ខ្ញុំបាក់ឆ្អឹង​ដងកាំបិត

គ្រប់ឆ្អឹង​ទាំងអស់​នៃរាងកាយ​សុទ្ធតែ​អាចបាក់​បែកបាន នៅពេល​ដែលមាន​ការប៉ះទង្គិច​ជាមួយ​វត្ថុរឹង​ដោយកម្លាំង​ខ្លាំង។ ឆ្អឹងប្រៀប​ដូចជាសសរ​សម្រាប់​ទ្រទ្រង់​រាងកាយ បើបាក់ ឬ​បែកឆ្អឹង​ធ្វើឱ្យកាយ​សម្បទា​មិនគ្រប់​លក្ខណៈ មិនធម្មតា ឬ​មិនពេញលេញ ដែលអាច​ហៅបាន​ថាពិការភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដោយសារ​ការបាក់បែក​ឆ្អឹងមាន​ច្រើនសណ្ឋាន ទើបយើង​ខ្ញុំមិន​លើក​មកជម្រាប​ជូនមិត្ដ​អ្នកអាន​ក្នុងពេល​តែមួយ​បានអស់ទេ ។ សម្រាប់​លេខនេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​យកការ​បាក់បែកឆ្អឹង​មួយប្រភេទ គឺការបាក់​ឆ្អឹងដង​កាំបិត។ តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជ​បណ្ឌិត សុខ ប៊ុនថា អ្នកជំនាញ​ជម្ងឺឆ្អឹង និង​បែកបាក់​នៅមន្ទីរ​ពេទ្យកាល់ម៉ែត បានឱ្យដឹង​ថាឆ្អឹងដង​កាំបិត គឺជា​ឆ្អឹងមួយ​ក្នុងចង្កោម​ឆ្អឹងស្មា ដែលមាន​តួនាទីទ្រទ្រង់​ចលនា​ទាំងឡាយ​របស់ដៃ​ទាំងពីរ។

មូលហេតុ​បាក់បែក​ឆ្អឹងដង​កាំបិត

ដើមហេតុ​ចម្បងនៃ​ការបាក់បែក​ឆ្អឹងដង​កាំបិត គឺដោយ​សារគ្រោះ​ថ្នាក់ចរាចរណ៍។ ក្រៅពីនេះ អាចបណ្ដាល​មកពីការដួល ឫ​ធ្លាក់មកពី​ទីខ្ពស់ ដូចជាកម្មករ​សំណង់ធ្លាក់​ជាដើម។ ជនរងគ្រោះ​ភាគច្រើន​ស្ថិតក្នុង​វ័យពី​២០ទៅ​៤០ឆ្នាំ។

ការព្យាបាល​បាក់ឆ្អឹងដង​កាំបិត

ការព្យាបាល​មានពីរបែប គឺការព្យាបាល​ដោយអប​ម្នាងសិលា និងការ​វះកាត់​តម្រៀប​ឆ្អឹងឡើងវិញ។

1. ការព្យាបាល​ដោយអប ៖ ការអប​ឆ្អឹងដោយ​ម្នាងសិលា​ត្រូវបាន​យកមក​ព្យាបាល​ក្នុងករណី​ដែលការ​បាក់បែកឆ្អឹង​នោះ មិនឃ្លាតឆ្ងាយ​ពីគ្នាខ្លាំង ដោយគ្រាន់​តែប្រេះស្រាំ។ ឆ្អឹងដង​កាំបិត​ជាឆ្អឹង​ដែលងាយ​តភ្ជាប់គ្នា​វិញបំផុត។ តាមធម្មតា​រយៈពេល​៣ទៅ៤ សប្ដាហ៍ ឆ្អឹងដងកាំបិត​អាចតភ្ជាប់​គ្នាវិញបាន។

2. ការវះ​កាត់ត​ម្រៀបឆ្អឹង ៖ ត្រូវធ្វើ​ឡើងក្នុង​ករណី​ដែលមាន​ការបាក់​បែកឆ្អឹង​ក្នុងសភាព​ធ្ងន់ធ្ងរ ដូចជា​ឃ្លាតឆ្ងាយ​ពីគ្នា លើស​ពីពីរសង់​ទីម៉ែត្រ រហែកសាច់ និងប៉ះ​ពាល់ដល់​សរសៃ​ឈាម។ គោលបំណង​នៃការវះកាត់ គឺតម្រៀប​តឆ្អឹង​ឱ្យត្រង់​ក្នុងអ័ក្ស​ដែល មានដាក់ដែក ដើម្បី​ជាជំនួយ​ដល់ឆ្អឹង​ដែលបាក់។ ក្រោយ​ដែលវះ​កាត់រយៈ​ពេល៣​ទៅ៤​សប្ដាហ៍ អ្នកជម្ងឺ​ត្រូវត្រឡប់​មកមន្ទីរ​ពេទ្យម្ដង ទៀត ដើម្បីវះ​កាត់យក​ដែកចេញ។ ជាប្រការ​មិនប្រសើរ​ឡើយក្នុង​ការរក្សា​ទុកដែក​អបឆ្អឹង​ក្នុងរយៈ​ពេលយូរ។

ផលវិបាក​នៃការបាក់​ឆ្អឹងដង​កាំបិត

ជាទូទៅ​ការបាក់​បែកឆ្អឹង​ដងកាំបិត​មិនបណ្ដាល​ឱ្យជន​រងគ្រោះពិការទេ គ្រប់ការ​បាក់បែកឆ្អឹង​សុទ្ធតែអាច​តភ្ជាប់វិញបាន ទាំងអស់។ ការតឆ្អឹង​ដងកាំបិត​នេះ ជួនកាល​អាចតភ្ជាប់​វិញបានល្អ ជួនមិន​អាចតភ្ជាប់​វិញបាន​ល្អទេ។ វាអាច​ធ្វើឱ្យ​ជនរងគ្រោះ​ឈឺចាប់ ជាងនេះ​ទៅទៀត អាចបន្សល់​ទុកស្នាមពក ឬ​ស្នាមវះ​នៅលើស្មា​ដែលធ្វើ​ឱ្យបាត់បង់​សោភ័ណភាព ជាពិសេស​បើកើត​លើស្ដ្រី។

ប្រការ​គួរចៀសវាង ក្រោយពេល​វះកាត់

ក្នុងអំឡុង​ពេល៣ ឬ​៤សប្ដាហ៍​ក្រោយពេល​វះកាត់ អ្នកជម្ងឺ​ត្រូវប្រុង​ប្រយ័ត្ន កុំយួរ​របស់ធ្ងន់ កុំសំយុងដៃ​ចុះក្រោម ត្រូវព្យួរ ដៃដោយ​ប្រដាប់ព្យួរ ឬ​ក្រណាត់រុំ។

ដំបូន្មាន​អ្នកជំនាញ

ក្រោយពី​មានការ​ប៉ះទង្គិច​ហើយ មានអាការ​ឈឺចាប់​នៅត្រង់ស្មា ត្រូវប្រញាប់​មកកាន់​មន្ទីរពេទ្យ​ដើម្បីពិនិត្យ និង​ព្យាបាល ជម្ងឺ។ បើយឺត​យូរទុក​ឆ្អឹងបាក់លើស​ពីមួយ​សប្ដាហ៍ ឆ្អឹង​នឹងលូតលាស់​ទ្បើងវិញ​ពិបាក​តភា្ជប់គ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *