វិកលចរិត ជាជម្ងឺសួពូជ?

អ្នកខ្លះ​បានបន្លឺ​ពាក្យថា​ពូជឆ្កួត គឺ​ឆ្កួតតគ្នា។ តើទស្សនៈ​នេះត្រឹមត្រូវ​ដែរ ឬ​ទេ? ជម្ងឺ​វិកលចរិត​ត្រូវបាន​ចែកចេញ​ជាពីរប្រ ភេទ គឺ​វិកលចរិត​ស្រួចស្រាវ និង​វិកលចរិត​រ៉ាំរ៉ៃ។ សម្រាប់​ពេលនេះ ទស្សនាវដ្ដី​សុខភាពយើង សូមណែនាំ​ឱ្យលោកអ្នក​ឱ្យបានស្វែង យល់ពី​ជម្ងឺវិកល​ចរិត​ស្រួចស្រាវ​ជាមុន​សិន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺ​វិកលចរិត

ជម្ងឺ​វិកលចរិត គឺសម្គាល់​ទៅលើ​មនុស្ស​មាន​ជម្ងឺ់​ផ្លូវចិត្ដ ដែលធ្វើ​ឱ្យគាត់​មិនអាច​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​បាន។ ហើយ និយាយ​ជាមួយ​អ្នកដទៃ និង​ស្ដាប់គ្ន្នា​មិនបាន។ មិនចុះ​សម្រុង​ជាមួយ​អ្នកដទៃ​ក្នុងការ​ប្រាស្រ័យ​ទាក់ទងគ្នា។ មាន​អាកប្បកិរិយា​ប្លែក ខុសពី​គេឯង មាន​អារម្មណ៍​គិតផ្ដេស​ផ្ដាស យល់ខុស​ថាជាត្រូវ។ អ្នកខ្លះ​មានអាការ​ខ្លាច យល់ថា​មានគេ​តាមសម្លាប់​ខ្លួន ថាគេដាក់ ស្នេហ៍ ថាគេ​ធ្វើអំពើ​មកលើ​ខ្លួន​ជាដើម។ ជួនកាល​ទៀត អ្នក​វិកលចរិត​ចេះតែ​មើលឃើញ ស្ដាប់​ឮនូវអ្វីៗ​ដែលអ្នក​ដទៃ​មើលមិន​ឃើញ ស្ដាប់មិន​ឮពាក្យ ខ្មែរហៅ​ថាមមាល។

អការរោគ​ជម្ងឺវិកលចរិត

ក្រៅពី​អាការ​ខាងលើ អ្នកជម្ងឺ​មានអារម្មណ៍​មិនកក់ក្ដៅ នៅសម្ងំ​តែក្នុង​បន្ទប់។ អ្នកខ្លះទៀត​មានអាការ​ទៅជា​កាចដោយ សារគាត់​យល់ខុស​ពីគេ ថាគេ​មានបំណង​អាក្រក់​មកលើខ្លួន នាំឱ្យ​គាត់បង្ក​ទំនាស់​ជាមួយគេ។ ជូនកាល​គាត់ឃើញ​ថាមាន​គេមក​ធ្វើបាប ឬ​វាយគាត់ ដូចជាមាន​ព្រាយបិសាច​ជាដើម ធ្វើឱ្យគាត់​មាន​អាកប្បកិរិយា​តទល់។ ជួនកាលទៀត គាត់ឮសម្លេង​ធ្វើឱ្យគាត់សើច ករណី ទាំងនេះ​កើតមាន​ចំពោះអ្នកឈឺ។

ជម្ងឺ​វិកលចរិត​ស្រួចស្រាវ​កើតឡើង​ភ្លាមៗ ធ្វើទុក្ខភ្លាមៗ​ដល់អ្នកជម្ងឺ។ ឧទាហរណ៍ សិស្ស​ដែលកំពុង​ប្រលង នៅពេល​វិញ្ញាសារ​ចេញមក គាត់អរពេក ស្រាប់តែ​ទៅជាស្រែក​ឡូឡាមួយ​រំពេច។ ជួនកាល នៅពេល​ជួបបញ្ហា​លំបាកខ្លាំង ដោះស្រាយ​មិនបាន ទៅ ជាវង្វេង​វង្វាន់​ស្មារតី។ ករណីខ្លះ​ទៀតមនុស្ស​ដែលគាត់​ស្រឡាញ់​ស្រាប់តែ​ស្លាប់ទៅ ស្ដែង​ចេញធ្វើ​ឱ្យប៉ះទង្គិច​អារម្មណ៍​ជាខ្លាំង។ ជួន កាលទៀត ជួបរឿង​រន្ធត់ខ្លាំងពេក ទៅជា​និយាយ​ផ្ដេសផ្ដាស យំផង​សើចផង រាំផង​ក៏មាន។

កត្ដាបង្ក​វិកលចរិត​ស្រួចស្រាវ

ជម្ងឺវិកល​ចរិតក៏​ជាជម្ងឺ​សួពូជដែរ។ បាតុភូត​ទាំងឡាយ​ដែលនាំ​ឱ្យកើត​ជម្ងឺវិកលចរិត​មាន៤យ៉ាង គឺកត្ដា​ចិត្ដសាស្ដ្រ សង្គម សាស្ដ្រ ជីវសាស្ដ្រ និងជំនឿ។

1. កត្ដាសង្គម ៖ សង្គម​មានអស្ថេរភាព គ្រោះមហន្ដរាយ អំពើ​ឆក់ប្លន់ ចាប់ជំរិត ធ្វើ​ទារុណកម្ម ឬ​ធ្វើឱ្យមាន​ការភ័យខ្លាច ហួស​ហេតុពេក អាចបង្ក​ជារោគ​វិកលចរិត។ កត្ដា​គ្រោះ​មហន្ដរាយ​ធម្មជាតិ ទឹកជំនន់ ខ្យល់ព្យុះ បន្ទុះភ្នំភ្លើង រញ្ជួយដី​ជាដើម​ក៏ជាដើម ហេតុដែរ។

2. កត្ដា​ចិត្ដសាស្ដ្រ ៖ មនុស្សម្នាក់ៗ​តែងតែគិត​ពីនេះពីនោះ មិនចេះចប់​មិនចេះ​ហើយ។ ការតូច​ចិត្ដខ្លួនឯង ដោយ​មានការ ប្រៀបធៀប​រវាងខ្លួនឯង និង​អ្នកដទៃ។ ប្រៀបធៀប​ថាមាន​សំណាង​មិនដល់គេ ឬ​កើតនៅ​ក្នុងត្រកូល​ដែលមាន​កេរិ៍្ដឈ្មោះ​មិនល្អជា ដើម។

3. កត្ដាជីវ​សាស្ដ្រ ៖ អាចបណ្ដាល​មកពីនៅ​ក្នុងខួរក្បាល ឬ​ក្នុងសរីរាង្គ មានការ​ប្រែប្រួល ដូចជា​មានជម្ងឺ​ពកក​ជាដើម ដែលធ្វើ​ឱ្យប្រព័ន្ធ​អ័រម៉ូន​នៅក្នុង​ខួរក្បាល​មានការ​ប្រែប្រួល​ខុសធម្មតា។ ជួនកាល​ការប្រើប្រាស់​ឱសថខុស​មួយចំនួន ដូចជា​ថ្នាំគ័រទីកូអ៊ីដ ការប្រើប្រាស់​គ្រឿងញៀន​ជាដើម ក៏ជំរុញ​ឱ្យប្រព័ន្ធ​ក្នុងខួរក្បាល​ដែលគ្រប់គ្រង​អារម្មណ៍​មានអស្ថេរភាព ធ្វើឱ្យ​មានជម្ងឺ​វិកលចរិត។ មួយចំណែក​តូចទៀត បណ្ដាល​មកពីកត្ដា​សួពូជ ដែលឆ្លង​ទៅកូនចៅ​ជំនាន់​ក្រោយ​តាមរយៈ​ហ្សែន។

4. កត្ដាជំនឿ ការជឿ​ទៅលើ​ព្រេងវាសនា ការជឿ​ទៅលើ​សុបិន ព្រលឹង។ ជំនឿខ្លាំងពេក ព្រួយពេក ដេកយល់​សប្ដិ​ឃើញ រឿងរន្ធត់​ខ្លាំង ភ្ញាក់ឡើង​រវើរវាយ អាចក្លាយ​ជាវិកលចរិត។

កត្ដាដែល​នាំឱ្យមាន​វិកលចរិត មិនមែន​កើតឡើង​តែពីកត្ដា​តែមួយទេ គឺផ្សំឡើង​ពីកត្ដាជា​ច្រើនផ្សំគ្នា។ ប៉ុន្ដែ​ពេលខ្លះ មាន កត្ដាណា​មួយដើរតួ​ច្រើនជាងគេ។ មានន័យថា​នៅពេលគាត់​ជួបបញ្ហា​ដែលប៉ះពាល់​ទៅលើ​អារម្មណ៍​របស់គាត់ កត្ដាទាំង​៤ខាង​លើធ្វើឱ្យ អារម្មណ៍​របស់គាត់​ទប់ទល់​លែងបាន នាំឱ្យ​ជះឥទ្ធិពល​ទៅលើគាត់ នាំឱ្យ​ទៅជាឈឺ។ ហេតុនេះ​ហើយបាន​ជាអ្នកខ្លះ​ជួបរឿងដូចគ្នា តែ កម្លាំងចិត្ដ និង​ជំហរ​របស់គេ​នៅរឹងមាំ។ គេគ្រាន់​តែព្រួយ​បន្ដិចបន្ដួច​តែប៉ុណ្ណោះ គេនឹង​ធូរស្រាល​ចិត្ដ​មកវិញ។ អ្នកដែល​មានជំហរ​ទន់ ជ្រាយឆាប់​កើតជម្ងឺនេះ។

ផលវិបាក​រោគវិកលចរិត​ស្រួចស្រាវ

រំខានក្នុង​គ្រួសារ ស្រែក​ឡូឡា រករឿង​គេឯង ជួនកាល​ចង់សម្លាប់គេ ឬ​សម្លាប់​ខ្លួនឯង។ ការរំខាន​អ្នកដទៃ​បង្កនូវ​ការលំបាក​ស្មុគ្រស្មាញ​ណាស់សម្រាប់​មនុស្ស​ក្នុងគ្រួសារ និង​អ្នកនៅ​ជុំវិញខ្លួន។ ប្រសិន​បើការព្យាបាល​មានការ​យឺតយ៉ាវ និង​មិនត្រឹមត្រូវ នាំ ឱ្យអ្នក​ជម្ងឺនេះ​មានអាការ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

វិធានការណ៍​បង្ការរោគ​វិកលចរិត​ស្រួចស្រាវ

ជម្ងឺ​វិកលចរិត​ស្រួចស្រាវ​នេះកើត​ឡើងក្នុងរយៈ​ពេលខ្លី ហើយអាច​បាត់ទៅវិញ ខ្លះទៀត​ទាល់តែ​មានការ​ព្យាបាល។ រាល់ ជម្ងឺផ្លូវចិត្ដ​ទាំងអស់​អាច​ទប់ស្កាត់បាន បើនៅ​ពេលមាន​បញ្ហាតិចតួច ត្រូវដោះស្រាយ មិនត្រូវ​ទុកយូរទេ។ មិនត្រូវ​ប្រាប់រឿង​ដែលមាន ការរន្ធត់​ខ្លាំងដល់​អ្នកដែល​ទន់ខ្សោយ​ឱ្យដឹងទេ។ ត្រូវព្យា​យាមប្រាប់​គាត់​សន្សឹមៗ ត្រូវពន្លត់​រឿងរ៉ាវ​ដែលកើត​ឡើងនៅ​ក្នុងគ្រួសារ ដោយអប់រំ​ពន្យល់​សមាជិក​ក្នុងគ្រួសារ​ឱ្យបាន​យល់ពី​បុព្វហេតុ​ដែលនាំឱ្យ​មានជម្ងឺ​វិកលចរិត​នេះ។

ដំបូន្មាន​អ្នកជំនាញ

ដោយសារ​ព្រះពុទ្ធសាសនា​មិនមែន​ជាសាសនា​សុទ្ធសាធ ជាទស្សនៈ​វិទ្យាផង ជាសង្គម​វិទ្យាផង។ សូមលើក​យកផ្នែកណា មួយដែល​មានលក្ខណៈ​អប់រំមនុស្ស ដូចជា​សីល៥​ជាដើម ជាសីល​ដែលអប់រំ​មនុស្ស​ឱ្យយល់​ត្រឹមត្រូវ ធ្វើត្រឹមត្រូវ និង​ចេះគោរពគ្នា ទាំងនោះ​ជាច្បាប់​សម្រាប់​រស់នៅ ដើម្បី​បញ្ជៀស​នូវការ​បះទង្គិច​ផ្លូវចិត្ដ។ ច្បាប់ស្រី​ហិតោបទេស និង​ច្បាប់​បណ្ដាំ​ឪពុក ច្បាប់​ទាំងអស់ នេះ សុទ្ធតែ​អប់រំ​មនុស្ស​មិនឱ្យ​មានទំនាស់ ប្រកាន់​យកនូវ​ចរិតអហិង្សា ជាមធ្យោបាយ​មួយ​សម្រាប់​រម្ងាប់នូវ​សេចក្ដី​គ្រេវគ្រោធ ចៀស វាងបាន​នូវលោភៈ ទោសៈ ការប្រើសុរា និងគ្រឿង​ញៀនផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *