ត្រចៀកក្រាញ់ជាបញ្ហាមួយដែលជួបប្រទះញឹកញាប់នៅប្រទេសជឿនលឿន ព្រោះគេនិយមពាក់ស្បែកជើងជិតឈឹង ជាពិសេសនៅបណ្ដាប្រទេសដែលមានអាកាសធាតុត្រជាក់។ ដោយឡែកនៅប្រទេសកម្ពុជា គេតែងសង្កេតឃើញបញ្ហានេះ ច្រើនកើតឡើងនៅរដូវភ្លៀងធ្លាក់ ដោយសារនៅរដូវភ្លៀង ប្រអប់ជើងឧស្សាហ៍ប៉ះទឹក។ ជម្ងឺនេះ នៅពេលកើតឡើង ហើយ ប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចក្លាយជាដំបៅធ្ងន់ធ្ងរបាន។
ដើម្បីបំបាត់ចម្ងល់លើជម្ងឺត្រចៀកក្រាញ់នេះ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការបកស្រាយជូនតាមរយៈការជួប សម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ។
អ្វីទៅជាត្រចៀកក្រាញ់?
នៅក្នុងភាសាបច្ចេកទេសវេជ្ជសាស្ដ្រ ត្រចៀកក្រាញ់ជាជម្ងឺម្យ៉ាងមានឈ្មោះថាអ៊ិក្រោនណែល។ វាកើតមានឡើង ដោយសារមានការដុះលូតវែងជាងធម្មតានៃចុងក្រចកផ្នែកចំហៀង ហើយទៅចាក់ចូលក្នុងសាច់ដែលនៅក្រោម និងជុំវិញក្រចក ។ បន្ទាប់មកវាបង្កឱ្យមានការរលាក ការឈឺចាប់ ការឡើងក្រហម និងការឡើងហើមប៉ោងនៃសាច់ដែលនៅជុំវិញក្រចក។ ពេល ខ្លះ គេសង្កេតឃើញមានខ្ទុះ និងការហូរចេញជាទឹករងៃផងដែរ ដោយសារមានការហូរជ្រៀតចូលនៃមេរោគផ្សេងៗ។ បញ្ហានេះ កើតមាននៅគ្រប់ក្រចកទាំងអស់ ប៉ុន្ដែគេសង្កេតឃើញកើតមានញឹកញាប់ជាងគេនៅក្រចកមេជើង។
មូលហេតុកើតត្រចៀកក្រាញ់
ខាងក្រោមនេះជាមូលហេតុដែលនាំឱ្យកើតមានត្រចៀកក្រាញ់។
- ការប៉ះទង្គិចនៅត្រង់ក្រចកនោះញឹកញាប់
- ការពាក់ស្បែកជើងតឹង ឬចង្អៀតខុសធម្មតា
- អ្នកដែលមានជម្ងឺសួត ដែលលទ្ធភាពនៃការនាំអុកស៊ីសែនទៅចិញ្ចឹមក្រចកខ្សោយ
- មនុស្សចំណាស់ ដោយសារប្រព័ន្ធការពាររាងកាយរបស់គាត់មានការចុះខ្សោយ
- ជម្ងឺសរសៃឈាម ដែលនាំឱ្យការនាំឈាមទៅចិញ្ចឹមផ្នែកខាងចុងដៃជើងមិនគ្រប់គ្រាន់
- ការទម្លាប់ឆ្កឹះ ឬកាត់ក្រចកមិនត្រឹមត្រូវ ជាពិសេសអ្នកដែលចូលចិត្ដធ្វើក្រចកញឹកញាប់។
រោគសញ្ញា និងការវិនិច្ឆ័យរោគ
គេងាយនឹងធ្វើរោគវិនិច្ឆ័យជម្ងឺត្រចៀកក្រាញ់នេះបានតាមរយៈភ្នែកទទេណាស់។ ដោយសារឃើញសាច់ម្រាមដៃ ឬ ម្រាមជើងនោះមានសភាពហើម ឡើងក្រហម និងមានការឈឺចាប់ជាដើម។
ការព្យាបាលត្រចៀកក្រាញ់
ត្រចៀកក្រាញ់ជាជម្ងឺដែលអាចព្យាបាលបាន។
- នៅដំណាក់កាលកំពុងលោកអ្នកជម្ងឺត្រូវឧស្សាហ៍ត្រាំជើងឱ្យបាន២០ឬ៣០នាទី ក្នុងទឹកក្ដៅឧណ្ហៗលាយទឹក សម្លាប់មេរោគផង។
- នៅពេលបាត់រលាក គេអាចយកសំឡីស្ងួតទៅទ្រាប់កន្លែងដែលក្រចកចាក់សាច់
- នៅពេលមានខ្ទុះច្រើន គេត្រូវយកខ្ទុះនោះទៅបណ្ដុះ ដើម្បីធ្វើការព្យាបាលដោយថ្នាំ
- នៅពេលមានការរលាកទៅដល់ឆ្អឹង និងសន្លាក់ គឺត្រូវតែថតត្រចៀកក្រាញ់ជាមួយកាំរស្មីផងដែរ។
- ប្រសិនបើការព្យាបាលទាំងនេះមិនបានជោគជ័យ ចាំបាច់ត្រូវតែព្យាបាលដោយធ្វើការវះកាត់។
វិធីការពារកុំឱ្យត្រចៀកក្រាញ់
ដើ់ម្បីចៀសវាងនូវការកើតត្រចៀកក្រាញ់នេះ សូមលោកអ្នកប្រតិបត្ដិនូវប្រការមួយចំនួនខាងក្រោមនេះ។
- សូមកុំទម្លាប់ឆ្កឹះក្រចកលេង
- សូមកុំកាត់ក្រចកជារាងចំណិតខែ ត្រូវកាត់ក្រចកត្រង់
- សូមកុំពាក់ស្បែកជើង រឹបតឹងពេក
- ប្រសិនបើនៅរដូវភ្លៀង ឬនៅប្រទេសត្រជាក់ លោកអ្នកគួរឧស្សាហ៍ចំហជើងឱ្យត្រូវខ្យល់ដើម្បីបំបាត់ភាពសំណើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply