ពាក្យមួយឃ្លាបានពោលថា“ការពារប្រសើរជាងព្យាបាល” ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ និងអាចប្រើបានគ្រប់ កាលៈទេសៈទាំងអស់។ ដូចគ្នាដែរ ការពាក់មួកសុវត្ថិភាពការពារ អាចការពារលោកអ្នកពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរដែលកើត ឡើងជាយថាហេតុបាន ដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិត។ តើមួកសុវត្ថិភាពមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ?
សព្វថ្ងៃនេះ ការធ្វើដំណើរលើដងផ្លូវសាធារណៈ មានសភាពមមាញឹក។ មានប្រជាជនមួយចំនួន បានជ្រើសរើសយកវិធីការពារខ្លួនដោយពាក់មួកសុវត្ថិភាពដើម្បីបង្ការនូវគ្រោះថ្នាក់មួយចំនួន ដែលកើតឡើងជាយថាហេតុក្នុងពេលកំពុងបើកបរម៉ូតូ។ ប៉ុន្ដែប្រជាជនមួយចំនួនទៀត មិនបានប្រើប្រាស់មួកនេះទេ។ តើមួកការពារសុវត្ថិភាពមានអត្ថប្រយោជន៍ដូចម្ដេចខ្លះ? ទស្សនាវដ្ដីសុខភាពយើង សូមណែនាំលោកអ្នកឱ្យបានជ្រាបអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាពនេះ។
អត្ថប្រយោជន៍មួកសុវត្ថិភាព
គោលបំណងនៃការប្រើប្រាស់មួកសុវត្ថិភាព គឺដើម្បីការពារសុវត្ថិភាពក្បាល នៅពេលមានគ្រោះថ្នាក់កើតឡើងក្នុងពេល កំពុងបើកបរ ឬធ្វើដំណើរ។ ប្រជាជនមួយចំនួនមិនទាន់យល់ច្បាស់នៅឡើយទេពីអត្ថប្រយោជន៍របស់មួកនេះ។ អ្នកខ្លះយល់ថាពាក់មួកនេះទៅជួយការពារកុំឱ្យដីហុយ ឬការពារកុំឱ្យខ្មៅមុខ។ ការពិតការពាក់មួកការពារសុវត្ថិភាពមានអត្ថប្រយោជន៍ច្រើនយ៉ាង ដូច ជាអាចជួយការពារក្បាល អាចជួយការពារចង្កា ផ្ទៃមុខ កាត់បន្ថយកម្ដៅថ្ងៃ ធូលីហុយប៉ះមកលើផ្ទៃមុខជាដើម។
មួកដែលមានគុណភាពល្អអាចកាត់់បន្ថយអត្រាគ្រោះថ្នាក់បានយ៉ាងច្រើន។ ក្នុងពេលគ្រោះថ្នាក់នោះ បើយើងពាក់មួកហើ យ វាអាចកាត់បន្ថយរបួសក្បាលលោកអ្នកពីធ្ងន់មកស្រាលវិញ។ តាមការអង្កេតរបស់អង្គការពិការភាពអន្ដរជាតិនៅកម្ពុជា នៅឆ្នាំ ២០០៥បានឱ្យដឹងថាកម្រិតនៃអ្នករបួសក្បាលធ្ងន់ក្នុងពេលមានគ្រោះថ្នាក់ ចំពោះអ្នកដែលបានពាក់មួកសុវត្ថិភាពហើយនោះ មានប្រមាណ៩%របួសក្បាលធ្ងន់។ តែចំពោះអ្នកដែលមិនបានពាក់មួកសុវត្ថិភាពវិញ មានរហូតដល់១៤%របួសក្បាលធ្ងន់ ហើយត្រូវការការ ព្យាបាលបន្ទាន់។ សម្រាប់តួលេខជាទូទៅ អ្នកពាក់មួកសុវត្ថិភាព ហើយរងរបួសក្បាលមាន២១% ប៉ុន្ដែមាន៤៤% ដែលរងរបួសក្បាល បណ្ដាលមកពីមិនប្រើប្រាស់មួកនេះ។
តើគួរប្រើប្រាស់មួកសុវត្ថិភាពនៅពេលណា?
នៅរាល់ពេលបើកបរម៉ូតូ ឬកង់ ទាំងអ្នកដែលត្រូវគេឌុបក៏ដោយ ក៏គួរតែពាក់មួកការពារសុវត្ថិភាពផងដែរ។ ទោះបីជា លោកអ្នកត្រូវធ្វើដំណើរឆ្ងាយ ឬជិតក៏ដោយ ក៏លោកអ្នកមិនគួរធ្វេសប្រហែសឡើយ។ សព្វថ្ងៃនេះមួកសុវត្ថិភាពត្រូវបានលក់នៅលើទី ផ្សារតម្រូវតាមគ្រប់វ័យទាំងអស់។ តាមការអង្កេតរបស់ក្រសួងសុខាភិបាលតាំងពីឆ្នាំ២០០៤ នៅទីក្រុងភ្នំពេញមានប្រជាជន៧%ពាក់ មួកសុវត្ថ្ថិភាព មកទល់ពេលនេះឃើញមានអ្នកដែលបានពាក់មួកសុវត្ថិភាពកើនឡើងរហូតដល់១៤.៨% ហើយ។
អង្គការពិការភាពអន្ដរជាតិបានធ្វើការអង្កេតនៅតាមផ្លូវជាតិដែលនៅជុំវិញទីក្រុងភ្នំពេញឃើញថាមានអ្នកពាក់មួកច្រើន ជាងនៅក្នុងទីក្រុងភ្នំពេញមានរហូតដល់១៧%។ ចំពោះកុមារ ការពាក់មួកនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលកាលពីឆ្នាំ២០០៤ គេពុំឃើញមានកុមារពាក់មួកសុវត្ថិភាពទេ ចំណែកនៅតាមទីផ្សារ ក៏ពុំឃើញមានលក់មួកសុវត្ថិភាពសម្រាប់កុមារដែរ។ បច្ចុប្បន្ន នៅក្រុងភ្នំពេញមានកុមារ៥% ដែលពាក់មួកការពារសុវត្ថិភាពនេះ។
ប្រភពខាងលើបានឱ្យដឹងទៀតថាបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់មួកសុវត្ថិភាពកាន់តែមានការកើនឡើង ដោយសារប្រជាជនកាន់តែយល់ពីសារៈប្រយោជន៍របស់មួកនេះ។ មនុស្សមួយចំនួនទៀតមិនទាន់បានយល់ច្បាស់នៅឡើយទេអំពីសារៈសំខាន់នៃមួក នេះ។ តាមការអង្កេតទៅលើសិស្សសាលានៅក្នុងទីក្រុងភ្នំពេញ ឃើញថា៥០% ចំណោមពួកគេគិតទៅលើសោភ័ណភាពជាងអាយុ ជីវិតរបស់គេ។ គេយល់ថាមួកនេះធ្វើឱ្យពិបាកទ្រាំ វាធ្វើឱ្យស្អុះស្អាប់នៅពេលពាក់។ អ្នកខ្លះទៀតគិតថាធ្វើឱ្យបាត់បង់សោភ័ណភាព របស់គាត់។ មនុស្សមួយចំនួនទៀតមានការធ្វេសប្រហែសក្នុងការពាក់មួក ដោយមិនដាក់គន្លឹះទេក្នុងពេលបើកបរ។ នៅពេលគ្រោះ ថ្នាក់ ជាហេតុធ្វើឱ្យមួកប៉ើងទៅម្ខាង ហើយគ្រោះថ្នាក់នៅតែកើតមានដដែល។
សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរ
នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរ ដែលបានបញ្ជូនទៅដល់រដ្ឋសភាហើយនោះ បានកំណត់ឱ្យអ្នកបើកបរម៉ូតូត្រូវតែប្រើ ប្រាស់មួកសុវត្ថិភាពក្នុងពេលកំពុងបើកបរ។ ប្រសិនបើមិនពាក់មួកទេ នឹងត្រូវទទួលការផាកពិន័យ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែប្រើប្រាស់មួកការពារសុវត្ថិភាពនូវរាល់ពេលលោកអ្នកធ្វើដំណើរ ទោះជាទៅទីជិតក្ដី ទីឆ្ងាយក្ដី ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតឡើង។ ចូរចងចាំថារាល់ពេលធ្វើដំណើរ យើងអាចនឹងជួបគ្រោះថ្នាក់គ្រប់ពេលវេលា។ ហើយគ្មានអ្នកណា ម្នាក់ដឹងជាមុនទេថាយើងនឹងមានគ្រោះថ្នាក់នៅវិនាទីណានោះទេ។ ដោយហេតុថាជារៀងរាល់ថ្ងៃមានមនុស្សបីនាក់ស្លាប់ និង១០០ នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះទោះបីជាធ្វើដំណើរផ្លូវឆ្ងាយក្ដីជិតក្ដី យើងអាចប្រឈមមុខនឹងគ្រោះថ្នាក់ ចរាចរណ៍ច្រើន។ អ្វីដែលកាត់បន្ថយគ្រោះថ្នាក់នេះបាន គឺការពាក់មួកសុវត្ថិភាពនេះឯង។ ជាការពិតណាស់ ដែលយើងត្រូវគោរពច្បាប់ ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ប៉ុន្ដែបើគ្រោះថ្នាក់ហើយ អ្វីដែលអាចជួយយើងបាន គឺមួកសុវត្ថិភាព។ ម្យ៉ាងវិញទៀត ទោះបី ជាមួកសុវត្ថិភាពខ្លះមានតម្លៃថោក គុណភាពអន់យ៉ាងណាក៏ដោយ ក៏វានៅតែការពារក្បាលបានប្រសើរជាងកាលដែលលោកអ្នកមិន បានពាក់វាសោះ។ ឪពុកម្ដាយត្រូវជំរុញទឹកចិត្ដកូនឱ្យពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply