រី​កម្រនឹង​បើកទូលាយ​សេរីភាពដល់​កូនណាស់ លើកលែង​តែសេរីភាព​នោះទាក់ទង​នឹងការ សិក្សា។ បញ្ហានេះ​ត្រូវបាន​លោកស្រី​យល់ថា​ការផ្ដល់សេរីភាព​ខ្លាំងពេក អាចជួយ​ជំរុញកូនឱ្យ​ធ្លាក់ក្នុងអំពើ​ឧបាយមុខ​ផ្សេងៗ តាមរយៈ ការអូសទាញ​ផ្សេងៗ។ ការដើរ​កម្សាន្ដផ្សេងៗ លោកស្រី​ព្យាយាម​មិនបណ្ដោយ​ឱ្យកូនទៅ​ស្រេចនឹង​ចិត្ដនោះទេ បើចង់ទៅ​ត្រូវរងចាំ ដល់ឱកាស​ទៅជា​លក្ខណៈ​គ្រួសារ។ ទោះបីជា​កូនអង្វរ ឬក៏យំស្រែក​បែបណា​ក៏ដោយ លោកស្រី​យល់ថានេះ​ជាគន្លឹះក្នុង​ការគ្រប់គ្រង សេរីភាព​របស់កូន​ដើម្បីឱ្យ​កូនក្លាយទៅ​ជាបុគ្គលដែល​មានរបៀប​រៀបរយ​ក្នុងការ​ដើរហើរ។ ជាទូទៅ គ្រួសារ​លោកស្រី​តែងតែចេញ ទៅកម្សាន្ដ​នៅបរទេស ឬតំបន់​រមណីយដ្ឋាន​ផ្សេងៗ គ្រាន់តែ​មិនញឹកញាប់​ប៉ុណ្ណោះ ព្រោះសមាជិក​ក្នុងគ្រួសារ​ម្នាក់ៗ សុទ្ធតែ​រវល់ក្នុង ការងារ និងការ​រៀនសូត្រ។

ការទុកដាក់កូនឱ្យ​មានគូស្រករ

លោកស្រី​មានប្រសាសន៍​ថាលោកស្រី​ជាម្ដាយមាន​សំណាងមួយ​រូបក្នុង​រឿងនេះ ព្រោះកូន​របស់លោកស្រី​មិនបាន​ធ្វើឱ្យ លោកស្រីខក​ចិត្ដទ្បើយ។ ទាំងនេះ​ប្រហែល​ជាដោយសារ​តែលោកស្រី​បានផ្ដល់ការ​សិក្សាដល់កូន​បានច្រើន​គួរសម ទើបការ​សិក្សាក្លាយ ជាទុន​ក្នុងការ​ពិចារណាពី​រឿងគូជីវិត​ឱ្យបាន​សមប្រកប។ កូនស្រី​ច្បងទាំងពីរ​មានកម្រិត​វប្បធម៌​ត្រឹមបាក់ឌុប ចំណែកឯកូន​ស្រីប្រុស បន្ទាប់​កម្រិត​បរិញ្ញាប្រ័ត។ លោកស្រី​មិនដែល​រារាំង​កូនណាម្នាក់​ក្នុងការ​សេពគប់​មិត្ដភក្ដិទេ គ្រាន់តែ​លោកស្រី​មានសំណូមពរ​ចំពោះ កូន ក៏ដូចជា​ពន្យល់ហេតុផល​ផ្សេងៗដែល​អាចកើតនៅ​ពេលសេពគប់​មិត្ដមិនល្អ។

បណ្ដាំ​ផ្ញើ

នៅចុង​បញ្ចប់នេះ លោកស្រី​បានផ្ដាំផ្ញើរ​ដល់ស្ដ្រីជា​ម្ដាយទាំងអស់​ថាថ្វីត្បិតតែ​ម្ដាយគ្រប់​រូបតែងតែ​ស្រឡាញ់ មានព្រហ្មវិហា រធម៌​ចំពោះកូន ប៉ុន្ដែយ៉ាងណា​កុំឱ្យការ​ស្រឡាញ់​នោះ បានទទួល​លទ្ធផល​មកវិញ ជាការឈឺចាប់​ឱ្យសោះ។ សូមព្យាយាម​បំពេញ​អ្វីទៅ ឱ្យកូន តាមការ​យល់ថា​ត្រឹមត្រូវ និងសមស្រប​ជាមួយ​អាយុកាល​របស់កូន។ សូមព្យាយាម​ធ្វើជាគំរូ​ល្អដល់កូន។

រួមសេចក្ដី​មកវិញ អ្វីដែល​បានជម្រាប​ជូនខាង​លើនេះ ជាបទពិសោធន៍​ផ្ទាល់ខ្លួន​របស់លោក​ស្រីពាន់ ភួងបុបា្ផ​ក្នុងការ​អប់រំកូន ។ ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថា​បទពិសោធន៍​នេះនឹងក្លាយ​ទៅជាជំនួយ​ដល់ការ​អប់រំកូន​របស់អ្នកម្ដាយ​សម័យថ្មីនេះ។ សូម ជ្រើសរើស​យកអ្វីដែល​លោកអ្នកយល់​ថាត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *