បច្ចុប្បន្ននេះ ការដកដង្ហើមរបស់មនុស្សកំពុងទទួលរងការគំរាមកំហែងជាខ្លាំង ជាពិសេសនៅតាមទីក្រុង ព្រោះបរិស្ថាន និងខ្យល់អាកាសកំពុងបំពុលដោយឧស្ម័នជាច្រើនប្រភេទ ដូចជាផ្សែងចេញពីរោងចក្រ ផ្សែងយានយន្ដគ្រប់ប្រភេទ ផ្សែងបារី ខ្យល់អាកាសអាប់អួរដោយសារកំណើនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងជាដើម ទាំងនេះជាហេតុបង្កឱ្យមានការថយចុះនូវបរិមាណខ្យល់ អាកាសពីធម្មជាតិ។ បន្ដិចម្ដងៗ បើយើងទាំងអស់គ្នាស្រូបយកឧស្ម័នមិនបរិសុទ្ធដោយមានលាយឡំជាមួយសារធាតុមិនល្អផ្សេងៗ អាចបង្កទៅជាជម្ងឺដែលមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ ដោយមិនដឹងខ្លួន។
សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត កាំង ស័រ ប្រធានផ្នែកជម្ងឺ សួត នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ស្ដីពីទំនាក់ទំនងរវាងបរិស្ថាន និងជម្ងឺសួត។
បរិស្ថាន និងជម្ងឺសួត
ថ្វីត្បិតតែសួតស្ថិតនៅក្នុងប្រអប់ទ្រូងរបស់យើងក៏ពិតមែន តែសួតមានទំនាក់ទំនងមកលំហបរិស្ថានខាងក្រៅប្រៀបដូចជា ស្បែកដែលដណ្ដប់លើរាងកាយដូច្នេះដែរ។ រាល់ការដកដង្ហើមរបស់មនុស្សតាមរយៈច្រមុះ ទោះបីជាស្រូបយកទៅជាមួយអុកស៊ីសែន និងបណ្ដាសារធាតុអ្វីក៏ដោយ ក៏សារធាតុទាំងនេះចូលទៅពាសពេញក្នុងសួតទាំងអស់។ មានន័យថាអ្វីដែលមាននៅខាងក្រៅបានចូល ទៅក្នុងសួតទាំងអស់តាមរយៈការដកដង្ហើម។ បរិស្ថានដែលមានការប៉ះពាល់ខ្លាំងដល់បញ្ហាសុខភាពនោះ គឺផ្សែងចេញពីយានយន្ដ និង ផ្សែងចេញពីរោងចក្រ ជាពិសេសគឺផ្សែងបារីដែលមានឥទ្ធិពលជាងគេទៅលើប្រព័ន្ធដកដង្ហើម។ ធូលីដែលចូលទៅក្នុងសួតចែកចេញ ជាប្រភេទផ្សេងៗពីគ្នា។
- ធូលីមានជាតិស៊ីលីកូដែលត្រូវបានយកមកផលិតជាកែវ ដូចជាគ្រាប់ខ្សាច់ជាដើម នៅពេលដកដង្ហើមស្រូបយកទៅជាមួយ វាទៅទំជាប់នឹងសួតតែម្ដងដោយសារវាមានទម្ងន់ធ្ងន់។
- ធូលីដែលមានលក្ខណៈជាសរសៃ នៅពេលដែលចូលទៅ វាទៅទំរុំព័ន្ធទងសួតតែម្ដង អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ សួតបាន។
- ធូលីមួយចំនួនមានលក្ខណៈដូចជាផ្សិតនៅពេលចូលទៅដល់ក្នុងសួតក៏រីកដុះដាលធ្វើឱ្យមានគ្រោះថ្នាក់ដល់សួត ដោយផ្សិតនោះរុំព័ន្ធសួត ធ្វើឱ្យលោកអ្នកកើតចេញនូវអាការក្អកធ្លាក់ឈាមជាដើម។
- ជ័រថានៅក្នុងផ្សែងបារីមានលក្ខណៈស្អិតដូចជ័រកាវ ធ្វើឱ្យប្រព័ន្ធការពាររបស់សួតដុះឡើងដូចដុះសាច់ ធ្វើឱ្យក្លាយទៅជា ជម្ងឺមហារីកនៅពេលក្រោយ។
- តាមរយៈអត្ថបទដែលទស្សនាវដ្ដី សុខភាពយើង ដែលចេញផ្សាយកាលពីលេខមុនលោកអ្នកអានបានទទួលជ្រាបរួចមក ហើយពីគ្រោះថ្នាក់នៃផ្សែងបារីដែលមានផ្ទុកទៅដោយសារធាតុគីមីជាង៤០០ប្រភេទ នោះបានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពតាមរយៈការដកដង្ហើមស្រូបយកផ្សែង។
បញ្ហាសួតដែលបង្កដោយបរិស្ថាន
ស្បែកខាងក្រៅមានសម្លៀកបំពាក់សម្រាប់ជួយបិទបាំង ផ្ទុយទៅវិញសួតមនុស្សគ្មានអ្វីសម្រាប់ជួយការពារឡើយ។ គ្រប់ យ៉ាងដែលចូលពីខាងក្រៅតាមរយៈការដកដង្ហើម នឹងចូលទៅដល់សួតផ្ទាល់តែម្ដង។ នៅក្នុងសួតមានរោមតូចៗជាច្រើន និងស្លេស ដែលមានតួនាទីធ្វើចលនាបោសសម្អាតនូវសារធាតុផ្សេងៗ និងមេរោគដែលបានមកពីការដកដង្ហើម ជាពិសេសធូលី និងផ្សែងបារី។ ធូលី និងផ្សែងបារីធ្វើឱ្យប្រព័ន្ធការពាររបស់សួតថយចុះ ដែលធ្វើឱ្យមេរោគងាយជ្រៀតចូលទៅបំផ្លាញសួត។ ជម្ងឺដែលបង្កដោយ បរិស្ថានសម្រាប់ប្រទេសក្ដៅដូចជាប្រទេសកម្ពុជាយើងមានដូចជាជម្ងឺរបេង ជម្ងឺត្បៀតផ្លូវដង្ហើមជាដើម។
- ជម្ងឺរបេង ៖ កាលណាបរិស្ថានមិនស្អាត ការដកដង្ហើមនាំយកនូវធូលីដីមានមេរោគធ្វើឱ្យកើនឡើងស្លេសច្រើន ជាហេតុធ្វើ ឱ្យរោមនៅក្នុងបំពង់សួតខូច អាចបណ្ដាលឱ្យមេរោគរបេងនៅក្នុងបរិស្ថានងាយជ្រៀតចូល ហើយបង្កទៅជាជម្ងឺរបេង។
- ជម្ងឺត្បៀតផ្លូវដង្ហើម ៖ សួតរបស់យើងបន្ដិចម្ដងៗស្រូបចូលនូវធូលីរួមជាមួយមេរោគ ដូចជាបាក់តេរីមានក្នុងបរិស្ថានជា ដើម ធ្វើឱ្យបំពង់សួតរួមតូច នាំឱ្យស្ទះផ្លូវដកដង្ហើម។ ប្រការនេះធ្វើឱ្យលោកអ្នកដកដង្ហើមឆាប់ហត់ ជាពិសេសចំពោះអ្នកដែលជក់បារី និងស្រូបយកផ្សែងបារីពីគេ។
- ជម្ងឺផ្លូវដង្ហើមផ្សេងទៀត ៖ នៅមានជម្ងឺមួយចំនួនទៀតដែលជាការប៉ះពាល់ទៅលើប្រព័ន្ធដកដង្ហើម ហើយអ្វីដែលមិន អាចមើលរំលងបាននោះ គឺជម្ងឺមហារីកសួតដែលបណ្ដាលឱ្យលោកអ្នកមានគ្រោះថ្នាក់ដល់ជីវិត។
រួមគ្នាកាត់បន្ថយការប៉ះពាល់បរិស្ថាន
ដើម្បីលុបបំបាត់ប្រការគ្រប់យ៉ាងកើតមានចំពោះសុខភាពដែលបង្កមកពីបរិស្ថាន ចាំបាច់ទាល់តែយើងទាំងអស់គ្នារួមគ្នា កាត់បន្ថយទើបអាចទទួលជោគជ័យទៅបាន។
- ជាធម្មតានៅពេលដែលលោកអ្នកចង់ការពារកម្ដៅថ្ងៃចាំងមកលើស្បែក លោកអ្នកតែងពាក់មួក និងប្រើសម្លៀកបំពាក់ ការពារ។ ដូចគ្នានេះដែរ លោកអ្នកគប្បីប្រើម៉ាសជាតម្រងខ្យល់ ដែលអនុញ្ញាតឱ្យខ្យល់ចូលទៅដល់សួត តែបង្កផលវិបាកទៅថ្ងៃ ក្រោយ។
- ដើម្បីគេចវេសពីខ្យល់មិនល្អដែលចេញមកពីយានយន្ដ និងផ្សែងបារី លោកអ្នកត្រូវកាត់បន្ថយបរិមាណស្រូបចូល និង គប្បីផ្ដាច់ការទទួលទានបារី។ ព្រោះវាគ្មានប្រយោជន៍អ្វីសម្រាប់សុខភាពក្រៅពីការដែលធ្វើឱ្យលោកអ្នកមានជម្ងឺជាច្រើននោះទេ។
- នៅពេលដែលលោកអ្នកមានជម្ងឺទាក់ទងនឹងប្រព័ន្ធដកដង្ហើម ដូចជារបេង ក្អក ផ្ដាសាយជាដើម លោកអ្នកគប្បីកាត់ បន្ថយការចម្លងទៅអ្នកដទៃតាមរយៈការខាកស្ដោះ និងក្អក។ លោកអ្នកចាំបាច់ត្រូវតែមានកន្សែង និងក្រដាសអនាម័យមកខ្ទប់មាត់ ឬខ្ចប់កំហាករបស់លោកអ្នកយកទៅដាក់ក្នុងធុងសម្រាម ឬបង្គន់ជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលមានបញ្ហាមិនប្រក្រតីកើតឡើងតាមផ្លូវដកដង្ហើម លោកអ្នកចាំបាច់ត្រូវតែរកគ្រូពេទ្យជំនាញសម្រាប់ធ្វើរោគ វិនិច្ឆ័យ។ សូមរួមគ្នាជួយធ្វើឱ្យបរិស្ថានស្អាតដើម្បីការរស់នៅមានផាសុកភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply