សំណល់ ឬសម្រាម គឺជាប្រភពសម្បូរទៅដោយមេរោគគ្រប់ប្រភេទ។ សម្រាប់លំនៅដ្ឋាន ផ្ទះបាយជាប្រភពដែលមាន សម្រាមច្រើនជាងគេ យើងហៅថាជាកាកសំណល់ផ្ទះបាយ។ ការរស់នៅតែងត្រូវការជានិច្ចនូវលំនៅដ្ឋានស្អាត គ្រួសារមានសុខភាព ល្អ។ ដើម្បីឱ្យលំនៅដ្ឋានស្អាត ត្រូវតែយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ។ តើយើងត្រូវទុកដាក់ និងគ្រប់គ្រង សម្រាមនៅក្នុងផ្ទះបាយដោយរបៀបណា?
សម្រាប់ទំព័រលំនៅដ្ឋាន និងបរិស្ថាន ទស្សនាវដ្ដី សុខភាពយើង សូមណែនាំលោកអ្នកឱ្យបានស្វែងយល់អំពីការទុកដាក់ សម្រាមនៅក្នុងផ្ទះបាយ ដោយជួបជាមួយលោក ហេង ណារ៉េត ប្រធាននាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន នៃក្រសួងបរិស្ថាន។
សំណល់ផ្ទះបាយ ជាអ្វី?
តាមការសិក្សាបានឱ្យដឹងថាសំណល់ផ្ទះបាយត្រូវបានចែកចេញជាពីរផ្នែកសំខាន់ គឺសំណល់សរីរាង្គ និងសំណល់អសរីរាង្គ ។
- សំណល់សរីរាង្គ ៖ សំដៅទៅលើសំណល់បន្លែ ផ្លែឈើ ត្រី សាច់ ឬវត្ថុធាតុដែលអាចបំបែកបាន ឬអាចរលួយបានតាម រយៈមីក្រូសរីរាង្គ។
- សំណល់អសរីរាង្គ ៖ សំដៅទៅលើថង់ប្លាស្ទ្ទិក សម្បកកំប៉ុង សម្បកដប លោហធាតុផ្សេងៗដែលមិនអាចរលាយបាន។ល។
ផលប៉ះពាល់របស់សម្រាមមកលើសុខភាព និងបរិស្ថាន
ការចាក់ចោលសំណល់ផ្ទះបាយមិនបានត្រឹមត្រូវ នាំឱ្យមានផលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងខ្លាំង។ ការចាក់ ចោលសំណល់ផ្ទះបាយបានត្រឹមត្រូវ មិននាំឱ្យប៉ះពាល់ដល់សុខភាព ហើយសម្រាមថែមទាំងមានប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារទៀត ផង។ បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មលើសម្រាម ឬសំណល់នេះ ជាមុខរបបមួយដែលពេញនិយមនៅតាមបណ្ដាប្រទេសជឿនលឿន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានាផងដែរ។
ការចាក់ចោលកាកសំណល់ផ្ទះបាយមិនបានត្រឹមត្រូវ កំពុងបង្កើតជាប្រភពដ៏ចម្បងទៅដល់ការរីករាលដាលនៃជម្ងឺជាច្រើន ដូចជាជម្ងឺគ្រុនពោះវៀន ជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនក្តៅជាដើម តាមរយៈសត្វរុយ សត្វមូស និងភ្នាក់ងារចម្លងមេរោគផ្សេងៗទៀត។ តាម រយៈការឈ្មូសឈ្មុល ឬលុកលុយរបស់សត្វជ្រូក ឆ្មា ឆ្កែ និងសត្វពាហនៈដទៃទៀតនៅលើគំនរសម្រាម អាចបានចម្លងជម្ងឺផ្សេងៗបន្ដ ទៅមនុស្ស។
1. សម្រាមធ្វើឱ្យខូចសោភ័ណភាពសាធារណៈ
ការចាក់ចោលកាកសំណល់ផ្ទះបាយរាយប៉ាយនៅតាមដងផ្លូវសាធារណៈ ធ្វើឱ្យខូចសោភ័ណភាព និងសណ្ដាប់ ធ្នាប់សាធារណៈ។ ម្យ៉ាងទៀត សម្រាមអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុនៅលើដងផ្លូវក្នុងពេលកំពុងធ្វើចរាចរណ៍។
2. សម្រាមបង្កការប៉ះពាល់ដល់ប្រព័ន្ធទឹក
នៅពេលសម្រាម ឬកាកសំណល់នោះស្អុយរលួយ នាំឱ្យបំពុលប្រព័ន្ធទឹកប្រើប្រាស់តាមរយៈទឹកភ្លៀង។ ការ ហូរចូលទៅក្នុងទឹកស្ទឹង ទន្លេ បឹង ជ្រាបទៅក្រោមដី ជាហេតុអាចបំពុលទឹកនៅក្រោមដី។ ជាលទ្ធផល ទឹកអណ្ដូងប្រើប្រាស់មិនបាន ដោយសារមានមេរោគ និងជាតិពុលដែលបានបំពុលដី។ ដូចនេះសម្រាមបង្កឱ្យមានជម្ងឺផ្សេងៗតាមរយៈការ ប្រើប្រាស់ទឹកអណ្ដូង និងទឹកលើដីដែលទទួលរងការបំពុល។
ប្រការត្រូវធ្វើទាក់ទងនឹងសំណល់ផ្ទះបាយ
- ត្រូវទុកដាក់កាកសំណល់ផ្ទះបាយឱ្យបានត្រឹមត្រូវ។ គេហដ្ឋាននីមួយៗគួរតែមានធុងសម្រាមដើម្បីទុកដាក់សម្រាម ឬក៏គួរ ដាក់វានៅក្នុងថង់បិទជិត។
- បើអាចធ្វើទៅបាន លោកអ្នកត្រូវធ្វើការបែងចែកកាកសំណល់ឱ្យបានដាច់ដោយឡែកពីគ្នា ដូចជាកាកសំណល់រលាយ និងមិនរលាយ ដើមី់្បងាយស្រួលក្នុងការយកទៅកែច្នៃប្រើប្រាស់ឡើងវិញ។ សម្រាមណាដែលមិនរលួយ ដូចជាដប កំប៉ុង ថង់ប្លាស្ទិកជាដើម ត្រូវដាក់ដោយឡែក។ ការបែងចែកសម្រាមបានត្រឹមត្រូវ បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រមូលសម្រាម ដែលពួកគាត់មិនចាំបាច់ ត្រូវកកាយរើសយកសម្រាមមកបែងចែកជាថ្មីម្ដងទៀត។
- ដើម្បីឱ្យការងារសម្អ្អាតបរិស្ថានមានដំណើរការបានរលូន ត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ ដោយម្ចាស់ គេហដ្ឋាននីមួយៗ ត្រូវយកសម្រាមដែលខ្លួនបានរៀបចំជាស្រេច មកដាក់នៅមុខផ្ទះរបស់ខ្លួនឱ្យបានតាមពេលវេលាកំណត់។
- ម្ចាស់ផ្ទះគួរបង់លុយឱ្យបានទាន់ពេលវេលា និងតាមតម្លៃដែលបានកំណត់ និងត្រូវមានការអធ្យាស្រ័យគ្នា នៅពេលដែលសេ វាប្រមូលសម្រាមមានការយឺតយ៉ាវ ដែលបណ្ដាលមកពីការកកស្ទះចរាចរណ៍ផ្សេងៗ។
- អាជ្ញាធរខេត្ដក្រុងត្រូវជំរុញឱ្យក្រុមហ៊ុនទទួលសេវាកម្មប្រមូលសម្រាមឱ្យទាន់ពេលវេលា ដើម្បីបំបាត់គំនរសម្រាមរាយប៉ាយ។ ត្រូវរៀបចំដាក់ធុងសម្រាមតាមទីសាធារណៈ ផ្លូវសំខាន់ៗ សួនច្បារជាដើមផងដែរ។
- រៀបចំដាក់ផ្លាកសញ្ញាហាមឃាត់ការចាក់សម្រាមនៅតាមតំបន់សាធារណៈ ជាពិសេសតាមដងផ្លូវជាតិនានា។
- បង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃសម្រាមចំពោះសុខភាព ដល់សាធារណៈជន។
- លើកកម្ពស់ការកែច្នៃសំណល់ ឬសម្រាម ការប្រើប្រាស់ទ្បើងវិញ និងកាត់បន្ថយការបង្កើតសំណល់។
ដំបូន្មានអ្នកជំនាញ
សូមប្រជាពលរដ្ឋទាំងអស់ចូលរួមឱ្យបានសកម្មក្នុងការទុកដាក់កាកសំណល់។ មានតែការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទេ ទើបធ្វើឱ្យទីក្រុង ឬប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងមានសុខភាពល្អ។ បែបនេះមិនត្រឹមតែធ្វើឱ្យសោភ័ណភាពទីក្រុង និងសហគមន៍ ដែលយើងកំពុងរស់នៅមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយនូវជម្ងឺផ្សេងៗបានទៀតផង។ ការធ្វើបែបនេះ អាចសន្សំសំចៃ ព្រមទាំងបង្កើនប្រាក់ចំណូលប្រចាំគ្រួសារបានខ្លះ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលក្នុងស្រុកឱ្យបានកាន់តែច្រើន ផងដែរ។
សម្រាប់អ្នករស់នៅតាមជនបទខ្លះ ពុំទាន់មានសេវាប្រមូលសម្រាមដូចនៅតាមទីប្រជុំជននៅឡើយនោះ។ ករណីនេះ គួរតែជីក រណ្ដៅដើម្បីកប់សម្រាម ឬទុកសម្រាមដែលអាចរលួយធ្វើជាជីបាន ដើម្បីទុកធ្វើជាជីដាក់ក្នុងស្រែ ឬចំការដំណាំ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply