គ្រប់ទារកទាំងអស់ដែលប្រសូត្រចេញពីផ្ទៃម្ដាយមក មុនដំបូងគេបង្អស់ គឺចេះយំ បន្ទាប់មកចេះសើច នេះជារឿងធម្មតា របស់ទារក។ ការយំរបស់ទារកជាសកម្មភាពពីកំណើត ដោយជំនួសការនិយាយប្រាប់ ព្រោះទារកមិនអាចនិយាយប្រាប់ពីបញ្ហាដែល កើតមានចំពោះខ្លួនទារកឡើយ។ រាល់ពេលទារកយំ ទោះខ្លាំងក្ដីតិចក្ដី មិនមែនសុទ្ធតែមិនមានបញ្ហានោះទេ ជួនកាលទារកអាចមាន បញ្ហាផ្សេងៗ។ ដូច្នេះមាតាបិតាគ្រប់រូបត្រូវស្វែងយល់ឱ្យបានច្បាស់ពីសភាពរបស់ទារកយំធម្មតា និងយំខុសប្រក្រតី។
ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ពីអាការរបស់ទារក ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសរោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលបានលើកឡើងនូវបញ្ហាមួយចំនួនដែលគួរទុកជាការពិចារណា។
មូលហេតុបណ្ដាលឱ្យទារកយំ
ទារកទាំងអស់យំមានលក្ខណៈប្លែកៗពីគ្នា ហើយមានមូលហេតុផ្សេងគ្នាទៅតាមជម្ងឺ និងទម្លាប់របស់ទារក។ ទារកយំបែង ចែកជាពីរ គឺទារកយំធម្មតា និងទារកយំខុសធម្មតា។
1. ទារកយំធម្មតា ៖ គេតែងតែជួបប្រទះនូវសភាពទារកដែលយំធម្មតា ពេលដែលវាឃ្លានបៅ ជួនទារកងងុយគេង ជួន ទារកមានសភាពរងារដោយម្ដាយមិនបានដណ្ដប់ភួយឱ្យ ឬមិនមានអ្នកនៅក្បែរ ក៏បណ្ដាលឱ្យទារកយំបានដែរ។ មួយវិញទៀតទារក ខ្លះមានទម្លាប់ពូកែយំតែម្ដង ដែលគេទម្លាប់ហៅថាទារកកាច ឬឆ្នាស់មកពីធម្មជាតិ។
2. ទារកយំខុសធម្មតា ៖ មានមូលហេតុជាច្រើនដែលបង្កឱ្យទារកយំខុសធម្មតា មានផលរំខានមួយចំនួនដល់ទារក ដូចជា កន្ទបរបស់ទារកសើមដោយលាមក ឬទឹកនោម មានសត្វល្អិតទិច ខាំ ឬចូលត្រចៀកជាដើម។ ម្យ៉ាងទៀតយំជាសញ្ញាដំបូងរបស់ជម្ងឺ ផ្សេងៗ ដូចជាទារកមានសភាពហើមពោះ រាក កន្ទួលរមាស់ជាដើម។ ពេលខ្លះកុមារអាចមានជម្ងឺមួយចំនួនទៀត ដូចជាគ្រុនក្ដៅ កើត កញ្ជ្រិល គ្រុនឈាមជាដើម ជម្ងឺទាំងនេះជាកត្ដាប្រឈមមុខទៅនឹងគ្រោះថ្នាក់បំផុត។
រោគសញ្ញាគ្រោះថ្នាក់របស់ទារក
អ្នកម្ដាយលោកឪពុកទាំងឡាយគួរយល់ដឹងឱ្យបានច្បាស់ និងគប្បីស្គាល់រោគសញ្ញាគ្រោះថ្នាក់ទាំងឡាយដែលអាចមកយា យីជីវិតកូនរបស់លោកអ្នក។ រោគសញ្ញាគ្រោះថ្នាក់រួមមាន ទារកបៅមិនបាន ឬផឹកមិនបាន ចេះតែយំមិនបាត់រហូតដល់ទារកសន្លឹម មានន័យទារកនោះលែងដឹងខ្លួន ឬហៅថាសន្លប់។ ទារកមានអាការធ្ងន់ធ្ងរ គឺអាចប្រកាច់ ទារកយំយូរៗទៅមានសូរសម្លេងស្អក ចេះ តែមានសភាពស្គមស្គាំងខ្លាំង ឬចេះតែស្គមទៅៗ ស្បែកជ្រីវជ្រួញ មានលក្ខណៈក្រិន និងមិនមានភាពស្រស់ថ្លា។ គួរប្រុងប្រយ័ត្ននៅ ពេលទារកឡើងកម្ដៅខ្ពស់លើសពី៣៨,៥អង្សា ចំពោះទារកក្រោមអាយុ២ខែ អាចធ្វើឱ្យទារកមានគ្រោះថ្នាក់ដល់ជីវិតបាន បើមិន មានវិធានការទប់ស្កាត់ឱ្យបានត្រឹមត្រូវជាមុន។
វិធីល្អៗសម្រាប់ថែទាំទារក
ទោះបីក្នុងករណីណាក៏ដោយ ត្រូវមានវិធានការឱ្យបានល្អក្នុងការថែរក្សាទារកឱ្យមានសុខភាពល្អ ចៀសផុតពីជម្ងឺផ្សេងៗ។ ពេលដែលទារកជួបនៅបញ្ហាខាងលើ លោកឪពុកអ្នកម្ដាយត្រូវលើកបីត្រកងកូន លួងលោមផ្ដល់ភាពកក់ក្ដៅដល់កូនគ្រប់ពេលវេលា។ ជាពិសេសឧស្សាហ៍លើកប្រែកូន កុំឱ្យនៅមួយកន្លែងពេក ត្រួតពិនិត្យកូនក្រែងមានស្នាមកន្ទួលរមាស់ សត្វទិច ឬខាំ ត្រូវចេះសម្អាតកូន ឱ្យបានល្អ ដូចជាការងូតទឹកជាដើម។ ហើយត្រូវចេះប្រើដៃថ្នមៗ សម្អាតច្រមុះកូនដោយប្រើស្បៃជក់ទឹកដែលស្ងួតហើយមានអនាម័យ ល្អ ចៀសវាងការយកក្រណាត់ណាដែលមានជាតិរឹង មិនស្អាតមកជូតលាងជម្រះកូន។ គួរជ្រើសរើសភួយ ឬកន្សែងដែលមានលក្ខណៈ ទន់ មកដណ្ដប់កូនឱ្យបានពីរជាន់កុំឱ្យកូនរងារ កុំដាក់កូនឱ្យនៅត្រូវខ្យល់ខ្លាំងពេក។ សូមរក្សាកម្ដៅកូនដោយឱបកូននៅនឹងដើមទ្រូង ត្រូវបំបៅកូនឱ្យបានញឹកញាប់ពេលកូនតឹងច្រមុះ ត្រូវបឺតច្រមុះដើម្បីឱ្យដង្ហើមកូនដើរស្រួលវិញ។
បើកូនរបស់លោកអ្នកមានកម្ដៅឡើងលើសពី៣៨,៥អង្សា ក្រោយពេលចាក់ថ្នាំបង្ការ អ្នកម្ដាយត្រូវគប្បីផ្ដល់ថ្នាំប៉ារ៉ាសេតាម៉ុលតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ក្រោយការផ្ដល់ការថែទាំគ្រប់ចំណុចហើយ កុមារនៅតែយំមិនឈប់ រួមផ្សំនឹងការលេចឡើងនូវ រោគសញ្ញាគ្រោះថ្នាក់ខាងលើ លោកឪពុកអ្នកម្ដាយគប្បីយកកូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យា បាលឱ្យបានទាន់ពេលវេលា។
ដំបូន្មានអ្នកជំនាញ
សូមឱ្យលោកឪពុកអ្នកម្ដាយគ្រប់រូបស្វែងយល់ឱ្យបានច្បាស់ពីអាការរបស់ទារកដែលមានបញ្ហា ឬមិនមានបញ្ហា។ ត្រូវចេះ សង្កេតមើលរោគសញ្ញាដែលលេចឡើងលើទារក គប្បីអនាម័យកូនឱ្យបានល្អជានិច្ច។ មធ្យោបាយដែលល្អបំផុតសម្រាប់លោកឪពុក អ្នកម្ដាយគួរប្រតិបត្ដិពេលកូនមានសភាពមិនស្រួល ឬចេញរោគសញ្ញាមិនស្រួលកើតមានលើទារក គឺយកកូនទៅមន្ទីរពេទ្យ ឬមណ្ឌល សុភាពដែលនៅជិតផ្ទះរបស់លោកអ្នកឱ្យទាន់ពេលវេលា ព្រោះទារកអាចមានគ្រោះថ្នាក់ដោយប្រការណាមួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply