ជាតិគីមី​ដាក់ក្នុង​ចំណីអាហារ​កំពុង​សម្លាប់ខ្មែរ

ចំណី​អាហារ​ល្អធ្វើឱ្យ​អ្នកបរិភោគ​មានសុខភាព​ល្អ។ នៅប្រទេស​កម្ពុជា ចំណីអាហារ​ដែលដាក់​លក់នៅ​លើទីផ្សារ មិនទាន់ មានការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នៅទ្បើយទេ។ កង្វះខាត​នេះនាំឱ្យ​អ្នកបរិភោគ​ប្រទះនឹង​អាការ​ឈឺពោះ រាក ឈឺក្រពះ ឈឺតម្រង នោម​ជាដើម។ បើជាមនុស្ស​ងាយរង​ប្រតិកម្ម​នោះ វានឹង​ធ្វើឱ្យស្បែក​កន្ទួល​ក្រហម ឬ​ក៏អាច​ពុល​ស្លាប់តែម្ដង បើក្នុង​ករណី​ពុលធ្ងន់ធ្ងរ ។ ម្យ៉ាងទៀត ការបរិភោគ​ចំណីអាហារ​ដែលមាន​លាយជាតិ​គីមី​រាល់ថ្ងៃ​បន្ដិចម្ដងៗ អាចធ្វើឱ្យ​លោកអ្នក​រលាកក្រពះ រលាក​តម្រងនោម​សម្ពាធ​ឈាម​ឡើង​ជាដើម។ សម្រាប់​ទំព័រ​ចំណីអាហារ និង​អាហារូបត្ថម្ភ​របស់​ទស្សនាវដ្ដី​សុខភាពយើង នៅពេល​នេះ សូមនាំ មិត្ដ​អ្នកអាន​ស្វែងយល់​អំពីជាតិគីមី​ដែលអ្នក​ផលិត ឬ​អ្នកលក់​បានប្រើលាយ​ជាមួយ​ចំណីអាហារ ដែលយើង​បរិភោគ​រាល់ថ្ងៃ​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បានជា​អ្នកផលិត និង​អ្នកលក់​ចូលចិត្ដ​ដាក់លាយ​បន្ថែម​ជាតិគីមី​លើគ្រឿ​ងបរិភោគ​មួយចំនួន​ធំ ព្រោះសារ​ជាតិគីមី​ទាំងនេះ អាចជួយ​រក្សាគុណភាព​ចំណីអាហារ​ទាំងនេះ​ឱ្យនៅ​គង់វង្ស​បានយូរ ពណ៌ស្រស់ មិនខារ មិនខូច មិនជូរ មិនផ្អូម។ល។ សព្វថ្ងៃនេះ នៅ ប្រទេសកម្ពុជា ស្ទើរ​តែគ្រប់​ចំណីអាហារ​ទាំងអស់​សុទ្ធតែ​មានដាក់​ជាតិគីមី គ្រាន់​តែតិច ឬ​ច្រើន​តែប៉ុណ្ណោះ។ ប៉ុន្ដែ​អ្នកវិទ្យាសាស្ដ្រ​ផ្នែក ចំណីអាហារ​បានហាម​ប្រាមការ​ប្រើប្រាស់​សារជាតិ​គីមី​ទាំងនេះ​ហួសចំនួន​កំណត់ ចៀសវាង​ការរំខាន​បំផ្លាញ​សរីរាង្គ។ ពីព្រោះ​ការចង់ បានគុណភាព​តែមួយមុខ ភ្លេច​គិតពីការ​ប្រើហួស​កំណត់ ធ្វើឱ្យ​ការផលិត​បានទទួល​បរាជ័យ និង​សុខភាព​អ្នកបរិភោគ​ទ្រុឌទ្រោម។

ជាតិគីមី​ដែលកំពុង​ប្រើប្រាស់​នៅកម្ពុជា​ប៉ះពាល់​ដល់សុខភាព

ការបរិភោគ​ចំណីអាហារ​ដែលមាន​សារធាតុគីមី​ច្រើនហួស​កម្រិត​អតិបរិមា​ដែលផ្នែក​ស្ដង់ដារ​ចំណីអាហារ​នៃក្រសួង​សុខាភិបាល​បានអនុញ្ញាត អាចធ្វើ​ឱ្យរាងកាយ​អ្នកបរិភោគ​ទន់ខ្សោយ ជួបវិបត្ដិ​រាករូស ខ្សោយ​សរសៃ​ប្រសាទ ឈឺក្រពះ និងបង្ក​ឱ្យមានរោគ ផ្សេងៗ​គ្រប់បែប​យ៉ាង។ សារធាតុគីមី​ដែលអ្នក​ផលិត​ច្រើន​ប្រើដាក់​ក្នុងចំណី​អាហារ​មានដូច​ជាសារធាតុ​បូរ៉ាក់​(ទឹកអន្សា) ពណ៌​សំយោគ ឬ​សាំងតេទិច​អាស៊ីដ​សាលីស៊ី​លីកសូដ្យូម​អ៊ីដ្រូសូហ្វីត (ឬម្សៅស) សារធាតុ​ហ្វ័រម៉ុល​ជាដើម។

1. សារធាតុបូរ៉ាក់ ឬ​ទឹកអន្សា ៖ ជាសារធាតុ​ដែល​ហាមឃាត់​ក្នុងច្បាប់​ចំណី​អាហារ។ ទោះបី​ជាយ៉ាង​ណា ក៏​អ្នកផលិត​នៅ តែឆ្លៀត​ដាក់ដើម្បី​ឱ្យចំណី​អាហារ​របស់ខ្លួន​មើលទៅ​ឃើញល្អ។ ជាតិទឹក​អន្សានេះ គេច្រើន​ដាក់លើ​ប្រហិត​សាច់គោ សាច់ប៉ាត់តេ ប្រហិតត្រី ប្រហិតសាច់មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មីជាដើម ដើម្បី​ឱ្យស្វិតល្អ។ សារធាតុ​បូរ៉ាក់​អាចធ្វើ​ឱ្យអ្នក​បរិភោគមាន អាការពុល ខ្សោយ​តម្រងនោម ខួរក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ រលាក​ក្រពះ​ពោះវៀន​ជាដើម។ ហើយ​បើស្រូប​យកសារធាតុ នេះកម្រិត១៥ ក្រាម​ចំពោះ​មនុស្សចាស់ និង​៥ក្រាម​ចំពោះ​កូនក្មេង អាច​បណ្ដាល​ឱ្យក្អួតឈាម​ស្លាប់បាន។

2. ពណ៌​សាំងតេទិច ឬ​ពណ៌​សំយោគ ៖ គេដាក់ពណ៌​សាំងតេទិច​លើចំណី​អាហារ​ក្នុងគោល​បំណង​ឱ្យចំណី​អាហារ​ទាំងនោះ មាន​ពណ៌​ល្អស្អាត​ទាក់ទាញ ឬ​ប្រើដាក់​បន្ថែមពី​លើពណ៌​ធម្មជាតិ​ដែលមាន​ពណ៌ស្លែត​មិន​ស្អាតក្នុង​រយៈពេល​ផលិត។ ជាពិសេស គេ ប្រទះ​ឃើញ​ការដាក់​ពណ៌​សាំងតេទិច​នេះទៅលើ​នំច័ក្កចាន់ នំកូរ សាច់ក្រក ទឹកក្រូច ដំណាប់​កន្ទួត​ជាដើម​ផងដែរ។ ម្យ៉ាងទៀត ពណ៌ សាំងតេទិច​នេះប្រើលើ​ចំណីអាហារ​មួយចំនួន ដូច​ជាបង្គាក្រៀម សាច់គោ​ងៀត ត្រីងៀត​ជាដើម។ គេឃើញ​មានប្រើ​លើ​ចំណីអាហារ មួយចំនួន​ទៀត ដើម្បី​លើកកម្ពស់​ការផលិត ដូចជាមី កំពឹស​បំពង​ជាដើម។ ការបរិភោគ​ចំណីអាហារ​ដែលដាក់​ពណ៌​សាំងតេទិច​ជារៀង រាល់ថ្ងៃ ធ្វើឱ្យ​ពណ៌​សាំងតេទិច​នេះ​ជ្រាបចូល​តាមស្បែក ក្រពះ និង​ប្រដាប់​រំលាយអាហារ​ផ្សេងទៀត ធ្វើឱ្យស្ទះ​ការបញ្ចេញ​អង់ស៊ីម សម្រាប់​រំលាយ​អាហារ ធ្វើឱ្យ​មិនឃ្លាន និង​កាត់បន្ថយ​ការលូតលាស់។

3. អាស៊ីត​សាលី​ស៊ីលិក ៖ ការបរិភោគ​ចំណីអាហារ​ដែលដាក់​អាស៊ីត​សាលីស៊ីលិក​ធ្វើឱ្យប៉ះ​ពាល់​ដល់សុខភាព​យ៉ាងខ្លាំង។ សារធាតុ​ត្រូវបាន​ហាមដាច់​ខាត​មិនឱ្យ​ប្រើប្រាស់​លើគ្រឿង​បរិភោគ។ ទោះបី​ជាយ៉ាង​នេះក្ដី ក៏​គេនៅតែ​ឃើញ​អាស៊ីតសាលីស៊ីលិក​នេះ នៅលើ​ចំណីអាហារ​មួយចំនួន ដូចជា​ជ្រក់បន្លែ ជ្រក់​ផ្លែឈើ​ជាដើម ដើម្បី​កុំឱ្យ​ដុះផ្សិត។ ការបរិភោគ​ចំណីអាហារ​ដែលមាន​ដាក់អាស៊ីត សាលីស៊ីលិក​ក្នុងកំហាប់​ខ្ពស់ពី​២៥​ទៅ៣០​មីលីក្រាម​ក្នុងឈាម​១០០មីលីលីត្រ ធ្វើឱ្យក្អួត វិលមុខ ក្ដៅខ្លួន និង​ស្លាប់បាន។

4. សូដ្យូមអ៊ីដ្រូសូហ្វីត ឬ​ម្សៅស ៖ អ្នកផលិត និង​អ្នកលក់ ច្រើនប្រើ​ដាក់ក្នុង​ស្ករ ដូង ត្រញំង​ជ្រក់ ម្សៅ​ធូរេន ខ្ញីហាន់ ស្លឹកគ្រៃហាន់ ស្ករត្នោត សណ្ដែកបណ្ដុះ ទឹក​ត្រាំបន្លែ​ត្នោត​ជាដើម ដើម្បី​ឱ្យបាន​ពណ៌សល្អ។ ចំណី​អាហារ​ដែលមាន​ម្សៅសនេះ​នាំឱ្យអ្នក បរិភោគ​មានសម្ពាធ​ឈាមធ្លាក់​ចុះខ្លាំង ឈឺក្រពះ ក្អួត រាក​ចំពោះ​អ្នកងាយ​រងប្រតិកម្ម​ជាដើម។ ហើយ​បើអ្នក​បរិភោគ​មានជម្ងឺហឺត អាចធ្វើ​ឱ្យស្ទះដង្ហើម សន្លប់ ជួនកាល​អាចបាត់បង់​ជីវិត​តែម្ដង។

5. សារធាតុ​ហ្វ័រម៉ុល សារធាតុ​ហ្វ័រម៉ុល ជាសារធាតុ​រាវម្យ៉ាង​ដែលប្រើ​សម្រាប់​ចាក់រក្សា​សាកសព​ទុកឱ្យបាន​យូរ។ សព្វ ថ្ងៃនេះ អ្នកផលិត និង​អ្នកលក់​ប្រើសារធាតុ​ហ្វ័រម៉ុល​ដើម្បី​ត្រាំបន្លែ​ស្រស់ ត្រាំបង្គា​ស្រស់ មឹកស្រស់ និង​សាច់ស្រស់​នានា។ សារធាតុ​ហ្វ័រម៉ុល​អាចធ្វើឱ្យ​អ្នកបរិភោគ​ឈឺក្រពះ ក្អួត រាក បាត់បង់​ស្មារតី បើធ្ងន់ធ្ងរ​អាចបណ្ដាល​ឱ្យស្លាប់​បាន។

បណ្ដាំផ្ញើ

សារធាតុគីមី​ដែលលើក​មកជម្រាប​ជូនខាង​លើនេះ គឺជាសារធាតុ​ដែលអ្នក​ផលិត និង​អ្នកលក់​តែងតែ​ប្រើដាក់ក្នុង​ផលិតផល របស់ខ្លួន។ នៅមាន​សារធាតុ​គីមី​ជាច្រើន​មុខទៀត ដែល​មិនទាន់​មានការ​ស្រាវជ្រាវ​ឃើញ និង​ការបកស្រាយ​អំពីផល​ប៉ះពាល់ ហើយ កំពុង​ធ្វើចរាចរ​នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ផងដែរ។ នៅ​ពេលខ្លះ ដាក់​ជ្រុលធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ភ្លាមៗដល់​អ្នកបរិភោគ។ ដូចនេះ លោកអ្នក​បរិភោគ​មុននឹង​ជ្រើសរើស​ទិញនូវ​ផលិតផល​អ្វីមួយ គួរគិត​ពីបញ្ហា​នេះផង ដើម្បី​ចៀសវាង​ឱ្យបាននូវ​ការប៉ះពាល់​ផ្នែក​សុខភាព។ ប៉ុន្ដែនៅ​ពេល​បច្ចុប្បន្ន មិនមែន​ជាការងាយ​ស្រួល​ទ្បើយ​ក្នុងរកទិញ​នូវផលិតផល​ដែលគ្មាន​ជាតិគីមី។ ព្រោះអ្នក​ផលិត និង​អ្នក លក់សុទ្ធ​តែបានដាក់​សារធាតុ​ទាំងនោះ​ទៅក្នុង​ផលិតផល​របស់ខ្លួន​គ្រាន់តែតិច ឬ​ច្រើន។ អ្វីដែល​ជាគោល​បំណង​ចម្បងនៅ​ពេលនេះ សូម​សំណូមពរ​ដល់អ្នក​ផលិត និង​អ្នកលក់​ទាំងអស់​មេត្ដាគិតគូ​ដល់សុខភាព​អ្នកដទៃផង ហើយជួន​កាល​លោកអ្នក​អាចបរិភោគ​ខ្លួនឯង ផងដែរ។

ខ្លឹមសារ​នៅក្នុង​អត្ថបទនេះ​ដកស្រង់​ចេញពី​សៀវភៅសារ​ជាតិគីមី​បង្កជាតិពុល និង​មេរោគ​បង្កជម្ងឺ​ក្នុងចំណី​អាហារ រៀប រាង និង​ចេញផ្សាយ​ដោយមន្ទីរ​ពិសោធន៍​ជាតិត្រួត​ពិនិត្យ​គុណភាព​ឱសថ និង​ចំណីអាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេសកម្ពុជា​(មិន មានដាក់​ឆ្នាំបោះ​ពុម្ភផ្សាយ)។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *