វិធីជ្រើសរើស​សាប៊ូ​កក់សក់

សាប៊ូ​សម្រាប់​កក់សក់​មានច្រើន​ប្រភេទ​ណាស់ ដែល​ដាក់លក់​នៅលើ​ទីផ្សារ និង​ឃោសនា​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន រហូតដល់​លោកអ្នក​ពិបាក​ក្នុងការ​ជ្រើសរើស​យក​មកប្រើ។ មិនមាន​សាប៊ូ​កក់សក់​ច្រើន​ប្រភេទទេ ដែល​ត្រូវនឹង​សរសៃ​សក់របស់​លោក អ្នក។ បើលោកអ្នក​ជ្រើសរើស​មិនបាន​សាប៊ូល្អ លោកអ្នក​ត្រូវប្រឈម​មុខ​នឹង​បញ្ហាច្រើន​ប្រការ​ណាស់ ដូចជា​ជ្រុះសក់ កើត​អង្គែ រមាស់​ស្បែកក្បាល រោគផ្សិត​ជាដើម និង​បញ្ហា​ជាច្រើន​ប្រការ​ទៀតដែល​មិនអាច​មើល​ស្រាល​បានទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូម​ចូលរួម​ស្វែងយល់​ជាមួយ​យើងខ្ញុំ​តាមរយៈ​ការអាន​ទស្សនាវដ្ដី សុខភាពយើង លេខនេះ។ លោកអ្នក​នឹង​ទទួល​ជ្រាប​ជាមួយ​ការបក​ស្រាយ​របស់​លោកវេជ្ជ​បណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺសើ​ស្បែក និង​កាមរោគ ស្ដីអំពី​ការជ្រើសរើស​សាប៊ូកក់​សក់។

សាប៊ូកក់សក់ ជាអ្វី?   

សាប៊ូ​កក់សក់​សំដៅ​ដល់សាប៊ូ​ដែល​ប្រើសម្រាប់​សម្អាត​សរសៃសក់​ក្បាល ក្នុង​គោលបំណង​ជំនួយ​ផ្នែក​អនាម័យ ដូចជា​កម្ចាត់ ធូលីដី​ដែលមក​ទំនឹង​សរសៃសក់​របស់​លោកអ្នក ដែល​អាចបណ្ដាល​ឱ្យមាន​ជម្ងឺ​សរសៃសក់​មួយចំនួន។ ជួនកាល​ជម្ងឺទាំង​នេះអាច បណ្ដាល​ឱ្យជ្រុះសក់ រលាក​ស្បែកក្បាល និង​មិនអាច​ឱ្យសក់ដុះ​ជាថ្មី​ទៀតបាន។ បើលោក​អ្នកបាត់​បង់សក់ លោកអ្នក​នឹង​អៀនខ្មាស និង មិន​មានភាព​ជឿ​ជាក់​គ្រប់គ្រាន់​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​មិនខាន​ឡើយ។

ការជ្រើសរើសសាប៊ូកក់សក់

មិនមាន​អ្វីច្រើនទេ ដោយ​គ្រាន់តែ​លោកអ្នក​យកចិត្ដ​ទុកដាក់​លើស​មាសធាតុផ្សំ​របស់សាប៊ូ ជាពិសេស​គឺជាតិ​អាល់កាឡាំង។ បើសាប៊ូ​ដែល​មានជាតិ​អាល់កាឡាំង​ច្រើន ធ្វើឱ្យ​សរសៃសក់​លោកអ្នក​ស្ងួត ងាយ​បែកចុង​សំពោង។ ផ្ទុយ​ទៅវិញ សាប៊ូ​ដែល​មានជាតិ អាល់កាឡាំង​ច្រើន​បែបនេះ​សក្ដិសម​ជាមួយ​នឹង​លោកអ្នក​ដែលមាន​សរសៃសក់​មានជាតិ​ប្រេង​ច្រើន។ មុននឹង​លោកអ្នក​សម្រេចចិត្ដ ជ្រើសរើស​ប្រើសាប៊ូ​មួយណា លោកអ្នក​គួរសាកល្បង​ប្រើរយៈ​ពេលពីរ ឬ​បីថ្ងៃសិន ទើប​សម្រេចចិត្ដ​ជាក្រោយ។ សាប៊ូ​ដែលល្អ គឺអាច ជួយឱ្យ​សរសៃសក់​លោកអ្នកទន់ ភ្លឺរលោង​ស្អាត មិន​បង្ក​ជាកន្ទួល​រមាស់​នៅលើ​ស្បែក​ក្បាល។

ប្រការគួរចៀសវាង

លោកអ្នក​មិនត្រូវ​ផ្លាស់ប្ដូរ​សាប៊ូកក់​សក់​ទៅតាមចិត្ដ​ចង់របស់​លោកអ្នកទេ ព្រោះ​អាចធ្វើ​ឱ្យមាន​ប្រតិកម្ម​លើស្បែក​ក្បាល ក៏ ដូចជា​សរសៃសក់​ផងដែរ។ ក្រៅពីនេះ សូមលោក​អ្នកកុំយក​សាប៊ូ​ផ្សេងៗ ដូចជា​ប្រភេទ​សាប៊ូ​សម្រាប់​បោក​សម្លៀក​បំពាក់ សាប៊ូ សម្រាប់​លាងចាន សាប៊ូ​សម្រាប់​ដុសខ្លួន​ជាដើម មក​កក់សក់​ឱ្យសោះ ព្រោះ​សាប៊ូ​ប្រភេទនីមួយៗ​មាន​សមាស​ធាតុផ្សំ​ខុសៗគ្នា មិនអាច ប្រើច្របល់​ចូលគ្នា​បានទេ។ មិន​មាននរណា​ម្នាក់អាច​វាយតម្លៃ​បានពី​ការប៉ះពាល់​នៃ​ការប្រើ​សាប៊ូឡូក​ឡំគ្នា​នោះទេ។

ដំបូន្មានអ្នកជំនាញ

ពិតជាពិបាក​ណាស់​ក្នុងការ​ជ្រើសរើស​ការប្រើប្រាស់​សាប៊ូឱ្យ​បានត្រឹមត្រូវ ហើយ​មានផល​ប្រយោជន៍​សម្រាប់​ថែទាំ​សរសៃ សក់។ បើលោកអ្នក​មិនអាច​វិនិច្ឆ័យ​បានល្អ​ក្នុងការ​ជ្រើសរើស​សាប៊ូកក់​សក់ទេ សូមលោក​អ្នកទៅ​រកអ្នក​ជំនាញ​ខាង​សរសៃសក់​ដើម្បី ពិនិត្យ​ប្រភេទ​សរសៃសក់ និង​លទ្ធភាព​នៃការរីក​លូតលាស់​របស់​សរសៃសក់ នោះ​លោកអ្នក​នឹងបាន​សាប៊ូដែល​ល្អសម្រាប់​ថែបំប៉ន សរសៃសក់​មិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *