ទស្សនាវដ្ដី សុខភាពយើង សូមចូលខ្លួនមកបង្ហាញជូននូវជម្ងឺដុះសាច់ច្រមុះនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជ បណ្ឌិត ឯក សំអឿន ជាប្រធានផ្នែកជម្ងឺត្រចៀកច្រមុះបំពង់ក នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ដុះសាច់ច្រមុះ ជាអ្វី?
ជម្ងឺដុះសាច់ច្រមុះ តាមពិតមិនមែនជាការដុះសាច់ច្រមុះបន្ថែមទេ។ តែវាជាការរីកប៉ោងរបស់សាច់ច្រមុះដែលបណ្ដាលមក ពីឈាមច្រាលក្នុងសាច់ច្រមុះខ្លាំង ធ្វើឱ្យសាច់ច្រមុះរីកធំខុសពីធម្មតា ឬប៉ោង ហើយក្រិននាំឱ្យស្ទះរន្ធច្រមុះ និងពិបាកនៅក្នុងការដក ដង្ហើម។ ជួនកាលវាអាចរីកសាច់ច្រមុះទាំងអស់ដែលមានក្នុងរន្ធច្រមុះ ដោយរួមមានសាច់ច្រមុះខាងក្រោម កណ្ដាល និងខាងលើ តែ ជាទូទៅវាឧស្សាហ៍រីកសាច់ច្រមុះខាងក្រោម។ ករណីរីកសាច់ច្រមុះ ភាគច្រើនកើតនៅលើមនុស្សពេញវ័យ និងមនុស្សវ័យចំណាស់ ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។ ចំពោះក្មេងអាយុក្រោម១៥ឆ្នាំមិនសូវឃើញកើតទេ ពួកគេគ្រាន់តែរលាកច្រមុះធម្មតា តែការរលាក យូរៗទៅក៏អាចនាំឱ្យសាច់ច្រមុះរីកដូចគ្នា។ ទម្រង់នៃការរីកសាច់ច្រមុះអាចចែកជាដំណាក់កាលៗ អាចរីកតាំងពីមុខដល់ក្រោយ រីក នៅកន្ទុយសាច់ច្រមុះ ឬរីកនៅតែក្បាលសាច់ច្រមុះ។
មូលហេតុជម្ងឺរីកសាច់ច្រមុះ
ការរីកសាច់ច្រមុះបណ្ដាលមកពីមូលហេតុជាច្រើន។
- ការរលាកសាច់ច្រមុះរ៉ាំរ៉ៃរយៈពេលយូរ ជាហេតុនាំឱ្យសាច់ច្រមុះរីក។
- ការរលាកសាច់ច្រមុះរហូតកើតជាខ្ទុះ ហើយមិនបានទទួលការព្យាបាល សាច់ច្រមុះក៏អាចចាប់ឡើងក្រាស់ហើយរលាក។ – ការប្រតិកម្មនឹងសារធាតុផ្សេងៗ ដែលអាចបណ្ដាលឱ្យរលាកសាច់ច្រមុះ។
- ធាតុអាកាស ឬរដូវត្រជាក់ នាំឱ្យឈាមច្រាលនៅក្នុងសាច់ច្រមុះច្រើន ក៏ជាហេតុនាំឱ្យសាច់ច្រមុះរីកក្រាស់ ឬក្រិន។
- ការប្រើថ្នាំបន្ដក់ច្រមុះច្រើនហួសកម្រិត មិនអនុវត្ដតាមវេជ្ជបញ្ជា នាំឱ្យរីកសាច់ច្រមុះ។
រោគសញ្ញាជម្ងឺរីកសាច់ច្រមុះ
រោគសញ្ញាដំបូង អ្នកជម្ងឺមានការលំបាកនៅក្នុងការដកដង្ហើម ដូចជាពេលទទួលទានដំណេក ច្រមុះតឹងម្ខាង ធូរម្ខាងជាដើម ។ ករណីនេះអាចវិវឌ្ឍន៍ទៅដល់ដំណាក់កាលបន្ទាប់ទៀត គឺការតឹងច្រមុះអចិន្ដ្រៃយ៍។ វាអាចចាប់ផ្ដើមឡើងតឹងច្រមុះ តឹងហើយធូរ ថប់ដង្ហើមជាដើម។ ជួនកាលអាការតឹងច្រមុះអាចជាអាការប្រហាក់ប្រហែលនឹងផ្ដាសាយធម្មតាដែលអាចតឹង និងធូរវិញពេលប៉ុន្មាន ថ្ងៃបន្ទាប់។ ការរីកនៃសាច់ច្រមុះអាចនាំឱ្យមានអាការ ដូចជាឈឺក្បាល ស្ងួតបំពង់កជាដើម។
វិធីព្យាបាលជម្ងឺរីកសាច់ច្រមុះ
ការព្យាបាលជម្ងឺរីកសាច់ច្រមុះគួរតែធ្វើឡើងដោយគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។
- ការព្យាបាលអាចចាប់ផ្ដើមពីការប្រើប្រាស់ថ្នាំបន្ដក់ និងថ្នាំលេបប្រភេទគ្រាប់មួយចំនួន។
- ដំណាក់កាលបន្ទាប់ ជាការព្យាបាលដោយដុត ដូចជាពាក្យគេនិយាយថាវះកាត់ដោយមិនមានឈាម គឺការដុតដោយ អាស៊ីត។ ការដុតដោយអាស៊ីតអាចនាំឱ្យរួមរន្ធច្រមុះ ឬស្អិតសាច់ច្រមុះជាមួយនឹងក្ដោងច្រមុះ។ គេអាចដុតសាច់ច្រមុះនឹងអគ្គីសនី ឬ ដោយហ្គាសត្រជាក់សីតុណ្ហភាពក្រោម៣០អង្សាសេក្រោមសូន្យ។ ការដុតវាឈឺចាប់ណាស់ ហើយត្រូវចំណាយពេលប្រហែលជា១០ថ្ងៃ ទើបអាចធ្វើការងារបានវិញ។
- បើការព្យាបាលទាំងនោះមិនមានប្រសិទ្ធភាព ការព្យាបាលដែលជាដំណាក់កាលចុងក្រោយគឺការវះកាត់ ដែលជាការ កាត់សាច់ដែលរីកធំមួយចំនួន ដើម្បីឱ្យមានខ្យល់ចេញចូលតាមរន្ធច្រមុះ។ ការវះកាត់អនុវត្ដបានទាល់តែដំណាក់កាលតឹងច្រមុះខ្លាំងទ្រាំលែងបាន ហើយឈឺក្បាលយូរខែ ឬយូរឆ្នាំ។ ការវះកាត់អាចបង្កផលប៉ះពាល់ដល់ការហូរឈាម ឬធ្លាក់ឈាម វាជាករណីគួរឱ្យ ព្រួយបារម្ភបំផុត។ មានតែការវះកាត់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធ្វើឡើងដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ ទើបធានាបាននូវ សុវត្ថិភាព។ ការវះកាត់សាច់ច្រមុះរីក ធ្វើឱ្យសាច់ច្រមុះលែងដុះរហូត ហើយការកាត់សាច់ច្រើនហួស នាំឱ្យច្រមុះប្រហោងធំ ឬប្រ ហោងច្រមុះធំ។ បើកាត់សាច់តិចពេក មួយឆ្នាំក្រោយ សាច់ច្រមុះអាចរីកឡើងវិញ ដែលនាំឱ្យណែនរន្ធច្រមុះដដែល។ ករណីអ្នកជម្ងឺ មានជម្ងឺរួមផ្សំ ដូចជាទឹកនោមផ្អែម លើសឈាមជាដើម វាជាការពិបាកក្នុងការវះកាត់។
វិធីបង្ការជម្ងឺរីកសាច់ច្រមុះ
មានវិធីទប់ស្កាត់ការដុះសាច់ច្រមុះមួយចំនួន ដែលលោកអ្នកអាចធ្វើបាន។
- ចៀសវាងការប្រើប្រាស់ថ្នាំបន្ដក់ច្រមុះដោយខ្លួនឯង ដោយមិនមានការអនុញ្ញាត ឬវេជ្ជបញ្ជាពីគ្រូពេទ្យ ដូចជាថ្នាំដាក់ ច្រមុះ ឬថ្នាំដំណក់ផ្សេងទៀត ដែលអាចនាំឱ្យរីកសាច់ច្រមុះ ព្រោះថ្នាំទាំងនោះត្រូវបានណែនាំឱ្យប្រើត្រឹមតែពីរ ឬបីដបប៉ុណ្ណោះ។
- ចៀសវាងការទទួលទានទឹកកក ឬរបស់អ្វីត្រជាក់ៗ និងគ្រឿងផ្អាប់ ដូចជាទឹកត្រី ប្រហុក ផ្អកជាដើម ដែលនាំឱ្យឈាម ច្រាលទៅសាច់ច្រមុះខ្លាំង។
- គួរព្យាយាមហាត់ប្រាណឱ្យបានជាប្រចាំ ព្រោះវាអាចជួយសម្រួលឈាមដែលច្រាលពេញក្នុងសាច់ច្រមុះ។
- សូមការពារធូលីដីកុំឱ្យហុយចូលច្រមុះច្រើនពេក តាមរយៈការពាក់ម៉ាស់ការពារមុខ ឬច្រមុះ។
- សូមប្រញាប់ទទួលការពិនិត្យព្យាបាល ករណីមានរោគសញ្ញាតឹងច្រមុះយូរ(លើសពីមួយសប្ដាហ៍)។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ពេលមានអាការតឹងច្រមុះមិនធម្មតា ឬរយៈពេលយូរ គួរតែមក ពិគ្រោះ និងពិនិត្យជម្ងឺជាមួយនឹងគ្រូពេទ្យជំនាញដើម្បីការពារជម្ងឺផ្សេងៗទៀត ដែលមិនមែនជាជម្ងឺផ្ដាសាយធម្មតា។ បើលោកអ្នក មិនបានទៅព្យាបាលឱ្យទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវ អាចឱ្យជម្ងឺរលាកសាច់ច្រមុះ ឬរីកសាច់ច្រមុះនេះបង្កជាវិបត្ដិធ្ងន់ ធ្ងរ ដូចជាជម្ងឺមហារីកច្រមុះជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply