ស្រីស្រស់រាងស្ដើងសម្បុរស្រអែម សក់វែងអន្លាយ ពិតជាសក្ដិសមណាស់នោះគឺតារាសម្ដែងវ័យក្មេង កែវ ពេជ្រពិសី ដែល កំពុងលេចធ្លោក្នុងវិស័យសិល្បៈភាពយន្ដខ្មែរ។ ទោះបីជាមមាញឹកក្នុងការសម្ដែងខ្លាំងយ៉ាងណាក៏ដោយ ក៏ពិសីនៅតែអាចរក្សាសម្រស់ស្រស់សោភាដដែល។ ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត កែវ ពេជ្រ ពិសី ទស្សនាវដ្ដី សុខភាពយើង បានទៅជួបសម្ភាសន៍ជាមួយកញ្ញាផ្ទាល់។
ការថែរក្សាសក់
កញ្ញាពិសីពិតជាមានសរសៃសក់ស្អាត សក់វែង ហើយខ្មៅរលើបតែម្ដង។ វាជាចំណុចពិសេសដែលពិសីយកចិត្ដទុកដាក់បំផុត ព្រោះថាពេលសម្ដែង សក់របស់កញ្ញាត្រូវបានតុបតែងតាមម៉ូដផ្សេងៗឱ្យសមនឹងសាច់រឿង។ ដូចនេះចៀសមិនផុតពីការខូចសរសៃសក់ឡើយ។ ពិសីមានវិធីថែរក្សាសក់យ៉ាងពិសេស ដោយកញ្ញាមិនចូលចិត្ដគាបសក់ និងមិនចូលចិត្ដប្ដូរពណ៌សក់ទេ ព្រោះវាអាច ធ្វើឱ្យសក់រិតតែឆាប់ខូច។ ក្នុងមួយខែ ពិសីអប់បំប៉នសក់២ដង ដើម្បីជំនួយដល់សរសៃសក់។ ចំពោះប្រវែងរបស់សក់ ពិសីតែងតែកាត់ តម្រឹមសរសៃសក់ ព្រោះពិសីយល់ថាបើទុកសក់វែងពេក អាចធ្វើឱ្យសរសៃសក់ងាយបែកចុង។
ការថែរក្សាស្បែកមុខ
ជាតារាសម្ដែង ស្បែកមុខរបស់ពិសីត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ ដូចនេះពិសីចាំបាច់ត្រូវប្រើ ក្រែមសម្រាប់បំប៉នស្បែកមុខជាប្រចាំ ដើម្បីកុំឱ្យឆាប់ជ្រីវជ្រួញ។ ជាងនេះទៅទៀត បន្ទាប់ពីការតុបតែងក្នុងពេលសម្ដែង ពិសីត្រូវតែ ប្រញាប់លាងសម្អាតមុខ ព្រោះការទុកគ្រឿងសម្អាងនៅលើមុខក្នុងរយៈពេលយូរ វាជារឿងមិនល្អសម្រាប់ស្បែកមុខ។ ពេលសម្អាត មុខ ពិសីមានក្រែមដាច់ដោយឡែកសម្រាប់ជូតសម្អាតនៅត្រង់រង្វង់ភ្នែក និងត្របកភ្នែក ព្រោះពិសីមិនចង់ប្រើសាប៊ូលាងមុខសម្រាប់ សម្អាតតែមួយមុខទេ។ ពិសីយល់ថាការប្រើសាប៊ូលាងមុខច្រើនពេក អាចធ្វើឱ្យស្បែកមុខស្ងួតបាន។ ចំពោះការថែរក្សាស្បែកមុខតាម ធម្មជាតិវិញ ថ្វីត្បិតតែពិសីយល់ដឹងច្រើន តែពិសីមិនសូវមានពេលសម្រាប់អនុវត្ដវាទេ។ ទោះបីជាយ៉ាងណា ក៏ពិសីបានព្យាយាមនៅ ពេលព្រឹកខ្លះ។ ពិសីបានជ្រើសយកក្រូចពោធិ៍សាត់សម្រាប់លាងសម្អាតលើផ្ទៃមុខ ដោយផ្អាប់ទុករយៈពេល២០នាទី ទើបសម្អាតចេញ ជាមួយទឹកស្អាត។ ពិសីបានទៅម៉ាស្សាមុខ២សប្ដាហ៍ម្ដងជាប្រចាំ។
ការថែរក្សាស្បែកខ្លួន
ទោះបីជាស្បែកដងខ្លួនពិសីមានសម្បុរស្រអែមក្ដី ក៏ពិសីមិនទាមទារកែប្រែឱ្យស្បែកខ្លួនរបស់នាងទៅជាសដោយវិធីត្រាំទឹក ដោះគោ ឬក៏ខាត់ស្បែកអ្វីទេ។ ព្រោះពិសីយល់ថាជាតារាសម្ដែងត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃខ្លាំងណាស់ បើកែស្បែកឱ្យសនោះ ស្បែក នឹងស្ដើង ពេលត្រូវកម្ដៅមុខជារលាកមិនខានទ្បើយ។ នៅពេលថ្ងៃ ពិសីប្រើក្រែមការពារកម្ដៅថ្ងៃរហូតដល់៤០ជាន់ ដើម្បីកុំឱ្យស្បែក ឆាប់ខូចដោយសារកម្ដៅថ្ងៃ និងកាត់បន្ថយកម្ដៅដែលចាំងលើស្បែក។ នៅពេលយប់ ពិសីមានលាបទ្បេពិសេសសម្រាប់ជំនួយសំណើម ដល់ស្បែក ពិសីមិននិយមប្រើទ្បេដែលលាយបញ្ចូលគ្នាច្រើនមុខទេ ព្រោះខ្លាចខូចស្បែក។ ក្រៅពីនេះ ពិសីបានព្យាយាមឆ្ពុងដើម្បីរក្សាស្បែកនៅផ្ទះដោយខ្លួនឯង យ៉ាងហោចណាស់ក៏បានពីរដងដែរក្នុងមួយខែ។
ការថែរក្សាបបូរមាត់
ពិសីមិនចូលចិត្ដលាបបបូរមាត់ពណ៌ក្រហម ឬក្រម៉ៅទេ លើកលែងតែករណីចៀសមិនបានដូចជាពេលសម្ដែងជាដើម។ ពេលធម្មតា ពិសីលាបបបូរមាត់ពណ៌ស្រាល ឬមិនលាបតែម្ដង ព្រោះថាបើលាបបបូរមាត់ឋិតឋេរ និងពណ៌ដិតពេក អាចធ្វើឱ្យបបូរ មាត់ខ្មៅបាន។ មុនពេលតុបតែង ពិសីមានក្រែមម្យ៉ាងសម្រាប់លាបជាទ្រនាប់បបូរមាត់ដើម្បីការពារបបូរមាត់ ដែលត្រូវលាបពណ៌ តាមសាច់រឿង។ ក្នុងការជ្រើសរើសក្រែមទៀតសោត ពិសីតែងតែប្រយ័ត្នប្រយែងជានិច្ច ព្រោះការថែរក្សាបបូរមាត់ជារឿងសំខាន់។
ការថែរក្សាធ្មេញ
ជាទូទៅពិសីសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំ និងស។ ពិសីតែងតែទៅរកគ្រូពេទ្យធ្មេញរៀងរាល់២ ឬ៣ខែម្ដងជាប្រចាំដើម្បីពិនិត្យ និងសម្អាតធ្មេញ មិនដែលខកខានទ្បើយ។
ការថែរក្សាក្រចក និងប្រអប់ដៃ
ពិសីចូលចិត្ដកាត់ក្រចកខ្លីធម្មតាមិនទុកវែងពេក ហើយមិនចូលចិត្ដលាបពណ៌ក្រចកទ្បើយ ព្រោះពិសីស្រឡាញ់ក្រចកពណ៌ ធម្មជាតិ បើលាបពណ៌ក៏ពណ៌ស្រាលដែរ។ ចំពោះប្រអប់ដៃ ពិសីមិនដែលទៅម៉ាស្សាឱ្យម្រាមដៃស្រឡូនម្ដងណាទេ។ ពិសីក៏គ្មានក្រែម ដែលប្រើពិសេសសម្រាប់ថែប្រអប់ដៃដែរ គឺពិសីប្រើក្រែមសម្រាប់លាបស្បែកខ្លួន លាបប្រអប់ដៃតែម្ដង។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
ជាទៀងទាត់ ពី៤ទៅ៥ថ្ងៃ ពិសីត្រូវកោរតម្រឹមរោមចិញ្ចើមម្ដង ដោយមិនបណ្ដោយឱ្យរោមចិញ្ចើមដុះក្រាស់ឡើយ ព្រោះ ពិសីយល់ថាចិញ្ចើមក្រាស់ មិនសក្ដិសមជាមួយទម្រង់មុខរបស់នាង។ ចំពោះរោមភ្នែក ភាគច្រើនពិសីប្រើម៉ាស្ការ៉ាសឹងតែរាល់ថ្ងៃ ព្រោះត្រូវតុបតែងពេលសម្ដែង ដែលធ្វើឱ្យរោមភ្នែកពិសីប្រឈមមុខនឹងការជ្រុះ។ ប៉ុន្ដែនៅពេលនេះ ពិសីបានជ្រើសរើសវិធីពាក់រោមភ្នែកជំនួសវិញ។ ជាធម្មតា បន្ទាប់ពីការសម្ដែងចប់ភ្លាម ពិសីប្រញាប់ដោះរោមភ្នែកនោះចោលភ្លាមមិនទុកយូរទេ ព្រោះអាចធ្វើឱ្យប៉ះ ពាល់ដល់ត្របកភ្នែក។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
ពិសីមិនដែលមានបញ្ហាទ្បើងទម្ងន់លើសពី២គីទ្បូក្រាមទេ។ វិធីដែលជ្រើសរើសដើម្បីសម្រកទម្ងន់នោះ គ្មានអ្វីក្រៅពីការ ក្រោកពីព្រឹកហាត់ប្រាណដោយរត់តិចៗរយៈពេលប្រមាណជា៣០នាទីជារៀងរាល់ថ្ងៃ។ ក្រៅពីការហាត់ប្រាណ ពិសីបានទទួលទានទឹក ដោះគោឆៅដែលគ្មានជាតិស្កររហូតដល់ទៅ៤កែវក្នុងមួយថ្ងៃ គឺនៅពេលព្រឹកចំនួន២កែវ និងមុនពេលចូលគេងចំនួន២កែវទៀត ព្រម ជាមួយការកាត់បន្ថយរបបទទួលទានខ្លះៗ។ ពិសីទទួលទានបន្លែច្រើនជាងសាច់សត្វ ប៉ុន្ដែពិសីព្យាយាមមិនទទួលទានអាហាររហូតដល់ ឆ្អែតពេកទេ គឺនៅចន្លោះពី៦០ ទៅ៧០%ប៉ុណ្ណោះក្នុងមួយពេល។ ទោះបីជារវល់យ៉ាងណា ក៏ពិសីត្រូវតែទទួលទានអាហារពេលល្ងាច ឱ្យបានមុនម៉ោង៨យប់ ព្រោះបើលើសពីរយៈពេលនេះនឹងអាចបណ្ដាលឱ្យទ្បើងទម្ងន់បាន។ ដោយទ្បែកការទទួលទានដំណេក ពិសីខិតខំរកពេលសម្រាកឱ្យបានគ្រប់៨ម៉ោងក្នុងមួយថ្ងៃ ព្រោះបើសម្រាកមិនបានគ្រប់គ្រាន់ អាចធ្វើឱ្យសុខភាពទ្រុឌទ្រោម នោះរូបសម្រស់ ក៏បាត់បង់ទៅតាមនោះដែរ។ ពិសីមិនយល់ស្របជាមួយនារីមួយចំនួនដែលគិតថារាងស្អាតប្រសើរជាងសុខភាពល្អឡើយ។ ចំណែកនៅ ពេលដែលមានរដូវវិញ ពិសីរិតតែព្យាយាមថែមមួយកម្រិតទៀតចំពោះការទទួលទានផ្លែឈើ តែត្រូវតមអាហារប្រភេទខ្លះ ដូចជា សាច់ត្រី ផ្អក ប្រហុកជាដើម។
បណ្ដាំផ្ញើរបស់កែវ ពេជ្រពិសី
ពិសីសូមផ្ដាំផ្ញើដល់សុភាពនារីទាំងឡាយ សូមមេត្ដាកុំបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍។ ព្រោះថា បើលោកស្រីអ្នកនាងកញ្ញាមិនបានថែរក្សាសម្រស់ និងសុខភាព នៅពេលវ័យក្មេង នោះនឹងស្ដាយក្រោយ ហើយគ្មានពេលងាកក្រោយ សម្រាប់ថែរក្សានៅពេលចាស់ទេ។ សូមជ្រើសរើសប្រើតែផលិតផលណាដែលមានគុណភាពល្អ មិនត្រូវប្រើតាមការនិយមតៗគ្នាទ្បើយ ព្រោះអាចឱ្យរូបសម្រស់ត្រូវបាត់គ្មានថ្ងៃនឹងត្រទ្បប់មកវិញទេ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញាកែវ ពេជ្រពិសីតែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះក្នុងសិល្បៈ ៖ កែវ ពេជ្រពិសី
- ឈ្មោះពិតប្រាកដ ៖ កែវ ពិសី
- អាយុ ៖ ២៣ឆ្នាំ
- កម្ពស់ ៖ ១,៦៤ម៉ែត្រ
- ទម្ងន់ ៖ ៤៨គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣៤, ២៦, ៣៨
- បងប្អូន ៖ ៥នាក់ (ជាកូនទី៣)
- ស្ថានភាពគ្រួសារ ៖ នៅលីវ (រស់នៅជាមួយឪពុកម្ដាយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply