ក្នុងពិធីបុណ្យអុំទូក ប្រជាពលរដ្ឋដែលចូលរួមអបអរសាទរយ៉ាងច្រើនកុះករ មានកំណើនកើនឡើងជារៀងរាល់ឆ្នាំ ដែល ភាគច្រើនជាអ្នកមកពីបណ្ដាខេត្ដក្រុងនានាទូទាំងប្រទេស។ កំណើនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឱ្យមានភាពអ៊ូអរខុសប្លែកពីធម្មតា។ ជាមួយនេះដែរកំណើនប្រជាពលរដ្ឋបានធ្វើឱ្យមានផលវិបាកមួយចំនួនទៅលើទីក្រុង ជាពិសេសលើផ្នែកបរិស្ថាន។
លោក ខាំ គឹមសួ អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចូលរួមស្រាយបំភ្លឺអំពីបញ្ហានេះជូនមិត្ដអ្នកអាន ទុកគ្រាន់ជា ការសិក្សាស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
មូលហេតុរំខានដល់បរិស្ថានក្នុងពិធីបុណ្យអុំទូក
មានមូលហេតុច្រើនយ៉ាងដែលតែងតែធ្វើឱ្យមានការរំខានដល់បរិស្ថានក្នុងពេលមានពិធីបុណ្យអុំទូកកើតឡើង។
- កំណើនប្រជាពលរដ្ឋ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យអុំទូកកាន់តែមានកំណើនច្រើន ឡើងជាបន្ដបន្ទាប់។ ការកើនឡើងនៃចំនួនប្រជាពលរដ្ឋដែលមកចូលរួម និងមធ្យោបាយធ្វើដំណើរ(រថយន្ដ និងម៉ូតូ) បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាស។ ភាពអាប់អួរដែលបានមកពីក្លិនមិនល្អ(ញើស) ធ្វើឱ្យពិបាកក្នុងការដកដង្ហើម ពិសេសផ្សែងរថយន្ដ គ្រប់ប្រភេទដែលមានចំនួនច្រើនលើសពីធម្មតា។ ដោយសារភាពកកកុញនៃប្រជាពលរដ្ឋផងដែរ បានធ្វើឱ្យមានការរាំងស្ទះដល់ការ ចូលទៅប្រមូលយកកាកសំណល់តាមធុងសម្រាម និងសម្រាមដែលចោលនៅតាមទីសាធារណៈ។ ភាពយឺតយ៉ាវនេះ ជាឱកាសអាចធ្វើ ឱ្យមានការប៉ះពាល់ដល់បរិស្ថាន។
- សកម្មភាពមនុស្ស ៖ ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ សកម្មភាពមួយចំនួនរបស់ពួកគេក៏ជាកត្ដាធ្វើឱ្យមាន ការប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ ការចោលសម្រាម និងកាកសំណល់មិនបានត្រឹមត្រូវនៅតាមទីសាធារណៈ ច្រាំងទន្លេ និងក្នុងទឹក ជាពិសេសសម្រាមដែលមានជាតិប្លាស្ទិក(ថង់ប្លាស្ទិក)។
- កត្ដាកង្វះអនាម័យ ៖ អនាម័យជារឿងសំខាន់ណាស់ ហើយក៏ជាចំណែកមួយដែលចេញពីសកម្មភាពមនុស្សដែរ។ ដោយ សារបង្គន់សាធារណៈមានតិចតួចមិនគ្រប់គ្រាន់តាមតម្រូវការនៃកំណើនប្រជាពលរដ្ឋ អាចឱ្យប្រជាពលរដ្ឋទៅបន្ទោរបង់តាមទីសាធារណៈ តាមរបង ឬសួនច្បារ ជាហេតុធ្វើឱ្យជះក្លិនមិនល្អ។ ជាពិសេសកីឡាករ ក្រុមគ្រួសារ និងប្រជាពលរដ្ឋដែលចូលរួមអបអរសាទរ ការប្រណាំងទូកទាំងនេះបានបោះទីតាំងស្នាក់អាស្រ័យលើទឹក និងតាមមាត់ទន្លេ ហើយជានិច្ចកាលពួកគាត់តែងតែចោលសម្រាម កាក សំណល់ និងបន្ទោរបង់លើទឹកទន្លេ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក។
ក្រៅពីកត្ដាទាំងនេះ ក៏នៅមានកត្ដាមួយចំនួនទៀតផងដែរ ដែលបង្កការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ ជាពិសេសក្នុងពេល នៃពិធីបុណ្យអុំទូក ក្រុមហ៊ុន ស្ថាប័ន និងអាជីវកម្មជាច្រើនក៏ខំចែកខិត្ដប័ណ្ណ និងផលិតផល បូករួមនឹងកង្វះអនាម័យរបស់អ្នកលក់ដូរ តាមផ្លូវសាធារណៈជាដើម។
ផលប៉ះពាល់បរិស្ថានបណ្ដាលមកពីបុណ្យអុំទូក
- ប៉ះពាល់ដល់ទឹក និងជីវិតសត្វក្នុងទឹក ៖ បើគ្រាន់តែមើលនឹងភ្នែកទទេដោយពុំបានគិតពិចារណានោះ មិនឃើញថាមាន ផលប៉ះពាល់យ៉ាងណានោះទេ ចំពោះកាកសំណល់ដែលចោលទៅក្នុងទឹកទន្លេ។ តាមពិត ក្នុងចំណោមកាកសំណល់ទាំងអស់ដែលបាន មកពីសកម្មភាពមនុស្ស មានមួយចំនួនផ្ទុកទៅដោយសមាសធាតុគីមីដែលមានប្រតិកម្មជាមួយអុកស៊ីសែន អាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅ លើគុណភាពទឹក ហើយកាកសំណល់ទាំងនោះធ្វើឱ្យទឹកកខ្វក់មិនអាចប្រើប្រាស់បាន។ ចំណែកជីវិតសត្វដែលរស់នៅក្នុងទឹកនោះ ក៏ ទទួលរងនូវការប៉ះពាល់ផងដែរ។ អ្វីដែលសំខាន់ រាល់កាកសំណល់ដែលចោលទៅក្នុងទឹកទន្លេ ហើយរលួយបង្កជាមេរោគនៃជម្ងឺ ផ្សេងៗ ដូចជាជម្ងឺរាករូស អាសន្នរោគជាដើម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។
- ប៉ះពាល់ដល់បរិយាកាស ៖ សម្រាម និងកាកសំណល់ផ្សេងៗដែលចោលពាសវាលពាសកាលនៅតាមទីសាធារណៈ មាត់ ទន្លេ យូរទៅក៏ក្លាយជាសមាសធាតុសរីរាង្គ ហើយធ្វើប្រតិកម្មគីមីសំយោគ។ សមាសធាតុគីមីដែលបានមកពីការសំយោគនេះ បាន អណ្ដែតឡើងលើ ហើយមានប្រតិកម្មយ៉ាងរហ័សជាមួយអុកស៊ីសែន។ សមាសធាតុទាំងនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើខ្យល់ បរិយាកាស កាត់បន្ថយសមាសធាតុអុកស៊ីសែន និងមានការប៉ះពាល់ទៅដល់ស្រទាប់អូស្សូនផងដែរ។
- ប៉ះពាល់ទៅលើសោភ័ណភាពទីក្រុង ៖ កង្វះអនាម័យ និងការចោលកាកសំណល់សម្រាមនៅតាមទីសាធារណៈ ពិតជាធ្វើ ឱ្យបាត់បង់នូវសោភ័ណទីក្រុង។ គំនរសម្រាម និងកាកសំណល់ដែលនៅរាយប៉ាយតាមដងវិថី តាមសួនសាធារណៈ ធ្វើឱ្យលុបបាត់នូវ ភាពស្រស់ស្អាត និងភាពស្រស់ត្រកាលនៃទីក្រុង ពិបាកនឹងទស្សនា។ ម្យ៉ាងទៀតគំនរសម្រាមដែលទុកយូរ រលួយបានជះក្លិនមិនល្អទៅ លើអ្នកធ្វើដំណើរ ធ្វើឱ្យប៉ះពាល់លើផ្លូវដង្ហើម និងអាចបង្កទៅជាមេរោគនៃជម្ងឺមួយចំនួនថែមទៀតផង។
ដោយមើលឃើញពីមូលហេតុ និងផលប៉ះពាល់យ៉ាងច្រើនប្រការទៅលើបរិស្ថាន ជាចាំបាច់ត្រូវមានវិធានការទប់ស្កាត់ ក៏ ដូចជាការការពារដើម្បីរក្សាបាននូវសោភ័ណភាព និងបរិស្ថានល្អក្នុងទីក្រុង។
- សម្រាម និងកាកសំណល់ផ្សេងៗមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាន ពិសេសទឹកទន្លេ ដូចនេះគួរប្រជាពលរដ្ឋដែល មកចូលរួមទស្សនាពិធីបុណ្យអុំទូក ក៏ដូចគ្នានឹងបងប្អូនក្រុមគ្រួសាររបស់កីឡាករអុំទូកដែលរស់នៅលើទឹក និងច្រាំងទន្លេ សូមកុំចោល សម្រាម និងកាកសំណល់ដែលប្រើប្រាស់រួចទៅលើផ្លូវសាធារណៈ និងក្នុងទឹកទន្លេ។ ប៉ុន្ដែគួរគ្រប់គ្រងកាកសំណល់ទាំងនេះដោយការ វេចខ្ទប់ ហើយចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ។ ចំពោះអាជីវករ និងអ្នកលក់ដូរនៅតាមទីសាធារណៈនានា ក៏ត្រូវចូលរួមវេច ខ្ចប់កាកសំណល់ និងសម្រាមផងដែរ។
- ក្រុមហ៊ុន អង្គការ ឬស្ថាប័នដែលពាក់ព័ន្ធគួរធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីផលប៉ះ ពាល់ដែលបណ្ដាលមកពីការចាលកាកសំណល់សម្រាមនៅតាមទីសាធារណៈ និងក្នុងទឹកទន្លេ។ សូមបង្កើនប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងបង្គន់សាធារណៈ ដើម្បីបម្រើតាមសេចក្ដីត្រូវការសមស្របទៅតាមកំណើនរបស់ប្រជាពលរដ្ឋ និងអប់រំឱ្យមានភាពម្ចាស់ការក្នុង ការគ្រប់គ្រងកាកសំណល់ទាំងនេះ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកមេត្ដាកុំចោលសម្រាម និងកាកសំណល់នៅតាមទីសាធារណៈ ជាពិសេសក្នុងទឹកទន្លេដែលធ្វើឱ្យប៉ះពាល់ដល់ បរិស្ថានទីក្រុង។ សូមរួមគ្នាថែរក្សាបរិស្ថានឱ្យបានស្អាត បរិសុទ្ធ ដោយគ្រប់គ្រងសម្រាមឱ្យបានត្រឹមត្រូវ ឬចោលក្នុងធុងសម្រាម ដើម្បីសោភ័ណភាពទីក្រុង។ បរិស្ថានស្អាត សុខភាពល្អ ជីវិតមានសុភមង្គល!
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply