កម្ពុជាអាច​ព្យាបាល​មហារីក​សុដន់ដោយ​កាំរស្មី

នៅពេល​ដែលឮ​សូរថា​ជម្ងឺមហារីក យើង​តែងតែ​ខ្លាចរអា ហើយគិត​ថាមិន​អាច​ព្យាបាល​ជាសះស្បើយ​ទេ។ ជាការ​ពិតណាស់ ជម្ងឺមហារីក​ជាជម្ងឺ​កាច​សាហាវ។ ប្រសិន​បើធ្វើ​ការព្យាបាល​មិនទាន់​ពេល​វេលា​​​ទេ អ្នកជម្ងឺ​មហារីក​អាចមាន​គ្រោះថ្នាក់​ដល់ជីវិតបាន យ៉ាងណា​ម៉ិញ​ជម្ងឺ​មហារីក​សុដន់​ក៏ដូចគ្នាដែរ។ បច្ចុប្បន្ន​នេះជម្ងឺ​មហារីក​សុដន់​ក៏ជាជម្ងឺ​មួយយាយី​ជីវិត​មនុស្សគួរ​ឱ្យព្រួយបារម្ភ វាកើតមាននៅ​លើស្ដ្រី​វ័យចំណាស់ ហើយក៏​កើតមាន​នៅលើ​ស្ដ្រីវ័យ​ក្មេងផងដែរ។ មានមធ្យោបាយ​វេជ្ជសាស្ដ្រ​អាចព្យាបាល​ជម្ងឺមហា រីកសុដន់ ជាពិសេស​ដោយម៉ាស៊ីន​កាំរស្មី អាចព្យាបាល​ជាសះស្បើយ​បានប្រហែល​៩០%។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែក​ព្យាបាល​ជម្ងឺមហារីក នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត បានឱ្យដឹង​ថាមគ្គុទេសក៍ នៃការព្យាបាល​ជម្ងឺមហារីកសុដន់​នៅប្រទេស​កម្ពុជា ក៏ដូចនៅ​បណ្តាប្រទេស​ជឿនលឿន​ដទៃទៀតដែរ។ អ្វីដែល​គេអាច​ធ្វើបាន នៅ ប្រទេសយើង​ក៏អាចធ្វើ​បានដូចគ្នា។ កាលពីមុន នៅពេល​ឮថា​ជម្ងឺមហារីក យើងគិតថា​មិនអាច​ព្យាបាល​ជាទេ ហើយគ្រូពេទ្យ​ខ្លះក៏នៅ តែប្រកាន់​ទស្សនៈ​នេះដែរ។ នៅ​ប្រទេសកម្ពុជា បានតម្លើង​ម៉ាស៊ីន​ព្យាបាល​ជម្ងឺមហារីក​ដោយកាំរស្មី​នៅក្នុង​ឆ្នាំ២០០៣ នៅមន្ទីរពេទ្យ មិត្តភាព​ខ្មែរសូវៀត។

ការព្យាបាល​ដោយ​កាំរស្មី

ម៉ាស៊ីន​កាំរស្មី​អាចព្យាបាល​ជម្ងឺមហារីក​ដែលមាន​នៅលើ​ខ្លួនមនុស្ស​លើសពី​៩៥% លើកលែង​តែជម្ងឺ​មហារីក​ឈាម និងមហារីក​ខ្លះទៀត ដែលមិន​ចាំបាច់​ព្យាបាល​ដោយកាំរស្មី។ តាំងពីឆ្នាំ​២០០៣មក មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត​បានទទួល​ការ​ព្យាបាលអ្នក ជម្ងឺមហារីក​បាន៦០០០នាក់​ហើយ។ ក្នុងមួយថ្ងៃ គ្រូពេទ្យ​ផ្ដល់សេវា​ព្យាបាល​បានពី៦០​ទៅ៧០នាក់។ អត្រានៃ​ការព្យាបាល​អ្នកជម្ងឺជា សះស្បើយ​ប្រហែល​៧៥%។ ជាអាទិ​មហារីកសុដន់​ព្យាបាល​ជាសះស្បើយ​ច្រើនជាងគេ។ ជម្ងឺមហារីក​បីដែលសំខាន់​ក្នុង​យុទ្ធសាស្ដ្រ ប្រឆាំង មានជម្ងឺ​មហារីក​មាត់ស្បូន មហារីកសុដន់ និងមហារីក​នៅក្នុង​ត្រចៀក​បំពង់ក​ច្រមុះ។

ការព្យាបាល​ជម្ងឺមហារីក​សុដន់ត្រូវ​បង់ថ្លៃ ក្នុងតម្លៃ​សមរម្យ​មួយប្រហែល​២០០ដុល្លារ​អាមេរិក។ ការព្យាបាល​ដោយកាំរស្មី មិនធ្វើឱ្យ​កាត់បន្ថយ​អាយុទេ។ កាំរស្មី​ដែលឆ្លងកាត់​ខ្លួនយើង​មិនមាន​គ្រោះថ្នាក់​អ្វីធំដុំទេ។ បច្ចុប្បន្ន ម៉ាស៊ីន​ព្យាបាល​ជម្ងឺ​មហារីកសុដន់ ដោយកាំរស្មី​ទើបតែ​មាននៅមន្ទីរពេទ្យ​មិត្ដភាពខ្មែរសូវៀត​មួយតែប៉ុណ្ណោះ។ នៅឆ្នាំ​ក្រោយនេះ មន្ទីរពេទ្យ​នឹងដាក់​ម៉ាស៊ីនថ្មី​បន្ថែម ចំនួនពីរគ្រឿង​ទៀត ដើម្បីបំពេញ​នូវសេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។ អ្នកជម្ងឺ​ភាគច្រើន​មកពីតាម​បណ្ដាខេត្ដ។

ដំបូន្មានអ្នក​ប្រឹក្សា

សូមស្ដ្រី​ទាំងអស់​យកចិត្ដ​ទុកដាក់់​ចំពោះជម្ងឺ​មហារីកសុដន់។ រៀងរាល់​មួយខែម្ដង ត្រូវពិនិត្យ​សុដន់ដោយ​ខ្លួនឯងថា​តើមាន ដុំអ្វីឬទេ ទោះបី​ជាដុំនោះ​ជាដុំដែល​មានការ​ឈឺចាប់ក្ដី មិនឈឺចាប់ក្ដី គួរតែ​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​លឿនជា​ទីបំផុត។ ព្រោះថា​កាលណា ដុំនៅតូច​មិនឈឺ ព្យាបាល​អស់ថវិកាតិច ហើយ​ជាសះស្បើយ១០០%។ ប្រសិន​បើជម្ងឺ​មហារីក​ឈានដល់​កម្រិតធ្ងន់ គ្រូពេទ្យ​មិនអាច ជួយបានទេ គ្រាន់តែ​ជួយព្យាបាល​សម្រន់ការ​ឈឺចាប់ និងពន្យារ​ជីវិតតែ​ប៉ុណ្ណោះ ហើយអស់​ថវិកាច្រើន​ទៀតផង។

សូមបងប្អូន​ស្ដ្រីចាត់​ទុកមន្ទីរពេទ្យ និងគ្រូពេទ្យ​ជាជម្រើស​ទី១។ មានស្ដ្រី​មួយចំនួន​ធ្វើការ​ជ្រើសរើស​ខុស ដោយទៅផ្លុំ ឬ ស្ដោះ​ដោយឱសថ​បុរាណ​អស់ចិត្ដ រហូត​មហារីកឈាន​ដល់ជំហាន​គ្រោះថ្នាក់​ហើយទើប​មករក​គ្រូពេទ្យ វាយឺតពេល​ហើយមិន​អាចធ្វើ ការព្យាបាល​ឱ្យជាសះស្បើយ​បានឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *