សមាធិធ្វើ​ឱ្យចិត្ដ​ស្ងប់

កំហឹងជាទី​ប្រឹក្សា​ដ៏អាក្រក់ ដែលនាំ​ឱ្យការ​ប្រព្រឹត្ដ​មិនបាន​ត្រឹមត្រូវ។ ការ​គ្រប់គ្រង​ខ្លួនឯង​ជាការ​លំបាក​បំផុត និងមិន​ងាយនឹងធ្វើ​បាន។ ពាក្យគតិ​លោក​និយាយថា​បើសិន​ជាមនុស្ស​គ្រប់រូប​ដឹងថា​ខ្លួនឯង​កំពុង​គិតអ្វី ឬធ្វើអ្វី​នោះ ពិភពលោក​ពិតជា​សន្ដិភាព ហើយ។ មនុស្ស​ធម្មតា​មិនងាយ​គ្រប់គ្រង​ការគិត ឬអំពើ​របស់ខ្លួន​បានទាំង​ស្រុងឡើយ។ តែមាន​វិធី​ជាច្រើន​ដើម្បី​កាត់បន្ថយ​នូវកំហឹង ឬអារម្មណ៍​ខ្វល់ខ្វាយ​ទាំងឡាយ ដូចជា​ការសមាធិ ការលេងកីឡា ការធ្វើ​ដំណើរ​កម្សាន្ដ​ជាដើម។ សម្រាប់​ការធ្វើ​សមាធិ ខ្មែរយើង មានរបៀប​ធ្វើផ្ទាល់​ខ្លួនតាំង​ពីបុរាណ​កាល​មកម្ល៉េះ ឯនៅលើ​ពិភពលោក មានការ​សមាធិ​បែប​យូហ្គា បែបសកល និងបែប​វប្បធម៌ របស់​ប្រទេស​នីមួយៗ​ទៀតផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកនូវ​ការ​សមាធិ​បែប​សកល​ជាលក្ខណៈ​ងាយៗ​ដែលអាច​ជួយរម្ងាប់ សេចក្ដីក្រោធ និងតម្រង់​ផ្លូវមក​រក​ការគិត និងប្រព្រឹត្ដ​ឱ្យបាន​ត្រឹមត្រូវ ឬផ្លូវ​វិជ្ជមាន តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ព្រឹទ្ធាចារ្យ​ឆេង ផុន ។

សមាធិ ជាអ្វី?

សមាធិ គឺជាការ​តម្កល់ចិត្ដ​ឱ្យស្ថិត​នៅក្នុង​អារម្មណ៍​តែមួយ ដើម្បីឱ្យ​បានសេចក្ដីសុខ​ស្ងប់ដោយ​វៀរចាក​សេចក្ដី​ត្រេកត្រអាល ទាំងឡាយ វានាំ​ឱ្យមាន​សេចក្ដី​សុខកាយ ត្រជាក់ចិត្ដ។ ពេល​ពិចារណា​ពីអារម្មណ៍​មួយដែល​ឆ្ពោះទៅ​រកការ​សមាធិចិត្ដ ដែលកើត​ចេញ ពីការ​ភាវនា​នូវអ្វី​ដែល​អរូបីយ៍ វាត្រូវ​បានគេ​អនុវត្ដក្នុង​គោលបំណង​ផ្សេងគ្នា ឬអនុវត្ដ​ផ្សេងគ្នា​តែមាន​គោលដៅ​មួយដូចគ្នា គឺដើម្បី​ពិចារណា​ខ្លួនឯង​រកហេតុ​ផលផ្សេងៗ និងរម្ងាប់ចិត្ដ។ សមាធិ​សំដៅ​ទៅ​ត្រឹមចិត្ដ ឯវិបស្សនា​សំដៅទៅ​លើបញ្ញា។

របៀបធ្វើ​សមាធិ

សមាធិមាន​ច្រើនយ៉ាង ដូចជា​យូហ្គា សមាធិបែប​ព្រហ្មញ្ញ បែប​ព្រះពុទ្ធ បែបភូមា បែបខ្មែរ​បច្ចុប្បន្ន​ជាដើម តែវិធី​ធ្វើខុស គ្នាបន្ដិចៗ។ សមាធិ​ត្រូវធ្វើ​ត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ បើហួសនាំ​ឱ្យជាប់​ដៃជើង ចង្កេះ​ជាដើម។ ការ​សមាធិ​គប្បីធ្វើ​នៅទីកន្លែង​ដែល ស្ងប់ស្ងាត់ ធំទូលាយ មានខ្យល់​អាកាស និងបរិយាកាស​ល្អ មិនមាន​ការរំខាន​ផ្សេងៗ។ គប្បី​ផ្ដាច់ចេញ​ឱ្យអស់​នូវការ​គិត​ខ្វល់ខ្វាយ និង កង្វល់ផ្សេងៗ​ដែលនាំ​ឱ្យចិត្ដ​កម្រើក ដើម្បី​ការពារ​កុំឱ្យមាន​ក្ដីអន្ដរាយ​ដល់គុណធម៌​របស់ខ្លួន មុននឹង​ចូលទៅ​ធ្វើការ​ចម្រើន​កម្មដ្ឋាន។ ការសមាធិ​អនុវត្ដបាន​នៅគ្រប់វ័យ ក្មេងអាយុ៦ឆ្នាំ​ក៏អាច​ចូលរួម​ធ្វើសមាធិ​បានដែរ តែគេ​ធ្វើរបៀប​លេង ហើយពួក​គេនឹង​ចូលទៅ ក្នុងការ​សមាធិ​ដោយ​ខ្លួនឯង អាចគូសវាស​ពួកគេ​ឱ្យចូល​ទៅក្នុង​ការសមាធិ បន្ទាប់ពី​សមាធិ​រយៈពេល​១៥នាទី។ ជាគោល​ការណ៍នៃ ការធ្វើ​សមាធិសកល សូមកុំ​ឱ្យគិត​អ្វីទាំងអស់​ពេលធ្វើ​សមាធិ ដោយគិត​តែពីខ្យល់​ដង្ហើម​ចេញចូល ហើយរក្សា​ឥរិយាបថ​ដូចព្រះពុទ្ធអង្គ ជាកាយ​វិការ​ជើងស្ដាំ​ដាក់លើ​ជើងឆ្វេង ឬជើងឆ្វេង​ដាក់លើ​ជើងស្ដាំ បន់ជើង ឬពែនផ្នែន។ ពេលធ្វើ​សមាធិ មិនកម្រើក មិន និយាយ​អ្វីទាំងអស់ មិនមើល​មុខគ្នា ឱនមុខ​ចុះបន្ដិច ព្យាយាម​មិនគិត​អ្វីទាំងអស់ គិតត្រឹមតែ​ខ្យល់​ដង្ហើម​ចូលត្រជាក់ ចេញក្ដៅ ច្រមុះ ខាងឆ្វេង​ចូលខ្យល់​ច្រើនជាង​ខាងស្ដាំ ឬខាងឆ្វេង​ខ្យល់ចូលច្រើន​ជាងខាងស្ដាំ ដង្ហើមចូល​ខ្លះវែង ខ្លី ច្រមុះ​ឆ្វេងធូរ ឬតឹងជាង​ស្ដាំ ដោយ នឹកក្នុងចិត្ដ ជារួម​គឺពិនិត្យ​ដង្ហើមចូល-ចេញ វែង-ខ្លី ច្រមុះធូរ-តឹងជាង។ នៅក្នុង​បច្ចេកទេសនេះ មានការ​តឹងរឹង​បន្ដិច ដូចជា​រក្សាខ្លួន តាម​ឥរិយាបថ​របស់​ព្រះពុទ្ធអង្គ ខ្លួនត្រង់បន្ដិច ឱនមុខបន្ដិច មិនគិតអ្វី ត្រូវតែ​ធ្វើដោយ​ស្ម័គ្រចិត្ដ មិនត្រូវ​កម្រើក ត្រជាក់-ក្ដៅមិនថ្ងូរ។ មិនចាំបាច់​មានសម្លៀក​បំពាក់​ល្អពេកទេ សម្លៀកបំពាក់​ធម្មតា​ក៏អាច​ធ្វើបានដែរ។ ការសមាធិ​អាចធ្វើ​បន្ទាប់ពី​ទំនេរ​ពីការងារ សូមអនុ វត្ដចាប់​ពី១៥នាទី​ដល់មួយម៉ោង​ក្នុងមួយថ្ងៃ វាជាការ​ប្រពៃ​បំផុត​សម្រាប់​អ្នកហាត់​ដើម្បីសុខភាព។ តាមទ្រឹស្ដី ចំណង់ជា​ហេតុដែលនាំ ឱ្យកើតទុក្ខ បង្កើតដោយ​ខ្លួនឯង​មានភ្នែក​(មើលឃើញអ្វីល្អ ហើយចង់បាន) ច្រមុះ​(ចង់ហិតតែ​ក្លិនក្រអូប) អណ្ដាត​(ចង់ទទួលតែរស ជាតិឆ្ងាញ់) ត្រចៀក​(ឮអ្វីមិនល្អ​នាំឱ្យក្រោធ) និងកាយវិញ្ញាណ​(ចង់ប៉ះអ្វីដែល​ទន់មិនគ្រាត)។ ការសមាធិ​បំបាត់​ចំណង់​ពិបាក​ប្រតិបត្ដិ ណាស់ដោយ​មានបម្រាម ដូចជា​ហាមមិន​ឱ្យខឹង មិនឱ្យ​និយាយ​កុហក ឬត្រគោះ​បោះបោក ជេរ ឬប្រមាថ។ មិនខឹង​នោះមាន​ចិត្ដស្ងប់ ហើយ។ បើចិត្ដមាន​ការកម្រើក គឺមិនមាន​ការស្ងប់ទេ។ បើចិត្ដ​ស្ងប់នាំ​ឱ្យបញ្ញា​លូតលាស់ បើខឹង​បញ្ញា​មិនលូត។ ការបំបាត់​ចំណង់ទេ ដែលនាំឱ្យ​មានការ​ស្ងប់ចិត្ដ។

ផលប្រយោជន៍​នៃការ​ធ្វើសមាធិ

នៅពេល​ដែលលោកអ្នក​មានការ​តានតឹងចិត្ដ ការធ្វើ​សមាធិ​មានប្រយោជន៍​ច្រើនដល់​ការបន្ថយ​ភាពតានតឹង និងនាំឱ្យការ ត្រិះរិះ ឬសញ្ជឹង​គិត​ពិចារណា​ប្រព្រឹត្ដទៅ​បានល្អ។ ការសមាធិ​មួយរយៈ លោកអ្នក​នឹងអាចមើល​ឃើញពី​ខ្លួនឯង និងអ្នកដទៃ​បានយ៉ាង ច្បាស់លាស់​តាមរយៈ​ការពិចារណា​យ៉ាង​ស្ងប់ស្ងាត់។ សមាធិ​អាចកាត់​បន្ថយកំហឹង ចិត្ដលោភ និងសេចក្ដី​កង្វល់​ទាំងឡាយ នាំឱ្យមាន ការគិត​ដ៏ប្រពៃ មានចិត្ដនឹងនរ ឬចិត្ដស្ងប់។ ចិត្ដស្ងប់ គឺពេលគេ​បន្ទោស​ក៏មិនខឹង គេជេរ​ក៏មិនខឹង អាចជា​គុណសម្បត្ដិ​ដ៏ប្រពៃ​របស់ការ ធ្វើសមាធិ។ សមាធិ​ជាកញ្ចក់​សម្រាប់​ឆ្លុះចិត្ដ តាំងចិត្ដ​ឱ្យនឹង ទប់កំហឹង​ឱ្យបានល្អ នាំឱ្យ​ស្រឡះចិត្ដ រម្ងាប់ចិត្ដ រម្ងាប់អារម្មណ៍​ឆេវឆាវ ជាដើម។ ការសមាធិ​អាចបង្កើន​វិជ្ជាដែល​គេសំដៅ​ទៅលើការ​រៀនសូត្រ ការត្រិះរិះ ព្រោះវាជួយ​ឱ្យបង្រួម​នូវឥរិយាបថ អាចប្រមូល នូវការគិត និងអាចគិត​បានល្អ។ មានសមាធិ មានការគិត​ដោយត្រឹមត្រូវ​មិនងាយខុស។ ការ​សមាធិ​រយៈពេល​យូរ ឬដល់​កម្រិតមួយ នឹងនាំឱ្យ​ចម្រើនដល់​វិបស្សនា យល់ច្បាស់ថា​នាមរូប មានកាយ ចិត្ដ វិញ្ញាណ ដែលមានរូប វេទនា សង្ខារ គឺជារបស់​មិនទៀង ទុក្ខ អនត្ដា។ នេះមិនបាន​រៀបរាប់​ដល់​អត្ថប្រយោជន៍​ផ្នែកសិល្ប៍សាស្ដ្រ​អរូបិយ៍ ដែលជឿថា​អាចមើល​ដឹងពីអតីត ឬអនាគត អាចប្រើ កម្លាំងចិត្ដ​បញ្ជាមនុស្ស ឬរបស់របរ​ជាដើម ដែលត្រូវការ​អនុវត្ដ​ទ្រឹស្ដី​ច្រើនទៀត​ទៅតាម​ផ្នែកនីមួយៗ​ដែលអ្នក​ប្រាថ្នា។ បើអត្ថាធិប្បាយ​ដល់កម្រិត​ចិត្ដស្ងប់ ឬចិត្ដបរិសុទ្ធ គឺមិនងាយ​រកមានទេ ព្រោះត្រូវ​ការពេល​វេលាយូរ និងការលះបង់​ច្រើន។ ការជម្រះចិត្ដ មិន ឱ្យមានការ​លោភលន់ ការត្រេកត្រអាល ចិត្ដច្រណែន ចិត្ដឈ្នានីស និងការខឹង វានាំឱ្យស្ងប់ ។ គេមិនអាច​បំភ្លឺបាន​ដោយងាយទេ​អំពី ផលប្រយោជន៍​ដ៏មហិមា​ពីការ​ធ្វើសមាធិនេះ។ ការកាន់ចិត្ដ​ឱ្យនឹង វានាំឱ្យ​ស្រឡះ​មិនសាង​អំពើបាប។ មានសមាធិ​នាំឱ្យ​ទប់ចិត្ដ​បានមិន ងាយខឹង មានមេត្ដា យល់ឃើញថា​មានខ្លួន​បរិសុទ្ធល្អ។ អវិជ្ជា​នាំឱ្យ​កើតហេតុ បើកម្ចាត់​វាមិន​អស់ទេ នាំឱ្យកើត​ហិង្សា។ ចិត្ដនឹងនរ អាច​ស្គាល់ច្បាស់​ពីចិត្ដ​ខ្លួនឯង ចិត្ដអ្នកដទៃ អ្វីជាទុក្ខ គ្មានអ្វី​ជារបស់​អមតៈទេ កុំសប្បាយ កុំអរ។ បើមិន​កម្ចាត់វាទេ មិនងាយ​មាន បញ្ញា ឬចិត្ដ​ស្ងប់ទេ។ ជារួម សមាធិ ឬវិបស្សនាគឺ​ជាការរៀន​អំពីខ្លួនឯង ឆ្លុះចិត្ដ​ខ្លួនឯង។ គ្មានសេចក្ដីសុខ​ឯណាដែល​ស្មើនឹង​សេចក្ដី​ស្ងប់ទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​នៃការ​ធ្វើសមាធិ

ជាទូទៅ​ការសមាធិ​គួរអនុវត្ដ​ត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ វាល្អបំផុត​សម្រាប់អ្នក​ដែលរៀន​សមាធិ​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នៅក្នុងចិត្ដ ឬដើម្បី​សុខភាពចិត្ដ។ ករណីអង្គុយ​ធ្វើសមាធិ​យូរអាច​បង្កការ​ជាប់ចង្កេះ ស្ពឹកខ្នង ឬដៃជើង​ជាដើម។ ការ ធ្វើសមាធិ​ត្រូវអនុវត្ដ​ដោយការ​រក្សាចិត្ដស្ងប់ បើចិត្ដ​មិននឹង បញ្ញាមិន​លូតទេ មានចិត្ដ​ហើយទើប​អាចឈាន​ដល់មាន​បញ្ញាដែល​អាច ឈ្នះអវិជ្ជា។ ចិត្ដកម្រើក​ហើយ ធ្វើចិត្ដក៏​មិនស្ងប់ដែរ។ ដូច្នេះការ​កម្រើកចិត្ដ​នាំឱ្យការ​សមាធិ​មិនបាន​ទទួលផល ហើយអាច​ខាតបង់ ថែមទៀត។ បើមាន​ចិត្ដខឹង គឺទោសៈ ច្រណែន វានាំឱ្យ​កើតហេតុ​ផ្សេងៗ មកពីមិន​អាចគ្រប់គ្រង​ចិត្ដខ្លួន​ឯងបាន។

ដំបូន្មានអ្នក​ប្រឹក្សា

សូមចូលរួម​នៅក្នុងការ​សមាធិ​ឱ្យបានច្រើន ដែលអាច​ជាប្រយោជន៍​ដល់សង្គម ចៀសវាង​អំពើ​អសីលធម៌ ដូចជា​ឪពុករំលោភកូន បងសម្លាប់ប្អូន​ជាដើម ដែលទាំងនេះ​ជាប្រតិកម្ម​ដែលនាំមក​ពីចិត្ដរំខាន។ បើមាន​សមាធិ​អាចគ្រប់គ្រង​ចិត្ដគាត់ គាត់នឹងយល់ ភ្លាមថាការ​គិតនេះ​វាខុស។ សមាធិ​ជាថាមពល​ដែលជួយ​ឱ្យការ​ប្រព្រឹត្ដ​បានល្អ ទប់ចិត្ដ​គាត់មិន​ឱ្យមាន​ប្រតិកម្ម​ដោយចិត្ដ​វិទ្យា ដូចជាគេ ជេរ មិនប្រកាន់ខឹង​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *