ព្រាយក្រឡាភ្លើង ឃាតក​ពេលសម្រាលកូន

ព្រាយក្រទ្បា​ភ្លើង​ជាជម្ងឺ​មួយប្រភេទ​ដែលអាច​កើតមាន​ចំពោះស្ដ្រី​នៅពេល​សម្រាលកូន។ ព្រាយក្រឡា​ភ្លើង គឺជា​ជម្ងឺមួយ ធ្ងន់ធ្ងរ​ដែលអាច​បង្កឱ្យម្ដាយ និង​កូនក្នុង​ស្បូនបាត់បង់​ជីវិតបាន។ ការពិគ្រោះ​ជម្ងឺម៉ត់ចត់​មុនពេល​សម្រាល គឺជា​មធ្យោបាយ​មួយដែល ល្អ​សម្រាប់រក​ឱ្យដឹងថា​ស្ដ្រីណាខ្លះ​អាចនឹង​កើត​ជម្ងឺនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែង​យល់ឱ្យ​កាន់តែច្បាស់​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង អំពីប្រធានបទ​ជម្ងឺព្រាយ​ក្រទ្បាភ្លើង តាមរយៈ​ការបក ស្រាយ​របស់លោក​វេជ្ជបណ្ឌិត ថៃហា្វ វ៉ីហ្គង់ អ្នកឯកទេស​ខាងសម្ភព និង​រោគស្ដ្រី​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ។

ព្រាយក្រទ្បា​ភ្លើង ជាអ្វី?

ការពិតទៅ​ពាក្យព្រាយ​ក្រឡាភ្លើង​នេះមិន​មានលក្ខណៈ​វិទ្យាសាស្ដ្រ​អ្វីទាល់​តែសោះ។ ពាក្យនេះ​អាចធ្វើ​ឱ្យលោកអ្នក​មួយ ចំនួន​គិតដល់រឿង​អបិយជំនឿ។ ក៏ប៉ុន្ដែ​ដោយសារ​ក្រុមអ្នក​វិទ្យាសាស្ដ្រ​ខ្មែរយើង​មិនទាន់​មានលទ្ធភាព​រកពាក្យ​អ្វីមួយ​ជំនួស ដើម្បីឱ្យ ប្រជាពលរដ្ឋ​ងាយយល់ យើងក៏​នៅតែបន្ដ​ប្រើពាក្យនេះ​ដដែល។ ព្រាយ​ក្រឡាភ្លើង គឺជាជម្ងឺ​មួយដែល​ឧស្សាហ៍​ជួបប្រទះ ជាពិសេស នៅប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា​យើង​ជាដើម។

តាមតួលេខ​អន្ដរជាតិ យើងឃើញ​ថាពី៥​ទៅ៧%នៃស្ដ្រី​មានផ្ទៃពោះ​កើតជម្ងឺ​ឡើងឈាម និង​ទឹកនោមប្រៃ។ រីឯជម្ងឺ​ព្រាយក្រឡា​ភ្លើងកើត​ឡើងលើ​ស្ដ្រីមាន​ផ្ទៃពោះ​ចំនួន៣​ទៅ៩លើ​១០០០។ ជម្ងឺនេះ​ជាមូលហេតុ​ទី២​នៃអត្រាមរណៈ​ភាពរបស់ម្ដាយ គឺបន្ទាប់ ពីមូលហេតុ​ស្លាប់ដោយ​ការធ្លាក់​ឈាម។ ទាក់ទង​នឹងអត្រាមរណៈ​ភាពរបស់​ម្ដាយ និងកូន ដោយសារ​ជម្ងឺនេះ​គឺ៦% ចំពោះម្ដាយ និង១ ៥%​ចំពោះកូន។

មូលហេតុ​ព្រាយក្រឡា​ភ្លើង

សឹងតែ​ទាំងអស់​របស់ជម្ងឺនេះ គឺជាផល​វិបាក​របស់​ជម្ងឺលើស​ឈាម និង​ជម្ងឺទឹកនោម​ប្រៃពេល​មានផ្ទៃពោះ។ មូលហេតុ ចម្បង​ដែលបង្ក​ឱ្យកើត​ជម្ងឺឡើង​ឈាម និង​ទឹកនោម​ប្រៃនោះ គឺមក​ពីវិបត្ដិ​នៃការ​លូតលាស់​របស់សុក។ នៅពេល​មានផ្ទៃពោះ សុកដើរ តួនាទី សំខាន់​ណាស់​ក្នុងការ​ប្ដូរសារ​ធាតុចិញ្ចឹម​ពីម្ដាយ​ទៅកូន។ នៅពេល​អាយុកូន​ក្នុងស្បូន​កាន់តែ​ច្រើន សុក​ក៏កាន់​តែធំដែរ។ ក្នុង ករណីធម្មតា ការលូតលាស់​របស់សុក​បានធ្វើ​ឱ្យសរសៃ​ឈាមរបស់​ស្បូនមាន​សភាព​រីកធំ។ ក៏ប៉ុន្ដែ​ក្នុងករណី​មួយចំនួន សុកធ្វើ​ការរបស់ វាមិន​បានល្អ នៅពេល​នោះសរសៃ​ឈាម​មួយចំនួន​រីកធំ ឬ​ក៏រួមតូច​ធ្វើឱ្យការ​នាំឈាម​មកចិញ្ចឹមកូន និង​សុកមិន​បានល្អ ពេលនោះកូន នៅក្នុងស្បូន និង​សុកស្ថិត​នៅក្នុង​សភាពខ្វះ​ឈាម។ ការខ្វះ​ឈាម​របស់សុក​ធ្វើឱ្យ​មានការ​បញ្ចេញ​សារធាតុ​មួយចំនួន​ដែលជា​ហេតុនាំឱ្យ សរសៃឈាម​ស្បូនកាន់​តែរួមតូចទៀត បន្ទាប់​មកសរសៃ​ឈាម​ផ្សេងទៀត​របស់សរីរាង្គ ដូចជា​តម្រងនោម ថ្លើម ខួរក្បាល​ជាដើម​ក៏រួម តូចដែរ។ សភាព​ខ្វះឈាម​របស់​សរីរាង្គ​ទាំងនេះ​បណ្ដាល​ឱ្យលេច​ចេញ​រោគសញ្ញា​មួយចំនួន ដូចជា​ការឡើង​ឈាម ទឹកនោមប្រៃ  បែក កោសិកាថ្លើម ហើមខ្លួន ឬ​ប្រកាច់។ ការប្រកាច់​បណ្ដាលមក​ពីភាពហើម និងខ្វះ​ឈាមរបស់​ខួរក្បាល។

រោគសញ្ញា​ព្រាយក្រឡា​ភ្លើង

ការប្រកាច់​ព្រាយក្រទ្បាភ្លើង​មិនមាន​ហៀរទឹកនោម និង​មានលក្ខណៈ​ពិសេសខុស​ពីការ​ប្រកាច់​របស់ជម្ងឺ​ផ្សេងទៀត។ ការ ប្រកាច់​របស់​ព្រាយក្រឡាភ្លើង​ធ្វើឡើង​ដោយមាន​៤ដំណាក់​កាល​បន្ដ​បន្ទាប់គ្នា។

1. ដំណាក់​កាលទី១ ៖ រយៈពេល​៣០វិនាទី។ អ្នកជម្ងឺ​មានសភាព​ញ័ររំជួយ​សាច់ដុំ ដោយ​ចាប់ផ្ដើម​ពីមុខ​កនិង បន្ទាប់មក​ដៃជើង។ ព្រមទាំង​មានអាការៈ ដូចជាការ​វិលគ្រាប់ភ្នែក​នៅក្នុង​ប្រអប់​កែវភ្នែក​ជាដើម។

2. ដំណាក់​កាលទី២ ៖ រយៈពេល​ពី២០​ទៅ៣០​វិនាទី។ មានការ​កន្ដ្រាក់​សាច់ដុំ​ទាំងអស់់​របស់់​អ្នកជម្ងឺ។ ដងខ្លួន របស់អ្នក​ជម្ងឺឡើងអ៊ែន ក្បាលកាច់​មកខាង​ក្រោយ ដៃទាំង​សងខាង​បត់ជាប់​នឹងទ្រូង ជើងទាំង​សងខាង​ឡើង​ត្រង់ភ្លឹង។ អ្នកជម្ងឺ​មានស្បែក​ប្រែពណ៌​ទៅជាស្វាយ​ដោយមិន​មានការ​ដកដង្ហើម។

3. ដំណាក់​កាលទី៣ ៖ រយៈពេល​លើសពី១នាទី។ មានការ​ប្រកាច់ ឬ​កន្ដ្រាក់ញ័រ​រហូតនៅ​ពាក់កណ្ដាល​ខាងលើ នៃ​ដងខ្លួន​អ្នកជម្ងឺ។

4. ដំណាក់​កាលទី៤ ៖ រយៈពេល​អាចយូរ។ អ្នកជម្ងឺ​ស្ថិតនៅ​ក្នុងសភាព​សន្លប់​បាត់ស្មារតី។ ដៃជើង និង​ដងខ្លួន ឡើងទន់​ជ្រាយ ព្រមទាំង​ឃើញមាន​ភាពរីក​ធំរបស់​ប្រស្រីភ្នែក។

ការព្យាបាល​ព្រាយក្រទ្បា​ភ្លើង

ការព្យាបាល​ត្រូវបាន​ធ្វើទ្បើង​ជាពីរ​ដំណាក់កាល។

1. សង្គ្រោះ​បន្ទាន់​លើម្ដាយ ៖ ជាកិច្ចការ​មួយបន្ទាន់​បំផុត ព្រោះអ្នក​ជម្ងឺអាច​នឹងមាន​គ្រោះថ្នាក់​ដល់ជីវិត ឬ​បន្សល់នូវ ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារ​វិបត្ដិផ្លូវ​ដកដង្ហើម ប្រព័ន្ធ​សរសៃឈាម ប្រព័ន្ធស​រសៃប្រសាទ ប្រព័ន្ធ​តម្រង​នោម​ជាដើម។ ការ សង្គ្រោះ​បន្ទាន់ រួមមាន​ការសម្រួល​ផ្លូវដកដង្ហើម ការបង្គ្រប់​ជាតិទឹក ការផ្ដល់​អុកស៊ីហ្សែន ការប្រើ​ថ្នាំប្រកាច់ និង​ការប្រើថ្នាំ បន្ថយសម្ពាធ​ឈាម។

2. ការព្យាបាល​លើកូន ៖ កូននៅ​ក្នុងស្បូន​អាចនឹង​ស្លាប់ដោយ​សារវិបត្ដិ​នៃចរន្ដ​សរសៃ​ឈាមស្បូន ក្នុងពេល​ដែលម្ដាយ​ប្រកាច់។ បន្ទាប់ពី​ជួយម្ដាយ​ឱ្យផុត​ពីគ្រោះថ្នាក់​នៃការ​ប្រកាច់ គ្រូពេទ្យ​ត្រូវរក​មធ្យោបាយ​ឱ្យកូននោះ​កើតចេញ​មកខាង ក្រៅ។ ជាទូទៅ​មានតែការវះ​កាត់ជា​បន្ទាន់ទេ ដែលអាច​ឆ្លើយនូវ​តម្រូវ​ការនេះ។

ផលវិបាក​ព្រាយក្រឡា​ភ្លើង

នៅពេល​មានផ្ទៃពោះ​លើក​ក្រោយទៀត អ្នកជម្ងឺ​នោះឆាប់​កើតជម្ងឺ​ឡើងឈាម និង​ទឹកនោម​ប្រៃ ព្រមទាំង​ជម្ងឺ​ព្រាយក្រឡាភ្លើង កូនកើត​មិនគ្រប់​ទម្ងន់ ឬ​ក៏កូនស្លាប់​ក្នុងស្បូន។ ដើម្បី​ចៀសវាង​នូវបញ្ហា​ទាំងនេះ អ្នក​ជម្ងឺ​ត្រូវប្រើថ្នាំ​ជួយសម្រួល​ការលូតលាស់​របស់​សរសៃឈាម​ស្បូន​ប្រភេទ​អាស្ពីរីនកម្រិត​១០០មីលី​ក្រាមក្នុងមួយថ្ងៃ ចាប់ពី​កូនអាយុ​៨សប្ដាហ៍ រហូតដល់​កូនអាយុ​៣៧ សប្ដាហ៍។

ដំបូន្មាន​អ្នកជំនាញ

មានតែការ​ពិនិត្យ​ផ្ទៃពោះ ការវាស់​កម្រិត​ជាតិស្ករ ឬ​ជាតិប្រៃ​ក្នុងទឹកនោម​នៅពេល​ពពោះ ព្រមជា​មួយនឹង​ការសម្រាលកូន នៅមន្ទីរពេទ្យទេ ទើបធានា​សុវត្ដិភាព​សម្រាប់​ការការពារ​ជម្ងឺ​ព្រាយក្រទ្បាភ្លើង និង​ជម្ងឺផ្សេង​ទៀត​ដែលអាច​កើតមាន​នៅពេល​សម្រាលបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *