របៀបផាត់​មុខចូលវត្ដ

ចំពោះស្ដ្រី ការផាត់មុខ​ជារឿង​មួយដែល​មិនអាច​ខ្វះបាន។ ប៉ុន្ដែការ​ផាត់មុខ​ត្រូវឱ្យ​សមស្រប​ទៅតាមការ​ចូលចិត្ដ និង​អាស្រ័យ​លើសម្លៀក​បំពាក់ អាកាសធាតុ និងកាលៈ​ទេសៈនៃ​ពិធី​ដែលត្រូវ​ចូលរួម​នោះដែរ។ មិនមែន​គ្រប់ស្ដ្រី​ទាំងអស់ សុទ្ធតែ ដឹង​ពីអាថ៌​កំបាំង​ក្នុងការផាត់​មុខទាំង​នេះទេ។ ថ្វីត្បិត​តែវាជារឿង​ងាយស្រួល តែទាមទារ​ឱ្យមាន​គំនិត​ច្នៃប្រឌិត មិនខុស​ពីជាង គំនូរ​ដែលត្រូវ​ផ្ចិតផ្ចង់ ព្រោះថា​បើផាត់​មុខមិន​ត្រឹមត្រូវ​វាធ្វើឱ្យ​សម្រស់​បាត់បង់​អាក្រក់​លើសដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​ទស្សនាវដ្ដី​សុខភាពយើង លេខ០០២​ខែមីនា​២០០៦ សុភាពនារី​ទាំងអស់​បានជ្រាប​រួចមកហើយ​ពីវិធីតុប​តែង ខ្លួនដើម្បី​ចូលរួម​ក្នុងពិធី​អាពាហ៍ពិពាហ៍ ឬ​រាត្រី​ស្រមោលសរ។ សូមបន្ដ​ជ្រាបជា​មួយយើង​ខ្ញុំនៅ​លេខនេះ ក្រោម​ប្រធានបទ​វិធី ផាត់មុខ​ចូលរួម​ពិធីតាម​បែបប្រពៃណី​សាសនា ដូចជា​បុណ្យ​កឋិនទាន បុណ្យ​បច្ច័យបួន ឬ​បុណ្យផ្កា ជាពិសេស​សម្រាប់​ពិធីបុណ្យ ភ្ជុំបិណ្ឌ​នៅពេល​ខាងមុខនេះ តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់​ហាង​សម្រស់​ភ្នំពេញ។

វិធីផាត់​មុខចូលវត្ដ

1. មុនពេល​ផាត់មុខ ត្រូវយក​សំឡី​ជូតសម្អាត​ផ្ទៃមុខ​ឱ្យស្អាត​ជាមួយ​ទឹកសម្អាត​មុខ ឬ​ទឹកសម្លាប់​មេរោគ​ក៏បាន។

2. យកម្សៅ​ស្អិតលាប​ពីលើ​ផ្ទៃមុខ​ដើម្បីផាត់​ម្សៅផុស​ងាយជាប់ ម្សៅស្អិត​ត្រូវជ្រើសរើស​មើលទៅ​តាមសម្បុរ​ស្បែក មុខ។ សម្បុរ​ស្បែកមុខ​មានដូចជា​ស្បែកលឿង ស្បែកផ្កាឈូក ស្បែក​ក្រហម ស្បែកស​ជាដើម។ ប្រសិនបើ​ផ្ទៃមុខ​មានសម្បុរ​រាងខ្មៅ​ស្រអែម គួរប្រើ​ម្សៅពណ៌​ផ្កាឈូក​ស្រាល។ ប្រសិន​បើផ្ទៃមុខស គួរប្រើ​ម្សៅពណ៌ស ហើយ​បើផ្ទៃមុខ​សម្បុរលឿង គួរប្រើ ម្សៅពណ៌​លឿងស្រាល។ ម្សៅពណ៌​សូកូឡា គឺសម្រាប់​អ្នកដែល​មានសម្បុរ​ខ្មៅ។

3. បន្ទាប់មក សូមយក​ម្សៅផុសផាត់​លើថ្ពាល់​មានពណ៌​ដូចគ្នា​តម្រូវទៅ​តាមស្បែកមុខ កញ្ចឹងក និងដង​ខ្លួនរបស់នារី ម្នាក់ៗ ដូចជា​ម្សៅស្អិត​ដែរ។

4. ម្សៅពណ៌​ផាត់ត្របក​ភ្នែក ក៏មាន​ពណ៌ដូច​ជាម្សៅផាត់​ថ្ពាល់​ផងដែរ។ មុនដំបូង​ត្រូវលាប​ខ្មៅដៃស្អិត​ពណ៌សលាប ទ្រាប់ភ្នែក​ជាមុនសិន ដើម្បីឱ្យ​ភ្នែកមើល​ទៅមានពន្លឺ។ បន្ទាប់​មកទើប​ជ្រើសរើស​យកម្សៅ​ផាត់ភ្នែក​ឱ្យស៊ីជាមួយ​ពណ៌សម្លៀក បំពាក់​ដែលត្រូវ​ស្លៀក ស៊ីជាមួយ​ក្រឡាហូល ដូចជា​ពណ៌សូកូឡា ពណ៌​ទឹកមាស ពណ៌លឿង​ជាដើម។ ជាឧទាហរណ៍ ស្ដ្រីខ្លះ​ស្លៀក ហូល ឬ​ផាមួងពណ៌​ស្វាយ គាត់ត្រូវ​ផាត់ត្របកភ្នែក​ពណ៌ស្វាយ​ស្រាលៗ មិនយក​ពណ៌ចាស់ទេ។

5. ត្រូវជ្រើសរើស​ពណ៌ខ្មៅ​ដៃសម្រាប់​គូសរឹមភ្នែក។ ការគូស​រឹមភ្នែក ភាគច្រើន​គេនិយម​ចូលចិត្ដ​គូសពណ៌​សូកូឡា ឬ ពណ៌ខ្មៅ។ ប៉ុន្ដែ ស្ដ្រីមួយ​ចំនួនពួកគាត់​ចូលចិត្ដ​ប្រើពណ៌​សូកូឡា​ច្រើនជាង។

6. ការគូស​ចិញ្ចើម ភាគច្រើន​គេនិយម​គូសពណ៌ខ្មៅ ឬ​សូកូឡា គូសមិន​ឱ្យឌិត​ពេកទេ ហើយក៏​មិនឱ្យ​ធំពេក ឬ​តូចពេក ដែរ គឺធ្វើ​យ៉ាងណា​ឱ្យមាន​លក្ខណៈ​ធម្មជាតិ។ ការគូស​ចិញ្ចើម​ពេលចូលរួម​ពិធីបុណ្យទាន មិនត្រូវគូស​បែបលេង​ម៉ូដពេកទេ។ គួរ គូសជា​លក្ខណៈស្ទើរមូល ស្ទើរជ្រុង ប៉ុន្ដែខាង​គល់ចិញ្ចើម​ត្រូវទាប​ជាងចុង​បន្ដិច។

7. គួរជ្រើសរើស​ក្រែមណា​ដែលមាន​ពណ៌ស្រាល ព្រោះក្រែម​មានច្រើន​ពណ៌ទៅ​តាមការ​ស្រឡាញ់​ចូលចិត្ដ ប៉ុន្ដែកុំឱ្យ ពណ៌​ឆើតពេក។ ចំពោះ​យុវតីខ្លះ ស្រឡាញ់​ពណ៌ដែល​ស្រាល ដូចជា​ប្រើពណ៌​ផ្កាឈូកខ្ចី ពណ៌ទឹក​ក្រូច​ជាដើម។

8. ចំណុច​ចុងក្រោយ គឺមិន​ចាំបាច់​ពាក់រោមភ្នែក​ទេ ប៉ុន្ដែអាចពត់​រោមភ្នែកបាន ហើយ​អាចលាប​ម៉ាស្ការ៉ា​បន្ដិចបន្ដួច។ ម៉ាស្ការ៉ា​ក៏ដូច​គ្នាដែរ មានច្រើន​ពណ៌ទៅ​តាមការ​ចូលចិត្ដ ប៉ុន្ដែ​គេច្រើន​និយម​ប្រើពណ៌ខ្មៅ និង​សូកូឡា។

ប្រការ​គួរចងចាំ​ក្នុងការ​ផាត់មុខ

  • ផ្ទៃមុខធំ ៖ គួរផាត់​ពណ៌រាង​ក្រម៉ៅបន្ដិច ហើយផាត់​ទាញពី​ជើងសក់់​មកក្រោម ដើម្បី​មើលទៅ​ឃើញមុខ​រាងតូច បន្ដិចវិញ។
  • ផ្ទៃមុខតូច ៖ គួរផាត់​ថ្ពាល់ទាញ​ពីជើង​សក់ទៅ​សៀតផ្កា ដើម្បី​ឱ្យឃើញ​ផ្ទៃមុខធំ។
  • ថ្ពាល់ម​នុស្សចាស់ ៖ គេនិយម​ផាត់ម្សៅ​ពណ៌​រាងត្នោត។
  • ភ្នែករូង ឬ​ខូង ៖ សម្រាប់់​ស្ដ្រីដែល​មានភ្នែក​រូងជ្រៅ គួរលាប​ពណ៌ស្រាលៗ​ពីលើ​ត្របកភ្នែក គឺមិនអាច​ដាក់ពណ៌ ក្រម៉ៅ​បានទេ ព្រោះនាំ​ឱ្យភ្នែកកាន់​តែរូង​ថែមទៀត។
  • ភ្នែកប៉ោង ឬ​លៀន ៖ ត្របកភ្នែក​គួរផាត់រាង​ឌិតបន្ដិច កុំឱ្យឃើញ​ត្របកភ្នែក។

ដំបូន្មាន​អ្នកជំនាញ

ការផាត់​មុខសម្រាប់​ពិធីបុណ្យទាន យើងមិន​អាចផាត់​ឱ្យមាន​លក្ខណៈ​សិចស៊ី​ហួសហេតុ​បានឡើយ ធ្វើយ៉ាង​ណាផាត់ឱ្យ មានពណ៌​ស្រាលៗ​ឱ្យមាន​លក្ខណៈ​ធម្មជាតិ។ ចំពោះ​ពិធីបុណ្យ​ឡើងផ្ទះ គេច្រើន​ធ្វើនៅ​ពេលយប់ យើងអាច​លាបពណ៌​ឌិតបន្ដិច បាន។ ប្រសិន​បើចូលរួម​ក្នុងពិធីបុណ្យ​ខួបកំណើត ឬ​អាពាហ៍ពិពាហ៍​ផ្សេងៗ យើងអាច​ផាត់តាម​បែប​ឆើតឆាយបាន។ សុភាពនារី ទាំងឡាយ​គួរផាត់​ម្សៅឱ្យ​ស៊ីតាម​ស្បែក ផាត់ឱ្យ​ស៊ីជាមួយ​ពណ៌សម្លៀក​បំពាក់ផងដែរ។

 ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *