កូនខ្ញុំ​កើតហឺត

កុមារនៅ​ក្នុងប្រទេស​កម្ពុជា​មួយចំនួន​មាន​ភព្វវាសនា​ល្អណាស់ ដែលបាន​កើតមក​មានកាយ​សម្បទា​គ្រប់គ្រាន់ មិនមាន​ជម្ងឺពី​កំណើត។ កុមារខ្លះ​អាចមាន​រហូតដល់​ទៅ​កម្លាំងចិត្ដ និងបញ្ញា​លើសពី​កុមារ​ដទៃ​ទៀតផង។ កុមារខ្លះ​ទៀតមិន​បានទទួល​ការយក​ចិត្ដទុកដាក់​ពីឪពុកម្ដាយ ទោះបីជា​មានក្ដី មិនមាន​ជម្ងឺពី​កំណើតក្ដី តែដោយ​ការធ្វេស​ប្រហែស​មិនបាន​ព្យាបាល​ជម្ងឺពីស្រាល ជាហេតុ​នាំឱ្យកុមារ​ត្រូវរងគ្រោះ ជម្ងឺរិតតែ​ធ្ងន់ធ្ងរ។ ហឺតជាជម្ងឺ​មួយដែល​ងាយរង​គ្រោះផងដែរ ប្រសិនមិន​បានពិនិត្យ និងព្យាបាល​ឱ្យបាន​ទាន់ពេល។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺហឺត ជាអ្វី?

ជម្ងឺហឺត គឺជាជម្ងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​មួយដែល​កើតមាន​ញឹកញាប់​ក្នុងចំណោម​ជម្ងឺរ៉ាំរ៉ៃ​ទាំងឡាយ​នៅលើ​ពិភពលោក។ ហឺតអាច​ជាជម្ងឺត​ពូជដែរ ជម្ងឺប្រភេទ​នេះកំពុងតែ​កើនឡើង​ខ្លាំងក្នុង​ប្រទេស​អភិវឌ្ឍន៍ និងកំពុង​អភិវឌ្ឍន៍ ពិសេសទៅ​លើកុមារ។ ហឺតគ្មាន​មេរោគទេ តែមេរោគ​ខ្លះជាអ្នក​ចាក់ឱ្យវា​កើតឡើង និងខ្លាំងឡើង។ ហឺតមិនមែន​ជាប្រភេទ​ជម្ងឺឆ្លងទេ ដូច្នេះការ​ប្រាស្រ័យ​ទាក់ទងមិន​សូវជា​បញ្ហាទេ។ តែមេរោគ​ជម្ងឺផ្លូវ​ដង្ហើមអាច​ឆ្លងបាន។

មូលហេតុ​ជម្ងឺហឺត

តាមរយៈ​ការសាកសួរ​ទៅកាន់​ក្រុមគ្រួសារ បើរក​ឃើញថា​មាននរណា​ម្នាក់ធ្លាប់​កើតហឺត ឬមាន​ប្រតិកម្ម​ជាមួយ​នឹងសារធាតុ​ផ្សេងៗ ដូចជា​ប្រតិកម្ម​ជាមួយ​នឹងរោមឆ្កែ រោមឆ្មា ក្លិនទឹកអប់ ឬប្រតិកម្ម​ជាមួយ​នឹងស៊ុត​ជាដើម វាជាកត្ដា​មួយដែល​អាចឱ្យ​កុមារ​ងាយឆ្លង ឬអាចមាន​ជម្ងឺហឺតដែរ។ ព្រោះអាការ​ហត់របស់​កុមារនៅ​ពេលជួប​ជាមួយ​នឹងលម្អងផ្កា ឬសារធាតុ​ប្រតិកម្ម​ផ្សេងទៀត​អាចលាប់​ទៅជា​ហត់ខ្លាំង ហើយនឹង​អាចក្លាយ​ជាជម្ងឺហឺត​តែម្ដង។ វាអាចយោង​ទៅតាម​បរិស្ថានជុំវិញ​ដែរ ដូចជា​មានសារធាតុ​ខ្លះនាំឱ្យ​មានប្រតិកម្ម ធូលីដី​ដែលមាន​បង្កប់​សត្វល្អិត ឬដង្កូវមាន​នៅក្នុង​កន្ទេល និងស្រោមខ្នើយ​ជាដើម ក៏អាចជំរុញ​នាំឱ្យក្លាយ​ជាជម្ងឺ ហឺតពេល​ដែលដក​ដង្ហើមចូល។ សត្វកន្លាត​ក៏ជាកត្ដាមួយ​ជួយជំរុញឱ្យ​មានការ​ប្រតិកម្មដែរ មិនចាំបាច់​ដល់ចូលក្នុង​ច្រមុះ​នោះទេ។ អ្នកខ្លះ​ត្រឹមចាក់ថ្នាំ ក៏នាំឱ្យ​ប្រតិកម្ម។ ហើយលម្អង​ផ្កាប្រភេទខ្លះ ផ្ទះដែល​មានសំណើម ហើយងាយ​ដុះផ្សិត ផ្សែងបារី ភាពកខ្វក់​នៃធាតុអាកាស និងការរលាក​ផ្លូវដង្ហើម ជួនកាលវា​ទាំងនេះក៏​ជាកត្ដាជំរុញ​ផងដែរ។

វិធីបង្ការ​ជម្ងឺហឺត​កុមារ

ដើម្បីបង្ការ​កុំឱ្យកុមារ​មានជម្ងឺហឺត សូមរក្សា​កុមារឱ្យ​ឆ្ងាយពី​ផ្សែងបារី រោមឆ្កែ រោមឆ្មា និងសារធាតុ​នានា ដែល​ក្មេងងាយ​នឹងរង​ប្រតិកម្ម​ជាមួយ។ សូមកុំបោស​ផ្ទះឱ្យហុយ​ចូលច្រមុះ បំបាត់រោម​ឆ្កែឆ្មា និងសត្វកន្លាត​ជាដើម។ បង្ការកុំឱ្យ​ជម្ងឺរីក​រាលដាល ដែលជា​ករណីនាំឱ្យ​កុមារមាន​ជម្ងឺហឺត សូមប្រើ​ឱសថណា​ដែលមាន​ប្រសិទ្ធភាព​(តាមការកំណត់)។ មុននឹង​ហាត់កីឡា កុមារត្រូវ​មានការ​បាញ់ថ្នាំ ដើម្បីឱ្យ​រួមទងសួត រួចចៀសវាង​អាការ​ឆាប់ហត់។ អ្នកជម្ងឺ​ត្រូវការ​ការតាមដាន​យូរអង្វែង​ពីគ្រូពេទ្យ ចៀសវាង​ការប្រើ​ឱសថចាក់ ឬលេប ព្រោះវាអាច​ប៉ះពាល់​ច្រើនដល់​ឈាម មិនមែន​គ្រប់កុមារ​គួរតែ​ប្រើទេ តែវា​អាស្រ័យទៅ​លើកុមារ។

រោគសញ្ញា​ជម្ងឺហឺត

ដោយសារ​វាជា​ប្រភេទ​ជម្ងឺដែល​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវដង្ហើម ការធ្វើ​វិនិច្ឆ័យ​រករោគសញ្ញា​នៃជម្ងឺហឺត​នេះមាន​ការលំបាក​ណាស់។ ជួនកាល​រកមិន​ឃើញថា​កុមារ​មានជម្ងឺ​ហឺតទេ ព្រោះវា​បានកប់បាត់​ទៅក្នុងជម្ងឺ​ផ្លូវដង្ហើម និងជួនកាល​កុមារហត់​តែពេល​រលាក​ផ្លូវដង្ហើម។ យើងអាច​គិតថា​កុមារ​អាចមាន​ជម្ងឺហឺត កាលណា​វាមាន​អាការ​ដកដង្ហើម​ហត់ ឮសូរងឺតៗ (ដង្ហើមចូល​ងាយតែ​ពិបាកដង្ហើម​ចេញ) ឧស្សាហ៍ក្អក ថប់ដង្ហើម (ពេលយប់ ឬពេលព្រលឹម) តឹងទ្រូង​ជាដើម។ ប្រការល្អ​បំផុត​គួរនាំ​កុមារ​មកជួបគ្រូ​ពេទ្យឯកទេស​ដើម្បីធ្វើ​ការវាស់នូវ​មុខងារ​ផ្លូវដង្ហើម​របស់កុមារ ដើម្បីកំណត់​ថាតើកុមារ​មាន​ជម្ងឺហឺត ឬគ្រាន់តែ​ជាអាការ​ជម្ងឺផ្លូវ​ដង្ហើម​ធម្មតា។

ផលវិបាក​ជម្ងឺហឺត​កុមារ

អាការ​ហត់នាំឱ្យ​កុមារបាត់បង់​ឱកាស​ទៅសាលារៀន មិនមាន​កម្លាំងកាយ​សម្បទា​បរិបូរណ៍​ដូចកុមារ​ដទៃទៀត។ ការរលាក​ផ្លូវដង្ហើម​ប៉ះពាល់​ដល់ការ​រីកលូតលាស់​របស់កុមារ។ សួតកុមារ​ត្រូវការ​ការរីក​លូតលាស់ បើសួត​មានបញ្ហា នៅពេលចាស់​ទៅនាំឱ្យ​កុមាររីកធំ​ធាត់មិន​បានល្អ​ដូចក្មេង​ធម្មតា។ ជួនកាល​បន្ដហត់​ដល់ចាស់ បើសិន​មិនបានទទួល​ការព្យាបាល​ទាន់ពេល។ វាអាច​ប៉ះពាល់​យ៉ាងខ្លាំងដល់​ពេលចាស់ ឬអាចវិវឌ្ឍន៍​ដល់ចាស់​តែម្ដង និងអាចគ្រោះថ្នាក់​ដល់ស្លាប់។ ទោះបី​ជាកុមារ​មានកម្លាំង​ធម្មតាពេល​មិនហត់​តែបើមាន​ការប្រើកម្លាំង​ខ្លាំងនាំឱ្យ​កុមារ​ឆាប់ហត់។ ផ្លូវដង្ហើម​មានអាការ​រលាករ៉ាំរ៉ៃ វាងាយមាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ប្រតិកម្ម​ផ្សេងៗ។ វាអាច​ចាប់ផ្ដើមហើម ស្ទះ ឬណែនទងសួត ទងសួត​ត្បៀតតូច​ដែលរំខាន​ដល់ការ​ចេញចូល​នៃខ្យល់​ដកដង្ហើម។ បើមានចេញ​ស្លេសនាំឱ្យ​កាន់តែរំខាន​ដល់ការ​ដកដង្ហើម​មួយកម្រិត​ទៀត។

ការព្យាបាលជម្ងឺ​ហឺតកុមារ

មានការ​លំបាក និងស្មុគស្មាញ​នៅក្នុងការ​ព្យាបាល​ជម្ងឺហឺត​កុមារ។ ត្រូវមាន​ការចូលរួម និងសហការណ៍​ពីអាណាព្យាបាល​ពួកគាត់​ត្រូវយល់​ពីស្ថានភាព​នៃជម្ងឺ​កុមារនេះ និងត្រូវផ្ដល់​លទ្ធភាព​ឱ្យកុមារ​មានលទ្ធភាព​អាចគ្រប់គ្រង​ជម្ងឺហឺត​បានដោយ​ខ្លួនឯង ពិសេស​ពេលកុមារ​កំពុង​តែហត់។ គ្រូពេទ្យ​គ្រាន់តែ​ជាអ្នក​ផ្ដល់ដំបូន្មាន តែអាណាព្យាបាល​ជាអ្នកអនុវត្ដ និងជាជំនួយ​ការដ៏ល្អ។ បើមាន​ការព្យាបាល​ត្រឹមត្រូវ វាអាចឱ្យ​កុមារបាន​ទៅសាលាវិញ អាចប្រកប​កិច្ចការ ឬធ្វើការងារ​បានដូច​មនុស្ស​ទូទៅដែរ ពិសេស​កុមារអាច​លេងកីឡា​ផ្សេងៗបាន។ ជាទូទៅការ​ព្យាបាល​មានពីរ​ដំណាក់កាល​សំខាន់ៗ។

1. ដំណាក់កាល​ទីមួយ ពេលកុមារ​មានអាការ​ហត់ ត្រូវប្រើប្រាស់​ឱសថ ដូចជាលេប ហិត ឬចាក់ទៅ​តាមប្រភេទ​ជម្ងឺ ជួនកាល​ត្រូវតែ​​សម្រាក​ពេទ្យដើម្បី​តាមដានជម្ងឺ។ ជំហាននេះ វាគ្រាន់តែ​ជួយឱ្យ​កុមារ​បាត់ហត់សិន​តែប៉ុណ្ណោះ។ វាមិន​ទាន់ចប់​ត្រឹមនេះ​ទេ កុមារអាច​ហត់ទៀត ពេលទងសួត​រលាករ៉ាំរ៉ៃ​ជាប្រចាំ និងមិនទាន់​ជាទាំងស្រុង។ ពេលកុមារ​បាត់ហត់ កុមារអាច​ទៅរៀនបាន តែរយៈ​ក្រោយមក​អាចនឹងរើ​ឡើងវិញ បើសិនធ្វេស​ប្រហែសមិន​បានតាមដាន។ ការវាស់​មុខងារ​ផ្លូវដង្ហើម​ច្បាស់លាស់ មិនមែន​ត្រឹមតែ​ឈប់ហត់តែ​ប៉ុណ្ណោះទេ។ សូមចាំថា​រាល់ការ​ហត់កុមារ​តែងមាន​ការរលាក​ផ្លូវដង្ហើម។

2. ដំណាក់​កាលទីពីរ ការព្យាបាល​បង្ការកុំឱ្យ​ហត់វិញ។ ត្រូវការ​ប្រើប្រាស់​ឱសថ​បង្ការជាស្ប៊ាយ​(ឧបករណ៍​បំពង់​បាញ់ថ្នាំហឺត​ចូលទៅក្នុង​សួតតែម្ដង មិនប៉ះពាល់​ដល់ឈាម)។ ពពួក​ក័រទីកូអ៊ីត ជាប្រភេទ​អ័រម៉ូន​សម្រាប់បាញ់​ចូលតាមមាត់​ឱ្យកុមារ​កើតហឺត មួយថ្ងៃពីរ​ដងជាដើម តាមការ​ណែនាំ​របស់ពេទ្យ។ កុមារអាច​ហាត់ប្រាណ​បាន និងមិនចាំ​បាច់មក​ដេកពេទ្យ។ ការព្យាបាល​បែបនេះ សំខាន់ណាស់។ បច្ចុប្បន្នមិនទាន់​មានការ​អនុវត្ដទេ​នៅក្នុងប្រទេស​មួយចំនួន តែកម្ពុជា​មានកម្ម​វិធីបែបនេះ​ហើយ។ បន្ទាប់ពី​ការព្យាបាល កុមារអាច​ដេកលក់​បានយ៉ាងស្រួល អាចរស់​នៅបាន​ដោយ​ធម្មតា។ បើមិន​ព្យាបាល កុមារអាច​ប្រឈមមុខនឹង​ជម្ងឺនេះអស់​មួយជីវិត។ គ្រូពេទ្យ​ត្រូវការ​ព្យាបាលយូរ ដោយយោង​ទៅតាម​មុខងារ​ផ្លូវដង្ហើម​របស់សួត។ មានតែ​គ្រូពេទ្យ​ឯកទេសទេ ដែលអាចវាយ​តម្លៃបានថា​គួរបន្ដ​ការព្យាបាល ឬត្រូវព្យាបាល​រយៈពេល​ប៉ុន្មានឆ្នាំ។ ការព្យាបាល​ជម្ងឺហឺត​កុមារមិន​ដូចគ្នាទេ។

ដំបូន្មាន​អ្នកជំនាញ

អាណាព្យាបាល​ខ្លះមិនចង់ឱ្យ​អ្នកដទៃ​ដឹងថាកូន​ខ្លួនមាន​បញ្ហា​នេះទេ ព្រោះពួកគាត់​គិតថា​ជម្ងឺហឺត​មិនអាច​ព្យាបាលបាន ឬខ្មាសគេ ជាហេតុនាំ​ឱ្យកុមារ​មិនបាន​ទទួលការ​ព្យាបាល។ បើមិនបាន​ទទួល​ការព្យាបាល​ទេ នាំឱ្យ​កុមារ​មិនមាន​ឱកាស​បានធូរស្រាល​និងមាន​ឱកាស​ធ្វើអ្វី​ដែលមាន​ប្រយោជន៍​ជាច្រើន។ សូមគិត និងមើលក្នុង​ផ្លូវ​សុទិដ្ឋិនិយម មានឥស្សរៈជន​សំខាន់ៗ​នៅលើ​ពិភពលោក​ជាច្រើនដែល​មានជម្ងឺហឺត។ ក្រោយពី​បានទទួល​ការព្យាបាល​ដោយយក​ចិត្ដទុក​ដាក់រួចហើយ ពួកគេបាន​ធ្វើអ្វីៗ​ជាច្រើន​ដែលមាន​ប្រយោជន៍ និងមាន​ឧត្ដមភាព​សម្រាប់ជីវិត​របស់ពួកគេ។ ការព្យាបាល​មានផល​ប្រយោជន៍​ចំពោះកុមារ អាចជួយឱ្យ​ពួកគេទទួល​បាននូវឱកាស ដើម្បីធ្វើអ្វីៗ​ដែលប្រសើរ ឬដែលពួកគេ​បានរំពឹងទុក និងមានន័យ​បំផុតសម្រាប់​ជីវិត​របស់ពួកគេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *