ដើមទ្រូងរបស់នារីមានចំណុចពិសេស លក្ខណៈជីវសាស្ដ្រខុសគ្នាទាំងស្រុងពីដើមទ្រូងរបស់បុរស។ ដើមទ្រូងនារីមានសុដន់មួយគូមូល ហើយស្អាតល្អ។ សុដន់មួយគូនេះបញ្ចេញទឹកដោះសម្រាប់ចិញ្ចឹមបុត្រធីតា។ ក្រៅពីភារកិច្ចចិញ្ចឹមកូន សុដន់ក៏នៅបង្កើន សម្រស់ដល់នារីភេទទៀតផង។ មនុស្សស្រីមានភារកិច្ចថែទាំសុដន់ដោយប្រុងប្រយ័ត្ន កុំឱ្យមានរោគផ្សេងៗ ដើម្បីចិញ្ចឹមកូន និងជួយ លើកសម្រស់។
ទស្សនាវដ្ដីសុខភាពយើងនឹងលើកយកវិធីថែរក្សាសុដន់មកជម្រាបជូនមិត្ដអ្នកអាន ជាពិសេសសុភាពនារីទាន់សម័យទាំង ទ្បាយដែលត្រូវការសុដន់មួយគូដ៏ស្រស់ស្អាត តាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសសុដន់សាស្ដ្រនៃ មន្ទីរពេទ្យកាល់ម៉ែត្រ។
សុដន់ ជាអ្វី?
សុដន់ ឬដោះជាសរីរាង្គសម្រាប់បញ្ចេញទឹកដោះដើម្បីចិញ្ចឹមកូន។ វាបង្ហាញពីសោភ័ណភាព និងលក្ខណៈពិសេសនៃភេទ ដែលស្ដ្រីទាំងទ្បាយត្រូវតែមាន។ ជាធម្មតាសុដន់នីមួយៗមានក្រពេញទឹកដោះពី១៥ ទៅ២០ក្រពេញ។ មនុស្សស្រីដល់ពេលពេញវ័យ សុដន់ចាប់ផ្ដើមលូតលាស់ជាបណ្ដើរ ដោយសារអ័រម៉ូនទាំងទ្បាយរបស់កន្សោមពងជ្រាបចេញ និងធ្វើឱ្យបណ្ដាសមាសភាពស្រទាប់ របស់បំពង់បង្ហូរទឹកដោះ និងពងក្រពេញសុដន់លូតលាស់។ ស្ថានភាពរាងកាយមាំំមួន ឈឺថ្កាត់ សប្បាយរីករាយ និងទុក្ខសោកសុទ្ធតែ មានឥទ្ធិពលដល់ការបង្កបង្កើតអ័រម៉ូន។ អាស្រ័យហេតុនេះ វាក៏មានផលប៉ះពាល់ដល់ស្ថានភាពរបស់សុដន់ដែរ។ អ័រម៉ូនអ៊ឺសដ្រូសែន ធ្វើឱ្យសុដន់កាន់តែរីកប៉ោង តែបើអ័រម៉ូននេះមានច្រើនពេកធ្វើឱ្យសុដន់រីកធំលើសកម្រិត។ រីឯអ័រម៉ូនប្រូហ្សេសស្ទេរ៉ូនធ្វើឱ្យថមថយទំ ហំរបស់សុដន់ ផ្ទុយទៅវិញ បើអ័រម៉ូននេះមានចំនួនច្រើនពេក ជាដើមហេតុធ្វើឱ្យសុដន់តូច និងជ្រាយទៅវិញ។
វិធីថែទាំសម្រស់សុដន់តូចសំប៉ែត
សុដន់តូចសំប៉ែត ច្រើនកើតចំពោះស្ដ្រីដែលមានរាងកាយស្គមខ្សោយមើលទៅមិនមានសុខភាពមាំមួន ជួនកាលបណ្ដាល មកពីខ្វះអាហារបំប៉ន ឬខ្វះជីវជាតិ។ សុភាពនារីគួរតែអញ្ជើញទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ សុដន់មានលក្ខណៈបែបនេះ គប្បី ត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ដូចជាហែលទឹកជាដើម ដើម្បីរក្សាសុដន់ឱ្យណែនមិនធ្លាក់យារ។ ពេលហាត់ប្រាណត្រូវពាក់អាវ ទ្រនាប់ជានិច្ចជាកាល ដើម្បីកុំឱ្យសុដន់គ្រវី និងយារធ្លាក់។ ការហាត់ប្រាណតាមបែបផ្សេងៗទៀត ដូចជាវាយសី លើកដុំដែកជាដើម សុទ្ធតែជួយឱ្យស្ដ្រីមានសុខភាពសុដន់មាំមួន និងរីកធំបានល្អ។ ក្រោយពេលងូតទឹក ឬហែលទឹក មិត្ដនារីគួរតែច្បូត ឬស្ទាបបន្ថើរលើ សុដន់ចាត់ទុកថាជាការហាត់ប្រាណមួយដែរ។ ការហាត់ប្រាណ គប្បីធ្វើនៅពេលព្រឹក និងពេលល្ងាច។ នៅពេលហាត់ត្រូវគួបផ្សំនឹងការ ហាត់ដកដង្ហើមវែងៗ ទើបប្រសើរ។
វិធីថែទាំសម្រស់សុដន់ធំ
សុភាពនារីដែលមានសុដន់ធំអាចធ្វើឱ្យមានការរំខានដល់ការធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ និងការរស់នៅ ព្រោះសុដន់ធំ អាចធ្លាក់យារដោយទម្ងន់របស់វាផ្ទាល់។ ក្រៅពីការហាត់ប្រាណដូចអ្នកដែលមានសុដន់តូចហើយនោះ អ្នកដែលមានសុដន់ធំគប្បីប្រើ ទុយោព្រួសទឹកទៅលើសុដន់នៅពេលងូតទឹកឱ្យសព្វផ្ទៃសុដន់ក្នុងរយៈពេលពីរ ឬបីនាទី និងមិនត្រូវងូតទឹកក្ដៅទេ។ ចំពោះការបរិភោគ នារីដែលមានសុដន់ធំមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ទេ។
ប្រការយល់ដឹងដើម្បីថែទាំសុដន់តាមបែបធម្មជាតិ
- ដើម្បីឱ្យសុដន់រីកក្រពុំពេញណែនបានល្អ ចាប់តាំងពីពេលពេញវ័យមក ចាំបាច់សុភាពនារីទាំងទ្បាយត្រូវតែយកចិត្ដទុក ដាក់បរិភោគឱ្យបានគ្រប់ប្រភេទអាហារូបត្ថម្ភ។ មិនគួរបរិភោគអាហារតែមួយប្រភេទទេ ប៉ុន្ដែគួរតែបរិភោគអាហារគ្រប់ប្រភេទ ដូច ជាសាច់គោ ជ្រូក មាន់ ទាជាដើម គ្រឿងក្នុងសត្វពាហនៈមានដូចជាបេះដូង ថ្លើម ក្រលៀនជាដើម ព្រមទាំងស៊ុត សាច់ត្រី និងទឹក ដោះគោ។ ចំពោះផ្លែឈើ និងបន្លែ ដូចជាសណ្ដែកសៀង សណ្ដែកដី ប្រេងរុក្ខជាតិ ផ្លែឈើស្រស់ ក្រូចពោធិ៍សាត់ ក្រូចខ្វិច ចេក ល្ហុង ស្វាយ ម្នាស់ជាដើម សូមទទួលទានឱ្យបានគ្រប់គ្រាន់ ព្រមជាមួយនេះដែរ សូមពិសាទឹកឱ្យបានច្រើន ជាពិសេសទឹកផ្លែឈើស្រស់ និង ទឹកបរិសុទ្ធដែលមានជាតិរ៉ែ។
- ជាធម្មតា សុដន់តែងតែទន់ណែនស្មើមិនមានដុំពកអ្វីនៅខាងក្នុងទេ។ បើសិនជាស្ទាបទៅឃើញថាសុដន់មានដុំពករឹងនៅ ខាងក្នុង ឬមានស្នាមអ្វីមួយនៅក្រោមស្បែកដែលអាចហូរឈាមនៅពេលប៉ះត្រូវវា ឬក៏បូសតូចមួយអណ្ដែតដូចផ្សិត អ្នកនាងកញ្ញា ត្រូវប្រយ័ត្ន នោះអាចជាចំណុចចាប់ផ្ដើមនូវរោគសញ្ញានៃជម្ងឺមហារីកសុដន់។ សុភាពនារីត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បី ពិនិត្យឱ្យប្រាកដថាជាជម្ងឺប្រភេទណា។ បើពិតជាជម្ងឺមហារីកសុដន់ ទាល់តែរួសរាន់ព្យាបាល។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ ទោះបីសុដន់ ត្រូវបានកាត់ចោល ព្យាបាលដោយកាំរស្មី និងដោយថ្នាំគីមីក៏ដោយ ក៏សុខភាពត្រូវបានទ្រុឌទ្រោមដែរ។
- មានវិធីងាយៗដើម្បីជួយឱ្យសុដន់តឹងណែនល្អ និងសាច់សុដន់រលោងស្អាតនោះ តាមបែបធម្មជាតិដោយមិនបាច់ចំណាយ លុយកាក់ច្រើនទេ។ ជាអាទិ សូមយកចេកណាំវ៉ា(ច្របាច់ឱ្យម៉ត់) ប៉ិះគក់(ហាន់ជាបន្ទះស្ដើងៗ)ជាដើម មកបំពោកលើសាច់សុដន់ទុក រយៈពេលពី១០ទៅ១៥នាទី ទើបលាងសម្អាតដោយទឹកត្រជាក់។ បើអនុវត្ដបែបនេះជាប្រចាំ នោះសុភាពនារីប្រាកដជាបាននូវសុដន់ ប្រកបដោយសាច់សរលោង និងតឹងណែនមិនខានទ្បើយ។
- សូមកុំទុកចិត្ដលើថ្នាំលាប ឬក្រែមលាប ដើម្បីបណ្ដឹងសុដន់ ឬជំនួយសុដន់រីកធំឱ្យសោះ។ ព្រោះជួនកាលថ្នាំទាំងនោះអាច នាំឱ្យកើតជាជម្ងឺមហារីកក៏អាចមាន។
- សម្រាប់ស្ដ្រីមានផ្ទៃពោះ គប្បីលាងសម្អាតសុដន់ជាប្រចាំ ដើម្បីជួយឱ្យទឹកដោះចេញបានល្អក្រោយពេលសម្រាល និងមិន បង្កការឆ្លងរោគ។
- ក្រោយពេលសម្រាល បើស្ដ្រីជាម្ដាយបំបៅកូនដោយទឹកដោះ មុនពេលឱ្យកូនបៅម្ដងៗ ត្រូវយកកន្សែងពោះគោជ្រលក់ ទឹកក្ដៅឧណ្ហៗ ជូតក្បាលសុដន់ឱ្យស្អាត រួចច្របាច់ទឹកដោះចេញបន្ដិច ហើយយកម្រាមដៃរិតថ្នមៗដើម្បីឱ្យទឹកដោះចេញល្អ។ អ្នកម្ដាយ ត្រូវឱ្យកូនបៅទាំងសងខាងដូចគ្នា កូនបៅអស់ម្ខាងហើយ ត្រូវឱ្យបៅម្ខាងទៀត។ រយៈពេលនៃការបំបៅដោះកូនមិនត្រូវឱ្យលើសពី១០ នាទី សម្រាប់ដោះម្ខាង។ ក្រោយពេលកូនបៅរួច គួរតែច្របាច់ទឹកដោះដែលនៅសល់ចេញ រួចជូតក្បាលដោះដោយទឹកក្ដៅឧណ្ហៗ។
ដំបូន្មានអ្នកជំនាញ
សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំ ឬឧបករណ៍ជួយសុដន់ឱ្យធំ ព្រោះអ្នកនាងកញ្ញាអាចខាតបង់ប្រាក់ឥតប្រយោជន៍ ដោយមិនស្អាតដូចបំណង ថែមទាំងអាចមានជម្ងឺទៀតផង។ សូមជ្រើសរើសយកវិធីធម្មជាតិ ទើបប្រសើរ ហើយមានសុវត្ថិភាព។ ថ្វី ត្បិតតែសុដន់ជួយលើកសម្រស់ ប៉ុន្ដែមិនមែនគ្រប់សម្រស់ទាំងអស់នៃរាងកាយត្រូវពឹងផ្អែកតែលើសុដន់នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply