នៅកម្ពុជាមានកុមារអាយុពី១៣ទៅ១៥ឆ្នាំ ចំនួន៧% បានជក់បារីកាលពីឆ្នាំ២០០០ ហើយចំនួននោះបានកើនឡើងជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវមួយរបស់កម្មវិធីជេវាយធីអេស។ កុមារចំនួន៨០%ក្នុងចំណោមកុមារ៣ ៩០៩ ២៦៩នាក់ ក្នុងប្រទេសកម្ពុជា បានរស់នៅជាមួយសមាជិកក្នុងគ្រួសារម្នាក់ជាអ្នកជក់បារី ដែលជាកត្ដាកំពុងចោទដល់សុខភាពកុមារ។ ផ្សែងបារី មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពសម្រាប់អ្នកជក់ប៉ុណ្ណោះទេ សូម្បីតែអ្នកស្រូបផ្សែងបារីពីខ្យល់អាកាស ក៏ទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីផ្សែងបារីផងដែរ។ អ្នកស្រូបផ្សែងបារី ជាកុមារងាយរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ គឺដោយសារតែសរីរាង្គកាយរបស់ ពួកគេនៅមិនទាន់រឹងមាំ។
ទស្សនាវដ្ដីសុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត មុំ គង់ ប្រធាន សហគមន៍កម្ពុជាគ្មានផ្សែងបារី នៃអង្គការអាដ្រាកម្ពុជា ដើម្បីបកស្រាយពីគ្រោះថ្នាក់ផ្សែងបារីនេះ ពិសេសគ្រោះថ្នាក់ចំពោះសុខភាព កុមារនេះតែម្ដង។
ក្នុងផ្សែងបារី មានអ្វីខ្លះ?
ការដកដង្ហើមចូលនូវផ្សែងបារីរបស់អ្នកមិនជក់ ហៅថាការស្រូបផ្សែងបារីពីគេ។ អ្នកស្រូបផ្សែងបារីស្រូបនូវ “ផ្សែងចម្បង” ដែលហុយចេញពីចុងបារីកំពុងឆេះផង និងពីផ្សែងបន្ទាប់ផង។ ផ្សែងបារីបន្ទាប់ គឺជាផ្សែងបារីហឺតចូលរួចចេញមកវិញរបស់អ្នកជក់បារី ។ ផ្សែងបារីផ្ទុកទៅដោយសារធាតុគីមីជាង៤០០០ប្រភេទ ក្នុងរូបភាពជាចុណ្ហភាគ និងឧស្ម័ន។ សារធាតុពុលសំខាន់របស់ផ្សែងបារី បន្ទាប់មានកំហាប់ខ្ពស់ជាងផ្សែងបារីចម្បង ហើយផ្សែងបារីដែលមាននៅក្នុងបន្ទប់ មានផ្សែងបន្ទាប់រហូតដល់ទៅ៨៥%។ ពពួកចុណ្ហ ភាគរួមមានជ័រ នីកូទីន បង់សែន និងបង់សូពីរ៉ែន។ ពពួកឧស្មន័រួមមានកាបូនម៉ូណូអុកស៊ីត អាម៉ូញ៉ាក់ ឌីមេទីលនី ត្រូសាមីន ហ្វ័រម៉ាល់ ដេអ៊ីត អីដ្រូសែនស្យានីត និងអាក្រូលែន។ សារធាតុខ្លះត្រូវចាត់ទុកថាបង្កឱ្យរលាក ហើយសារធាតុខ្លះទៀតជាសារធាតុបង្កមហារីក។
គ្រោះថ្នាក់ចំពោះអ្នកស្រូបផ្សែងបារី
ការស្រូបផ្សែងបារីបណ្ដាលឱ្យមានផលប៉ះពាល់ភ្លាមៗ ដូចជាហៀរទឹកភ្នែក ឈឺក្បាល ក្អក ឈឺបំពង់ក វិលមុខ ឬចង់ក្អួត។ អ្នកកើតជម្ងឺហឺតពេញវ័យ ពេលបានស្រូបផ្សែងបារី មុខងារសួតត្រូវប៉ះពាល់យ៉ាងខ្លាំង។ ឪពុកម្ដាយដែលជក់បារី អាចបណ្ដាលឱ្យ កុមារកើតជម្ងឺហឺត។ អ្នកមិនជក់បារី ដែលបានស្រូបផ្សែងបារី ក៏អាចប្រឈបមុខនឹងជម្ងឺគាំងបេះដូងដែរ។ អ្នកស្រូបផ្សែងបារីក្នុងរយៈ ពេលយូរ អាចប្រឈបមុខនឹងជម្ងឺបេះដូងកើនឡើង និងជម្ងឺមហារីកសួតរហូតដល់២៥%។ តាមការវាយតម្លៃរបស់គណៈកម្មការវិទ្យា សាស្ដ្រស្ដីពីថ្នាំជក់ និងសុខភាពដែលចាត់តាំងបង្កើតឡើងដោយរដ្ឋាភិបាលអង់គ្លេស បានសន្និដ្ឋានថាការស្រូបផ្សែងបារី គឺជាមូលហេតុ មួយដែលបណ្ដាលឱ្យមានជម្ងឺមហារីកសួត និងជម្ងឺបេះដូងចំពោះអ្នកមិនជក់បារីពេញវ័យ ហើយអាចជាមូលហេតុមួយបណ្ដាលឱ្យកើត ជម្ងឺផ្លូវដង្ហើម ក្អក ជម្ងឺអំបៅអំបែកត្រចៀក និងជម្ងឺហឺតចំពោះកុមារ។
បើប្រៀបធៀបការជក់បារី ការស្រូបផ្សែងបារីមានគ្រោះតិចជាង ព្រោះជម្ងឺដែលបានរៀបរាប់ខាងលើសាមញ្ញ ហើយផល ប៉ះពាល់សុខភាពទូទៅទូលំទូលាយ។ យោងតាមការស្រាវជ្រាវរបស់គណៈកម្មការវិទ្យាសាស្ដ្រស្ដីពីថ្នាំជក់ និងសុខភាពរបស់ប្រទេស អង់គ្លេស និងការវាយតម្លៃរបស់ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថាជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស មានអ្នកមិនជក់បារីស្លាប់ប្រហែល៦០០នាក់ ដោយសារជម្ងឺមហារីកសួត និងដោយសារជម្ងឺបេះដូងលើសពី១២ ០០០ករណី បង្ក ដោយការស្រូបផ្សែងបារីពីគេ។ ចំណែកអ្នកមិនជក់បារី៣០០០នាក់ផ្សេងទៀតបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារស្រូបផ្សែងបារីពី គេ។
គ្រោះថ្នាក់ចំពោះកុមារស្រូបផ្សែងបារី
នៅប្រទេសអង់គ្លេស មានកុមារ៤៩%បានស្រូបផ្សែងបារីនៅតាមផ្ទះ។ ការស្រូបផ្សែងបារីប្រឈមមុខនឹងការកើនឡើងនៃ ជម្ងឺឆ្លងតាមប្រដាប់ផ្លូវដង្ហើម ដូចជារលាកទងសួត ជម្ងឺសួតចំពោះកុមារជាដើម។ ការសិក្សាថ្មីមួយបានរកឃើញថាកុមារតូចៗដែល មានទាំងឪពុកទាំងម្ដាយជាអ្នកជក់បារីអាចប្រឈមមុខនឹងការកើតជម្ងឺផ្លូវដង្ហើមរហូតដល់៧២%។ ការស្រូបផ្សែងបារីបណ្ដាលឱ្យមុខងាររបស់សួតចុះខ្សោយ ហើយបង្កើនភាពធ្ងន់ធ្ងរដល់រោគសញ្ញានៃជម្ងឺហឺតចំពោះកុមារ ព្រមទាំងជាកត្ដាមួយបង្កឱ្យមានជម្ងឺហឺតថ្មីៗ ទៀតចំពោះកុមារ។ តាមការប៉ាន់ប្រមាណរបស់ចក្រភពអង់គ្លេសបង្ហាញថាកុមារដែលស្រូបផ្សែងបារីមានឱកាសកើតជម្ងឺហឺតពីរដង ច្រើនជាងកុមារដែលមិនបានស្រូបផ្សែងបារី។ ជម្ងឺក្អករ៉ាំរ៉ៃ និងការឡើងស្លេសច្រើន ក៏គេសង្កេតឃើញមានញឹកញយក្នុងចំណោម កុមារដែលមានឪពុកម្ដាយជក់បារីដែរ។
កុមារដែលមានឪពុកម្ដាយជាអ្នកជក់បារីចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារជម្ងឺសួតក្នុងអាយុ១ឆ្នាំដំបូងមានអាត្រាខ្ពស់។ មានកុមារអាយុក្រោម៥ឆ្នាំលើសពី១៧០០០នាក់ ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជារៀងរាល់ឆ្នាំ ដោយសារគ្រោះ ថ្នាក់នៃការស្រូបផ្សែងបារី។ ជម្ងឺផ្លូវដង្ហើមពេលកុមារភាពដែលបណ្ដាលមកពីការស្រូបផ្សែងបារី អាចផ្ដល់ផលវិបាកដល់ការកកើតជម្ងឺ ផ្លូវដង្ហើមនៅពេលពេញវ័យ ចំពោះអ្នកមិនជក់បារី។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក បង្ហាញ ថាការស្រូបផ្សែងបារីពេលមានផ្ទៃពោះ គឺជាកត្ដាដាច់ដោយឡែកមួយដែលបណ្ដាលឱ្យទារកមានទម្ងន់មិនគ្រប់គីឡូនៅពេលកើត។ ការជក់បារីរបស់ឪពុកម្ដាយទទួលខុសត្រូវចំពោះការស្លាប់ភ្លាមៗលើសពី២៥%របស់កុមារ ហើយកុមារដែលបានស្រូបផ្សែងបារីមាន ការកើតជម្ងឺអំបៅអំបែកត្រចៀក៣០%។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមិនទាន់អាចបញ្ឈប់ការជក់បារីបានទេ សូមមេត្ដាកុំជក់បារីនៅកន្លែងដែលមានមនុស្សមិនជក់បារី ឬនៅ កន្លែងមានក្មេងស្ថិតនៅ។ ផ្ទះសម្បែង សាលារៀន និងទារកដ្ឋានដែលជាកន្លែងប្រមូលផ្ដុំរបស់កុមារ មិនត្រូវឱ្យមានផ្សែងបារីទេ។ កុមារងាយរងគ្រោះដោយផ្សែងបារីជាងមនុស្សពេញវ័យ ដោយសារតែរាងកាយរបស់ពួកគេមិនទាន់រឹងមាំ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply