កម្រមានផ្ទៃមុខស្ដ្រីណាម្នាក់អាចគេចផុតពីស្លាកស្នាមផ្សេងៗបានណាស់ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ក្នុងនោះផ្កា ស្បូនជាបញ្ហារបស់ផ្ទៃមុខមួយប្រភេទដែលសុភាពនារីទាំងអស់ចាំបាច់ត្រូវយល់ដឹងអំពីបញ្ហា និងមូលហេតុរបស់វា។ ថ្វីត្បិតតែវាមិន អាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាព តែបើវាច្រើននោះតម្លៃផ្នែកសម្រស់ និងសោភ័ណភាពត្រូវបាត់បង់។
សម្រាប់លេខនេះ ក្នុងទំព័រសម្រស់ ស្សនាវដ្ដីសុខភាពយើងសូមលើកយកបញ្ហាផ្កាស្បូននៅលើផ្ទៃមុខមកជម្រាបជូនសុភាព នារីទាំងអស់ស្វែងយល់ពីវាឱ្យកាន់តែច្បាស់ តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសផ្នែកជម្ងឺសើស្បែក និងកាមរោគ។
មូលហេតុបង្កផ្កាស្បូន
ផ្កាស្បូន គឺជាស្នាមកន្ទួលពកតូចៗ ដែលពណ៌ដូចស្បែកធម្មតានៅលើផ្ទៃមុខ ដោយមិនមានពណ៌ក្រហម មិនមានការឈឺ ចាប់ ឬរមាស់អ្វីទាំងអស់។ វាច្រើនតែកើតមាននៅត្រង់ត្របកភ្នែក ហើយមានទំហំប៉ុនជើងធូប ឬគ្រាប់ខ្សាច់។ ផ្កាស្បូនភាគច្រើន កើតទ្បើងដោយសារក្រពេញតូចៗនៅក្រោមស្បែក រីកប៉ោងទ្បើងលេចចេញមកក្រៅ លើស្បែកនៅត្រង់ត្របកភ្នែក ព្រោះតែស្បែក នៅត្រង់នោះមានសភាពស្ដើងជាងស្បែកនៅកន្លែងផ្សេងទៀត។
ការព្យាបាលផ្កាស្បូន
ជាទូទៅប្រសិនបើអ្នកនាងកញ្ញាមិនគិតខ្វល់ខ្វាយពីបញ្ហាសម្ផស្ស និងសោភ័ណភាពទេ ផ្កាស្បូនមិនបង្កឱ្យមានការរំខាន ឬ ការលំបាកអ្វីទ្បើយ។ ព្រោះវាមិនឈឺចាប់ មិនក្រហម រលាកក្រហាយ ឬក៏ក្លាយទៅជាជម្ងឺមហារីកអ្វីដែរ។ មានវិធីសម្រាប់ព្យាបាលបំបាត់ផ្កាស្បូននេះដ៏មានប្រសិទ្ធភាព គឺការប្រើម៉ាស៊ីនអុជ ឬជួសបំបាត់វា។ ប៉ុន្ដែលុះត្រាតែការអុជ ឬជួសនេះធ្វើទ្បើងដោយគ្រូពេទ្យ ជំនាញច្បាស់លាស់ ទើបធានាបាននូវប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត ថៃ គា បានបញ្ចប់ថារហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានថ្នាំ ឬ ឡេសម្រាប់លាបបំបាត់ផ្កាស្បូន ឬសម្រាប់ព្យាបាលទេ ទោះបីជាមានការឃោសនារបស់ហាងកែសម្ជស្សមួយចំនួនក៏ដោយ សូមកុំជឿ ជាក់ឱ្យសោះ។ ការប្រើប្រាស់ថ្នាំ ឬទ្បេនេះ វាមិនបានជួយអ្វីឱ្យប្រសើរទ្បើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់ទៅ វិញក៏ថាបានដែរ ព្រោះផ្កាស្បូនកើតនៅលើត្របកភ្នែកជាស្រទាប់ស្បែកស្ដើងដែលនៅជិតភ្នែកបំផុត។ បើប្រើថ្នាំ ឬទ្បេផ្ដេសផ្ដាស វា ងាយធ្វើឱ្យមានគ្រោះថ្នាក់ដល់ភ្នែកបាន។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមានស្នាម ឬក៏កន្ទួលអ្វីនៅលើស្បែក លោកអ្នកមិនត្រូវធ្វើអ្វីតាមតែការនឹកឃើញនោះទេ ព្រោះវាអាច នាំមកនូវផលមិនល្អ។ ជាពិសេសលោកអ្នកចាំបាច់ត្រូវដឹងពីប្រភេទនៃស្នាមកន្ទួលនោះឱ្យច្បាស់ ទើបប្រសើរ។ ការទៅរកគ្រូពេទ្យ ជំនាញជាវិធីដ៏ល្អបំផុត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply