អ្វីដែលកើតមានឡើងសុទ្ធតែមានដើមហេតុ។ គ្រាន់តែយើងអាចរកឃើញ ឬរកមិនឃើញមូលហេតុតែប៉ុណ្ណោះ។ កាលពីលេខមុនលោកអ្នកអានបានជ្រាបហើយ អំពីស្ថានភាពប្រភេទ និងមូលហេតុនៃការក្រចេញទឹកកាម។ នៅលេខនេះទស្សនាវដ្ដីសុខភាពយើង សូមលើកយកគន្លឹះដោះស្រាយក្រចេញទឹកកាម មកជម្រាបជូនវិញម្ដង។ តើត្រូវដោះស្រាយបញ្ហាក្រចេញទឹកកាមតាមបែបណា?
បញ្ហាផ្លូវចិត្ដបង្កការលំបាកចេញទឹកកាម
ជាទូទៅករណីមិនចេញទឹកកាម លំបាកចេញទឹកកាម ឬក្រចេញទឹកកាម ជាពាក្យដែលមានអត្ថន័យមិនសូវជាខុសគ្នាប៉ុន្មានទេ។ ហើយមូលហេតុរបស់វាក៏មិនសូវជាខុសគ្នាប៉ុន្មានដែរទេ ជាអាទិបណ្ដាលមកពីសរីរៈសាស្ដ្រ ជម្ងឺរ៉ាំរ៉ៃ ការប្រើប្រាស់ឱសថមួយចំនួន វិបត្ដិផ្លូវចិត្ដជាដើម។ មូលហេតុសរីរាង្គមិនសូវឃើញមានបង្កឡើងទេ តែបើវាជាដើមហេតុពិតជាពិបាកដោះស្រាយណាស់។
ជម្ងឺមួយចំនួនអាចបង្កជាការលំបាកចេញទឹកកាម ដូចជាជម្ងឺសរសៃប្រសាទ ជម្ងឺប៉ាកគីនសុន ជម្ងឺទឹកនោមផ្អែម ជម្ងឺខ្សោយតម្រង់នោម ញៀនស្រា គ្រោះថ្នាក់ប៉ះទង្គិចប្រព័ន្ធសរសៃប្រសាទជាដើម។ ឱសថ ឬថ្នាំពេទ្យមួយចំនួនក៏អាចបង្កការមិនចេញទឹកកាមដែរ។ ករណីនេះត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជាបន្ទាន់ ដើម្បីផ្លាស់ប្ដូរឬបញ្ឈប់ការប្រើប្រាស់ថ្នាំទាំងនោះចេញ។ ផ្ទុយទៅវិញការលំបាកចេញទឹកកាមនេះ ពិបាកកំចាត់ណាស់បើវាជាករណីមូលហេតុសរីរៈសាស្ដ្រឬសរីរាង្គ។
ករណីដែលបណ្ដាលឱ្យមានការលំបាកចេញទឹកកាមភាគច្រើន បង្កឡើងដោយកត្ដាផ្លូវចិត្ដ។ កត្ដាផ្លូវចិត្ដដែលបង្កឱ្យបុរសពិបាកចេញទឹកកាមទាំងនោះមានដូចតទៅ+
- ការចង់ត្រួតត្រាធ្វើម្ចាស់លើខ្លួនឯង តាមរយៈការមិនព្រមបណ្ដែតបណ្ដោយ ឬឱ្យរបូតចេញពេលរួមភេទ
- កង្វល់អំពីការចង់បង្ហាញស្នាដៃ ៖ ការប្រមែប្រមូលអារម្មណ៍សុខស្រួលទៅលើការបំពេញចិត្ដស្ដ្រីជាដៃគូ ឬការយកត្រាប់តាមស្នាដៃរបស់អ្នកដទៃជាដើម។ បុរសជាច្រើនពេលជួបជុំគ្នាតែងនិយាយអំពីបញ្ហាផ្លូវភេទ រហូតដល់ពេលខ្លះណែនាំគ្នាថាមិនត្រូវឆាប់ចេញទឹកកាមពេកទេ ពីព្រោះថាបុរសនោះអាចក្លាយទៅជាបុគ្គលឆាប់ចេញទឹកកាម។ ការគិតគូបែបនេះជ្រុល ក៏អាចជាដើមហេតុលំបាកចេញទឹកកាមផងដែរ។
- រងគ្រោះថ្នាក់ផ្លូវចិត្ដ ដូចជាករណីរងការរំលោភផ្លូវភេទ ការរួមភេទចាប់បង្ខំ ឬនឹកឃើញដល់ការរួមភេទដែលមិនមានការទទួលស្គាល់ពីសង្គមខុសប្រពៃណី (ខុសមេបាមេបាកាច់) ជាដើម។
- ការអប់រំគ្រួសារ ឬការអប់រំសាសនាដែលមិនអនុញ្ញាតឱ្យបុរសមានសិទ្ធិភ្លើតភ្លើននឹងកាមតណ្ហា ឬគ្មានសិទ្ធិទទួលសេចក្ដីសុខដល់កំពូលជាដើម។
- អត្ថន័យរបស់ទឹកកាមបង្កការរំខានផងដែរ ដូចជាចង់បានកូនភ័យខ្លាចចាញ់ប្រៀប ភ័យខ្លាចត្រូវគេចោទថារំលោភលើរាងកាយជាដើម។
- ពិបាកក្នុងការធ្វើឱ្យទុកចិត្ដ។
ប្រការត្រូវធ្វើមុនដោះស្រាយការលំបាកចេញទឹកកាម
- សូមផ្អាកប្រើប្រាស់ថ្នាំ បើសង្ស័យថាថ្នាំនោះជាដើមហេតុ ហើយត្រូវជំនួសដោយថ្នាំមួយមុខផ្សេងទៀត។ ប៉ុន្ដែករណីខ្លះត្រូវស៊ូទ្រាំដោយស្ងាត់ស្ងៀម រង់ចាំរហូតដល់ការព្យាបាលដោយឱសថនោះ ចប់សព្វគ្រប់ជាស្ថាពរ។
- ត្រូវស្វែងយល់អំពីខ្លួនឯងប្រយោជន៍រកឱ្យឃើញផ្លូវសេចក្ដីសុខផ្លូវភេទ និងសារធាតុដែលជំរុញការកើនឡើងនៃការត្រេកត្រអាលផ្លូវភេទ រហូតអាចប្រើប្រាស់មានប្រសិទ្ធភាព។
- សូមបំពេញសកម្មភាព ឬហាត់រៀនដោយយកចិត្ដទុកដាក់ និងប្រកបដោយកាមារម្មណ៍ភេទពុះកញ្ជ្រោល ដើម្បីប្រើប្រាស់វាពេលឱកាសហុចឱ្យ។
- សូមហាត់ពត់បណ្ដែតបណ្ដោយខ្លួនប្រគល់រូបកាយឱ្យមនុស្សដែលលោកអ្នកស្រឡាញ់ ដោយមានទំនុកចិត្ដមិនត្រូវកំណាញខ្លួនឡើយ។
- ត្រូវដឹងឱ្យច្បាស់ពីផលវិបាកទាំងឡាយដែលបណ្ដាលមកពីការវះកាត់ផ្លូវនោម ដើម្បីឱ្យដឹងច្បាស់ថាអាចប្ដូរសភាពទទួលរឿងរ៉ាវផ្សេងទៀតដោយងាយ។
- ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញខាងផ្លូវភេទ ដើម្បីសាកសួរយោបល់រាល់ពេលមានបញ្ហា។
វិធីដោះស្រាយក្រចេញទឹកកាម
មិនត្រូវរារែកក្នុងការទៅពិគ្រោះជាមួយអ្នកជំនាញខាងផ្លូវភេទ ដែលអាចជួយដោះស្រាយបញ្ហាផ្លូវភេទបែបនេះដល់លោកអ្នកនោះទេ។ លោកអ្នកត្រូវមានជំនឿចិត្ដថាបញ្ហារបស់ខ្លួន នេះអាចដំណើរការព្យាបាលជាសះស្បើយបាន លើកលែងតែការមិនអាចចេញទឹកកាមដោយកត្ដាសរីរៈសាស្ដ្រ។ វិបត្ដិក្រចេញទឹកកាមមិនអាចដោះស្រាយដោយផ្ទាល់បានទេ។ ដើម្បីឱ្យការចេញទឹកកាមអាចកើតមាននៅពេលរួមភេទ(ស៊កបញ្ចូលលិង្គក្នុងទ្វារមាស)ដូចធម្មតាវិញ ត្រូវមានការហាត់រៀនដោយសាម៉ីខ្លួនផ្ទាល់ផងដែរ។ ជាអាទិត្រូវហាត់រៀនត្រូវឆ្លងកាត់ដំណាក់កាលជាបន្ដបន្ទាប់ដូចតទៅ។
- សូមឱ្យមានការចេញទឹកកាមដោយលេងប្រដាប់ភេទឬលិង្គដោយខ្លួនឯង
- សូមឱ្យមានការចេញទឹកកាមដោយលេងលិង្គនៅមុខស្ដ្រីជាដៃគូរួមភេទ អាចមានជំនួយឬគ្មានជំនួយពីស្ដ្រីដៃគូ
- សូមចាប់ផ្ដើមសកម្មភាពផ្លូវភេទដោយការដាស់សម្រើបត្រេកត្រអាល រហូតដល់ជិតចេញទឹកកាមដោយការថើប និងបបោសអង្អែលហើយ នៅខណៈចុងក្រោយទើបស៊កលិង្គចូលក្នុងទ្វារមាស
- ហើយសូមឆ្លាស់គ្នារវាងការបបោសអង្អែលប្រដាប់ភេទ និងការស៊កលិង្គចូលក្នុងទ្វារមាសម្ដង ធ្វើបែបនេះម្ដងធ្វើបែបនោះ សាចុះសាឡើង រហូតដល់អាចបាញ់ចេញទឹកកាមបានទើបជាការស្រេច។
ដំបូន្មានអ្នកនិពន្ធ
ប្រសិនបើប្រើវិធីទាំងនេះហើយនៅតែលំបាក ឬមិនដំណើរការចេញទឹកកាមទៀត សូមកុំបន្ដចំណាយពេលធ្វើយូរតទៅទៀតអី។ លោកអ្នកត្រូវទៅពិគ្រោះយោបល់ និងទទួលការព្យាបាលពីអ្នកជំនាញខាងផ្លូវភេទ។ ប្រការសំខាន់ដែលលោកអ្នកត្រូវធ្វើហើយមានប្រសិទ្ធភាពជាអមតៈ គឺការពិគ្រោះពិភាក្សាគ្នាជាមួយស្ដ្រីជាដៃគូ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply