បុរសស្ដ្រីគ្រប់រូប នរណាក៏ចង់បានស្បែករលោងស្អាត គ្មានភាពគ្រីមគ្រើមទាំងនៅលើស្បែកមុខ និងលើស្បែករាងកាយដែរ។ ប៉ុន្ដែជាករណីកម្រមានណាស់ មនុស្សម្នាក់ៗតែងចៀសមិនផុតពីការមុត ឬរបួសដោយការប៉ះទង្គិចវត្ថុផ្សេងៗ មិនខានឡើយ។ បន្ទាប់ ពីជាសះស្បើយពីស្នាមរបួស គេច្រើនឃើញមានដុំពកតូចមួយនៅលើស្បែកដុះចេញពីកន្លែងរបួសនោះ ឬជួនកាលទៀតស្បែកមានលក្ខណៈខូងទៀតផង ទាំងនេះជាភាសាសាមញ្ញ ហៅថាផ្លែសាច់។ តើផ្លែសាច់កើតឡើងដោយសារអ្វី?
លោកវេជ្ជបណ្ឌិត ប្លុង បញ្ចរិទ្ធិថា វេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលថែរក្សាសម្ផស្សឡាស៊ែរស្គីនឃែរ បានបកស្រាយបញ្ហាផ្លែ សាច់នេះដល់ទស្សនាវដ្ដី សុខភាពយើង ដើម្បីឱ្យប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់។
មូលហេតុផ្លែសាច់
មូលហេតុចម្បងដែលនាំឱ្យមានផ្លែសាច់ គឺបណ្ដាលមកពីការប៉ះទង្គិចនៅលើស្បែក បង្កជាស្នាមរបួសធ្ងន់ធ្ងរ ឬរបួសមានជម្រៅជ្រៅពេក។ ម្យ៉ាងទៀតវាអាចបណ្ដាលមកពីការអូសបន្លាយនៃដំបៅ ធ្វើឱ្យមេរោគរីករាលដាលចូលដល់ស្រទាប់ឌែមឬស្រទាប់់ស្បែ កក្នុង។
ចំណីអាហារត្រូវបានគេចោទប្រកាន់និងនិយាយតៗគ្នាមកថា ប្រសិនបើមានរបួស ហាមប្រាមមិនឱ្យបរិភោគត្រកួនឡើយ ព្រោះនាំឱ្យកើតផ្លែ។ តាមពិតតាមក្បួនវេជ្ជសាស្ដ្រ នៅពេលដែលមានដំបៅមុតជ្រៅហើយ ទោះបីមិនបរិភោគត្រកួនក៏ធ្វើ ឱ្យកើតផ្លែសាច់ដែរ ព្រោះរបួសចូលជ្រៅដល់ស្រទាប់ជ្រៅឬស្រទាប់ក្នុងនៃស្បែកទៅហើយ។ ដូច្នេះវាមិនទាក់ទងដល់ការបរិភោគ ត្រកួនឡើយ។ ផ្ទុយទៅវិញ ប្រសិនបើរបួសនោះមានសភាពជ្រៅ តែដេរបានជិតល្អ មិនមានចំហមុខ មិនធ្វើឱ្យមានផ្លែសាច់ទេ។
ប្រភេទផ្លែសាច់
ផ្លែសាច់មានពីរប្រភេទសំខាន់។
1. ផ្លែសាច់ប្រភេទទី១ ឬកេឡូអ៊ីដ ៖ ជាភាសាបារាំងហៅថាកេឡូអ៊ីដ គឺជាប្រភេទផ្លែសាច់ដែលមានលក្ខណៈរឹង ហើយ ដុះខ្ពស់ មានរយៈពេលយូរ ចាប់ពីមួយឆ្នាំឡើងទៅ។ វាកើតឡើងដោយសារការប៉ះទង្គិចទៅលើស្បែក ឬរបួសដែលមាន សភាពជ្រៅចូលដល់ស្រទាប់ក្នុងនៃស្បែក ដូចជាក្នុងករណីសាក់ស្បែក ដំបៅមានខ្ទុះខ្លាំងជាដើម។
2. ផ្លែសាច់ប្រភេទទី២ ឬស្ការ ៖ ជាភាសាបារាំងហៅថាស្ការ ហើយបែងចែកជាពីរប្រភេទ គឺអាត្រូហ្វី និងអ៊ីពែត្រូហ្វី។
- ប្រភេទអាត្រូហ្វី ៖ មានរាងខូងចូលក្នុងបណ្ដាលមកពីកើតមុន ឬបូសជាដើម ដែលបង្កឡើងពីការញិចខ្លាំង ពេក។ ស្នាមខូងច្រើននៅលើផ្ទៃមុខ ពាក្យសាមញ្ញគេច្រើនហៅថាមុខខ្មូត ឬខ្មូតមុខ។
- ប្រភេទអ៊ីពែត្រូហ្វី ៖ វាជាប្រភេទផ្លែសាច់ដែលមានរាងស្រដៀងនឹងផ្លែសាច់ប្រភេទកេឡូអ៊ីដដែរ ប៉ុន្ដែវាជា សាច់មិនដុះឡើងខ្ពស់ទេ គឺជាប្រភេទផ្លែសាច់ដែលទើបជាសះស្បើយពីមុខរបួសថ្មីៗ។
ការព្យាបាលផ្លែសាច់
- ការព្យាបាលដោយប្រើថ្នាំលាប ៖ សព្វថ្ងៃនេះ មានថ្នាំលាបដើមី្បបំបាត់ផ្លែសាច់ដែលអាចប្រើបានចំពោះតែផ្លែសាច់តូចៗ ប៉ុណ្ណោះ។ ថ្នាំព្យាបាលផ្លែសាច់មានលក់ច្រើនលើទីផ្សារ តាមឱសថស្ថាន ប៉ុន្ដែមុននឹងប្រើគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនចៀស វាងការប្រើថ្នាំព្យាបាលដោយខ្លួនឯង។
- ការព្យាបាលដោយវះកាត់ ៖ ប្រសិនបើព្យាបាលដោយធ្វើការវះកាត់ នាំឱ្យរបួសមានសភាពកាន់តែខ្លាំង ផ្លែសាច់នឹងដុះ ឡើងវិញ។ ការវះកាត់ភាគច្រើនធ្វើឱ្យរបួសនោះកាន់តែជ្រៅថែមទៀត ពេលនោះផ្លែសាច់ដុះកាន់តែធំ។ ពេលវះកាត់មួយលើក ផ្លែ សាច់អាចធំជាងមុនពី២ទៅ៥ដង ដោយសាររបួសជ្រៅហួសចូលដល់ស្រទាប់ឌែម ឬស្រទាប់ជ្រៅនៃស្បែក។ កាលណាមុខរបួសកាន់ តែធំ ផ្លែសាច់ក៏កាន់តែដុះធំដែរ។
- ការព្យាបាលដោយប្រើថ្នាំចាក់ ៖ នៅកម្ពុជាសព្វថ្ងៃ គេព្យាបាលដោយប្រើថ្នាំចាក់ម្យ៉ាងចាក់ទៅក្នុងផ្លែសាច់នោះ ដើម្បី បំបាត់ផ្លែសាច់ ប៉ុន្ដែការចាក់ថ្នាំនោះបានតែផ្លែសាច់ថ្មីៗប៉ុណ្ណោះ។ ការប្រើថ្នាំចាក់ប្រភេទនេះមានផលវិបាកទៅថ្ងៃក្រោយ ដូចជាអាច ឱ្យមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ហើមមុខ ឬធ្វើឱ្យខូងស្បែកជាដើម។
- ការព្យាបាលដោយម៉ាស៊ីនឡាស៊ែ ៖ វីធីនេះជាវិធីព្យាបាលដែលប្រសើរ។ វាអាចបំផ្លាញផ្លែសាច់ធំៗបាន ទោះជាផ្លែសាច់ នោះមានទំហំប៉ុណ្ណាក៏ដោយ ក៏អាចធ្វើឱ្យផ្លែសាច់រលាយអស់ដែរ។
វិធានការទប់ស្កាត់ផ្លែសាច់
ដើម្បីចៀសវាងការកើតមានផ្លែសាច់ លោកអ្នកគួរប្រុងប្រយ័ត្ននូវបញ្ហាមួយចំនួន។
- ចៀសវាងការញិចមុនផ្ដេសផ្ដាស់ ទោះជាបូសក្ដី ត្រូវស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវ
- ចៀសវាងកុំឱ្យមានរបួសលើស្បែក
- នៅពេលមានដំបៅល្មមៗ ឬតិចតួចក៏ដោយ ក៏ត្រូវព្យាបាលឱ្យទាន់ពេលវេលា ឬប្រើថ្នាំសម្លាប់មេរោគដើម្បីកាត់បន្ថយ ការរីករាលដាលនៃមេរោគ និងបង្ការកុំឱ្យរបួសនោះកាន់តែមានសភាពធ្ងន់ធ្ងរ។
- ប្រសិនបើលោកអ្នកមានរបួស ត្រូវស្វែងរកការព្យាបាលដោយទៅដេរមុខរបួសនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ ចៀសវាងការកើតមានខ្ទុះ ព្រោះថាមានខ្ទុះមានន័យថាមេរោគបានជ្រាបចូលទៅក្នុងស្រទាប់ឌែមរួចជាស្រេច។ ដូច្នេះក្រោយពេល របួសជាសះស្បើយនឹងអាចឱ្យមានផ្លែសាច់បាន។
ដំបូន្មានអ្នកប្រឹក្សា
មិនថាជាបុរស ឬស្ដ្រីនោះទេ គ្មាននរណាម្នាក់ដែលចង់បានស្បែករបស់ខ្លួនមានភាពគ្រីមគ្រើម ឬមានស្នាមនោះឡើយ។ ដូច្នេ្នះប្រសិនបើលោកអ្នកធ្វេសប្រហែសបណ្ដោយឱ្យស្បែកលោកអ្នកមានរបួសដោយមិនព្រមស្វែងរកការព្យាបាលត្រឹមត្រូវ នោះលោកអ្នកនឹងមានផ្លែសាច់នៅលើស្បែក ដែលធ្វើ្វឱ្យលោកអ្នកបាត់បង់សោភ័ណភាពឬសម្រស់បាន។ មុននឹងធ្វើការព្យាបាល ចូរស្វែងរក សេវាណាដែលត្រឹមត្រូវស្របច្បាប់ និងអាចជឿទុកចិត្ដបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply