ការភ័យខ្លាចជារឿងធម្មតាដែលតែងតែកើតមានលើមនុស្សគ្រប់់រូប និងគ្រប់វ័យ។ នរណាក៏មានការភ័យខ្លាចដែរ ទោះជា អ្នកនោះមានភាពក្លាហានកម្រិតណាក៏ដោយ។ សូម្បីតែចោរដ៏កំណាចឃោរឃៅ ក៏៏នៅមានការភ័យខ្លាចដែរ គ្រាន់តែការភ័យខ្លាច នោះមានសណ្ឋាន និងកម្រិតខុសៗគ្នាប៉ុណ្ណោះ។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកការឆាប់ភ័យខ្លាចមកបកស្រាយនៅក្នុងទំព័រសុខភាពផ្លូវចិត្ដ និងចិត្ដសាស្ដ្រ ជូន ប្រិយមិត្ដអ្នកអាន ដើម្បីជាការស្វែងយល់។
លក្ខណៈនៃការភ័យខ្លាច
ការភ័យខ្លាចកើតមានលើមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍ណាទេ។ ប៉ុន្ដែការភ័យខ្លាចមានលក្ខណៈខុសគ្នាពីវប្បធម៌មួយ ទៅវប្បធម៌មួយ។ ឧទាហរណ៍ ប្រទេសកម្ពុជាមានជំនឿ ទំនៀមទម្លាប់ និងប្រពៃណីខុសពីប្រទេសមួយចំនួននៅអាស៊ី ឬនៅអឺរ៉ុប។ នៅកម្ពុជា ខ្លាចខ្មោចព្រាយបិសាច ធ្មប់ជាដើម។ ដូចក្នុងករណីបើមានជួបបញ្ហាក្មេងស្រីប្រុសស្រឡាញ់គ្នាដោយមិនបាន រៀបការ ធ្វើឱ្យចាស់ៗ ឬសមាជិករស់នៅក្នុងគ្រួសារមានអារម្មណ៍ភ័យខ្លាចថាខុសមេបា និងធ្វើឱ្យមានហេតុការណ៍ចង្រៃ ឬបើឈ្លោះ ជាមួយគេ ខ្លាចគេធ្វើអំពើជាដើម។ ដោយការខ្លាចបែបនេះ ធ្វើឱ្យមិនស្ងប់ចិត្ដចំពោះបុគ្គលដែលខ្លួនសង្ស័យ ជួនកាលរហូតដល់សម្លាប់ គ្នាចោលក៏សឹងមាន ដូចដែលមានចុះក្នុងទំព័រសារព័ត៌មានកន្លងមកស្រាប់។ ចំណែកនៅប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក បារាំង ជប៉ុន អ៊ីតាលីជាដើម គេមិនមានជំនឿលើការធ្វើអំពើ ខុសគ្រូខុសដូនតាអ្វីទេ។ នៅពេលនិយាយរឿងធ្វើអំពើ គេគ្មានការភ័យខ្លាចឡើយ។ ភាគច្រើនគេភ័យខ្លាចជម្ងឺឆ្លង ដូចជាជម្ងឺផ្ដាសាយ ជាដើម ដែលនៅប្រទេសកម្ពុជាមិនសូវខ្លាចទេ។ ការភ័យខ្លាចខ្លះមានលក្ខណៈសាកល ទោះជាប្រជាពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍ (ក្រីក្រ) ឬនៅបណ្ដាប្រទេសជឿនលឿនក្ដី គេខ្លាចគ្រោះថ្នាក់ចោរកម្ម គ្រោះមហន្ដរាយជាដើម ដូចៗគ្នា។
ប្រភេទនៃការភ័យខ្លាច
តាមរយៈកាលៈទេសៈ និងតាមរយៈកម្រិតនៃការភ័យខ្លាច គេអាចកំណត់ប្រភេទនៃការភ័យខ្លាចជាពីរ គឺការភ័យខ្លាច ធម្មតា និងការភ័យខ្លាចមិនធម្មតា។
1. ការភ័យខ្លាចមិនធម្មតា ៖ ជាការភ័យខ្លាចមិនសមហេតុផល ដែលមនុស្សភាគច្រើនមិនធ្លាប់មានការភ័យខ្លាចបែប នោះ។ វាជារោគសញ្ញារបស់ជម្ងឺមួយចំនួនដូចខាងក្រោមនេះ ៖
- ជម្ងឺបាក់ស្បាត ៖ កើតលើមនុស្សធ្លាប់ទទួលនូវការគំរាមកំហែង យាយីដល់អាយុជីវិត ធ្លាប់បានឮនូវដំណឹង ដែលគួរឱ្យរន្ធត់ បានឃើញផ្ទាល់ភ្នែកនូវអំពើមនុស្សឃាត ឬទទួលរងនូវការគំរាមកំហែងណាមួយ។ ការភ័យតក់ស្លុតខ្លាំងពេក នាំឱ្យ កើតជាជម្ងឺបាក់ស្បាត។ មនុស្សប្រភេទនេះមានការរាងចាលមិនហ៊ានធ្វើអ្វីទេ ទៅណាមកណាមិនមានភាពកក់ក្ដៅក្នុងចិត្ដទេ។ ចេះតែ ខ្លាចគេធ្វើបាបខ្លួន ឬក៏មានការភ័យតក់ស្លុតយ៉ាងខ្លាំង ពេលជួបប្រទះបញ្ហាពិបាកបន្ដិចបន្ដួច។
- ជម្ងឺថប់អារម្មណ៍ ៖ ការខ្លាចមិនសមហេតុផល ជាពិសេសកើតឡើងនៅពេលទៅទីកន្លែងណាដែលមានមនុស្ស ច្រើន ឬតិច ពេលឡើងទៅទីខ្ពស់ នៅក្នុងបន្ទប់តូចបិទជិតក៏មានការភ័យខ្លាច ខ្លាចដោយគ្មានមូលហេតុជាដើម។ អ្នកមានអាការបែប នេះឧស្សាហ៍កោសខ្យល់ណាស់។
- ជម្ងឺវិកលចរិត ៖ អ្នកជម្ងឺចេះតែឃើញ និងឮនូវអ្វីៗដែលមនុស្សធម្មតាមិនបានឃើញ និងមិនបានឮ បង្កជា អារម្មណ៍ភ័យខ្លាចមិនចេះចប់មិនចេះហើយ បែបនេះហៅថាមមាល។ ការចេះតែមមាលឃើញឮនេះ ធ្វើឱ្យបុគ្គលនោះរត់ចុះរត់ឡើង ចេះតែមានអារម្មណ៍ ទឹកមុខផ្អើលៗ គេចពីគេឯងរត់ទៅពួនជាដើម។ ជួនកាលមានអារម្មណ៍ខ្លាចគេធ្វើបាប បែរជាធ្វើអត្ដឃាតទៅវិញ ក៏មានដែរ។ ពេលខ្លះមមាលធ្វើឱ្យមិនអាចនិយាយចេញមកកើតទេ ដោយសារចេះតែឮសូរមានសម្លេងមកគំរាមកំហែងមិនឱ្យប្រាប់ គេឯង។
- ជម្ងឺធ្លាក់ទឹកចិត្ដ ៖ ចេះតែមានអារម្មណ៍ខ្លាចប៉ះទង្គិច ខ្លាចគេមករករឿង ខ្លាចគេប្រកាន់ ខ្លាចគេស្អប់ជាដើម។
- ការមិនមានភ័យខ្លាច ៖ ចំពោះមនុស្សណាដែលមិនភ័យខ្លាចក្នុងសភាពការណ៍ដែលមនុស្សគ្រប់គ្នាខ្លាច ក៏ជាករណីមិនធម្មតាដែរ។
2. ការភ័យខ្លាចធម្មតា ៖ ការភ័យខ្លាចខ្លះបណ្ដាលមកវិបត្ដិអត្ដចរិត ដែលជាលក្ខណៈធម្មជាតិរបស់បុគ្គលមួយចំនួនដែល តែងតែមានការភ័យខ្លាចច្រើនជាងគេបន្ដិច តែមិនមែនជាសញ្ញានៃជម្ងឺផ្លូវចិត្ដទេ។ វិបត្ដិអត្ដចរិតមានន័យថាជាមនុស្សដែលមានអត្ដចរិតក្នុងលក្ខណៈមួយដែលពិបាករស់នៅប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ក្នុងនោះមានអ្នកមានវិបត្ដិអត្ដចរិតមួយចំនួនតែងតែមាន អារម្មណ៍ភ័យខ្លាចច្រើន តែមិនមែនជាជម្ងឺទេ។ នៅពេលគេឱ្យធ្វើអ្វីមួយ ច្រើនមានការរួញរា រើសយកតែការងារងាយស្រួល ជា ប្រភេទមនុស្សសាញច្រើន។ អាការបែបនេះមិនបណ្ដាលឱ្យមានជម្ងឺអ្វីទេ តែធ្វើឱ្យការរស់នៅជួបការលំបាក។ ក្រៅពីនេះ មនុស្សនោះ តែងតែមានការភ័យខ្លាចនៅពេលមិនទាន់មានបទពិសោធន៍ មិនទាន់ធ្លាប់ស្គាល់សភាពការណ៍ ដូចជាការខ្លាចអ្នកមានបុណ្យស័ក្ដិខ្ពស់ ខ្លាចមានគ្រោះថ្នាក់ក្នុងសភាពការណ៍ដែលអាចនឹងបង្កឱ្យមានរបួសស្នាម ឬប៉ះពាល់ដល់អាយុជីវិតជាដើម។ ដូច្នេះអាការភ័យខ្លាចមិនមែនជាជម្ងឺទេ តែវាជារោគសញ្ញានៃជម្ងឺ។ ប្រសិនបើលោកអ្នកចង់ជ្រាបបន្ថែមឱ្យច្បាស់ពីកត្ដាជម្ងឺ ទាំងប៉ុន្មានខាងលើ សូមអានទស្សនាវដ្ដី សុខភាពយើង លេខមុនៗ នៅក្នុងទំព័រសុខភាពផ្លូវចិត្ដ និងចិត្ដសាស្ដ្រ ដែលបានចុះផ្សាយរួច ហើយ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើសមាជិកគ្រួសារមានអ្នកណាម្នាក់កើតមានការភ័យខ្លាចខុសធម្មតា ឬមិនភ័យខ្លាចក្នុងសភាពការណ៍ដែលគេគ្រប់ គ្នាភ័យខ្លាចនោះ លោកអ្នកគួរតែអនុគ្រោះ សន្ដោសប្រណី និងថ្លឹងថ្លែងពិចារណាកុំប្រកាន់ខឹង។ ប្រសិនបើជាមិត្ដភ័ក្ដិ ចូរប្រាប់ទៅអាណាព្យាបាល ឬក្រុមគ្រួសារជនរងគ្រោះ ដើម្បីពិនិត្យព្យាបាល។ ទោះជាបុគ្គលិកនៅក្នុងក្រុមហ៊ុនក្ដី ឬនៅកន្លែងធ្វើការជាមួយគ្នាក្ដី ត្រូវយកចិត្ដទុកដាក់ស្វែងយល់ពីការភិតភ័យដែលកើតមាននោះ។ ជួនកាលអាចបណ្ដាលមកពីការងារច្រើនពេក ទើបធ្វើឱ្យគាត់មាន ការភ័យខ្លាច។ មិនត្រូវស្អប់ ស្ដីបន្ទោស ឬបង្អាប់បន្ថែម ដែលជាហេតុជំរុញឱ្យអាការជម្ងឺរបស់គាត់រិតតែធ្ងន់ថែមទៀតនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply