មធ្យោបាយពន្យារកំណើតដោយថ្នាំគ្រាប់ និងដោយថ្នាំចាក់ ត្រូវបានលើកមកបកស្រាយជូននៅក្នុងទំព័រទស្សនាវដ្ដី សុខភាពយើង កាលពីលេខ០០៨ និង០០៩ ប្រចាំខែកញ្ញា និងខែតុលា ២០០៦ រួចមកហើយ។ នៅលេខនេះ មធ្យោបាយពន្យារកំណើត ដោយដាក់កងត្រូវលើកមកបកស្រាយវិញម្ដង ហើយមធ្យោបាយផ្សេងទៀតនឹងត្រូវលើកមកនៅលេខបន្ដបន្ទាប់។ ការដាក់កង សម្រាប់ពន្យារកំណើតជាវិធីដែលស្ដ្រីមួយចំនួនបានជ្រើសរើសយកមក ប្រើ។ បច្ចុប្បន្ននេះ មានកងពីរប្រភេទដែលត្រូវបានប្រើ គឺកង ដាក់ដៃ និងកងដាក់ក្នុងស្បូន។ ស្ដ្រីចាំបាច់ត្រូវស្វែងយល់ពីផលប្រយោជន៍ និងផលរំខានផ្សេងៗរបស់កងពន្យារកំណើត។
លោកអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីវិធីពន្យារកំណើតដោយដាក់កងនេះជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈកិច្ច សម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត វង ដាវី ប្រធានគ្លីនិកភ្នំពេញទី២នៃសមាគមរ៉ាក់។
កងពន្យារកំណើត ជាអ្វី?
កងពន្យារកំណើតមានពីរប្រភេទ គឺកងដាក់ក្នុងស្បូន និងកងដាក់ដៃ។
1. កងដាក់ស្បូន ៖ គឺជាឧបករណ៍តូចមួយដែលអាចបត់បានសម្រាប់ដាក់ចូលក្នុងស្បូនដើម្បីការពារមិនឱ្យមានផ្ទៃពោះ។ កងដែលប្រើប្រាស់នៅប្រទេសកម្ពុជា គឺជាប្រភេទកងធ្វើពីប្លាស្ទិក និងទង់ដែងដែលមានរាងជាអក្សរតេ។ កងដាក់ក្នុង ស្បូនគ្មានជាតិ អ័រម៉ូនទេ។
2. កងដាក់ដៃ ៖ គឺជាបំពង់តូចៗទន់អាចបត់បានមានទំហំប៉ុនដើមឈើគូសក្នុងនោះមានជាតិអ័រម៉ូនប្រូហ្សេស្ទីនដែលជាអ័រម៉ូនដូចគ្នាទៅនឹងអ័រម៉ូនធម្មជាតិក្នុងខ្លួនស្ដ្រីសម្រាប់ការពារមានផ្ទៃពោះ។ បំពង់ទាំងនេះដាក់បញ្ចូលទៅក្រោមស្បែកដើមដៃរបស់ស្ដ្រី ។ កងដាក់ដៃមាន៣ប្រភេទ ប្រភេទទី១ គឺជាកងដែលមានបំពង់៦ដើម ការពារបាន៧ឆ្នាំ។ ប្រភេទទី២ គឺកងមាន២ដើម ការពារបាន ៥ឆ្នាំ។ រីឯប្រភេទទី៣ គឺកង១ដើម ការពារបាន៣ឆ្នាំ។
អត្ថប្រយោជន៍របស់កងដាក់ពន្យារកំណើត
ជាធម្មតា ការបង្កកំណើតទារកក្នុងផ្ទៃ កើតឡើងដោយការភពប្រសព្វរវាងមេជីវិត(ដែលមាននៅក្នុងទឹកកាមបុរស)ជា មួយនឹងមេជីវិតញី(ដែលបញ្ចេញដោយកន្សោមពងរបស់ស្ដ្រី)។ ការដាក់កងអាចពន្យារកំណើតបានភ្លាមៗ បន្ទាប់ពីដាក់បញ្ជូលទៅ ក្នុងស្បូន និងដៃ។ ប្រសិទ្ធភាពរបស់កងមានរហូតដល់ទៅ ៩៩.៤%។
១. អត្ថប្រយោជន៍របស់កងដាក់ស្បូន
- រារាំងការជ្រៀតចូលរបស់មេជីវិតឈ្មោលទៅដៃស្បូន
- ទប់ស្កាត់ការដឹកនាំមេជីវិតញី
- រារាំងការបង្កកំណើត
- ដាក់ម្ដង ការពារបានរយៈពេលយូររហូតដល់១២ឆ្នាំ
- សមស្របចំពោះស្ដ្រីដែលបំបៅដោះកូន
- មិនរំខានដល់ការរួមរ័កផ្លូវភេទ
- មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
- មិនមានការយឺតយ៉ាវក្នុងការមានកូនឡើយ ក្រោយដោះកងចេញ
- មិនមានផលរំខានដោយសារជាតិអ័រម៉ូន
២. អត្ថប្រយោជន៍របស់កងដាក់ដៃ
បន្ទាប់ពីដាក់បញ្ចូលបំពង់ទាំងនេះទៅក្រោមស្បែកដើមដៃ ជាតិអ័រម៉ូនដែលមាននៅក្នុងបំពង់ទាំងនោះនឹងសាយភាយបន្ដិច ម្ដងៗចូលក្នុងរាងកាយរបស់ស្ដ្រី ធ្វើឱ្យទឹករំអិលមាត់ស្បូនឡើងខាប់ ដែលអាចរារាំងការជ្រៀតចូលមេជីវិតឈ្មោលទៅក្នុងស្បូន។ បន្ថែមពីលើនេះ ជាតិអ័រម៉ូនក៍បានទៅបញ្ឈប់ការខ្ជាក់មេជីវិតញី និងធ្វើឱ្យស្រទាប់ក្នុងរបស់ស្បូនប្រែប្រួល ដែលជាហេតុធ្វើឱ្យការបង្ក កំណើតអាចការពារបានប្រហែលជា៩៩%។ ម្យ៉ាងទៀតការដាក់កងដៃផ្ដល់ផលប្រយោជន៍ជាច្រើនទៀត័
- ដាក់តែម្ដង ការពារមិនឱ្យមានផ្ទៃពោះបាន ៧ឆ្នាំ (លើកលែងតែស្ដ្រីដែលមានឡើងទម្ងន់លើសពី៧០គីឡូ)
- សមស្របចំពោះស្ដ្រីដែលបំបៅដោះកូន
- ស្ដ្រីអាចមានកូនវិញក្នុងរយៈពេលឆាប់ ក្រោយពីដកកងដាក់ដៃចេញ
- និងមិនរំខានដល់ការរួមភេទ។
- ជាមួយគ្នានេះ ការដាក់កងដៃផ្ដល់ផលចំណេញចំពោះសុខភាពផងដែរ។
- បន្ថយភាពស្លេកស្លាំងរបស់ស្ដ្រី
- បន្ថយការធ្លាក់ឈាមរដូវ
- បន្ថយការឈឺចាប់ពេលមានរដូវ
- បន្ថយអត្រាមហារីកស្បូន កន្សោមពង និងរលាកអាងត្រគាក។
ស្ដ្រីដែលអាចទទួលមធ្យោបាយពន្យារកំណើតរដាយដាក់កង
ការដាក់កងសមស្របចំពោះស្ដ្រីពេញវ័យ និងមិនទាន់មានរដូវ ហើយដែលត្រូវការប្រសិទ្ធភាពខ្ពស់ និងរយៈពេលវែង ។
1. កងដាក់ក្នុងស្បូន ៖ ស្ដ្រីអាចដាក់កងក្នុងស្បូនបានគ្រប់ពេលទាំងអស់ ឱ្យតែប្រាកដថាគ្មានផ្ទៃពោះ។ ជាទូទៅស្ដ្រីអាច ដាក់កងក្នុងស្បូនបាន ៖
- ចាប់ពីថ្ងៃមានរដូវរហូតដល់១២ថ្ងៃ
- បន្ទាប់ពី៤សប្ដាហ៍ក្រោយពីសម្រាល
- ក្នុងកំឡុង៧ថ្ងៃក្រោយរលូត ឬរំលូតដោយគ្មានការបង្ករោគ។
2. កងដាក់ដៃ ៖ ស្ដ្រីអាចដាក់កងដៃបានគ្រប់ពេលទាំងអស់ ឱ្យតែប្រាកដថាគ្មានផ្ទៃពោះ។ ជាទូទៅស្ដ្រីអាចដាក់កងដៃ បានៈ
- ចាប់ពីថ្ងៃមានរដូវរហូតដល់ថ្ងៃទី៧
- ក្រោយសម្រាលភ្លាម បើមិនបំបៅដោះកូន
- បន្ទាប់ពី៦អាទិត្យ ក្រោយពីសម្រាលដោយបំបៅដោះកូន
- ក្នុងអំឡុង៧ថ្ងៃ ក្រោយរលូត ឬរំលូតដោយគ្មានការបង្ករោគ។
ផលរំខានដែលអាចកើតមានក្រោយពីដាក់កងរួច
ស្ដ្រីភាគច្រើន ក្រោយពេលដាក់កងរួចហើយ ពុំមានផលរំខានអ្វីទេ តែស្ដ្រីខ្លះមានផលរំខានតិចតួច។
1. ស្ដ្រីដែលដាក់កងស្បូន
- ឈឺផ្នែកខាងក្រោមពោះ ឬឈឺចង្កេះបន្ដិចបន្ដួចក្នុងរយៈពេល២ ឬ៣ថ្ងៃក្រោយដាក់កង។
- ធ្លាក់ឈាមតិចតួចចន្លោះរដូវក្នុងរយៈពេល១ ឬ២សប្ដាហ៍ក្រោយដាក់កង។
ក្នុងករណីនេះ សូមច្រកទឹកក្ដៅចូលក្នុងដប រួចយកមកស្អំលើពោះ ឬប្រើថ្នាំដូចជាអ៊ីប៊ុយប្រូហ្វែនជាដើម ក៏អាចជួយកាត់ បន្ថយការឈឺចាប់បានដែរ។ ផលរំខានទាំងនេះ នឹងបាត់ទៅវិញនៅខែបន្ទាប់។
2. ស្ដ្រីដែលដាក់កងដៃ
- ដោះឡើងតឹង ឬឈឺដោះ
- ឈឺក្បាល
- ឡើងទម្ងន់បន្ដិចបន្ដួច
- ធ្លាក់ឈាមតិចៗចន្លោះរដូវ
- រាំងរដូវ ក្នុងឆ្នាំដំបូងនៃការដាក់កង (មានភាគតិចណាស់)។
ផលរំខានទាំងនេះមិនមែនជាសញ្ញានៃជម្ងឺទេ ហើយក៍មិនធ្ងន់ធ្ងរ ឬបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពរបស់ស្ដ្រីឡើយ វានឹង បាត់ទៅវិញនៅរយៈពេលក្រោយមក។
ការថែទាំខ្លួនក្រោយពេលដាក់កងពន្យារកំណើត
1. ស្ដ្រីដែលដាក់កងក្នុងស្បូន ៖ ស្ដ្រីគួរធ្វើការពិនិត្យខ្សែកងដោយខ្លួនឯងជារៀងរាល់ខែបន្ទាប់ពីអស់រដូវ ដើម្បីឱ្យដឹងថា កងនៅត្រឹមត្រូវតាមកន្លែងឬទេ។ របៀបពិនិត្យខ្សែកង គឺ
- ដំបូងត្រូវលាងដៃឱ្យស្អាត បើមានក្រចកត្រូវកាត់ឱ្យខ្លីបំផុត
- អង្គុយចោងហោង
- ប្រើចង្អុលដៃ ឬម្រាមដៃកណ្ដាលលូកចូលក្នុងទ្វារមាសរហូតប៉ះមាត់ស្បូនដែលអាចមានអារម្មណ៍ថាដូចប៉ះនឹងចុងច្រមុះ។
- បន្ទាប់មកត្រូវស្ទាបរកខ្សែកង(នៅពេលប៉ះខ្សែកង មិនត្រូវសាកល្បងទាញទេ)។
- មានសញ្ញាមួយចំនួនដូចខាងក្រោមនេះ ដែលស្ដ្រីត្រូវត្រទ្បប់មកកាន់មន្ទីពេទ្យវិញ។
- បាត់រដូវ
- ស្ទាបប៉ះក្បាលកង
- ឈឺពោះផ្នែកខាងក្រោមខ្លាំង
- ធ្លាក់សមិនធម្មតា
- មានអារម្មណ៍មិនធម្មតា គ្រុនក្ដៅ រងា
- បាត់ខ្សែកង ខ្សែកងខ្លី ឬវែងខុសធម្មតា។
2. ស្ដ្រីដែលដាក់កងក្នុងដៃ ៖
- រក្សាកន្លែងដាក់កងឱ្យស្ងួត ហើយស្អាតរយៈពេល៣ថ្ងៃ
- ស្រាយស្បៃរុំ ក្រោយពីបាន៣ថ្ងៃ
- បង់ស្អិតដែលបិត អាចបកចេញ ក្រោយពីដាក់បាន៥ថ្ងៃ
- តមរួមដំណេក១ថ្ងៃ ក្រោយពេលដាក់កងដៃ
- មានសញ្ញាមួយចំនួនដូចខាងក្រោមនេះ ដែលស្ដ្រីត្រទ្បប់មកកាន់មន្ទីពេទ្យវិញ។
- មានការបង្ករោគ ឬចេញឈាមពីកន្លែងដាក់កង
- លៀនបំពង់ចេញក្រៅ
- បាត់រដូវបន្ទាប់ពីមានរដូវទៀងទាត់រយៈពេលយូរមកហើយ
- ធ្លាក់ឈាមរដូវច្រើនមិនធម្មតា
- ភ្នែក ឬស្បែកឡើងលឿង
- ឈឺពោះផ្នែកខាងក្រោមខ្លាំង
- ឈឺក្បាលខ្លាំង ឬស្រវាំងភ្នែក
- ចុកដើមទ្រូង ពិបាកដកដង្ហើម។
ទោះបីជាគ្មានរោគសញ្ញាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវមកជួបគ្រូពេទ្យ១ខែ និង៣ខែក្រោយដាក់កងជារៀងរាល់១ឆ្នាំម្ដង ជាពិ សេសពេលចង់ដោះ ឬប្ដូរកង និងមានបញ្ហាចង់ពិភាក្សា។ លោកស្រីអ្នកនាងអាចដោះ ឬប្ដូរមធ្យោបាយបានគ្រប់ពេលដែលលោកស្រី ចង់។
ដំបូន្មានអ្នកជំនាញ
មុននឹងសម្រេចចិត្ដជ្រើសរើសយកវិធីពន្យារកំណើតដោយប្រើកងមិនថាប្រភេទណាមួយទេ ចាំបាចត្រូវទៅពិគ្រោះជាមួយ អ្នកជំនាញជាមុនសិន។ គ្រូពេទ្យនឹងសាកសួរអំពីព័ត៌មានទូទៅរបស់លោកស្រីអ្នកនាងដូចជាប្រវត្ដិជម្ងឺ ប្រវត្ដិរដូវ ការប្រើថ្នាំផ្សេងៗជា ដើម។ បន្ថែមពីលើនេះ ក៏មានការពិនិត្យសុខភាព និងតំបន់អាងត្រគាក ដើម្បីធានាថាអាចដាក់កងបានដោយសុវត្ថិភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply