ដោយសារមានការពិបាកនៅក្នុងការស្វែងរកទីលានទូលាយដើម្បីលេងផ្សេងៗ កីឡាបាល់ទះត្រូវបានប្រជាពលរដ្ឋ ពិសេសយុវវ័យមានការពេញនិយមជាខ្លាំង។ បាល់ទះងាយនៅក្នុងការជ្រើសរើសទីលានលេង មានសមាជិកតិចក៏អាចលេងបាន មាន ត្រឹមតែខ្សែស្រទបចេកក៏អាចចងធ្វើជាសំណាញ់វាយបាល់បាន។ ប៉ុន្ដែការលេងមានលក្ខណៈខុសគ្នាច្រើន ដូចជាការលេងដើម្បីកម្សាន្ដ ច្បាប់នៃការប្រកួត ឧបករណ៍ដើម្បីលេង សមាជិកក្នុងក្រុមនីមួយៗ និងការរាប់ពិន្ទុនៃការលេងក្នុងជុំនីមួយៗជាដើម។
លោក ព្រុំ ប៊ុនយី អគ្គលេខាសហព័ន្ធកីឡាបាល់ទះ នៃគណកម្មាធិការជាតិកីឡាអូឡាំពិចកម្ពុជា បានរៀបរាប់ពីលក្ខណៈពិសេសរបស់កីឡាបាល់ទះនៅក្នុងស្រុក និងអន្ដរជាតិ ប្រាប់ទស្សនាវដ្ដី សុខភាពយើង។
កីឡាបាល់ទះនៅកម្ពុជា
បាល់ទះមានប្រជាប្រិយភាពណាស់នៅក្នុងស្រទាប់យុវវ័យដែលស្រឡាញ់ចូលចិត្ដកីឡាកាយសម្បទា។ ប្រជាពលរដ្ឋដែល រស់នៅតាមទីជនបទស្រុកស្រែចំការនិយមលេងបាល់ទះ ដោយមិនចាំបាច់មានឧបករណ៍គ្រប់គ្រាន់ដូចអ្នកនៅក្នុងក្រុងទេ។ ពួកគាត់ អាចលេងបានដោយគ្រាន់តែចងខ្សែជាសញ្ញាថាសំណាញ់ វាយបាល់សម្រាប់ទាត់ ជួនបាល់ជ័រដែលស្រាលៗ មិនមានកំណត់នូវស្ដង់ដាអ្វី ទេ ឱ្យតែមានដៃគូប្រកួត ហើយយល់ព្រមព្រៀងគ្នាជាការស្រេច។ កីឡាករបាល់ទះកម្ពុជាមានឈ្មោះល្បីល្បាញក្នុងប្រវត្ដិសាស្ដ្រ តាំង ពីយូរយារណាស់មកហើយ ពិសេសនៅក្នុងសម័យសង្គមរាស្ដ្រនិយម។ ក្រោយឆ្នាំ១៩៧៩ មានការរៀបចំជាសហព័ន្ធកីឡាបាល់ទះ ឡើងវិញ ហើយបានបញ្ចូលកីឡានេះទៅក្នុងកម្មវិធីកីឡាផ្លូវការរបស់ជាតិ។ កីឡានេះត្រូវបានគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទះ កម្ពុជា ដែលទទួលខុសត្រូវលើកម្មវិធីការងារបណ្ដុះបណ្ដាលកីឡាករបាល់ទះនៅក្នុងស្រុក និងសហគមន៍។ នៅក្នុងរង្វង់អន្ដរជាតិ កីឡាករបាល់ទះខ្មែរលេងនៅមានលក្ខណៈខ្សោយបច្ចេកទេសនៅឡើយ ដែលត្រូវការហ្វឹកហាត់បន្ថែមទៀត។ សហព័ន្ធកីឡាបាល់ទះ នៅតែបន្ដព្យាយាមជំរុញឱ្យមានការនិយមចូលចិត្ដលេង និងជម្រើសអ្នកលេងល្អៗ ដើម្បីឈានទៅដណ្ដើមជ័យលាភីនៅលើឆាកអន្ដរ ជាតិនាពេលអនាគត។
របៀបហាត់បាល់ទះ
ពេលប្រកួតជាផ្លូវការ កីឡាករត្រូវការប្រើបច្ចេកទេសច្រើនដើម្បីទះបាល់ ដូច្នេះហើយ ទើបត្រូវទាមទារឱ្យកីឡាករមាន ការហ្វឹកហាត់តាមក្បួន ដោយរាប់ចាប់ពីមូលដ្ឋានគ្រឹះឡើងទៅ។ ជាបឋមត្រូវមានការហ្វឹកហាត់យកម្លាំងកាយជាមុនសិន ដើម្បីកសាងភាពទ្រាំទ្របានយូរ ព្រោះនៅពេលដែលលេង ឬប្រកួតទាមទារឱ្យមានកម្លាំងខ្លាំង។ បន្ទាប់មកត្រូវមានការហាត់ដក់បាល់ ហាត់ ទ្របាល់ ហាត់គប់បាល់ ហាត់ធ្វើរនាំងជាដើម។ ការហាត់ដក់បាល់ ជាមេរៀនដែលមានភាពលំបាកនៅក្នុងការហាត់បន្ដិច ព្រោះវាទាមទារឱ្យមានទីលានមួយល្អដើម្បីហាត់។ លំហាត់មេរៀននីមួយៗមិនមានការកំណត់រយៈពេលហាត់យូរ ឬឆាប់ទេ ពោលអាស្រ័យទៅ លើនិស្ស័យនៃការចូលចិត្ដលេង និងទេពកោសល្យនៃការលេងរបស់កីឡាករម្នាក់ៗ។ កីឡាករល្អ គួរមានការហាត់លេងឱ្យបានល្អទាំង ដៃស្ដាំទាំងដៃឆ្វេង។ បាល់ទះអាចហាត់លេងបានចាប់ពីអាយុ១២ឆ្នាំឡើងទៅ។ មិនមានក្បួនណាដែលកំណត់ថាបាល់នេះត្រូវវាយទៅ ខាងនេះ ឬខាងនោះទេ ជាក់ស្ដែងអាស្រ័យទៅលើភាពរហ័សរហួន និងទេពកោសល្យរបស់កីឡាករ។ សម្រាប់អ្នកដែលហាត់ដើម្បី កម្លាំងកាយសម្បទា គួរហាត់នៅពេលព្រឹកព្រលឹម ពោលគឺចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក រួមមានដូចជាការហាត់លោត រត់ជាដើម។ សម្រាប់បច្ចេកទេសកលយុគ អាចចាប់ផ្ដើមហាត់នៅពេលណាក៏បាន។ តែសម្រាប់អ្នកដែលត្រូវចូលរួមប្រកួតនៅអន្ដរជាតិ គួរតែហាត់ ទៅតាមពេលវេលាដែលកំណត់ឱ្យលេង ឬហាត់ តម្រូវតាមបរិយាកាសនៃការលេង។ ជាឧទាហរណ៍ បើប្រកួតពេលយប់ ត្រូវហាត់ យប់ បើប្រកួតពេលថ្ងៃត្រង់ ត្រូវហាត់ថ្ងៃត្រង់។
ជាធម្មតា កីឡាករបាល់ទះទាមទារឱ្យមានកម្ពស់ខ្ពស់ ដូច្នេះសហព័ន្ធកីឡាបាល់ទះត្រូវការអ្នកដែលមានកម្ពស់ខ្ពស់ជាខ្លាំង ។ សម្រាប់អ្នកដែលចង់ចាប់ជាអាជីព អ្នកដែលខ្ពស់ត្រូវមានអត្ថិភាពជាងគេនៅក្នុងការជ្រើសរើសឱ្យចូលបម្រើជាកីឡាករជម្រើស ជាតិ។ ការលោតឱ្យបានខ្ពស់ក៏ជាតម្រូវការចាំបាច់មួយដែរ បន្ទាប់ពីកម្ពស់ខ្ពស់ ជួនកាលអ្នកមានកម្ពស់ទាបតែអាចលោតបានខ្ពស់ក៏អាចត្រូវបានគេជ្រើសរើសដែរ។ គ្រូបង្វឹកនឹងស្ទង់មើលពីការវាយបាល់ត្រូវតាមបច្ចេកទេស កាយសម្បទាសុខភាពមាំទាំ ភាពលំនាំជា កីឡាករ ហើយនិងតាមដានពីសន្ទុះនៃការហ្វឹកហាត់។
របៀបលេងកីឡាបាល់ទះ
នៅក្នុងលក្ខខ័ណ្ឌនៃការប្រកួត ក្នុងមួយក្រុមចាំបាច់ត្រូវមានសមាជិក៦នាក់។ សម្រាប់ការប្រកួតជាផ្លូវការ ការលេងកំណត់ ត្រឹម៥ទឹក ឬ៥សិក។ មួយទឹក ឬមួយសិកត្រូវលេងរហូតដល់២៥ពិន្ទុ ទើបសន្មត់ចប់។ ដោយឡែកទឹកទី៥ គេចាប់ឆ្នោតរើសទីលាន ឡើងវិញ ហើយលេងត្រឹមតែ១៥ពិន្ទុ ឬ១៥គ្រាប់។ ការប្រកួតអាចមិនចាំបាច់ដល់សិកទី៥ កាលណាលទ្ធផល៣ទល់០ ឬ៤ទល់១ គឺ អាចកំណត់ឈ្នះចាញ់បាន លុះត្រាណាតែ២ទល់២ ទើបត្រូវប្រកួតដល់សិកទី៥។ ការលេងបាល់កំណត់ត្រឹម៣ប៉ះម្ខាង ពិន្ទុនឹងចាប់រាប់ ពេលបាល់ធ្លាក់ដល់ដី មានន័យថាសឺវ៉ីសណាក៏មានពិន្ទុដែរ។ លទ្ធផលនឹងចាប់រាប់ពីចន្លោះ២ពិន្ទុ ឧទាហរណ៍ ២៦ទល់២៤ពិន្ទុ ទើបអាច បញ្ចប់ ជួនកាលការប្រកួតមួយសិកអាចឈានរហូតដល់៣០ពិន្ទុ។ សម្រាប់កម្ពស់ហ្វីឡេ ឬសំណាញ់ស្ដង់ដា កីឡាករបុរសគេកំណត់ឱ្យ លេងត្រឹម២.៤៣ម៉ែត្រ និងនារីកម្ពស់២.២៤ម៉ែត្រ។ ដោយឡែកកុមារអាយុក្រោម១៤ឆ្នាំ ហ្វីឡេ ឬសំណាញ់ប្រុសកម្ពស់២.២៤ម៉ែត្រ ហ្វីឡេ ឬ សំណាញ់ស្រីកម្ពស់២.១៣ម៉ែត្រ។
នៅក្នុងការប្រកួតកីឡាបាល់ទះ គណៈកម្មការកីឡាបាល់ទះអូឡាំពិចមានរង្វាន់សម្រាប់ផ្ដល់ជូនអ្នកដែលលេងឆ្នើមបំផុត លើចំណុចពិសេស៧យ៉ាង ដូចជា ៖
- អ្នកដែលវាយបាល់បានល្អបំផុត
- អ្នកធ្វើរនាំងបាល់បានល្អបំផុត
- អ្នកវាយសឺវ៉ីសបានល្អបំផុត
- អ្នកលើកបាល់បានល្អបំផុត
- អ្នកសង្គ្រោះបាល់បានល្អបំផុត
- អ្នកទទួលបាល់សឺវីស ឬបាល់គប់បានល្អបំផុត
- លីប៊ឺរ៉ូបានល្អបំផុត(មិនទាន់មានការបកប្រែជាខេមរភាសាជាផ្លូវការណ៍ទេ)។ កីឡាករនេះត្រូវបានបង្កើតឡើងដើម្បីជា ជំនួយដល់អ្នកលេងនៅក្នុងក្រុម។ អាចដូរចេញចូលពេលណាក៏បាន មានសិទ្ធិរត់ពេញក្នុងទីលានទាំងអស់ តែមិនអាចគប់ មិនអាចប្រើ ក្បាលប៉ះបាល់បានទេ បានត្រឹមតែដក់ បាញ់បាល់ពីក្រោយ។ កីឡាករនេះជាដំណែងថ្មីដែលទើបតែបង្កើតឡើង ហើយមានសម្លៀក បំពាក់ខុសពីកីឡាករផ្សេងទៀតនៅក្នុងក្រុម។
អត្ថប្រយោជន៍កីឡាបាល់ទះ
ការលេងបាល់ទះ ឬកីឡាគ្រប់ប្រភេទមានប្រយោជន៍ចំពោះរាងកាយ។ ដោយឡែកកីឡាបាល់ទះមានប្រយោជន៍ក្នុងការ ផ្ដល់ឱកាសចំពោះការបញ្ចេញទេពកោសល្យដល់់អ្នកដែលមានកម្ពស់ខ្ពស់ ដើម្បីប្រើកម្ពស់ឱ្យមានប្រយោជន៍ អាចក្លាយជាអ្នកមានសុខ ភាពល្អមាំទាំ។ សម្រាប់យុវវ័យក្នុងវ័យសិក្សា កីឡាអាចជួយឱ្យពួកគេស្រឡះខួរក្បាល រៀនបានពូកែ លេងកីឡាបានល្អ មានទឹកចិត្ដ មេត្រីភាព សុខភាពល្អបរិបូរណ៍ និងមានរូបរាងកាយស្រស់សង្ហា។ កីឡាបាល់ទះត្រូវបានគេប្រើជាទូតក្នុងការទំនាក់ទំនង ហើយ បង្កើននូវភាពស្វាហាប់ និងបញ្ញាវាងវៃ។
ផលវិបាកកីឡាបាល់ទះ
ការលេងបាល់ទះក្នុងវ័យចំណាស់ពេក បង្ខំចិត្ដលេង ទម្ងន់មិនសមាមាត្រនឹងកម្ពស់ ឬធាត់ពេក នាំឱ្យងាយខូចជង្គង់។ ព្រោះ ជង្គង់ត្រូវទ្រទម្ងន់ខ្លួនទាំងមូល ជាពិសេសនៅពេលលោតវាយបាល់។ ដូច្នេះមិនគួរបន្ដលេងរហូតដល់វ័យចាស់ពេកទេ តែអាចលេងបាន នៅពេលដែលរូបរាងកាយ ឬកម្លាំងសម្បទានៅល្អ។
ប្រការគួរចៀសវាង
ការប៉ះពាល់ដល់សារធាតុនីកូទិច ឬគ្រឿងញៀនដែលមាននៅក្នុងភេសជ្ជៈលើកកម្លាំង ឬថ្នាំលើកកម្លាំង នាំឱ្យខួរក្បាល កីឡាករវង្វេង។ គួរតែចៀសវាងទទួលទានភេសជ្ជៈលើកកម្លាំងច្រើនពេក ព្រោះទទួលទានយូរទៅនាំឱ្យអ្នកកើតជម្ងឺទឹកនោមផ្អែម។ សុរា កាហ្វេ បារី និងគ្រឿងញៀនគួរតែចៀសវាងទទួលទានសម្រាប់អ្នកលេងកីឡា ព្រោះវាប៉ះពាល់ដល់សុខភាព។
ដំបូន្មានអ្នកជំនាញ
សូមយុវវ័យចូលរួមលេងសកម្មភាពអប់រំកាយ និងកីឡាឱ្យបានច្រើន ព្រោះវ័យនេះត្រូវវិវឌ្ឍន៍ទាំងផ្លូវកាយ ផ្លូវបញ្ញា។ សូមជ្រើសរើសយកលំហាត់ណាមួយដែលអំណោយផលដល់ខ្លួនយើង។ ការលេងកីឡានីមួយៗ គួរលេងទៅតាមទំនោរ និងចំណង់ចិត្ដ របស់លោកអ្នក ដូចជាបើចង់ឱ្យខ្ពស់អាចហាត់ឡើងបាហ្វីចដើម្បីឱ្យបានលូតកម្ពស់ បើចង់បានរាងកាយសមសួនអាចហាត់ហែលទឹកជា ដើម។ សូមចងចាំថាប្រាជ្ញាល្អមាននៅក្នុងរាងកាយមាំមួន។ ការជ្រើសរើសចំណីអាហារឱ្យបានត្រឹមត្រូវ ក៏ជាបញ្ហាដែលគួរយកចិត្ដទុក ដាក់ផងដែរ។ ដូច្នេះគួរទទួលទានទឹកផ្លែឈើធម្មជាតិ និងផ្លែឈើស្រស់ធម្មជាតិឱ្យបានច្រើន ដើម្បីជំនួយសុខភាពរាងកាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply