ស្រីស្រស់រាងស្ដើងសម្បុរស្រអែមបែបស្ដ្រីខ្មែរពិតៗក្នុងវិស័យសិល្បៈភាពយន្ដខ្មែរ លោកអ្នកពិតជាអាចស្មានបានថាគ្មាននរណាក្រៅពី អ្នកនាង កែវ ពិសី តារាទឹកភ្នែកនៅក្នុងដួងចិត្ដរបស់លោកអ្នកនោះទេ។ ទោះបីជាមមាញឹកក្នុងការសម្ដែងខ្លាំងយ៉ាងណាក៏ដោយ ក៏ពិសី នៅតែអាចរក្សាសម្រស់ដ៏ស្រស់សោភាដដែល។ ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាព របស់តារា ដ៏ស្រស់ស្អាត កែវ ពិសី ទស្សនាវដ្ដី សុខភាពយើង បានទៅជួបសម្ភាសន៍ជាមួយអ្នកនាងផ្ទាល់តែម្ដង។
ការថែរក្សាសក់
សរសៃសក់ជាចំណុចពិសេសដែលពិសីយកចិត្ដទុកដាក់បំផុត ព្រោះថាពេលសម្ដែងសក់របស់នាងត្រូវបានតុបតែងតាមម៉ូដ ផ្សេងៗឱ្យសមនឹងសាច់រឿង។ ដូចនេះចៀសមិនផុតពីការខូចសរសៃសក់ឡើយ។ ជាទៀងទាត់ពិសីតែងតែទៅរកអ្នកជំនាញដើមី្បអប់ បំប៉នសក់ម្ដងក្នុងមួយសប្ដាហ៍ ដើម្បីជំនួយដល់សរសៃសក់។ ចំពោះប្រវែងរបស់សក់ ពិសីតែងតែកាត់តម្រឹមសរសៃសក់ ព្រោះពិសី យល់ថាបើទុកសក់វែងពេកអាចធ្វើឱ្យសរសៃសក់ងាយបែកចុង។ កាលពីមុនពិសីចូលចិត្ដប្ដូរពណ៌សក់ ប៉ុន្ដែមួយរយៈក្រោយមក ដោយ សារតែសុខភាពសក់មិនល្អ ទើបពិសីមិនប្ដូរពណ៌សក់ទៀតទេ។ សព្វថ្ងៃនេះ ពិសីបានជ្រើសរើសសាប៊ូកក់សក់ដែលមានគុណប្រយោជន៍ ជួយឱ្យសរសៃសក់របស់នាងមានទម្ងន់ និងដុះឡើងវិញ។
ការថែរក្សាស្បែកមុខ
ពិសីមិនដែលប្រើម្សៅបកឱ្យស ឬទៅម៉ាស្សាស្បែកអ្វីទេ នាងចូលចិត្ដប្រើម្សៅធម្មតាសម្រាប់លាបទាំងយប់ទាំងថ្ងៃតែម្ដង ។ អ្នកនាងជាតារាសម្ដែង ស្បែកមុខរបស់ពិសីត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ ដូចនេះពិសីចាំបាច់ត្រូវប្រើ ក្រែមសម្រាប់បំប៉នស្បែកមុខឱ្យមានសំណើមជាប្រចាំ ដើម្បីកុំឱ្យឆាប់ជ្រីវជ្រួញ។ ជាងនេះទៅទៀត បន្ទាប់ពីការតុបតែងក្នុងពេល សម្ដែង ពិសីត្រូវតែប្រញាប់លាងសម្អាតមុខ ព្រោះការទុកគ្រឿងសម្អាងនៅលើមុខក្នុងរយៈពេលយូរ វាជារឿងមិនល្អសម្រាប់ស្បែក។ ចំពោះការថែរក្សាស្បែកមុខតាមធម្មជាតិវិញ ថ្វីត្បិតតែពិសីយល់ដឹងច្រើន តែពិសីមិនសូវមានពេលសម្រាប់អនុវត្ដវាទេ។
ការថែរក្សាស្បែកខ្លួន
ពិសីជាតារាសម្ដែង ម្លោះហើយគេចមិនផុតពីការទទួលរងនូវកម្ដៅថ្ងៃទេ។ កាលពីមុន ពិសីបានប្រើក្រែមការពារកម្ដៅថ្ងៃ ជាច្រើនប្រភេទទប់ទល់នឹងពន្លឺថ្ងៃ ប៉ុន្ដែក្រែមទាំងនោះមិនអាចជួយនាងបានទេ។ ផ្ទុយទៅវិញវារិតតែធ្វើឱ្យស្បែករបស់ពិសីខ្មៅ ស្រអាប់ ទើបធ្វើឱ្យពិសីលែងមានជំនឿលើក្រែមការពារពន្លឺថ្ងៃ។ មួយរយៈពេលក្រោយមក ពិសីមិនបានលាបអ្វីសម្រាប់ការពារកម្ដៅ ថ្ងៃទេ ក្រោយពីសម្ដែងចប់ កម្ដៅថ្ងៃបានធ្វើឱ្យស្បែករបស់នាងរបកទាំងផ្ទាំងៗតែម្ដង។ ប៉ុន្ដែក្រោយពេលងូតទឹកសម្អាតខ្លួនរួច ស្បែក ក៏ត្រឡប់មករកសភាពធម្មតាវិញ។ ចំណែកនៅពេលយប់ ពិសីតែងតែលាបស្បែកជាមួយឡេជាតិទឹកដោះគោដែលអាចផ្ដល់សំណើម ដល់ស្បែក។ ម្យ៉ាងទៀតទោះបីពិសីមានស្បែកស្រអែមក៏ដោយ ក៏ពិសីមិនទៅបកស្បែក ឬប្រើឡេសម្រាប់លាបឱ្យសឡើយ។
ការថែរក្សាបបូរមាត់
ពិសីមិនចូលចិត្ដលាបបបូរមាត់ពណ៌ក្រហម ឬក្រម៉ៅទេ លើកលែងតែករណីចៀសមិនបាន ដូចជាពេលសម្ដែងជាដើម។ ពេលធម្មតា ពិសីលាបបបូរមាត់ពណ៌ស្រាល ឬមិនលាបតែម្ដង ព្រោះថាបើលាបបបូរមាត់ឋិតឋេរ និងពណ៌ដិតពេក អាចធ្វើឱ្យបបូរ មាត់ខ្មៅបាន។
ការថែរក្សាធ្មេញ
ជាទូទៅពិសីសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំ និងស។ ពិសីតែងតែទៅរកគ្រូពេទ្យធ្មេញរៀងរាល់២ ឬ៣ខែម្ដងជាប្រចាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញ មិនដែលខកខានទ្បើយ។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
ជាទៀងទាត់១ ឬ២សប្ដាហ៍ម្ដង ពិសីត្រូវកោរតម្រឹមរោមចិញ្ចើមខាងចុងម្ដង ដោយមិនបណ្ដោយឱ្យរោមចិញ្ចើមដុះក្រាស់ ឡើយ ព្រោះពិសីយល់ថាចិញ្ចើមក្រាស់មិនសក្ដិសមជាមួយទម្រង់មុខរបស់នាង។ ចំពោះរោមភ្នែក ភាគច្រើនពិសីប្រើម៉ាស្ការ៉ាសឹងតែ រាល់ថ្ងៃ ព្រោះត្រូវតុបតែងពេលសម្ដែង ដែលធ្វើឱ្យរោមភ្នែកពិសីប្រឈមមុខនឹងការជ្រុះ។ ប៉ុន្ដែនៅពេលនេះពិសីបានជ្រើសរើសវិធី ពាក់រោមភ្នែកជំនួសវិញ។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
ពិសីមានរបបអាហារទៀតទាត់ណាស់ដើម្បីរក្សាទម្ងន់ដងខ្លួន។ នៅពេលព្រឹក ពិសីមិនមានទម្លាប់ទទួលទានអាហារទេ រហូតដល់ពេលថ្ងៃត្រង់ ទើបទទួលទានអាហារយ៉ាងឆ្អែតតែម្ដង។ ដោយឡែកសម្រាប់ពេលល្ងាច ពិសីទទួលទានផ្លែឈើ ឬជាប្រភេទ បន្លែស្ងោរជំនួសការទទួលទានបាយ។ ចំណែកនៅពេលដែលមានរដូវវិញ ពិសីរិតតែព្យាយាមថែមមួយកម្រិតទៀតចំពោះការទទួល ទានផ្លែឈើ និងទទួលទានសុរាឱ្យបានច្រើន ដោយយល់ឃើញថាធ្វើឱ្យឈាមរដូវធ្លាក់មកតាមសម្រួល និងជួយឱ្យស្បែកភ្លឺថ្លា មិនងាយ ចាស់ជ្រីវជ្រួញទៀតផង។ ជាងនេះទៅទៀត ពិសីតែងតែត្រូវតមអាហារប្រភេទខ្លះ ដូចជាសាច់ត្រី ផ្អក ប្រហុកជាដើម។ ពិសីមិនសូវ មានពេលវេលាគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណទេ ទាល់តែនាងមានអារម្មណ៍ថាដុះក្បាលពោះ ឬឡើងទម្ងន់ ទើបនាងហាត់ប្រាណ។
បណ្ដាំផ្ញើរបស់ កែវ ពិសី
សូមជ្រើសរើសប្រើតែផលិតផលណាដែលមានគុណភាពល្អ មិនត្រូវប្រើតាមការនិយមតៗគ្នាទ្បើយ ព្រោះអាចឱ្យរូប សម្រស់ត្រូវបាត់បង់គ្មានថ្ងៃនឹងត្រទ្បប់មកវិញទេ។ សុភាពនារីទាំងអស់គួរទៅរកអ្នកជំនាញ មុននឹងសម្រេចចិត្ដប្រើផលិតផលណា មួយ។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់អ្នកនាង កែវ ពិសី តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាង កញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ កែវ ពិសី
- អាយុ ៖ ២៣ឆ្នាំ
- កម្ពស់ ៖ ១,៦៥ម៉ែត្រ
- ទម្ងន់ ៖ ៤៧គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣៣, ២៦, ៣៨
- បងប្អូន ៖ ៦នាក់ (ជាកូនទី២)
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
- បំណងថ្ងៃអនាគត ៖ ចង់ធ្វើជាអ្នកជំនួញ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply