វិធីព្យាបាល​បញ្ហាផ្លូវចិត្ដ​ដោយ​ខ្លួនឯង

មនុស្សគ្រប់​រូប​តែងតែ​កើតមាន​នូវវិបត្ដិ​ផ្លូវចិត្ដ ឬបញ្ហា​ផ្លូវចិត្ដ គ្រាន់តែ​តិចឬ​ច្រើន ធ្ងន់ឬស្រាល​ប៉ុណ្ណោះ។ ពុំមាន​អ្នកណា ម្នាក់ចង់​យកបញ្ហា​ទាំងនេះ​ទៅប្រាប់​អ្នកដទៃ​ទៀតឱ្យ​បានដឹង​ឡើយ។ នេះជា​កត្ដាមួយ​ដែលជំរុញ​ឱ្យលោកអ្នក​ឈានទៅ​រក​បញ្ហាផ្លូវ ចិត្ដ​ធ្ងន់ធ្ងរ ឬជម្ងឺ​ផ្លូវចិត្ដ។ មានវិធី​ល្អៗមួយ​ចំនួនដែល​លោកអ្នក​អាច​ជ្រើសរើស​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ដ​ដោយខ្លួន​ឯងផ្ទាល់

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេស​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​ស្រាយបំភ្លឺ​អំពី​មធ្យោបាយ ថែទាំ​ផ្លូវចិត្ដ​មួយចំនួន​ជូនមិត្ដ​អ្នកអាន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុ​បង្កបញ្ហា​ផ្លូវចិត្ដ

មូលហេតុ ឬករណី​ជាច្រើន​ដែលអាច​ធ្វើឱ្យ​មានការ​ប៉ះពាល់​ទៅលើ​បញ្ហា​ផ្លូវចិត្ដ។ កត្ដាសំខាន់​ដែលអាច​កើតឡើង គឺនៅ ពេលដែល​មនុស្សជួប​ប្រទះនឹង​ព្រឹត្ដិការណ៍​ដែលរន្ធត់ តក់ស្លុត និងភ័យខ្លាច ដែលធ្វើ​ឱ្យអារម្មណ៍​មានភាព​រំជើប​រំជួលខ្លាំង។ មានមូល ហេតុមួយ​ចំនួនទៀត ដូចជាការ​ជួបប្រទះ​នូវការធ្វើ​ទារុណកម្ម​ដ៏សាហាវ​ឃោរឃៅ គ្រោះធម្មជាតិ​ដែលបាន​សម្លាប់ជីវិត​មនុស្ស ការ ប្រើអំពើ​ហិង្សាទាំង​ក្នុងគ្រួសារ និងសង្គម​ជាដើម។ ការខកចិត្ដ គ្មាន​ផែនការ​ជីវិត​ត្រឹមត្រូវ ការឃ្លាត​ពីក្រុម​គ្រួសារ ការមិន​ពេញចិត្ដ មិនពេញ​ថ្លើម​ជាដើម។ ទាំងអស់នេះ​សុទ្ធតែ​ជាកត្ដា​នាំឱ្យ​មាន​បញ្ហាផ្លូវចិត្ដ ហើយក៏​នៅមាន​មូលហេតុ​ជាច្រើន​ទៀតដែល​លោកអ្នក អាចជួប​ប្រទះក្នុង​ដំណើរជីវិត​ប្រចាំថ្ងៃ។

វិធីព្យាបាល​បញ្ហាផ្លូវចិត្ដ​ដោយខ្លួនឯង

វិធីងាយៗ​ដែលលោក​អ្នកអាច​អនុវត្ដ​ដើម្បី​ព្យាបាល ឬដោះស្រាយ​ដោយខ្លួនឯង​នៅពេល​ដែលលោកអ្នក​ជួបបញ្ហា​ផ្លូវចិត្ដ គឺ ការសម្រាក​កាយលំហែ​អារម្មណ៍ និងការ​ធ្វើសមាធិ។

1. ការសម្រាក​កាយលំហែ​អារម្មណ៍ លោកអ្នក​អាចជ្រើសរើស​ការសម្រាក​កម្សាន្ដ​ដើម្បីបន្ធូរ​បន្ថយភាព​តានតឹង និងភាព តប់ប្រមល់។ ចំពោះការ​សម្រាកលំហែ លោកអ្នក​អាចជ្រើសរើស​ទៅតាម​ចំណូលចិត្ដ ដូចជា​ទស្សនា​តាម​រមណីយដ្ឋាន ស្ទូចត្រី ការ កាត់ស្មៅ ដាំផ្កា ចិញ្ចឹមត្រី ស្ដាប់ទឹកហូរ មើលទឹកធ្លាក់ មើលថ្ងៃលិច ស្ដាប់ភ្លេង​ដែលចូលចិត្ដ មើលទូរទស្សន៍​ដែលមាន​កម្មវិធី​កម្សាន្ដ សប្បាយៗ ចូលរួម​ក្នុងពិធី​ជប់លៀង ជជែកជាមួយ​មិត្ដភ័ក្ដិ ទៅសួរ​សុខទុក្ខមិត្ដ​សម្លាញ់ដែល​បែកគ្នាយូរ​ឆ្នាំជាដើម។ ទាំងនេះ​ជាវិធី ដែលធ្វើឱ្យ​លោកអ្នក​អាចបន្លប់​ពេលវេលា​ដែល​សៅហ្មង តឹងតែង មិនស្ងប់​ក្នុងអារម្មណ៍។ ម្យ៉ាងទៀត​លោកអ្នក​អាចជ្រើសរើស​ការ អានសៀវភៅ​ទៅតាម​ចំណូលចិត្ដ ព្រោះការ​អានសៀវភៅ គឺជាវិធី​ផ្លាស់ប្ដូរ​បរិយាកាស​មួយយ៉ាងល្អ។ ទន្ទឹម​នឹងនោះ លោកអ្នកអាច ធ្វើឡើងវិញ​នូវកិច្ចការ​ដែលធ្លាប់​ទទួលបាន​ជោគជ័យ និងសប្បាយចិត្ដ។ ការហាត់​កីឡាក៏​ជាយុទ្ធ​វិធីដើម្បី​ទទួលបាន​នូវជោគជ័យ​យ៉ាង គាប់ប្រសើរ​ក្នុងការ​ដោះស្រាយ​បញ្ហាផ្លូវចិត្ដ​ផងដែរ។

2. ការធ្វើសមាធិ សមាធិ​ជាវិធី​ដែលអាច​ធ្វើឱ្យ​អារម្មណ៍​លោកអ្នក​បានស្ងប់ មិនគិត​ដល់រឿង​ធុញថប់។ វិធីនេះអាច ជ្រើសរើស​សមាធិ​តាមបែប​យូហ្គា និងបែប​ព្រះពុទ្ធ​សាសនា។ ម្យ៉ាងទៀត​ការស្ដាប់​ធម៌ទេសនា ស្ដាប់ការ​ទូន្មានរបស់​ចាស់ៗ ដូនជីតាជី ជាដើម ក៏អាចជួយ​បានខ្លះដែរ។ ក្នុងករណី​ដែលមិន​អាចឈប់​សម្រាកពី​ការងារបាន លោកអ្នក​អាចប្រើ​វិធីដក​ដង្ហើម គឺដកដង្ហើម​ចូល ឱ្យបានវែង អត់ដង្ហើម​បន្ដិច បន្ទាប់មក​ដកដង្ហើម​ចេញវែងៗ។ លោកអ្នក​អាចអនុវត្ដ​បែបនេះ​ក្នុងរយៈពេល​ពី១០ទៅ​១៥នាទី នោះ អារម្មណ៍​របស់លោកអ្នក​នឹងបាន​ធូរស្រាល និងមិន​តានតឹង​ទៀតឡើយ។

ដំបូន្មានអ្នកជំនាញ

លោកអ្នក​តោងគិត​ថាការ​កើតមាន​បញ្ហាផ្លូវ​ចិត្ដនឹងធ្វើ​ឱ្យជីវិត​មិនមាន​សេចក្ដីសុខ​ឡើយ។ ដូច្នេះ​លោកអ្នក​គួរកុំ​បង្កឱ្យមាន បញ្ហា​នេះឡើង ឬកុំបណ្ដោយ​ឱ្យបញ្ហានេះ​នៅជាប់ក្នុង​ខ្លួនរបស់​លោកអ្នក​យូរអង្វែងពេក។ សូមលោក​អ្នកទទួល​បាននូវ​ជោគជ័យ​ក្នុង ការព្យាបាល​បញ្ហាផ្លូវចិត្ដ​ដោយខ្លួន​លោកអ្នក​ផ្ទាល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *