ខ្មែរ៣នាក់​ស្លាប់ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង១ថ្ងៃ

ក្រៅពី​ជម្ងឺ​អេដស៍ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវការ​គំរាម​កំហែង​យ៉ាងខ្លាំងក្លា​ដោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរ។ ពី មួយឆ្នាំ​ទៅមួយឆ្នាំ អត្រា​គ្រោះថ្នាក់​ចរាចរ​កាន់តែ​មានកំណើន​កើន​ឡើងជា​លំដាប់ គឺ​ប្រមាណជា​១៥%។ ឯអត្រា​នៃការ​ស្លាប់បាត់ បង់ជីវិត និង​រងរបួស​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរ ក៏មាន​ការកើន​ឡើង​ខ្ពស់ដែរ។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យមាន​គ្រោះ ថ្នាក់​ចរាចរ​នេះកើត​ឡើង។ ប៉ុន្ដែអ្វី​ដែល​ជាពិសេស​នោះ គឺការ​មិន​គោរព​ច្បាប់​ចរាចរណ៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

អត្រាស្លាប់ និង​មូលហេតុ​ទាំងនេះ​ត្រូវបាន​លើកយក​មកបង្ហាញ​ក្នុងកិច្ច​ប្រជុំពិ​គ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នៅថ្ងៃទី​០៩-១០ ខែសីហា ឆ្នាំ២០០៦ នៅ​ភ្នំពេញ។ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យក​មក​បង្ហាញ​នូវចំណុច សំខាន់ៗ​មួយចំនួន ដើម្បី​ប្រិយមិត្ដ​អ្នកអាន​បានជ្រាប​ជាព័ត៌មាន ក្នុង​គោល​បំណង​ឱ្យមិត្ដ​អ្នកអាន​បានយល់​ច្បាស់ ធានា​ដល់ការ​រក្សា សុវត្ថិភាព​ក្នុងការ​ធ្វើចរាចរណ៍ ចៀស​វាងគ្រោះ​ថ្នាក់​ជាយ​ថាហេតុ និង​ដើម្បី​ទប់ស្កាត់​ការកើន​ឡើង​នៃគ្រោះ​ថ្នាក់​ចរាចរ​នៅក្នុង​ព្រះរាជា ណាច​ក្រកម្ពុជា។

ស្ថានភាពចរាចរនៅកម្ពុជា

គ្រោះថ្នាក់​ចរាចរ សំដៅ​ទៅដល់​គ្រោះថ្នាក់ ឬ​ឧបទ្ទវ​ហេតុ​ដែល​កើតឡើង​ដោយសារ​ការធ្វើ​ចរាចរណ៍ ឬ​អ្នកបើក​បរដោយ មិន​មានការ​ប្រុងប្រយ័ត្ន​នៅតាម​ដងផ្លូវ​សាធារណៈ។ នៅក្នុង​សង្គម​កម្ពុជា​យើង គ្រោះ​ថ្នាក់​ចរាចរ​អាចកើត​មាន​ឡើង​ចំពោះ​រថយន្ដ គ្រប់ធន់ ម៉ូតូ កង់ រហូត​ដល់អ្នក​ធ្វើដំណើរ​ដោយថ្មើរ​ជើង​ផងដែរ។ គ្រោះថ្នាក់​ចរាចរ​បានក្លាយ​ជាវិញ្ញាសារ​ចម្បង និង​ជាការ​ព្រួយ បារម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ព្រោះ​ថាគ្រោះថ្នាក់​ចរាចរនេះ​ក្លាយជា​គ្រោះ​មហន្ដរាយ​ធំទីពីរ​បន្ទាប់​ពីជម្ងឺ​អេដស៍ ដែល​យើងទាំង អស់គ្នា​ជាប្រជាពលរដ្ឋ ជាអ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ត្រូវតែ​ធ្វើការ​ដោះ​ស្រាយ និង​កាត់បន្ថយ​គ្រោះថ្នាក់ សំដៅ​ដល់ការ​ការពារ​អាយុជីវិត មនុស្ស សត្វ បរិស្ថាន រក្សា​សណ្ដាប់​ធ្នាប់ សុវត្ថិភាព​ក្នុងការ​ធ្វើចរាចរណ៍​នៅលើដង​ផ្លូវ​សាធារណៈ និង​បញ្ជៀសឱ្យ​បាននូវការ​ខូចខាត ទ្រព្យ​សម្បត្ដិរដ្ឋ និង​ឯកជន ក៏ដូច​ជារួម​ចំណែក​ទប់ស្កាត់​បទល្មើស​ដែល​បណ្ដាលមក​ពីការ​ប្រើប្រាស់​ផ្លូវថ្នល់​សាធារណៈ។ តាម​របាយការណ៍​ក្នុងកិច្ច​ប្រជុំពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីអំពី​ចរាចរណ៍​ផ្លូវគោក​កាលពីថ្ងៃ​ទី០៩-១០ ខែសី ហា ឆ្នាំ២០០៦ បាន​បញ្ជាក់​ថាក្នុង​ឆ្នាំ១៩៩០ កម្ពុជា​មានរថយន្ដ​ចំនួន​ប្រមាណ៥ ៧០០​គ្រឿង និង​ទោច​ក្រយាន​យន្ដ​ចំនួន​ប្រមាណ៤៩ ៥០០​គ្រឿង។ ប៉ុន្ដែ​ក្នុងឆ្នាំ​២០០៥ រថយន្ដ​មានចំនួន​រហូត​ដល់​ទៅ១៤៥ ១៤០​គ្រឿង និង​មានទោច​ក្រយានយន្ដ​ចំនួន​ប្រមាណ​ជា៤២៩ ៦៨៩​គ្រឿង គឺកើន​ឡើង​ប្រមាណ​២៥​ដងចំពោះ​រថយន្ដ និង​៨ដង​ចំពោះ​ទោចក្រយាន​យន្ដ បើធៀប​ទៅនឹង​ឆ្នាំ១៩៩០។

មូលហេតុ​បង្កគ្រោះថ្នាក់​ចរាចរនៅ​កម្ពុជា

មានមូល​ហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង។ មុខសញ្ញា​សំខាន់​បំផុត​ក្នុងការ​ងាយនឹង​បង្ក​ឱ្យមាន គ្រោះថ្នាក់​ចរាចរ​នោះ គឺបណ្ដាល​មកពីអ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នកបើក​បរដែល​មិនគោរព​ច្បាប់​បើកបរ។ ការ​បំពាន​ច្បាប់​របស់​អ្នកប្រើ ប្រាស់​ផ្លូវនេះ មាន​រហូត​ដល់ទៅ​៩០,៧៥% និង​ស្ថិត​ក្រោម​រូបភាព​ល្មើស ដូចជា​ការមិន​គោរពសិទ្ធិ​អាទិភាព មិន​គោរព​ផ្លាក​សញ្ញា ភ្លើង សញ្ញា ការបើក​បរលើស​ល្បឿន​កំណត់ បើក​បរក្នុង​ស្ថានភាព​ស្រវឹង​(ការសេពគ្រឿងស្រវឹង) ការមិន​ប្រកាន់​ស្ដាំ ការឆ្លង​កាត់ផ្លូវ​ខ្វះការ ប្រុង​ប្រយ័ត្ន ការអូស​រុញរទេះ​ដឹកសត្វ និង​ការដង្ហែរ​ក្បួន​ផ្សេងៗ​ដោយ​គ្មាន​ច្បាប់​ទម្លាប់។ល។ ទន្ទឹម​នឹងនេះ​ដែរ គ្រោះថ្នាក់​ចរាចរ​ក៏ បណ្ដាល​មកពី​អាកប្ប​កិរិយា​បើកបរ​ខ្វះសីលធម៌ ខ្វះភាព​យោគ​យល់ ការ​ប្រណាំង​ប្រជែង​យានយន្ដ​ខុសច្បាប់ និង​សភាព​ភ្លើត​ភ្លើន ក៏បាន​បង្កឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ដល់ជន​ស្លូត​ត្រង់ដទៃ​ទៀត​ដែរ។ ទាក់ទង​នឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​មួយចំនួន ដូចជា​ផ្លូវថ្នល់ ស្ពាន​ជាដើម ពុំទាន់​មានផ្លាក​សញ្ញា គំនូស​សញ្ញា ភ្លើងសញ្ញា និង បង្គោល​សញ្ញា​ចរាចរ ក៏ជា​ហេតុនាំ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ផងដែរ។ ឯការ​រស់នៅ ការសាង​សង់ផ្ទះ​សម្បែង លំនៅដ្ឋាន ការ ធ្វើ​របងផ្ទះ​នៅលើ​ផ្លូវខ្វែង ផ្លូវកោង ឬ​លើផ្លូវ​សាធារណៈ​ដោយគ្មាន​ការត្រួត​ពិនិត្យ​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច ទង្វើ​ទាំងនេះ​ធ្វើឱ្យ​បាំង ភ្នែក​អ្នកបើក​បរពេល​កំពុង​បើកបរ និង​ជាហេតុធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ជាយថា​ហេតុ។ ចំណែក​នៅក្នុង​ទីប្រជុំជន គេបានយក ចិញ្ចើម​ផ្លូវថ្មើរ​ជើងសា​ធារណៈ មកធ្វើ​ជាកម្មសិទ្ធិ​(រំលោភលើដីចំណីផ្លូវ) សម្រាប់​ធ្វើការ​លក់ដូរ ចតរថយន្ដ និង​ដាក់សម្ភារៈ​ផ្ទាល់ខ្លួន ផ្សេងៗ។ កង្វះ​ខាតចំណត​យានយន្ដ ក៏ជា​បញ្ហាចោទ​ឡើង​មួយផ្នែក​ដែរ។ ព្រោះថា​នៅតាម​ទីតាំង​ប្រមូលផ្ដុំ​មួយចំនួន ដូច​ជាផ្សារ ភោជនីយ​ដ្ឋាន សណ្ឋាគារ សាលារៀន រោងចក្រ សហគ្រាស​ជាដើម កន្លែង​ទាំងនេះ​បានយក​ដីចំណី​ផ្លូវមក​ធ្វើជា​ចំណតយាន​យន្ដ ដែល ងាយ​នឹងបង្ក​ឱ្យមាន​ការកកស្ទះ និង​បង្កគ្រោះថ្នាក់​ចរាចរ​មិនអាច​នឹងចៀស​វាងបាន។ ជាក់ស្ដែង​ឆ្លងតាម​ការ​ត្រួតពិនិត្យ​លើទីតាំង​ចំនួន ៨៨កន្លែង​នៅរាជធានី​ភ្នំពេញ មានទីតាំង​ចំនួន៦៣​កន្លែង​ដែលគ្មាន​ចំណត ហើយ​គ្រោះថ្នាក់​ចរាចរកើត​ឡើង​លើចំណុច​ទាំងនេះ​មាន រហូត​ដល់ទៅ​៤៨%។

វ័យជនរងគ្រោះ​ដោយគ្រោះថ្នាក់​ចរាចរ

តាមរបាយការណ៍​ដែលបានផ្ដល់​ដោយអង្គការ​ជនពិការ​អន្ដរជាតិ​ប៊ែលហ្ស៊ិច​ថាអាយុ​ជាមធ្យម​នៃជន​រងគ្រោះ គឺ២៩ឆ្នាំ ហើយ៧៥%​នៃជន​រងគ្រោះ​ស្ថិតក្នុង​ចំណោម​ប្រជាជន​ដែលពេញ​កម្លាំង​ធ្វើការ គឺ​ស្ថិតនៅអាយុ​ចន្លោះពី​២០ទៅ​៦៤ឆ្នាំ។ ចំណែក​ជនរង គ្រោះ​អាយុចន្លោះ​ពី២០​ដល់​២៤ឆ្នាំ មានដល់​ទៅ២៤%​នៃជន​រងគ្រោះ​សរុប។ ជនរង​គ្រោះជា​កុមារ​អាយុក្រោម​១៤ឆ្នាំ មាន​តែ៩%ប៉ុ ណ្ណោះ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ ចំណែក​ដែលខ្ពស់​ជាងគេ គឺ​ជាសិស្ស​និស្សិត​ដែលមាន​រហូតដល់​២១% កម្មករ​មាន២០% កសិករ​មានចំនួន​១៩% និង​អ្នករត់ម៉ូតូឌុប​មានចំនួន​តែ៥%​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចាប់តាំង​ពីឆ្នាំ១៩៩៥​រហូតមក​ដល់​បច្ចុប្បន្ននេះ គ្រោះថ្នាក់​ចរាចរ​មានការ​កើនឡើង​១៥%​ជារៀង​រាល់ឆ្នាំ បើគិត​ជាមធ្យម ក្នុង​មួយថ្ងៃៗ មាន​ប្រជាជន​ស្លាប់​ចំនួន៣នាក់ និង​របួសធ្ងន់​ប្រមាណ​២០នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ និង​ឯកជនជា ច្រើន​ថែម​ទៀតផង។ តាម​របាយការណ៍​សិក្ខាសាលា​លើកទី១​ស្ដីពីដៃ​គូសុវត្ថិភាព​ផ្លូវគោក​ជាសកល​នៅបណ្ដា​ប្រទេស​អាស៊ាន​ដែល ប្រារឰ​ធ្វើឡើង​នៅថ្ងៃទី​២៦-២៨ ខែមីនា ឆ្នាំ២០០១​នាទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន បានចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ចរាចរ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អត្រាស្លាប់​មានប្រមាណ​១២,០៨% ក្នុង​យានយន្ដ​១០០០០គ្រឿង នៅឆ្នាំ​១៩៩៩ ហើយនេះ​ជាអ ត្រាស្លាប់​ខ្ពស់ជាង​គេបំផុត​ក្នុងបណ្ដា​ប្រទេសស​មាជិក​អាស៊ាន។ ក្នុងឆ្នាំ​២០០៥ អត្រាស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរ​មានដល់ទៅ ១៥,៧៣% ក្នុងយាន​យន្ដ​១០០០០​គ្រឿង នេះជា​អត្រាស្លាប់​ខ្ពស់ជាង​គេបើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជឿនលឿន​មួយចំនួន ដូចជា ជប៉ុន បារាំង អាមេរិក​ជាដើម ដែល​មានអត្រា​ស្លាប់ត្រឹមតែ​១,៥ទៅ១,៩%តែប៉ុណ្ណោះ ក្នុងយានយន្ដ​១០០០០​គ្រឿង។ ដោយឡែក​ក្នុងរយៈ​ពេល៩ខែ​ក្នុងឆ្នាំ២០០៦​(មករាដល់​សីហា)នេះ អត្រា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន១៤ ៨៤៣នាក់ ក្នុង នោះស្លាប់​បាត់បង់​ជីវិត​មានចំនួន​៨១៩​នាក់។ តួលេខនេះ​បើប្រៀបធៀប​ទៅនឹងឆ្នាំ​២០០៥​រយៈពេល​១២ខែ ដែលមាន​អត្រាគ្រោះ​ថ្នាក់ ចរាចរ​មានចំនួន​១៥៩៤៣នាក់ ក្នុងនោះ​ស្លាប់​បាត់បង់​ជីវិត​មានចំនួន​៩០៤​នាក់ និង​រងរបួសធ្ងន់​មានចំនួន​៤០៩៧នាក់ ឃើញ​ថាអត្រា គ្រោះថ្នាក់​ចរាចរ​អាចនឹង​កើនឡើង​ជាងឆ្នាំ​២០០៥។ នេះបើតាម​របាយការណ៍​ដែលបាន​ផ្ដល់ដោយ​កញ្ញា សាន សុជាតា ប្រធាន​គម្រោ ងកម្មវិធី​សុវត្ថិភាព​ចរាចរ​របស់អង្គ​ការជន​ពិការ​អន្ដរជាតិ​បែលហ្សិក។

បណ្ដាំផ្ញើរបស់សុខភាពយើង

ដើម្បី​ចៀសវាង​ពីគ្រោះថ្នាក់​ចរាចរ និង​ការពារ​សុវត្ថិភាព​ខ្លួនឯង ក៏ដូច​ជាអ្នក​ដទៃដែល​ធ្វើចរាចរណ៍​នៅតាម​ដងវិថីនានា​នៅ ទូទាំង​ប្រទេស​កម្ពុជា ទស្សនាវដ្ដី សុខភាពយើង សូម​សំណូមពរ​ដល់ប្រិយ​មិត្ដអ្នកអាន ក៏ដូច​ជាសាធារណៈ​ជនទូទាំង​ប្រទេស មេត្ដា បើកបរ​ដោយគោរព​ច្បាប់​ចរាចរណ៍ និង​ផ្លាក​ចរាចរណ៍​នានា​ដែលបាន​កំណត់។ ហើយ​សូម​ប្រជាពលរដ្ឋ ក៏ដូច​ជាអ្នក​បើកបរ អ្នកធ្វើ​ចរាចរណ៍​នៅលើ​ដងវិថី​យកចិត្ដ​ទុកដាក់​ឱ្យបាន​ខ្ពស់ និង​បើកបរ​ដោយមាន​ការប្រុង​ប្រយ័ត្ន។ ពិសេស គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវសុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ក៏ដូច​ជាការ​ចូលរួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ដែលអាច​បណ្ដាលឱ្យ មានផល​ប៉ះពាល់​ដល់អាយុជីវិត និង​ទ្រព្យសម្បត្ដិ​ទាំងសាធារណៈ​ទាំងឯកជន និង​កត្ដាជា​ច្រើនទៀត​ក៏អាច​នឹងកើត​មានឡើង​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *